តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាអតីតអភិបាលខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ ត្រូវបានរដ្ឋសភាប្រកាសថាបានដាក់ពាក្យធ្វើជាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ លោកគឺជាបេក្ខជនម្នាក់ដែលទំនងនឹងត្រូវជ្រើសរើសជាប្រធានស្ថាប័នបោះឆ្នោត តាមច្បាប់តម្រូវឲ្យមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីតំណាងរាស្រ្តនៅរដ្ឋសភា ក្រោយគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចបានជ្រើសតាំងនិងបញ្ជូនឈ្មោះមកកាន់សភា។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃអង្គារនេះបានអនុម័តយល់ព្រមលើបេក្ខជនពីររូប ដែលបានដាក់ពាក្យសុំឈរឈ្មោះជាបេក្ខជនប្រធានគ.ជ.ប ដើម្បីបញ្ជូនបន្តឲ្យគណបក្សកាន់អំណាចជ្រើសរើសបេក្ខជនមួយរូប មុនការបោះឆ្នោតសម្រេចផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃអង្គារនេះ។ ការសម្រេចឲ្យគណបក្សកាន់អំណាចដែលគ្រប់គ្រងរដ្ឋសភា ផ្តល់ការយល់ព្រម ដោយសារច្បាប់កំណត់ថាគណបក្សដែលមានសំឡេងក្នុងរដ្ឋសភាអាចបញ្ជូនបេក្ខជនដែលខ្លួនចង់ឲ្យធ្វើជាសមាជិកគ.ជ.ប ដោយមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថាបេក្ខជនពីររូបដែលបានដាក់ពាក្យធ្វើជាប្រធានគ.ជ.ប មានលោក ប្រាជ្ញ ចន្ទ តំណាងរាស្រ្តមួយរូបដែលមានតំណែងជាប្រធានគណៈកម្មការទីមួយនៃរដ្ឋសភា និងមានបទពិសោធន៍ធ្វើជាអភិបាលខេត្តត្បូងឃ្មុំ និងលោក កា លាន ដែលត្រូវបានគេស្គាល់ថាជាអតីតអភិបាលរងខេត្តព្រះវិហារ។ លោក ប្រាជ្ញ ចន្ទ ត្រូវបានគេមើលឃើញថាជាបេក្ខភាពដែលមានលទ្ធភាពច្រើនជាង ក្នុងការជ្រើសរើសធ្វើជាប្រធានស្ថាប័នបោះឆ្នោតមួយនេះ។
នៅពេល VOA ទាក់ទងស្នើសុំសេចក្តីអត្ថាធិប្បាយ លោក ប្រាជ្ញ ចន្ទ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយបានស្នើឲ្យទាក់ទងទៅខាងរដ្ឋសភាវិញ។
ពាក់ព័ន្ធនឹងមន្ទិលជុំវិញឯករាជ្យភាព ឬអព្យាក្រឹត្យភាពនៃបេក្ខជនជាប្រធានគ.ជ.ប ដែលមានប្រវត្តិជាប់ពាក់ព័ន្ធនឹងគណបក្សកាន់អំណាច លោក ឡេង ប៉េងឡុង បានលើកឡើងថាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាអនុវត្តទៅតាមគោលការណ៍នីតិវិធីច្បាប់ ដើម្បីពិនិត្យលើបេក្ខភាពដែលបានដាក់ពាក្យ។
លោកថ្លែងថា៖ «យើងអនុវត្តច្បាប់ ធ្វើក្រៅបច្ចុប្បន្ន យើងត្រូវធ្វើយ៉ាងម៉េចអញ្ចឹង? យើងមានសំអាងអី? យើងឲ្យរើសនរណាទៅ? យើងរើសទៅតាមច្បាប់។ អញ្ចឹងយើងគ្មានធ្វើអីក្រៅពីច្បាប់ទេ។ ហើយប្រទេសណាក៏អញ្ចឹងដែរ។ ប្រទេសណាក៏គេធ្វើតែតាមច្បាប់ដូចគ្នា។ អាហ្នឹងធម្មតា អ្នកមានមន្ទិល គឺគាត់ចេះតែចង់បន្ទោស អ្នកនេះអ្នកនោះអី មិនត្រឹមត្រូវអីអញ្ចឹង។ បើអត់ត្រូវ គេមើលច្បាប់។ បើយើងសង្ស័យច្បាប់ទៀត មិនដឹងថា ពឹងលើអីទៀតទេឥឡូវហ្នឹង»។
លោកបន្តថាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងស្នើឲ្យគណបក្សប្រជាជនកម្ពុជាជ្រើសរើសម្នាក់ក្នុងចំណោមបេក្ខជនពីរនាក់នេះ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍សភានឹងពិនិត្យពិភាក្សាម្តងទៀត មុនសម្រេចដាក់ឈ្មោះបេក្ខជនជ្រើសរើសចូលក្នុងសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនៅពេលខាងមុខ។
កាលពីថ្ងៃច័ន្ទសប្តាហ៍មុន អគ្គលេខាធិការដ្ឋានរដ្ឋសភាបានប្រកាសបើកការដាក់ពាក្យឈរឈ្មោះជាបេក្ខជនជ្រើសរើសជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់សាធារណជនជាទូទៅ។ ការជ្រើសរើសបេក្ខជនឈរឈ្មោះនេះ គឺដើម្បីជំនួសតំណែងលោក ស៊ិក ប៊ុនហុក ដែលបានសុំលាលែងពីតំណែងដោយសារបញ្ហាសុខភាព។
លោក ស៊ិក ប៊ុនហុក បានក្លាយជាប្រធានគ.ជ.ប កាលពីឆ្នាំ២០១៤ នៅពេលមានកំណែទម្រង់ស្ថាប័នបោះឆ្នោត ដោយកាលនោះគណបក្សសង្រ្គោះជាតិមិនទាន់ត្រូវបានរំលាយដោយតុលាការកំពូល បានទាមទារឲ្យសមាជិកគ.ជ.បសរុបទាំង៩នាក់ មានអ្នកមកពីគណបក្សប្រឆាំងផង ដើម្បីធានាភាពទុកចិត្តនៃស្ថាប័នមួយនេះ។ ប៉ុន្តែសមាជិកគ.ជ.ប លើសលប់ត្រូវបានមើលឃើញថាមាននិន្នាការមកពីគណបក្សប្រជាជនកម្ពុជា។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថាលោកមិនមានព័ត៌មានថាតើលោក ប្រាជ្ញ ចន្ទ ត្រូវបានគណបក្សប្រជាជនកម្ពុជាសម្រេចឲ្យទៅដាក់ពាក្យជាប្រធានគ.ជ.ប ឬយ៉ាងណាឡើយ។ ប៉ុន្តែលោកបង្ហាញការគាំទ្រចំពោះបេក្ខភាពរបស់លោក ប្រាជ្ញ ចន្ទ ដែលលោកថាធ្លាប់បម្រើការងារតាមមូលដ្ឋាននៅក្នុងជួរគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំនិយាយរួមជាអត្តនោម័តិជាបុគ្គលរបស់ខ្ញុំ។ ខ្ញុំមិនមានទំនាស់អីជាមួយនឹងឯកឧត្តមប្រាជ្ញ ចន្ទទេ។ ខ្ញុំយល់ថាគាត់មានសមត្ថភាពអាចធ្វើការងារបាន ពីព្រោះគាត់ធ្លាប់បានធ្វើជាអភិបាលនៃគណៈអភិបាលខេត្ត។ គាត់ធ្លាប់បានធ្វើជាតំណាងរាស្រ្ត ហើយគាត់ធ្លាប់ធ្វើជានាយកខុទ្ទកាល័យគណៈកម្មការកណ្តាលគណបក្សប្រជាជនកន្លងទៅដែរបាទ»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថាខុមហ្រ្វែល ថ្លែងថារដ្ឋសភាមានសិទ្ធិអំណាចត្រឹមតែពិនិត្យមើលលក្ខណៈសម្បត្តិរបស់បេក្ខជនឈរឈ្មោះជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតែប៉ុណ្ណោះ ហើយការជ្រើសរើសបេក្ខជនចេញពីនោះ គឺពាក់ព័ន្ធនឹងគណបក្សដែលមានសំឡេងភាគច្រើនក្នុងរដ្ឋសភា។
«អញ្ចឹងបើយើងមើលទៅទោះបីជាការរើសជាសាធារណៈ ឬក៏យើងយល់ឃើញនៅក្នុងកម្រិតណាក៏ដោយ។ មានអ្នកខ្លះយល់ឃើញថាវាមានតុល្យភាពឬមិនតុល្យភាពយ៉ាងណាក៏ដោយ។ ក៏មានសមាសភាពក៏នៅតែត្រូវការការយល់ព្រម ការទុកចិត្តពីគណបក្សដែលជាម្ចាស់កូតាហ្នឹងដែរ»។
លោកបញ្ជាក់ថារាល់ការជ្រើសរើសបេក្ខជនដែលមានអតីតភាពជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយ តែងតែមានឥទ្ធិពលខ្លះមកលើឯករាជ្យភាព និងអព្យាក្រឹត្យភាពនៃស្ថាប័នរៀបចំការបោះឆ្នោត។
លោកបន្ថែមថា៖ «វាជៀសមិនផុតទេបាទ។ ទោះបីថានៅក្នុងរដ្ឋធម្មនុញ្ញបានលើកឡើងថាបុគ្គលដែលត្រូវតែជាសមាសភាពគ.ជ.បហ្នឹង ត្រូវតែលាលែងពីតំណែង ហើយឈប់រយៈពេលពីរឆ្នាំមុនចូលគណបក្សនយោបាយ ឬស្ថាប័នវិញក៏ដោយ។ ក៏ប៉ុន្តែជៀសមិនផុតទេ ដោយសារតែកូតាហ្នឹងវាចេញពីគណបក្ស ហើយជាគោលការណ៍ យើងមើលឃើញបែបហ្នឹង»។
លោក កន សាវាង្ស ក៏បានលើកឡើងផងដែរថា ការធ្វើវិសោធនកម្មបន្ថែមលើច្បាប់ពាក់ព័ន្ធនឹងនីតិវិធីក្នុងការជ្រើសរើសបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងអាចចូលរួមចំណែកក្នុងការជ្រើសរើសបេក្ខជនឈរឈ្មោះឲ្យបានប្រសើរជាងនេះក្នុងស្មារតីសម្រិតសម្រាំងឯករាជ្យភាពនិងអព្យាក្រឹត្យភាពនៃគ.ជ.ប។
កាលពីកន្លងទៅ គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយចោលលើកឡើងថាមិនអាចទទួលយកស្ថាប័នរៀបចំការបោះឆ្នោតមួយដែលមានសមាជិកលើសលប់មកពីគណបក្សប្រជាជនកម្ពុជានោះទេ។
ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីថ្ងៃទី១១ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្ពីពីសមាសភាពស្ថាប័នគ.ជ.ប ដែលចែងពីដើមឡើយថាសមាសភាព៤រូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល ៤រូបទៀតត្រូវជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរដ្ឋាភិបាល និងមួយរូបទៀតជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើថាក្នុងករណីដែលមានតែគណបក្សនយោបាយមួយដែលមានអាសនៈក្នុងរដ្ឋសភា សមាសភាពគ.ជ.ប ចំនួន៤រូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល និង៥រូបទៀត ត្រូវជ្រើសរើសដោយបើកចំហនិងតម្លាភាព៕