កងទ័ពរាប់រយនាក់នៃប្រទេសកម្ពុជា និងចិន គ្រោងនឹងចំណាយពេលពេញមួយខែ ក្នុងខែមីនានេះ ស្នាក់នៅនិងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា នៅក្នុងស្រុកជុំគីរី ខេត្តកំពត ភាគនិរតីនៃប្រទេសកម្ពុជា ដែលគេដាក់ឈ្មោះថា «សមយុទ្ធនាគមាស២០១៩»។
នេះជាលើកទីបីហើយនៃការប្រារព្ធសមយុទ្ធនាគមាសនេះ បន្ទាប់ពីបានធ្វើកាលពីឆ្នាំ២០១៦ និងឆ្នាំ២០១៨ កន្លងទៅ ដែលលើកនេះ ភាគីកម្ពុជា បានប្រកាសឱ្យដឹងថាមានរយៈពេល២៨ថ្ងៃ យូរជាងឆ្នាំមុនៗ ដែលមានរយៈពេលតែពីរសប្ដាហ៍ ហើយក៏មានទ្រង់ទ្រាយធំជាងការធ្វើលំហាត់ហ្វឹកហ្វឺនពីរដងខាងដើមដែរ។
អ្នកតាមដានស្ថានការណ៍វិវត្តន៍នៃចរន្តនយោបាយសន្តិសុខក្នុងប្រទេសនិងក្នុងតំបន់បានបកស្រាយថា តាមរយៈសមយុទ្ធនាគមាសនេះ កម្ពុជា និងចិន បានបំពេញតម្រូវការផលប្រយោជន៍សន្ដិសុខឱ្យគ្នាទៅវិញទៅមក បើទោះជាមន្ត្រីរដ្ឋាភិបាលខ្មែរបានពោលថាការហ្វឹកហាត់យោធារួមជាមួយចិនមិនមែនជាការបញ្ចេញសាច់ដុំអ្វីក៏ដោយចុះ។
យោងតាមការប្រកាសឱ្យដឹងរបស់ក្រសួងការពារជាតិកម្ពុជា កងកម្លាំង៣៨២នាក់ នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំង២៥២នាក់ នៃកងទ័ពរំដោះប្រជាជនចិន នឹងត្រូវបានចាត់តាំងឱ្យចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនប្រចាំឆ្នាំនេះ ដែលរួមមានការប្រើប្រាស់អាវុធយុទ្ធភណ្ឌបម្រើឱ្យសមយុទ្ធរួមមាន រថក្រោះ រថពាសដែក ឧទ្ធម្ភាគចក្រប្រយុទ្ធ កាំភ្លើងធំ កាំភ្លើងត្បាល់ បរិក្ខារឈ្លបយកការណ៍ និងយុទ្ធុបករណ៍ទប់ទល់នឹងអាវុធគីមីជីវសាស្ត្រផងដែរ។
ការរៀបចំ ដែលត្រូវចាប់ផ្ដើមនៅថ្ងៃទី២៨ខែកុម្ភៈម្សិលមិញ និងបញ្ចប់នៅថ្ងៃទី២៧ខែមីនាខាងមុខ ត្រូវប្រព្រឹត្តទៅនៅទីលានហ្វឹកហាត់ក្នុងស្រុកជុំគីរីខេត្តកំពត របស់កងពលតូចថ្មើរជើងលេខ៧០ ដែលជាអង្គភាពឈានមុខមួយនៃកងទ័ពជើងគោកកម្ពុជា។
លោក ឈុំ សុជាត អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងការពារជាតិកម្ពុជា បានប្រាប់ VOA កាលពីដើមសប្ដាហ៍នេះថា លំហាត់ហ្វឹកហ្វឺនលើកនេះ មានគោលដៅកសាងសមត្ថភាព និងជួយឱ្យយោធិននៃប្រទេសទាំងពីររក្សាចំណេះដឹងទាន់សភាពការណ៍នៃដំណើរវិវត្តចុងក្រោយនៃបច្ចេកទេស និងបច្ចេកវិទ្យាថ្មី ដើម្បីគោលបំណងបន្ស៊ាំកងកម្លាំងទៅនឹងការងារប្រយុទ្ធប្រឆាំងភេរវកម្ម វិស្វកម្មយោធា និងកិច្ចការងារមនុស្សធម៌។
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានថ្លែងប្រាប់តាមទូរស័ព្ទយ៉ាងដូច្នេះថា៖
«ឆ្លងតាមការធ្វើសមយុទ្ធហ្នឹង យើងបានផ្លាស់ប្ដូរនូវមិត្តភាពរបស់កងទ័ពយើងទាំងពីរ គឺកន្លងមក ការណ៍ដែលយើងធ្វើសមយុទ្ធនាគមាស ពីរដងកន្លងមកហ្នឹង ខាងចិនក៏បានចូលរួមជាការពង្រឹងសមត្ថភាពកងទ័ពយើង មិត្តភាពកងទ័ពយើង ដើម្បីឈានទៅដំណាក់កាលមួយ ដែលជាគ្រប់ជ្រុងជ្រោយ និងជាយុទ្ធសាស្ត្រ រវាងកងទ័ពយើងទាំងពីរ បាទ!»។
ការរៀបចំធ្វើសមយុទ្ធនេះ ធ្វើឡើងខណៈដែលទំនាក់ទំនងរវាងទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំង បានឈានឡើងដល់កម្រិតកំពូល ជាពិសេសលើកិច្ចសហប្រតិបត្តិការផ្នែកវិស័យសន្តិសុខ និងយោធា។ អំឡុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោកមកកាន់រាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ លោករដ្ឋមន្ត្រីការពារប្រទេសចិន Wei Fenghe បានប្រកាសផ្ដល់ជំនួយសឹកតម្លៃប្រមាណ ១០០លានដុល្លារអាមេរិក ដល់កម្ពុជា។
ទាំងលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោក វង្ស ពិសេន អគ្គមេបញ្ជាការថ្មីថ្មោងនៃកងយោធពលខេមរភូមិន្ទ សុទ្ធតែបានបំពេញទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសចិន ចាប់តាំងពីការបោះឆ្នោតដ៏ចម្រូងចម្រាសនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅមក។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចយូរឆ្នាំ បាននឹងកំពុងបំពេញទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងប៉េកាំង ជាលើកដំបូងក្នុងសប្ដាហ៍នេះ ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក ហើយលោកក៏បានជួបសមភាគីចិន និងមន្ត្រីគ្រាក់ៗដែលមានអំណាចសម្រេចចិត្តក្នុងរចនាសម្ព័ន្ធដឹកនាំបញ្ជាការនៃកងទ័ពរំដោះប្រជាជនចិន និងក្រសួងការពារប្រទេសចិនផងដែរ។
លោក ឈុំ សុជាត នៃក្រសួងការពារជាតិកម្ពុជា ក៏បានប្រាប់ VOAដែរថា ការធ្វើលំហាត់ហ្វឹកហ្វឺននេះ នឹងជួយជាវិភាគទានពីសំណាក់កងទ័ពចិន ដល់កងទ័ពកម្ពុជា ដើម្បីបង្កើនសមត្ថភាព និងគុណភាពនៃការរក្សាការពារ បូរណភាពទឹកដី និងការពារមាតុភូមិរបស់ខ្លួន។
ការថ្លែងនេះមានឡើងបន្ទាប់ពីមានរបាយការណ៍មួយកាលពីខែកុម្ភៈកន្លងទៅ សរុបការងារប្រចាំឆ្នាំ២០១៨កន្លងទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលVOAទទួលបាន និងដែលបានបង្ហាញថា បណ្ដាប្រទេសជិតខាងនៅតែបញ្ចេញសកម្មភាពដែលរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា តាមខ្សែបន្ទាត់ព្រំដែន។
របាយការណ៍ខាងលើបានបញ្ជាក់ថា ពេញមួយឆ្នាំ២០១៨កន្លងទៅ មានការហោះហើររបស់កងទ័ពថៃរំលោភលើដែនអាកាសកម្ពុជា ចំនួនសរុប១៤៦លើក។ ខាងវៀតណាមបានធ្វើសកម្មភាពចាក់បេតុងសង់បង្គោលអគ្គីសនី៦ដើម កាលពីខែកក្កដា កន្លងទៅ នៅក្នុងតំបន់សមុទ្រចំណុចជិតមួយគីឡូម៉ែត្រពីខ្សែទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ក្នុងខេត្តកំពតរបស់កម្ពុជា ដែលរបាយការណ៍បានបញ្ជាក់ថាវៀតណាមបានបញ្ឈប់សកម្មភាពនេះហើយ។
ដោយឡែកនៅព្រំដែនជាមួយប្រទេសឡាវ របាយការណ៍បានបញ្ជាក់ថា ខាងយោធាឡាវបានឈូសឆាយផ្លូវ ចម្ងាយពី០៨ ម៉ែត្រ ទៅ ២៥ ម៉ែត្រ ចូលក្នុងទឹកដីកម្ពុជា នៅត្រង់ពី០២ចំណុច ចន្លោះបង្គោលលេខ៤១ និងលេខ៤២ និងដែលទាហានឡាវក៏បានបញ្ឈប់សកម្មភាពទាំងនេះហើយដែរ។
ប្រទេសវៀតណាម ត្រូវបានគេដឹងថា នៅបន្តរក្សាឥទ្ធិពលយុទ្ធសាស្ត្រជាប្រពៃណីរបស់ខ្លួននៅតំបន់ឥណ្ឌូចិន តែឥទ្ធិពលនេះរងការគំរាមកំហែងពីការមកដល់យ៉ាងគំហុកនៃអនុត្តរភាពនយោបាយ និងសេដ្ឋកិច្ចដ៏លើសលប់របស់ប្រទេសចិនលើតំបន់អាស៊ីអាគ្នេយ៍ដីគោក តាមរយៈយន្តការទ្វេភាគី និងពហុភាគីនានា រួមទាំងវិស័យសន្តិសុខ តាមរយៈការធ្វើសមយុទ្ធ និងកិច្ចសហប្រតិបត្តិការយោធាជាហូរហែផង។
ប្រធានាធិបតីវៀតណាម Nguyen Phu Trong ទើបបានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឡាវ និងប្រទេសកម្ពុជា ក្នុងសប្ដាហ៍នេះ និងក៏បានជួបសវនាការជាមួយព្រះករុណា ព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តម សីហមុនី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
មិនមានការបញ្ជាក់ច្បាស់ឡើយថា ថាតើប្រធានរឿងព្រំដែនត្រូវបាន ប្រធានរដ្ឋវៀតណាម លើកមកជជែកជាមួយថ្នាក់ដឹកនាំកម្ពុជាដែរឬទេ តែក្នុងសេចក្ដីថ្លែងការណ៍រួម ដើម្បីសរុបលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជា មានការសរសេរនៅ កថាខណ្ឌដែលទាក់ទងនឹង យោធា និងសន្តិសុខ ថាប្រទេសទាំងពីរនឹង«ដោះស្រាយបញ្ហានានាដែលកើតមានឡើងរវាងប្រទេសទាំងពីរដោយសន្តិវិធី»។
អ្នកវិភាគនយោបាយ លោក ឡៅ ម៉ុងហៃ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋវៀតណាម ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយក្នុងការព្យាយាមទប់ទល់ការរីកឡើងនៃឥទ្ធិពលរបស់ចិននៅតំបន់ក្បែរខាងរបស់ខ្លួន។
លោក ឡៅ ម៉ុងហៃ បានលើកឡើងថា វៀតណាម ដែលស្រវាឱបក្រសោបសហរដ្ឋអាមេរិកនាពេលថ្មីៗនេះ ត្រូវប្រឈមនឹងចិននៅសមុទ្រចិនខាងត្បូង នាប៉ែកខាងកើតប្រទេសខ្លួន និងទប់ទល់ឥទ្ធិពលចិននៅប្រទេសជិតខាងប៉ែកខាងលិចផងដែរ។
«វៀតណាមក៏គេខំប្រឹងប្រែងដើម្បីកុំឱ្យកម្ពុជាយើងធ្លាក់ទៅក្នុងដៃចិន ដូចក្នុងជំនាន់ខ្មែរក្រហម ដែលជាគ្រោះថ្នាក់ទៅដល់សន្តិសុខរបស់គេ។ វៀតណាមគឺជាទណ្ឌិតក្នុងគុកភូមិសាស្ត្ររបស់ខ្លួន»។
ស្របពេលដែលទំនាក់ទំនងខ្មែរ-ចិនជិតស្និទ្ធខ្លាំងកាលពីឆ្នាំមុន មានការដាក់សង្ស័យថាចិនបាននឹងកំពុងបញ្ចុះបញ្ចូលកម្ពុជា ស្នើសុំទឹកដីដាក់មូលដ្ឋានទ័ពចិន ដែលគេមើលឃើញថានឹងគំរាមកំហែងខ្លាំងដល់ប្រទេសវៀតណាម តែកម្ពុជាបានបដិសេធថាខ្លួនមិនបានទទួលមូលដ្ឋានទ័ពបរទេសណានោះទេ ព្រោះផ្ទុយនឹងខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ប្រទេស ហើយក៏មិនមានបំណងកែរដ្ឋធម្មនុញ្ញនោះដែរ បើទោះជាបក្សប្រជាជនកម្ពុជាគ្រប់គ្រងទាំងស្រុងនូវសភាទាំងពីរជាន់ថ្នាក់ តាមរយៈការបោះឆ្នោតដែលមិនមានបក្សប្រឆាំងចម្បងចូលរួមកាលពីឆ្នាំមុនយ៉ាងណាក្ដី។
មេដឹកនាំកម្ពុជាក៏បានសម្ដែងកិច្ចខិតខំប្រឹងប្រែងធ្វើយ៉ាងណា ផ្ដល់សេចក្ដីធានាមួយដងជាពីរដង ដល់សម្ព័ន្ធមិត្តជាប្រពៃណីរបស់ខ្លួននៅទីក្រុងហាណូយ ដែលធ្លាប់បានផ្ដួលរំលំរបបខ្មែរក្រហមកាលពីឆ្នាំ១៩៧៩ និងបើកសករាជដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីពេលនោះមក។ ក្នុងសេចក្ដីថ្លែងការណ៍រួមសរុបដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋវៀតណាម ក៏បានបញ្ជាក់សាជាថ្មី ថាប្រទេសទាំងពីរនឹងមិនអនុញ្ញាតឱ្យកម្លាំងយោធា ឬនយោបាយណាមួយប្រើប្រាស់ទឹកដីប្រទេសមួយ ទៅប្រឆាំងនឹងប្រទេសមួយទៀតនោះទេ។
ដូចសព្វមួយដងដែរ ស្ថានទូតចិនប្រចាំរាជធានីភ្នំពេញ មិនបានឆ្លើយតបសំណើរបស់ VOAសុំសេចក្ដីអធិប្បាយសម្រាប់អត្ថបទនេះនោះទេ។
អ្នកជំនាញក៏បានលើកឡើងដែរថា តាមរយៈការចាប់យកសមយុទ្ធយោធានានា ជាមួយបណ្ដារដ្ឋជាសមាជិកអាស៊ាន ប្រទេសចិនមានយុទ្ធសាស្ត្រសន្តិសុខធំជាងនេះ ក្នុងស្ដារឡើងវិញនូវឥទ្ធិពលអុងអាត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនៅក្បែរសំយាបផ្ទះខ្លួន ដូចដែលធ្លាប់មានការពីសម័យចក្រភពចិននាជំនាន់អតីតកាល។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគកម្ពុជា បានលើកឡើងថា៖
«យុទ្ធសាស្ត្រចិន គេគិតវែងឆ្ងាយ គឺចិនមានមហិច្ឆតា មានឥទ្ធិពល លើអាស៊ីហ្នឹង ជាពិសេសអាស៊ីអាគ្នេយ៍ ហើយតំបន់នេះ ពីដើមមកក៏ចិនវាមានឥទ្ធិពលខ្លាំង ដែលត្រួតត្រាគ្របដណ្ដប់ដែរ។ ពីដើម ក្នុងប្រវត្តិសាស្ត្រ ប្រទេសក្នុងអាស៊ីអាគ្នេយ៍ហ្នឹង រួមទាំងប្រទេសខ្មែរផង ចិនទុកជាប្រទេសរណប ហើយចិន ដោយបច្ចុប្បន្នជាមហាអំណាចខាងសេដ្ឋកិច្ចផង យោធាផង មានប្រៀបជាងវៀតណាម ហើយចិនគ្របដណ្ដប់លើវៀតណាមផង ហើយចិនគ្របដណ្ដប់លើខ្មែរផង!»។
ក្រៅតែពីធ្វើសមយុទ្ធនាគមាសជាមួយកម្ពុជា ចិនក៏បានធ្វើសមយុទ្ធប្រចាំឆ្នាំជាមួយប្រទេសម៉ាឡេស៊ី ដែលមានឈ្មោះថា Aman Youi ឬប្រែថា លំហាត់ហ្វឹកហ្វឺនសន្ដិភាព និងមិត្តភាព ដែលកាលពីឆ្នាំ២០១៨កន្លងទៅ មានការចូលរួមពីសំណាក់ប្រទេសថៃ ជាភាគីសង្កេតការណ៍ផងដែរ។ ឆ្នាំ២០១៨កន្លងទៅ ប្រទេសចិន ក៏បានទទួលធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៃលំហាត់ហ្វឹកហ្វឺនរួមផ្លូវសមុទ្រ អាស៊ានចិន ផងដែរ។
ហើយក្នុងនោះ សមយុទ្ធនាគមាស ជាមួយប្រទេសកម្ពុជា ជាផ្នែកនៃយុទ្ធសាស្ត្រយូរអង្វែងរបស់ចិន ក្នុងការពង្រីកឥទ្ធិពលយោធាក្នុងតំបន់អាស៊ីអាគ្នេយ៍ និងធ្វើសមតុល្យកម្លាំងប្រជែងនឹងឥទ្ធិពលរបស់អាមេរិក និងសមយុទ្ធធំរបស់អាមេរិក ប្រចាំឆ្នាំនៅប្រទេសថៃ Cobra Gold ដែលទើបនឹងបិទបញ្ចប់នៅខេត្តលពបុរី ភាគកណ្ដាលប្រទេសកាលពីថ្មីនេះ។ នេះបើយោងតាម លោក Paul Chambers អ្នកជំនាញកិច្ចការសន្តិសុខយោធា នៅសាកលវិទ្យាល័យនរេសូរ ខេត្តពិស្ណុលោក ប្រទេសថៃ។
លោក Paul Chambers បានថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិក ជាភាសាអង់គ្លេសដែលប្រែសម្រួល មានន័យដើមយ៉ាងដូច្នេះថា៖
«ក្នុងខ្សែបណ្ដោយនេះ ជាមួយនឹងគោលដៅរបស់ទីក្រុងប៉េកាំងក្នុងការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាទីបណ្ដុំឈរជើងផ្នែកសេដ្ឋកិច្ច និងយោធាក្នុងតំបន់អាស៊ីអាគ្នេយ៍ លំហាត់ហ្វឹកហ្វឺននេះក៏ជួយពូនជ្រំការទូតយោធារបស់ចិន និងព្រមពេលជាមួយគ្នា ផ្សព្វផ្សាយឱ្យដឹងដល់តំបន់អាស៊ីអាគ្នេយ៍ ថាប្រទេសចិនផ្ដល់អត្ថិភាពសំខាន់ដល់តំបន់នេះប៉ុណ្ណា»។
អ្នកជំនាញរូបនេះបានបន្តថា៖
«ប្រទេសចិនក៏កំពុងស្វះស្វែងរកការដំឡើងសមតុល្យកម្លាំងនៃលំហាត់ហ្វឹកហ្វឺន និងជំនួយសឹករបស់ខ្លួន ជាឧបករណ៍ក្នុងការប្រកួតប្រជែងផ្នែកយោធាជាមួយអាមេរិក នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅទីបំផុតទៅ នឹងនាំឱ្យមានការរន្ថើនឡើងនៃការរត់ប្រណាំងផ្នែកសព្វាវុធរវាងមហាអំណាចទាំងពីរក្នុងតំបន់មួយនេះ»។
យ៉ាងណាក្ដី លោក ឈុំ សុជាត នៃក្រសួងការពារជាតិ បានលើកឡើងថាលំហាត់ហ្វឹកហ្វឺននាគមាសឆ្នាំ២០១៩នេះ មិនមានបំណងក្នុងការគំរាមកំហែងបណ្ដាប្រទេសជិតខាងណាមួយនោះទេ។
លោកបានប្រាប់ VOA យ៉ាងដូច្នេះថា៖
«គិតថា នោះមិនមានជាបារម្ភទេ ព្រោះការសមយុទ្ធហ្នឹងជាការហ្វឹកហាត់ហ្នឹង ហ្វឹកហាត់ដើម្បីលើកកម្ពស់សមត្ថភាព នៃកងទ័ពប្រទេសរៀងៗខ្លួន ខាងវៀតណាមក៏គេធ្វើ ខាងថៃក៏គេធ្វើ ខាងឡាវក៏ធ្វើដែរ អាហ្នឹងខាងសមយុទ្ធជារឿងធម្មតា! យើងមិនមែនទៅគំរាមកំហែង ហើយការសមយុទ្ធរបស់យើងមិនមែនជាអាវុធណាធំធេង គួរឱ្យយើងបារម្ភឯណាប្អូន! អាវុធនេះគ្រាន់ដោយសារសមត្ថភាព និងយុទ្ធវិធី ក្នុងការថែរក្សាការពារសមត្ថភាពបូរណភាពទឹកដីរបស់យើង»។
នាយឧត្ដមសេនីយ៍រូបនេះបានបន្តថា៖
«យើងដូចជាមិនមានសាច់ដុំណាដំឡើងទេប្អូនអើយ! ព្រោះយើងជាប្រទេសតូចតាចណាស់ ហើយខាងចិនក៏គេសហការជាមួយយើង ក្នុងនាមជាមនុស្សធម៌ សំខាន់គឺលើផ្នែកមនុស្សធម៌ទេ ហើយខាងវិស្វកម្ម ខាង... និយាយរួមគឺផ្អែកលើខ្លឹមសារមនុស្សធម៌ និងវិស្វកម្ម មិនមែនជាអ្វីធំដុំទេ មិនមែនជាទ្រង់ទ្រាយសមយុទ្ធធំទេ។ ដូច្នេះយើងអត់មានទាក់ទងបញ្ហាគំរាមកំហែងអីទេបាទ!»។
បើតាមការគ្រោងទុក បើទោះជាចាប់ផ្ដើមតាំងតែពីថ្ងៃទី២៨កុម្ភៈ ពិធីបើកជាផ្លូវការនៃសមយុទ្ធនាគមាសត្រូវចាប់ផ្ដើមនៅថ្ងៃទី១៣មីនា ក្រោមអធិបតីលោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងធ្វើពិធីបិទនៅថ្ងៃទី២៧មីនា ក្រោមការចូលរួមរបស់លោក លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ៕