ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

៤០​ឆ្នាំ​ក្រោយ​សង្គ្រាម ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន​និង​វៀតណាម​បាន​ផ្លាស់ប្ដូរ


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន Li Keqiang ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​មួយ​នៅ​វិមាន​រដ្ឋាភិបាល​ចិន នៅទីក្រុង​ប៉េកាំង ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី​ចិន Li Keqiang ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​មួយ​នៅ​វិមាន​រដ្ឋាភិបាល​ចិន នៅទីក្រុង​ប៉េកាំង ​ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។

បច្ចុប្បន្ន​នេះ គឺ​៤០​ឆ្នាំ​ក្រោយ​មក ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​វៀតណាម និង​ចិន បាន​ប្រែប្រួល​យ៉ាង​សាំញ៉ាំ។

កាល​ពី៤០ឆ្នាំ​មុន នៅ​ថ្ងៃ​ទី១៧ ខែ​កុម្ភៈ ឆ្នាំ១៩៧៩ កងទ័ព​ចិន​បាន​ឆ្លង​ព្រំដែន​ចូល​វាយ​លុក​ប្រទេស​វៀតណាម បង្ក​ឲ្យ​ផ្ទុះ​សង្គ្រាម​កើត​ឡើង​ជិត​មួយ​ខែ។ នៅ​ប្រទេស​ចិន គេ​ហៅ​សង្គ្រាម​នេះ​ថា​ជា «សង្គ្រាម​វាយ​ប្រហារ​តបត​វិញ​ដើម្បី​ការពារ​ខ្លួន» ប៉ុន្តែ​សង្គ្រាម​នេះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ហៅ​ផ្សេងៗ​គ្នា អាស្រ័យ​លើ​ការ​បកស្រាយ​រៀងៗ​ខ្លួន។

ប៉ុន្តែ​ទោះបីជា​តាម​ទស្សនៈ ឬ​គោល​ជំហរ​ណា​ក៏​ដោយ ប្រវត្តិវិទូ​បាន​ទទួល​ស្គាល់​ថា សង្គ្រាម​រវាង​ចិន និង​វៀតណាម​នេះ ​គឺ​មាន​ទំនាក់ទំនង​ជាមួយ​នឹង​សង្គ្រាម​រវាង​ប្រទេស​វៀតណាម និង​កម្ពុជា នៅ​ក្នុង​ទឹកដី​កម្ពុជា។

កាល​ពី​ពេល​ជាង​មួយ​ខែ​មុន មុន​ពេល​ដែល​សង្គ្រាម​រវាង​ចិន និង​វៀតណាម​បាន​ផ្ទុះ​ឡើង វៀតណាម​បាន​ចូល​លុកលុយ​ប្រទេស​កម្ពុជា និង​បាន​ដណ្ដើម​កាន់កាប់​ក្រុង​ភ្នំពេញ និង​ដេញ​ពួក​ខ្មែរ​ក្រហម​ទៅ​តំបន់​ភាគ​ពាយព្យ​ជិត​ព្រំដែន​ថៃ។ បន្ទាប់​មក វៀតណាម​បាន​បន្តុប​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​ចំនួន​ដែល​បាន​គេច​ខ្លួន​ទៅ​វៀតណាម​ដូចជា​លោក ហេង សំរិន និង​លោក ហ៊ុន សែន ឲ្យ​ដឹកនាំ​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​កម្ពុជា។

តាំង​ពី​ពេល​នោះ​មក ក្រុម​ប្រឆាំង​នៃ​ប្រទេស​កម្ពុជា​បាន​ហៅ​រដ្ឋាភិបាល​ថ្មី​នោះ និង​ក្រោយ​មក​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ឡើង​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩៨៥ មក ថា​ជា «អាយ៉ង​របស់​វៀតណាម»។

បច្ចុប្បន្ន​នេះ គឺ​៤០​ឆ្នាំ​ក្រោយ​មក ទំនាក់ទំនង​របស់​ប្រទេស​កម្ពុជា​ជាមួយ​នឹង​ប្រទេស​វៀតណាម និង​ចិន បាន​ប្រែប្រួល​យ៉ាង​សាំញ៉ាំ។

អ្នក​តាមដាន​ស្ថានការណ៍​មួយ​ចំនួន​ជឿ​ថា ប្រទេស​ចិន​ដណ្ដើម​បាន​ប្រទេស​កម្ពុជា​ពី​ប្រទេស​វៀតណាម​មក​វិញ ហើយ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​ក្លាយទៅជា «អាយ៉ង​របស់​ចិន»។ ប៉ុន្តែ អ្នក​សិក្សា​ស្រាវជ្រាវ​ខ្មែរ​វិញ​បាន​អះអាង​ថា ប្រទេស​កម្ពុជា​មិន​ចង់​ធ្វើ​ជា​ឆាក​ប្រយុទ្ធ​សម្រាប់​ប្រទេស​ណា​មួយ​នោះ​ទេ។

សង្គ្រាម​រវាង​ចិន និង​វៀតណាម​នេះ ប្រហែលជា​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បំភ្លេច​ចោល ឬ​ក៏​ព្យាយាម​លាក់​បាំង។ ទោះបីជា​មាន​ការ​ជជែក​តាម​អ៊ីនធឺណិត​អំពី​សង្គ្រាម​នេះ​ក៏​ដោយ ក៏​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ទាំង​ពីរ​ព្យាយាម​មិន​ផ្សាយ​អំពី​រឿង​នេះ។

ប៉ុន្តែ សម្រាប់​ភាគី​នៃ​សង្គ្រាម​រវាង​វៀតណាម និង​កម្ពុជា​វិញ ៤០​ឆ្នាំ​ក្រោយ​មក ប្រទេស​ទាំង​ពីរ​នៅតែ​ប្រារព្ធ​ខួប​សង្គ្រាម ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​ហៅ​ថា​ជា​ស្ថានការណ៍​ដែល​ប្រទេស​វៀតណាម «រំដោះ» ប្រទេស​កម្ពុជា​ចេញ​ពី​របប​ខ្មែរ​ក្រហម។

វៀតណាម​ហៅ​សង្គ្រាម​នោះ​ថា​ជា «សង្គ្រាម​ការពារ​ព្រំដែន​ភាគ​និរតី​វៀតណាម»។ អ្នក​វិភាគ​ថា វៀតណាម​ចាត់ទុក​ការ​ឈ្លានពាន​របស់​កង​ទ័ព​ខ្មែរ​ក្រហម​ក្នុង​ដែនដី​វៀតណាម​ថា​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សង្គ្រាម​នេះ​កើត​ឡើង ហើយ​វៀតណាម​បាន​លើក​យក​ហេតុផល​ការពារ​អធិបតេយ្យភាព​ជាតិ ដើម្បី​បាន​ភាព​ស្រប​ច្បាប់​នៅ​ក្នុង​ការ​ឈ្លានពាន​ប្រទេស​កម្ពុជា​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម។

រូបឯកសារ៖ លោក​ប្រធានាធិបតី​ចិន Mao Zedong ចាប់ដៃ អៀង សារី ហើយ​មេដឹកនាំ​ខ្មែរ​ក្រហម ប៉ុល ពត ឈរកណ្តាល កាលពីឆ្នាំ​១៩៧០។
រូបឯកសារ៖ លោក​ប្រធានាធិបតី​ចិន Mao Zedong ចាប់ដៃ អៀង សារី ហើយ​មេដឹកនាំ​ខ្មែរ​ក្រហម ប៉ុល ពត ឈរកណ្តាល កាលពីឆ្នាំ​១៩៧០។

កាល​ពី​ថ្ងៃ​ទី៤ ខែ​មករា រដ្ឋាភិបាល​ក្រុង​ហាណូយ​បាន​ប្រារព្ធ​ខួប​លើក​ទី៤០ នៃ «សង្គ្រាម​ការពារ​ព្រំដែន​ភាគ​និរតី​វៀតណាម» ដែល​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនិស្ត និង​រដ្ឋាភិបាល​វៀតណាម ក៏​ដូចជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​ផង​ដែរ។

នាយករដ្ឋមន្ត្រី​វៀតណាម​លោក Nguyen Xuan Phuc បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​ថ្លែង​នៅ​ក្នុង​ពិធី​នោះ​ថា ជ័យជំនះ​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ១៩៧៩ គឺ​ជា​សមិទ្ធផល​រួម​គ្នា​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត Voice of Vietnam។

លោក Nguyen Xuan Phuc ថ្លែង​ដូច្នេះ​ថា៖ «ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ​ថ្ងៃ​ទី៧ ខែ​មករា គឺ​ជា​ជ័យជំនះ​រួម​គ្នា​របស់​ប្រជាជន​វៀតណាម និង​ប្រជាជន​កម្ពុជា ក៏​ដូចជា​របស់​វឌ្ឍនជន​នៅ​លើ​ពិភពលោក​ផង​ដែរ»។

លោក Nguyen Xuan Phuc បាន​បន្ថែម​ថា៖ «ជ័យជំនះ​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ១៩៧៩ បាន​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ បាន​ជួយ​ស្រោចស្រង់​ប្រទេស​កម្ពុជា និង​បាន​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ឯករាជ្យ​ភាព សេរីភាព សន្តិភាព អព្យាក្រឹត្យ​ភាព និង​វិបុលភាព»។

កាល​ពី​ថ្ងៃ​ទី៧ ខែ​មករា រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រារព្ធ​ខួប​លើក​ទី៤០​នេះ​ដែរ នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ហៅ​ថ្ងៃ៧ មករា ថា​ជា​ថ្ងៃ «រស់​ឡើង​វិញ» របស់​ប្រទេស​កម្ពុជា។

ការ​ប្រារព្ធ​ខួប​ដូច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​អស់៤០​ឆ្នាំ​មក​ហើយ ហើយ​កាល​ពី​លើក​មុនៗ ជាពិសេស​ក្នុង​ទសវត្សរ៍​១៩៨០ លោក ហ៊ុន សែន តែងតែ​អរគុណ​វៀតណាម​ថា​បាន​ជួយ​ប្រជាជន​កម្ពុជា ហើយ​លោក​មិន​ដែល​ភ្លេច​ប្រឆាំង​នឹង​ចិន និង​ថា​ចិន​គឺ​ជា «ខ្មាំង​ឫស្សា» នោះ​ទេ។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី​ចិន Wen Jiabao (ស្តាំ) និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជួប​ស្វាគមន៍​គ្នា​នៅ​វិមាន​រដ្ឋាភិបាល​ចិន នៅ​ទីក្រុង​ប៉េកាំង ​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី​ចិន Wen Jiabao (ស្តាំ) និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជួប​ស្វាគមន៍​គ្នា​នៅ​វិមាន​រដ្ឋាភិបាល​ចិន នៅ​ទីក្រុង​ប៉េកាំង ​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។

រូបឯកសារ៖ ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ចិន លោក Wei Fenghe បាន​មក​ដល់​វិមាន​រដ្ឋាភិបាល​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ចិន លោក Wei Fenghe បាន​មក​ដល់​វិមាន​រដ្ឋាភិបាល​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។

ប៉ុន្តែ តាំង​ពី​ពាក់​កណ្ដាល​ទសវត្សរ៍ ១៩៩០ នៅ​ពេល​ដែល​ទំនាក់ទំនង​រវាង​កម្ពុជា និង​ចិន​មាន​ភាព​ប្រសើរ​ឡើង​មក លោក ហ៊ុន សែន លែង «ប្រឆាំង​ចិន» ទៀត​ហើយ។ ការ​កើន​ឡើង និង​ការ​ផ្ដល់​ជំនួយ​របស់​ចិន​មក​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​រឹតតែ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ប្រសើរ​ឡើង។ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ប្រទេស​ចិន​មិន​មែន​ជា «ខ្មាំង​ឫស្សា» ទៀត​ទេ ប៉ុន្តែ​គឺ​ជា «មិត្តភ័ក្ដិ​ដ៏​ទុក​ចិត្ត​បំផុត» របស់​ប្រទេស​កម្ពុជា។

ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​របស់​ចិន កម្ពុជា​បាន​ចេញ​មុខ​ការពារ​គោល​ជំហរ​របស់​ចិន​នៅ​កិច្ច​ប្រជុំ​អាស៊ាន​នានា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ជាក់​ស្ដែង នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១២ ប្រទេស​ហ្វីលីពីន​បាន​ចោទ​ប្រទេស​កម្ពុជា​ថា​បាន​រារាំង​មិន​ឲ្យ​អាស៊ាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង។

ដូច្នេះ ទោះបីជា​លោក ហ៊ុន សែន ត្រូវ​បាន​គណបក្ស​ប្រឆាំង​ចាត់​ទុក​ថា​ជា «អាយ៉ង​របស់​វៀតណាម» ក៏​ដោយ ក៏​សម្រាប់​បស្ចិម​ប្រទេស​វិញ លោក​បាន​ក្លាយទៅ​ជា «អាយ៉ង​របស់​ចិន» នៅ​ពេល​បច្ចុប្បន្ន​នេះ។

អ្នក​វិភាគ​នានា​ថា ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ចិន ប៉ះពាល់​ដល់ «ទំនាក់​ទំនង​ជា​យូរ​មក​ហើយ» រវាង​វៀតណាម និង​កម្ពុជា។

កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន ការ​តវ៉ា​ប្រឆាំង​នឹង​ចិន​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម ប្រឆាំង​នឹង​គម្រោង​របស់​វៀតណាម​នៅ​ក្នុង​ការ​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​បរទេស​រយៈពេល ៩៩ឆ្នាំ។ ហើយ​នៅ​ពេល​ប្រហាក់ប្រហែល​គ្នា​នោះ​ដែរ នៅ​កម្ពុជា ក៏​មាន​ការ​តវ៉ា​ផ្ទុះ​ឡើង​ប្រឆាំង​នឹង​វៀតណាម ពាក់ព័ន្ធ​នឹង​គម្រោង​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​ជួល​ដី​រយៈពេល​វែង​ដល់​ក្រុមហ៊ុន​បរទេស។

លោក David Hutt អ្នក​សរសេរ​អត្ថបទ​ជា​ប្រចាំ​ឲ្យ​កាសែត Asia Times បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា «តើ​វៀតណាម​បាត់​បង់​កម្ពុជា ហើយ​ចិន​ដណ្ដើម​បាន​កម្ពុជា​តាម​វិធី​ណា? (How Vietnam Lost and China Won Cambodia)» កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ។ នៅ​ក្នុង​អត្ថបទ​នោះ លោក​បាន​បញ្ជាក់​ថា «មាន​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​កាន់តែ​ធ្លាក់​ចុះ ដោយសារតែ​ឥឡូវ​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដណ្ដើម​យក​តួនាទី​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

ទំនាក់ទំនង​កើន​ឡើង​រវាង​ចិន និង​កម្ពុជា​នេះ បាន​បង្ហាញ​កាន់តែ​ខ្លាំង​ឡើង បន្ទាប់ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​កម្ពុជា។ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បាន​ឈ្នះ​ការ​បោះ​ឆ្នោត ដោយ​គ្មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​ចូលរួម។ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ចុង​ឆ្នាំ​២០១៧ ដោយសារ​លោក កឹម សុខា ដែល​ជា​មេដឹកនាំ​គណបក្ស​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ។

បន្ទាប់ពី​ការ​បោះ​ឆ្នោត សហរដ្ឋ​អាមេរិក និង​បណ្ដា​បស្ចិម​ប្រទេស​ផ្សេង​ទៀត​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន សែន និង​បាន​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន។ សហភាព​អឺរ៉ុប​បាន​ចាប់ផ្ដើម​ដំណើរការ​ដក​ហូត​គោលនយោបាយ​អនុគ្រោះ​ពន្ធ​របស់​ខ្លួន​ចំពោះ​កម្ពុជា និង​បាន​ចាប់ផ្ដើម​យក​ពន្ធ​លើ​អង្ករ​ដែល​នាំ​ចូល​ពី​ប្រទេស​កម្ពុជា។

ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​សហភាព​អឺរ៉ុប​យក​ពន្ធ​លើ​អង្ករ​កម្ពុជា នៅ​ក្នុង​អំឡុង​ពេល​លោក ហ៊ុន សែន ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាល​ពី​ខែ​មករា ចិន​បាន​ប្រកាស​ថា ខ្លួន​នឹង​បង្កើន​កូតា​នាំ​ចូល​អង្ករ​ពី​កម្ពុជា​រហូត​ដល់ ៤ សែន​តោន ក្នុង​មួយ​ឆ្នាំ។

អ្នក​វិភាគ​ជឿ​ថា ការ​ងាក​ទៅ​រក​ចិន​កាន់តែ​ខ្លាំង​របស់​កម្ពុជា​អាច​ធ្វើ​ឲ្យ​កម្ពុជា​ឯកោ​នៅ​លើ​ឆាក​អន្តរជាតិ និង​បាន​សង្កត់​ធ្ងន់​ថា កម្ពុជា​មិន​គួរ​ជ្រើសរើស​យក​តែ​ចិន​នោះ​ទេ ប៉ុន្តែ​គួរតែ​នៅ​អព្យាក្រឹត្យ។

លោក ឈៀង វណ្ណារិទ្ធ ប្រធាន​វិទ្យាស្ថាន​ទស្សនៈ​វិស័យ​អាស៊ី (Asian Vision Institute) បាន​ប្រាប់ VOA ថា៖ «នៅ​ពេល​និយាយ​អំពី​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​មហា​អំណាច​ធំៗ កម្ពុជា​ផ្ដល់​អាទិភាព​ដល់​ប្រទេស​ចិន និង​ជប៉ុន»។

លោក វណ្ណារិទ្ធ ​បាន​បញ្ជាក់​ថា នៅ​ក្នុង​បរិបទ​ជម្លោះ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របៀបរបប​ក្នុង​តំបន់​តាម​បែប​សហរដ្ឋ​អាមេរិក និង​របៀបរបប​ក្នុង​តំបន់​តាម​បែប​ចិន មិន​មែន​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​កម្ពុជា​នោះ​ទេ។ លោក​បាន​បន្ថែម​ថា ដើម្បី​រក្សា​ស្ថិរភាព​ក្នុង​តំបន់ របៀបរបប​ក្នុង​តំបន់​តាម​បែប​អាស៊ាន គឺ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​កម្ពុជា៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG