ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​វិភាគ៖ ខណៈ​ពេល​ចំណង​មិត្តភាព​កម្ពុជា​​និង​ចិន​កាន់​តែរឹង​មាំ​ តើ​នេះ​មាន​ន័យ​យ៉ាង​ណា​ចំពោះ​អាស៊ាន?


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ស្រប​ពេល​ទំនាក់​ទំនង​រវាង​កម្ពុជា​​និង​ចិន​កាន់​តែ​រំកិល​ទៅ​មុខ​ និង​ខណៈ​ដែល​ចិន​កំពុង​តែ​ផ្តោត​ការ​វិនិយោគ​​​​និង​ជំនួយ​ផ្សេងៗ​មក​ដល់​កម្ពុជា​ ​សំណួរ​នានា​​ត្រូវ​បាន​ចោទ​ពាក់ព័ន្ធ​នឹង​ផល​វិបាក​នៃ​ការ​វិវត្ត​នេះ​​​​ទៅ​លើ​ដំណើរ​ការ​របស់​សមាជិក​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​​ហៅ​កាត់​ថា​«អាស៊ាន»។

កាល​ពី​ចុង​ខែ​មេសា ​នៅ​ឯ​វេទិកា​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី​ពីរ​ នៅ​ក្រុង​ប៉េកាំង​ស្តី​ពី​គម្រោង​ផ្លូវក្រវាត់​ពាណិជ្ជ​កម្ម​ចិន​ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ជីក​រណ្តៅ​ដាំ​កូន​ឈើ​នៅ​វាល​ស្មៅ​មួយ​ជិត​សាល​សន្និបាត​នៃ​វេទិកា​កិច្ច​ប្រជុំ​នោះ​ ​ដែល​នេះ​ជា​និមិត្ត​រូប​នៃ​ការពួតដៃ​គ្នា ​ដើម្បី​បុព្វហេតុ​រីក​ចម្រើន​ទៅ​មុខ​រួម​គ្នារវាង​កម្ពុជា​ និង​ចិន។​

ស្រប​ពេល​ដែល​ប្រទេស​ចិន​កំពុង​តែ​ពង្រឹងការ​វិនិយោគ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ធំៗ​នៅ​កម្ពុជា​ ​ការណ៍​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​មាន​ឥទ្ធិពល​ជា​ប្រយោល​ទៅ​លើ​កិច្ចព្រម​ព្រៀង​អាស៊ាន​នានា​ ដែល​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​របស់​ចិន។​

កត្តា​ផ្តោត​សំខាន់​នៃ​ការ​រឹត​បន្តឹង​ចំណង​របស់​ចិន​ទៅ​នឹង​តំបន់​អាស៊ី​អាគ្នេយ៍​គឺ​គម្រោង​ផ្លូវ​ក្រវាត់ពាណិជ្ជកម្ម​ចិន។ ប្រសិន​បើ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ ​នោះ សេដ្ឋ​កិច្ច​របស់​បណ្តា​ប្រទេសកំពុង​អភិវឌ្ឍន៍​យឺត​ជាង​គេ​នានា​ នៅ​ក្នុង​តំបន់​ ​ដូចជា​កម្ពុជា​ នឹង​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​គម្រោង​នោះ​ ដែល​គាំទ្រការ​សន្មត​ដែល​ថា​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​យឺត​ជាង​គេ​ទាំង​នោះ​ ​មាន​ទំនោរ​ទៅ​តាម​ការ​បត់បែន​របស់​រដ្ឋាភិបាល​ចិន។​

កម្ពុជា​គឺ​ជា​ប្រទេស​ទទួល​ផល​ប្រយោជន៍​ពី​គម្រោងផ្លូវ​ក្រវាត់ពាណិជ្ជ​កម្មរបស់​រដ្ឋាភិបាល​ចិន​ ដែលត្រូវ​បាន​ប្រកាស​ឡើង​ដោយ​ប្រធានាធិបតី​ចិន​លោក​ ស៊ី ជីនពីង​ កាល​ពី​ឆ្នាំ​២០១៣។ ​កម្ពុជា​ ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បាន​ចាត់​ទុក​គម្រោង​នេះ​ថា​ ជា​ផ្នែក​ស្នូល​នៃ​ការ​រៀបចំ​ផែនការ​នយោបាយ​របស់​ខ្លួន។​

លោក​បណ្ឌិតឈាង វណ្ណារិទ្ធិ​ ​ប្រធាន​វិទ្យាស្ថានចក្ខុ​វិស័​យអាស៊ី​ (Asian Vision Institute)​ នៅ​ក្រុង​ភ្នំពេញ​ យល់​ឃើញ​ថា​ ​វត្តមាន​នៃ​ការ​វិនិយោគ​របស់​ចិន​ជា​គន្លឹះ​នៃ​ភាព​ស្រប​ច្បាប់​របស់កម្ពុជា​ក្នុង​បរិបទ​សេដ្ឋ​កិច្ច។​

«ចិន​ ក្នុង​ក្រសែ​ភ្នែក​ថ្នាក់​ដឹក​នាំ ​ឬ ​Ruling Elite​ហ្នឹង​ចិន​គឺ​ជា source of economic legitimacy ​(ប្រភព​នៃភាព​ស្រប​ច្បាប់​ផ្នែក​សេដ្ឋកិច្ច)»។​

ដោយមានលំហូរ​ចូល​នៃ​ការ​វិនិយោគ​របស់​ចិនកម្ពុជា​ទទួល​បាន​ការ​វិនិយោគ​ជា​ច្រើន​ ជាពិសេស​នៅ​ក្នុង​ផ្នែក​សណ្ឋាគារ​ និង​អចលន​ទ្រព្យ​ ដើម្បី​ទទួល​អ្នក​ទេសចរ​ជន​ជាតិ​ចិន​ ដែល​បាន​មក​ខេត្ត​ព្រះ​សីហនុ​យ៉ាង​ច្រើន​កុះករ​ សម្រាប់​ការ​កម្សាន្ត​ក្រោម​ភ្លើង​ពណ៌ និង​កាស៊ីណូ។ ​

លោក Kavi Chongkittavorn សមាជិកជាន់ខ្ពស់ វិទ្យាស្ថានសន្តិសុខ និងការសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ ផ្តល់បទសម្ភាសន៍ដល់ VOA ក្នុងសិក្ខាសាលាមួយឯទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
លោក Kavi Chongkittavorn សមាជិកជាន់ខ្ពស់ វិទ្យាស្ថានសន្តិសុខ និងការសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ ផ្តល់បទសម្ភាសន៍ដល់ VOA ក្នុងសិក្ខាសាលាមួយឯទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

លោក Kavi Chongkittakorn ​សមាជិក​ជាន់ខ្ពស់វិទ្យាស្ថាន​សន្តិសុខ និង​ការ​សិក្សា​អន្តរជាតិ​នៃ​សាកល​វិទ្យាល័យ​ជូឡាឡុងកន ​ប្រទេស​ថៃ ​បាន​និយាយ​ថា​ ​ហេតុផល​នៅ​ពី​ក្រោយ​ទំនោរ​របស់​កម្ពុជា​ទៅ​កាន់​ចិនគឺពាក់ព័ន្ធ​នឹង​សេដ្ឋ​កិច្ច។

«អាកប្បកិរិយា​ទោរ​ទន់​របស់​កម្ពុជា​ទៅ​កាន់​ចិន​គឺផ្សារ​ភ្ជាប់​យ៉ាង​ជិត​ដិត​ទៅ​នឹង​សេចក្តី​សម្រេច​នៅ​ក្នុង​ការ​ប្រើប្រាស់​មូលធន​វិនិយោគ​ពី​ចិន»។​

យ៉ាងណា​ក៏​ដោយ​លោក Chongkittakorn​ គិត​ថា​នៅ​ពេល​អនាគត​ ​ទំនាក់​ទំនង​របស់​ចិ​នជាមួយ​អាស៊ាននឹង​ប្រឈម«ការ​គិតគូរ​ និង​ពិនិត្យ​ពិច័យ»​ឡើង​វិញ។

កាលពីដើម​ខែ​ឧសភា​ ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចំនួន​បួន​ទំព័រ លោក Wang Wentianឯក​អគ្គរដ្ឋ​ទូត​ចិនប្រចាំកម្ពុជា​ ​បាន​បក​ស្រាយពាក់ព័ន្ធ​នឹង​គោល​បំណង​ក្នុង​ការ​បង្កើត​សហគមន៍​ជោគ​វាសនា​រួម​គ្នា​កម្ពុជា​ចិន។ ផែនការ​សកម្ម​ភាព​ក្នុង​ការ​បង្កើត​សហគមន៍​នេះមាន​លក្ខណៈ​«ពេញលេញ ​ពិតប្រាកដ ស៊ីជម្រៅ និង​មាន​លក្ខណៈ​ខ្ពស់» ​ហើយ​នឹង​ធ្វើ​ឡើង​អំឡុង​ឆ្នាំ​២០១៩​ និង​២០២៣។

លោក​ Wentian​ ​បាន​បកស្រាយ​ថា​សហគមន៍​នេះ ​«នឹង​ជួយ​ឲ្យ​ទំនាក់​ទំនង​ចិននិង​កម្ពុជាធ្វើ​ដំណើរ​ទៅ​មុខ​កាន់​តែ​វែង​ឆ្ងាយ ​និង​មាន​ស្ថិរភាព»។

លោកបណ្ឌិត​ អ៊ា សុផល​ ​សាស្រា្ត​ចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​អន្តរជាតិ​នៅ​មហា​វិទ្យាល័យ​ Occidental ​ទីក្រុង ​ Los Angeles ​រដ្ឋ ​California​ ​សហរដ្ឋ​អាមេរិក​ ​មាន​មន្ទិល​លើ​ការ​ផ្តួច​ផ្តើម​បង្កើត​សហគមន៍​ជោគ​វាសនា​រួម​គ្នាកម្ពុជា​ចិន​នេះ។​ លោក​សួរ​ថា​ ​តើ​ការណ៍​នេះ​នឹង​អាច​ធ្វើ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​អំណាច​ចិន​កាន់​តែ​ខ្លាំង​ឡើង​ ឬ​យ៉ាង​ណា?​

​ក្នុង​សារ​អេឡិច​ត្រូនិក​ជា​ភាសា​អង់គ្លេសផ្ញើ​មួយ​មក​កាន់​ VOA​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ ​ លោកសុផលបាន​សរសេរ​ថា៖​

«ប្រសិន​បើ​បញ្ហា​នេះ​ស្តាប់​មើល​ទៅ​ដូច​ជា​ការ​រៀបការ​ ​អ៊ីចឹង​ពិត​ណាស់​គឺ​គ្មាន​ការ​លែង​លះ​នោះ​ទេ! ការ​រឹត​បន្តឹង​ចំណង​នឹង​មាន​កាន់​តែ​ខ្លាំង​ជាង​នេះ។​ ​ប៉ុន្តែ​ឃ្លា​ថា​ «សហគមន៍​ជោគ​វាសនា​រួម​គ្នា»​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​កាល​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ​ ហើយ​ជាមួយកម្ពុជា​ ​ វា​ស្តាប់​មើល​ទៅ​ហាក់​ដូចជា​រួម​គ្នា​ … ជា​ប្រទេស​តែ​មួយ​ឬ?»

​លោក​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ច្រាន​ចោល​ការ​អះអាង​ដែល​ថា​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​លំហក្តោប​ក្តាប់របស់​ចិន ដោយ​លោក​បាន​និយាយ​ថា៖​ «ភាសា​ទាំងអស់​ដែល​លើក​ឡើង​នេះគ្រាន់​តែ​ជា​អ្នក​នាំពាក្យ​ ឬ​អ្នក​ប្រឆាំង​ជាមួយ​ចិន​ទេ»។​

រូបឯកសារ៖ មេដឹកនាំនៃប្រទេសជាសមាជិកអាស៊ានថតរូបរួមគ្នាមួយ នៅក្នុងកិច្ចប្រជុំកំពូលលើកទី​៣៣ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ មេដឹកនាំនៃប្រទេសជាសមាជិកអាស៊ានថតរូបរួមគ្នាមួយ នៅក្នុងកិច្ចប្រជុំកំពូលលើកទី​៣៣ នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅ​ពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឆ្នាំ​២០១២​ អំឡុង​ពេល​ដែលជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​បាន​ពិភព​លោកយក​ចិត្ត​ទុក​ដាក់​នោះ នៅ​ថ្ងៃ​បញ្ចប់​នៃ​កិច្ច​ប្រជុំ​កំពូល ​និង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នោះ​ ​អាស៊ាន​ខកខាន​ក្នុង​ការ​ចេញសេចក្តីថ្លែង​ការណ៍​រួម​ទេ។

នៅ​គ្រា​នោះ​ ​អាស៊ាន​ក៏​បាន​ខកខានក្នុង​ការ​ព្រម​ព្រៀង​លើ​ក្រម​ប្រតិបត្តិ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ទាក់ទង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ​ទី​ដែល​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​បួន​មាន​ការ​ទាមទារ​ជាន់គ្នា​ជា​មួយ​ចិន។​

ក្រុម​អ្នក​វិភាគ​ក្នុង​តំបន់​បាន​ចង្អុល​បង្ហាញ​ថា​ អាកប្បកិរិយា​របស់​កម្ពុជា​អំឡុង​ពេល​កិច្ច​ប្រជុំ​ ដែល​ហាក់​ដូចជា​គាំទ្រ​ជំហរ​របស់​ចិន​ពាក់​ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​ហេតុផល​មួយ​នៅ​ពី​ក្រោយ​ការ​ខកខាន​នោះ។​ ​កម្ពុជា​បាន​ជំទាស់​មិន​ឱ្យ​និយាយ​ដល់​បញ្ហា​ជម្លោះ​នោះ​ទេ​ ​ក្នុង​ខណៈ​ពេល​ដែល​ហ្វីលីពីន ​និង​វៀតណាមចង់​ឱ្យ​អាស៊ាន​ជំទាស់​នឹង​ការ​ទាមទារ​របស់​ចិន​ដែល​ចង់​ឱ្យ​ដោះ​ស្រាយ​បញ្ហានេះ​ទ្វេ​ភាគី។​

រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ខាង​លើ​ និង​បាន​និយាយ​ថា​ ខ្លួន​ព្យាយាម​សម្រាលទម្ងន់​ជម្លោះ​ទៅ​វិញ​ទេ។​

រូបឯកសារ៖ លោក អ៊ា សុផល សាស្រ្តាចារ្យ​នៃ​មហា​វិទ្យាល័យ Occidental College និយាយ​នៅ​ឯ​មូលនិធិ Heritage កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨។ (ស្រេង លក្ខិណា/VOA)
រូបឯកសារ៖ លោក អ៊ា សុផល សាស្រ្តាចារ្យ​នៃ​មហា​វិទ្យាល័យ Occidental College និយាយ​នៅ​ឯ​មូលនិធិ Heritage កាលពី​ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៨។ (ស្រេង លក្ខិណា/VOA)

លោក​អ៊ា សុផល ​សាស្រា្តចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​អន្តរជាតិ បានលើកឡើង​ពី​ភាព​រាំងស្ទះ​ដែល​អាច​កើត​មាន​ឡើង​ដល់​ដំណើរ​ការ​របស់​អាស៊ាន​ ​ខណៈ​ដែល​កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ខ្លាំង​ពី​ប្រទេស​ចិន។​

លោក​អ៊ា សុផលបាន​សរសេរ​ថា៖​

«ឥឡូវនេះ អាស៊ាន​កំពុង​តែ​ប្រេះស្រាំ​ ហើយ​ជាមួយ​នឹង​ចិន​ជិះ​ពី​ក្រោយ​ អាស៊ាន​ក្នុង​ឋានៈ​ជាក្រុមផ្អែក​លើ​ការ​ព្រមព្រៀង​ជា​រួម (កុងសង់ស៊ីស)ក្នុង​តំបន់​ មិន​អាច​មាន​ដំណើរ​ការ​ទៅ​មុខ​នោះ​ទេ ដោយ​សារ​កម្ពុជា​ជា​សមាជិក ដែល​ជា​ប្រទេស​បង្ក​ឲ្យ​មាន​ការ​ខក​ខាន»។

កម្ពុជា​បាន​រងការ​រិះគន់​សារ​ជាថ្មី​ម្តង​ទៀតនៅ​អំឡុង​ពេល​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​លើក​ទី៤៩​ នៅ​ក្រុង​វៀងចន្ទន៍ ​ប្រទេស​ឡាវ កាលពី​ឆ្នាំ​២០១៧ ចំពោះ​ការ​បង្អាក់ផ្នែក​ភាសាលើក​ឡើង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​អាស៊ាន​ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​ចម្រូង​ចម្រាស។​ ការណ៍​នេះ​កើត​មាន​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ បន្ទាប់​ពី​មាន​សេចក្តី​សម្រេច​ពី​តុលាការ​អន្តរជាតិ​ដែល​បាន​ច្រាន​ចោល​ការ​ទាមទារ​ដែន​ទឹក​ដោយ​រដ្ឋាភិបាល​ចិន។​

លោកអ៊ា សុផល បាន​សរសេរ​ថា៖​

«ទំនាក់​ទំនង​ចិននិង​កម្ពុជា​គឺ​កាន់​តែ​ជិត​ស្និទ្ធ​ជាង​ពេល​ណាៗ​ទាំង​អស់ ហើយ​ប្រហែល​ជា​ជិតស្និទ្ធ​ជាង​អំឡុង​ឆ្នាំ​១៩៧៥​និង​១៩៧៩​ទៅ​ទៀត។​ តាមរយៈ​ទំនាក់​ទំនង​អាស៊ាននិង​ចិននា​ពេល​បច្ចុប្បន្ន​ និង​អភិបាល​កិច្ច​អាស៊ាន​ ដែល​តែង​តែ​ផ្តោត​លើ​ការ​ព្រម​ព្រៀង​ទាំង​ស្រុង​ពី​សំណាក់​ភាគី​ទាំងអស់​នោះ នោះកម្ពុជា​អាច​បង្អាក់​អាស៊ាន​បាន»។​

លោក​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ បាន​ប្រាប់​ VOA ​ថា ​កម្ពុជា​មិន​មាន​គោល​បំណង«បំផ្លាញ​មិត្តភាព​រវាង​អាស៊ាន​និង​សមាជិក​អាស៊ាន​នោះ​ទេ» ហើយ​ថា​ ​ ប្រទេស​ចិនគឺ​គ្រាន់​តែ​ជា​«ដៃគូ​ពិភាក្សា ​និង​អភិវឌ្ឍន៍»​ប៉ុណ្ណោះ។​

ជា​ការណ៍​ពិត​ ​មិនត្រឹម​តែ​កម្ពុជា​នោះ​ទេ​ដែលមាន​ទំនោរ​ទៅ​កាន់​ប្រទេស​ចិន​នោះ​ ​ប្រទេស​ឡាវ ​មីយ៉ាន់ម៉ា​ ប្រ៊ុយណេ​ ហាក់​ដូចជា​ស្ថិត​នៅ​លើ​មាគ៌ា​ដូចគ្នា​នេះ​ផង​ដែរ។

សម្រាប់​លោក​អ៊ា សុផល​ ការណ៍​នេះ​មាន​ន័យ​ថា​ ទោះបី​ចិន​មិន​អាច​បោះឆ្នោត​បាន​ក៏​ដោយ​ ​ក៏​ចិន​អាច​ជំរុញ​ឲ្យ«មាន​ការ​បោះឆ្នោត​សម្រប​តាម​គោល​ការណ៍​ខ្លួន​ ដោយ​ប្រើ​អំណាច​ផង​ដែរ»។

លោក​ក៏​ចង្អុល​បង្ហាញ​ថា​ ​តាម​រយៈ​ហេតុ​ផល​នេះ​ ​«ចិន​ងាយ​នឹង​ទទួល​បាន​សំឡេង​គាំទ្រច្រើន ​និង​អាច​គ្រប់គ្រង​ក្តារ​អុក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន»។​

រូបឯកសារ៖ មេបញ្ជាការយោធាចិនលោក Zhang Jian និងលោកឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គ​មេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ចូលរួមសមយុទ្ធយោធារវាងចិននិងកម្ពុជា នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។
រូបឯកសារ៖ មេបញ្ជាការយោធាចិនលោក Zhang Jian និងលោកឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គ​មេ​បញ្ជាការ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ចូលរួមសមយុទ្ធយោធារវាងចិននិងកម្ពុជា នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨។

ការ​ប្រទាក់​ក្រឡាគ្នា​ផ្នែក​សន្តិសុខ​ក្នុង​តំបន់? ​

នៅ​ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយ​ជាមួយ​ VOA ​នៅ​ទីស្នាក់​ការ​អ.ស.ប.​ក្នុង​ទីក្រុង​ញូវយ៉កកាល​ពី​ខែ​មេសា​រដ្ឋមន្រ្តី​ការពារ​ជាតិ​លោក​ទៀ បាញ់ បាន​ច្រាន​ចោល​ការ​ព្រួយ​បារម្ភ​ដែល​ថា​ ​គម្រោង​អភិវឌ្ឍន៍​របស់​ចិន​នៅ​ខេត្ត​កោះកុង​អាច​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ហេតុផល​យោធា ​ហើយ​លោក​បាន​លើកឡើង​សារជា​ថ្មី​អំពី​ការ​ប្តេជ្ញា​របស់​កម្ពុជា​នៅ​ក្នុង​ការ​រក្សា​បូរណភាព​ទីកដី មិន​ឲ្យ​មានការ​ប្រើប្រាស់​ជា​មូលដ្ឋាន​យោធា​បរទេស។

ក្រុមហ៊ុន​ចិន​ឈ្មោះ Union Development Group ត្រូវ​បាន​រាយ​ការណ៍​ថា ​បាន​គ្រប់​គ្រង​លើ​ដី​ទំហំ​៤៥.០០០​ហិចតា ​ក្នុង​នោះ​រួមមាន​២០​ភាគរយ​ជា​តំបន់​ឆ្នេរនៅ​ខេត្ត​កោះកុង។​ ដីនោះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​វិស័យ​អេកូ​ទេសចរណ៍ ​និង​សម្រាក​លំហែ​កាយ​តែ​ប៉ុណ្ណោះ។ ​នេះ​បើ​យោង​ទៅ​តាម​លោក​រដ្ឋមន្រ្តី​ការពារជាតិ ​ទៀ បាញ់។​

របាយ​ការណ៍​ព័ត៌មាន​ឲ្យដឹង​ថា​ ​មួយភាគ​ធំ​នៃ​ប្រាក់​វិនិយោគ​ចំនួន​៣,៨​ពាន់​លាន​ដុល្លារដោយ​ក្រុមហ៊ុន​ខាង​លើ​នេះ ​នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​សាង​សង់​ព្រលាន​យន្តហោះ​អន្តរជាតិ​និង​កំពង់ផែ​ទឹក​ជ្រៅ​ដែលបាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រើ​ប្រាស់​ដើម្បី​ហេតុផល​យោធា​នៅ​ថ្ងៃ​អនាគត។​

តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​ការ​ប្រារព្ធ​ខ្នាត​ធំ​នៃ​ពិធី​រំឭកខួប​នៃ​ការ​រំដោះ​កម្ពុជា​ចេញ​ពី​របប​ខ្មែរ​ក្រហម​នៅ​ថ្ងៃ៧មករា​ ឆ្នាំ​១៩៧៩​ ​ ​មាន​របាយ​ការណ៍​ថា​ នាវា​ប្រយុទ្ធ​ធំៗរបស់​ចិន​ចំនួន​បី​គ្រឿងបាន​មក​សំចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ។ ​ហើយ​កាល​ពី​ខែ​មីនា ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ធ្វើ​ «សម​យុទ្ធ​នាគ​មាស» ដែល​ជា​សមយុទ្ធ​យោធា​រួម​ជាមួយ​ចិន​ ធំ​ជាង​គេ​បង្អស់មក​ទល់​ពេល​នេះ​ផង​ដែរ។

កាល​ពី​ខែ​មិថុនា​ឆ្នាំ​២០១៨ រដ្ឋាភិបាល​ចិន​ក៏​បាន​ប្តេជ្ញាផ្តល់​ជំនួយយោធា​ចំនួន ​១០០​លាន​ដុល្លារ​បន្ថែម​ទៀត ​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន​លោក​ Wei Fenghe ​មក​កាន់​កម្ពុជា។ ​ការ​ប្តេជ្ញា​ពង្រឹង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ការណ៍​រួម ក្នុង​អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន​ កាល​ពី​ខែ​មករា​ឆ្នាំ​នេះផង​ដែរ។​

លោកអ៊ា សុផល​ ​សាស្រា្ត​ចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​អន្តរជាតិ​ បាន​លើក​ឡើងថា​ ឥទ្ធិ​ពល​របស់​ចិន​ក៏​នឹងជ្រាប​ចូល​ទៅ​ក្នុង​បរិបទ​សន្តិសុខ​ផង​ដែរ ដោយសារ​តែ​កង្វះ​ប្រសិទ្ធ​ភាព​នៃ​វេទិកា​សន្តិសុខ​អាស៊ាន។​

«នេះ​មាន​ន័យ​ថា ​ចិន​ឥឡូវ​នេះ​កំពុង​តែ​ពង្រីក​ខ្លួន​លើស​ពី​ដែន​សេដ្ឋកិច្ច ​និ​ង​ចូល​ទៅ​ក្នុង​ដែន​សន្តិសុខ​ ដែល​នឹង​មាន​គ្រោះថ្នាក់​សម្រាប់​អាស៊ាន។ ​វេទិកា​សន្តិសុខ​អាស៊ាន​នឹង​មិន​មាន​ន័យ​ច្រើន​ទេ»។

រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ៊្វុក​ (Nguyen Xuan Phuc) (ឆ្វេង) ​និយាយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ចុះ​ហត្ថាលេខា​មួយ នៅ​ការិយាល័យ​នាយករដ្ឋ​មន្ត្រី ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។
រូបឯកសារ៖ នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ៊្វុក​ (Nguyen Xuan Phuc) (ឆ្វេង) ​និយាយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ចុះ​ហត្ថាលេខា​មួយ នៅ​ការិយាល័យ​នាយករដ្ឋ​មន្ត្រី ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧។

ងាក​ចេញ​ពី​រដ្ឋាភិបាល​ហាណូយ​ទៅ​រដ្ឋាភិបាល​ប៉េកាំង?​

បែបផែន «ចំណង​មិត្តភាព​យូរយារ» ​រវាង​កម្ពុជា និង​វៀតណាម ចាប់តាំង​ពី​វៀតណាម​បាន​រំដោះ​កម្ពុជា​ចេញ​ពី​កណ្តាប់​ដៃ​ពួក​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩​ មក​ទល់​ពេល​នេះ​ អាច​រង​ការ​ប៉ះ​ទង្គិច​ផង​ដែរ​ ​ប្រសិន​បើ​ទំនាក់​ទំនង​រវាង​កម្ពុជានិង​ចិន​កាន់​តែ​ជិត​ស្និទ្ធ​ជាង​នេះ។

វៀតណាម​ដែល​ជា​សមាជិក​អាស៊ាន​មួយទៀតគឺ​ជា​គូ​ប្រជែង​ដ៏​មុតមាំ​មួយ​របស់​ចិន​ ខណៈ​ពេល​មាន​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។ ​ប្រសិន​បើ​ចិនក្តោប​ក្តាប់​កម្ពុជា​តាម​រយៈ​អំណាច​សេដ្ឋកិច្ច​ និង​នយោបាយ​ ​ នោះ​ចំណុច​ផ្តោត​នឹង​មាន​ផល​ប៉ះពាល់​រយៈ​ពេល​វែង​ទៅ​លើ​ទំនាក់​ទំនង​កម្ពុជា​ និង​វៀតណាម។ ​

លោកអ៊ា សុផល​ បាន​សរសេរ​ថា៖​

«សេណារីយ៉ូ​អាក្រក់​បំផុត​នោះ​គឺ​ថា អាស៊ាន​នឹង​មាន​ភាព​រអាក់​រអ៊ួល​ជាង​ពេល​នេះ​ទៅ​ទៀត ​ឬ​ប្រហែល​ជា​មាន​ការ​បែកបាក់​អាស៊ាន ​ឬ​អាស៊ាន​ក្លាយ​ជា​ឧបករណ៍​មួយ​របស់​ចិន។​ ប៉ុន្តែ​បញ្ហា​នេះ​នឹង​ត្រូវ​ដើរ​កន្លង​ខ្មោចប្រទេស​វៀតណាម​សិន»។

សេចក្តី​ប្រកាស​ការទូត​មួយ​ដែល​មិន​ត្រូវ​បាន​ចេញ​ជា​សាធារណៈ ​ដែល​ VOA​ ​ទទួល​បាន​ ​បាន​បង្ហាញ​ថា ​បញ្ហា​ព្រំដែន​កាល​ពី​ឆ្នាំ​មុន​បាន​នាំ​ឲ្យ​មាន​ការ​ឆ្គាំឆ្គង​ដាក់​គ្នា​ បន្ទាប់​ពី​យោធា​វៀតណាម​បាន​បោះបង្គោល​ព្រំដែន​ជា​ឯកតោភាគីនៅ​តាម​បណ្តោយ​ព្រំដែន​ឆ្នេរ​កម្ពុជា​ ដែល​កំពុង​មាន​ភាព​ចម្រូង​ចម្រាស។​

នៅ​ក្នុង​លិខិត​មួយ​ទៅ​កាន់​ស្ថានទូត​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៣​ខែ​កក្កដា ឆ្នាំ​២០១៨​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទាមទារ​ឲ្យ​វៀតណាម​ដក​ចេញ​បង្គោល​ព្រំដែន​ ដែល​ត្រូវ​បាន​បោះនៅតំបន់​ព្រំ​ដែន​ទឹក​ ដែល​មិន​ទាន់​បាន​គូស​កំណត់​ជា​ផ្លូវការ។​

ក្នុង​លិខិតនោះ​ ​មន្រ្តីកម្ពុជា​មួយ​រូប​បាន​អះអាង​ថា​ ​រដ្ឋាភិបាល​ភ្នំពេញ​បាន​ធ្វើ​កិច្ច​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ហាណូយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ។ ​មក​ទល់​ពេល​នេះ គ្មាន​ការ​លើកឡើង​ពី​ជម្លោះ​ពាក់ព័ន្ធ​នឹង​ការ​បោះ​បង្គោល​ដោយ​ប្រទេស​វៀតណាម​ និង​មិនទាន់មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ​ទេ​ថា ​មាន​ការ​ព្រម​ព្រៀង​តាមការ​ទាមទារ​របស់​កម្ពុជា​ឲ្យ​មាន​ការ​ដក​បង្គោល​នោះ។​

នៅ​ពេល​សួរ​ថា ​តើ​ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធ​រវាង​កម្ពុជា ​និង​ចិន​មាន​ការ​ប៉ះពាល់​ដល់​កម្រិត​ណា​ទៅ​លើ​ទំនាក់​ទំនង​កម្ពុជា​ និង​វៀតណាម ​ ​លោកអ៊ា សុផល បាន​លើក​ឡើង​ថា៖​

«វៀតណាម​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ​ប៉ុន្តែ​តើ​វៀតណាម​អាច​ធ្វើ​អ្វី​បាន​ទៅ? ​ងាក​ទៅរក​ពួត​ដៃជាមួយ​សហ​រដ្ឋ​អាមេរិក? ​ឬ​បង្អាក់​ថ្នាក់​ដឹកនាំ​របស់​កម្ពុជា​ ដែល​មាន​ទំនោរ​ទៅ​ចិន? ​ខ្ញុំ​គិត​ថា ​ទាំងអស់គ្នា​ត្រូវ​តែ​រៀន​រួម​រស់​ជាមួយ​គ្នា ​ហើយ​វា​មិន​ងាយ​ស្រួល​នោះ​ទេ ​ក្នុង​ការ​កាត់ផ្តាច់​ពី​រដ្ឋ​មួយ​ដែលធ្លាប់​មក​សុំ​ជំនួយ​ពី​ខ្លួន។ ​អ្នក​ចង់​ឲ្យ​រដ្ឋ​នោះ​ស្ថិត​នៅ​ក្នុង​គន្លង​របស់​អ្នក​ ប្រសិន​បើ​អ្នក​ជា​វៀតណាម»។​

ខណៈ​ដែល​ចិន​កំពុង​ពង្រឹង​អំណាច​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​លក្ខណៈ​យុទ្ធសាស្រ្ត​នៅ​ក្នុង​តំបន់​អាស៊ាន​នោះ​ចង់​មិន​ចង់​គឺ​ចិន​មាន​ទំនោរ​នៅ​ក្នុង​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​ទាក់ទិន​នឹង​ខ្លួន ​និង​ទាក់ទិន​នឹង​តំបន់។​ ការ​ប្រឡូក​ប្រទាក់​ក្រឡា​គ្នា និង​ការ​ប៉ះទង្គិច​គ្នា​ងាយ​នឹង​កើត​ឡើង​ប្រសិន​បើ​ផល​ប្រយោជន៍​ផ្សេងៗ​មិន​ស្ថិត​លើ​មាគ៌ា​ស្រប​គ្នា។ ហើយ​ការណ៍​នេះ​ក៏​នឹង​ជា​ការ​សាកល្បង​មួយ​ទៅ​លើ​ភាព​រឹងមាំ​ និង​សាមគ្គី​ភាព​របស់​អាស៊ាន។​

ដោយ​បង្ហាញមន្ទិល​អំពី​រាល់​ជំនួយរបស់ប្រទេស​មហាអំណាច​សេដ្ឋកិច្ចលោក​ ឈាង វណ្ណារិទ្ធិ បាន​និយាយ​ថា៖​

«ធម្មតា​ទេ ក្នុង​ប្រវត្តិសាស្រ្ត​ អត់​មាន​មហា​អំណាច​ណា​គាត់​ទៅ​ជួយ​ដោយ​ស្មោះ​ត្រង់​ដល់​ប្រទេស​តូច​ទេ។ ​ប្រទេស​តូច​ហ្នឹង​ត្រូវ​ខំ​ប្រឹង​រួបរួម​គ្នា​ដើម្បី​ការពារ​ផល​ប្រយោជន៍​គ្នា»៕

អត្ថបទនេះផលិតឡើងដោយមានការគាំទ្រពីគម្រោងរបស់កម្មវិធី Reporting ASEAN ពាក់ព័ន្ធនឹងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដោយមានការសហការពី Lower Mekong Initiative និង US States department។ Reporting ASEAN រៀបចំដោយ Probe Media Foundation Inc។

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG