ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រលាន​យន្ត​ហោះ​ក្រុមហ៊ុន​ចិន​នៅ​កោះកុង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ


ព្រលាន​យន្ត​ហោះ​ក្រុមហ៊ុន​ចិន​នៅ​កោះកុង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ

ក្រុមហ៊ុន​ចិន ឈ្មោះ​ថា Union Development Group (UDG) បាន​ទទួល​ដី​សម្បទាន​ពី​រដ្ឋាភិបាល​កម្ពុជា​ចំនួន​៤៥០០០​ហិកតា ក្នុង​ស្រុក​ចំនួន​ពីរ​នៅ​ក្នុង​ខេត្ត​កោះ​កុង គឺ​ស្រុក​បុទុម​សាគរ និង​គីរី​សាគរ កាល​ពី​ឆ្នាំ​២០០៨ ដើម្បី​អភិវឌ្ឍទៅ​ជា​កន្លែង​លំហែ​កាយ​ដ៏​ធំ​មួយ។

ជិត​ម៉ោង​បាយ​ថ្ងៃ​ត្រង់ កម្មករ​សំណង់​ជនជាតិ​ខ្មែរ​រាប់​សិប​នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ចិន​ឈ្មោះ​ថា Union Development Group (UDG) ក្នុង​ខេត្ត​កោះកុង កំពុង​ញាប់​ដៃ​ញាប់​ជើង ដើម្បី​បញ្ចប់​ការងារ​របស់​ពួក​គេ ហើយ​ហូប​បាយ​ថ្ងៃ​ត្រង់។ កម្មករ​ទាំង​នេះ​កំពុង​តែ​សាងសង់​ព្រលាន​យន្ត​ហោះ​ដ៏​ធំ​មួយ​នៅ​ក្បែរ​សមុទ្រ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ក្រោយ។

សំណង់ផ្លូវ​សម្រាប់​ការចុះចត​របស់​យន្តហោះ ដែល​មាន​ប្រវែង​៣២០០​ម៉ែត្រ នៅ​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ខេត្តកោះកុង។ ព្រលាន​យន្តហោះ​មួយ​នេះ នឹង​ត្រូវ​បញ្ចប់​ការស្ថាបនា​នៅ​ក្នុង​ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)
សំណង់ផ្លូវ​សម្រាប់​ការចុះចត​របស់​យន្តហោះ ដែល​មាន​ប្រវែង​៣២០០​ម៉ែត្រ នៅ​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ខេត្តកោះកុង។ ព្រលាន​យន្តហោះ​មួយ​នេះ នឹង​ត្រូវ​បញ្ចប់​ការស្ថាបនា​នៅ​ក្នុង​ខែឧសភា ឆ្នាំ២០២០។ (ស៊ុន ណារិន/VOA)

កម្មករ​ម្នាក់ លោក វួច វី អាយុ​២១​ឆ្នាំ ដែល​ធ្វើ​ការ​នៅ​ព្រលាន​យន្ត​ហោះ​នេះ​ប្រមាណ​៦ខែ​មក​ហើយ​បាន​ថ្លែង​ថា ការ​សាងសង់​ព្រលាន​យន្ត​ហោះ​នេះ​សម្រេច​បាន​ជាង​៦០​ភាគរយ​ហើយ។ ប៉ុន្តែ​លោក​មិន​ដឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ​ណា​នោះ​ទេ។

លោក វី មក​ពី​ខេត្ត​កំពង់​ចាម ហើយ​ធ្វើ​ការ​នៅ​ទី​នេះ​ទទួលបាន​ប្រាក់​ខែ​ចំនួន​១​លាន​រៀល ដោយ​មានការ​ផ្តល់​កន្លែង​ស្នាក់​នៅ​ស្រាប់​និង​ការ​រ៉ាប់​រង​អាហារ​បាន​ថ្លែង​ថា នៅ​ទី​នេះ​មាន​គម្រោង​ច្រើន​ទៀត ក្រៅ​ពី​ព្រលាន​យន្ត​ហោះ។ លោក​គិត​ថា​ ថ្ងៃ​ក្រោយ តំបន់​នេះ​នឹង​ក្លាយ​ជា​កន្លែង​ដែល​សំបូរ​ទៅ​ដោយ​ជន​ជាតិ​ចិន។

បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​ផ្សារទំនើប​របស់​ចិន ដែល​ស្ថិត​នៅ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្តកោះកុង។ (ស៊ុន ណារិន/VOA)
បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​ផ្សារទំនើប​របស់​ចិន ដែល​ស្ថិត​នៅ​ព្រំដែន​កម្ពុជា​ថៃ​ក្នុង​ខេត្តកោះកុង។ (ស៊ុន ណារិន/VOA)

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖

«គេ​សាង​សង់​ច្រើន។ ធ្វើ​ព្រលាន​ផង ធ្វើ​ខុនដូ ​សណ្ឋាគារ ច្រើន​ណាស់»។ ធ្វើ​កន្លែង​ហ្នឹង​ធំ​មួយ​ហើយ អញ្ចឹង​តែ​ប៉ុណ្ណឹង​ហើយ​សំបូរ​ចិន»។

បើ​តាម​លោក វី ប្រធាន​គ្រប់គ្រងរបស់​លោក គឺ​ជា​ជន​ជាតិ ដែល​ចេះ​និយាយ​ខ្មែរ​តិចតួច។

ព្រលាន​យន្ត​ហោះ​ដែល​មាន​ផ្លូវ​យន្តហោះ​ចុះ​ប្រវែង​៣២០០ម៉ែត្រ និង​ទទឹង​៦០​ម៉ែត្រ​ ដែល​វែង​ជាងអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​គ្រោង​នឹង​បញ្ចប់​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០២០​ខាងមុខ​នេះ។ ការ​ស្ថាបនា​ព្រលាន​យន្ត​ហោះ​ដ៏ធំ​នេះ បាន​ចាប់​ផ្តើម​កាល​ពី​ចុង​ឆ្នាំ​២០១៨។

បើ​តាម​ផ្ទាំង​ព័ត៌មាន​ស្តី​អំពី​ព្រលាន​យន្ត​ហោះ​នេះ គម្រោង​នៃ​ការ​វិនិយោគ មាន​តម្លៃ​ប្រហែល​២០០​លាន​ដុល្លារ​អាមេរិក។ ព្រលាន​យន្ត​ហោះមួយ​នេះ អាចអនុញ្ញាត​ឲ្យ​យន្ត​ហោះធំៗ​រួម​មានប្រភេទ Boeing777 Boeing787 និង Airbus A340-600 ចុះ​ចត​បាន។ ព្រលាន​យន្ត​ហោះ​នេះ នឹង​មាន​ជើងយន្តហោះ​ហើរ​ត្រង់​ទៅ​កាន់​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ផង​ដែរ។ ក្រុមហ៊ុន​ចិន​បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០៣០ អ្នក​ដំណើរ​ឆ្លងកាត់​តំបន់​នេះ មាន​ចំនួន​៧៥​ម៉ឺន​នាក់ ហើយ​ការ​ដឹក​ទំនិញ​ប្រចាំ​ឆ្នាំ​មាន​ចំនួន​៩លាន​តោន។ ចំណែក​ក្នុង​ឆ្នាំ​២០៥០ អ្នក​ដំណើរ​ឆ្លងកាត់ មាន​ចំនួន​៤៤លាន​នាក់ ហើយ​ការ​ដឹកជញ្ជូន​ប្រចាំ​ឆ្នាំ​មាន​ចំនួន​៣៦​លាន​តោន។

ក្រុមហ៊ុន​UDG ​បាន​ទទួលដី​សម្បទាន​ពីរ​ដ្ឋាភិបាល​កម្ពុជា​ចំនួន​៤៥០០០ហិកតា​ក្នុង​ស្រុកចំនួន​ពីរ​ក្នុង​ខេត្ត​កោះ​កុង​គឺ​ស្រុកបុទុម​សាគរ​និង​គីរីសាគរ តាំង​ពី​ឆ្នាំ​២០០៨ ដើម្បី​អភិវឌ្ឍ​តំបន់​មួយ​នេះ ទៅ​ជា​កន្លែង​ទេសចរ​ដ៏ធំ​មួយ​ឈ្មោះ​ថា​«តារា​សាគរ‍»។ គម្រោង​ធំៗ​មាន​កាស៊ីណូ សណ្ឋាគារ កន្លែងវាយ​កូន​ហ្គោល តំបន់​កម្សាន្ត​នៅ​ឆ្នេរ ព្រលាន​យន្ត​ហោះ​និង​កំពង់​ផែ​សមុទ្រ​ទឹក​ជ្រៅ​ជា​ដើម។ គម្រោង​ដ៏​ធំ​ដែលមាន​តម្លៃ​៣៨០០​លាន​ដុល្លារ​អាមេរិក​នេះ ក៏បញ្ចូល​ដែន​សមុទ្រ​ខ្មែរ​ចំនួន​២០ភាគរយ​ផង​ដែរ។

កន្លង​ទៅ សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភថា តំបន់​មួយ​នេះ​នឹង​ក្លាយ​ជា​មូលដ្ឋាន​ទ័ព​បរទេស។ ប៉ុន្តែ​រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​របស់​កម្ពុជា លោក ទៀ បាញ់ បាន​ប្រាប់​VOA​កាលពី​ចុង​ខែ​មីនា​ថា​ កម្ពុជា​មិន​ឲ្យ​មានមូលដ្ឋាន​ទ័ព​បរទេស​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​ទេ ហើយ​ថា​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊ុន Union គឺ​ក្នុង​គោល​បំណង​ទេសចរណ៍​តែ​ប៉ុណ្ណោះ។

លោក ទៀ បាញ់ បាន​ថ្លែង​ប្រាប់​VOA​នៅ​ពេល​លោក​ចូលរួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ញូវយ៉ក​ថា៖

«ដូច្នេះ​រឿង​នេះ​ច្រើន​នាក់​បាន​លើកឡើង​ហាក់​ដូច​ជា​មើល​បញ្ហា​ហ្នឹង​ទៅ​ជា​រឿង​ផ្សេង។ ខ្ញុំ​ក៏​មិន​អាច​ទៅ​បរិយាយ​បាន​ដែរ​ថា​ ធ្វើ​ព្រលាន​យន្តហោះ​ធំ​របៀប​ហ្នឹង​ គេ​អាច​ចុះ​បាន​គ្រប់​ប្រភេទ​យន្តហោះ​អាច​ចុះ​បាន។ នេះ​ជា​រឿង​របស់​ព្រលាន។ ដូច្នេះ​ការ​ចាត់​ទុក​ថា​អាច​មាន​នាវា​ ឬ​ក៏​មាន​យន្តហោះ​របស់​ចិន​ចុះចត​អីហ្នឹង​ រឿង​ហ្នឹង​គឺ​សមត្ថភាព​អធិបតេយ្យ​របស់​ប្រទេស​នីមួយ​គេ​ក៏​មាន​កម្រិត​ដែរ‍»។

ចំណែក​តំណាង​ក្រុមហ៊ុន​ UDG ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​ផង​ដែរ។នេះ​បើ​យោង​តាម​លោកWang Chao អនុប្រធាន​ក្រុមហ៊ុន​UDG ដែល​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​ឈ្មោះ ​Khmer Times កាល​ចុង​ឆ្នាំ​២០១៨។

លោក​ត្រូវ​បាន​ដក​ស្រង់​សម្តី​កាល​នោះ​ថា៖

«វា​មិន​ពិត​ទេ វា​មិន​ពិត​ទេ។ ខ្ញុំ​គិត​ថា​នាយករដ្ឋ​មន្រ្តី​បាន​លើក​ឡើង​អ្វី​ជា​ការ​ពិត​រួច​មក​ហើយ។ យើង​ធ្វើ​ពាណិជ្ជកម្ម។ យើង​មិន​ពាក់ព័ន្ធ​នឹង​រឿង​យោធា​ឡើយ»។

នៅ​ពេល​ខាង​មុខ​នេះ ក៏​នឹង​មាន​ការ​ស្ថាបនា​ផែ​ពាណិជ្ជកម្ម​ចំនួន​២​ទៀត បន្ថែម​លើ​ផែ​ទេសចរណ៍​ដែល​មាន​នៅ​ទីនោះ។ នេះ​បើ​យោង​តាម​លោក Wang Chao។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លោក ជា អូន មាន​ប្រសាសន៍​ថា ព្រលាន​យន្ត​ហោះ​ក្នុង​ក្រុមហ៊ុន​ចិន​នេះ​នឹង​អាច​ទទួល​យន្ត​ហោះ​ដែល​ហោះ​ក្នុង​ចម្ងាយ​ឆ្ងាយ​នៅ​ពេល​ខាងមុខ។

លោក​បញ្ជាក់​ថា៖

«ខ្ញុំ​គិត​ថា​ក្នុង​រយៈ​ពេល​៥​ទៅ​១០​ឆ្នាំ​ទៀត ដោយសារ​វា​ទើប​តែ​ចាប់​ផ្តើម»។

ស្រប​ពេល​មាន​ព័ត៌មាន​ស្តី​អំពី​ការ​ស្ថាបនា​ផែ​ទឹក​ជ្រៅ​នេះ អ្នក​ភូមិ​មួយ​ចំនួន​ក្នុង​ភូមិ​ចម្លង​គោ ឃុំ​ថ្មស ស្រុក​បុទុម​សាគរ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​នឹង​ការ​ផ្លាស់​ប្តូរ​ទី​លំនៅរបស់​ពួកគេ​នៅ​ថ្ងៃ​ខាង​មុខ។

លោក ហួត ហាក់ អាយុ​៣៧​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​ក្នុង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បុទុម​សាគរ ខេត្តកោះកុង ព្រួយ​បារម្ភ​ការបណ្តេញ​ចេញ​នៅ​ពេល​ខាងមុខ ក្រោយ​ដឹងថា ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​កន្លែង​លោក​រស់នៅ ដើម្បី​ស្ថាបនា​កំពង់ផែ​ទឹកជ្រៅ។ (ស៊ុន ណារិន/VOA)
លោក ហួត ហាក់ អាយុ​៣៧​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​ក្នុង​ភូមិ​ចម្លង​គោ ឃុំ​ថ្ម​ស ស្រុក​បុទុម​សាគរ ខេត្តកោះកុង ព្រួយ​បារម្ភ​ការបណ្តេញ​ចេញ​នៅ​ពេល​ខាងមុខ ក្រោយ​ដឹងថា ក្រុមហ៊ុន​ចិន​កំពុង​សិក្សា​កន្លែង​លោក​រស់នៅ ដើម្បី​ស្ថាបនា​កំពង់ផែ​ទឹកជ្រៅ។ (ស៊ុន ណារិន/VOA)

រស់​នៅ​ក្នុង​ភូមិ​ចម្លង​គោ លោក ហួត ហាក់ អាយុ​៣៧​ឆ្នាំ មាន​ប្រសាសន៍​ថា លោក​ពឹង​ផ្អែក​លើ​ការ​នេសាទ​ក្នុង​ទឹក​សមុទ្រ​នៅ​ទី​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្នុង​នោះ​មានការ​នេសាទ​ត្រី ក្តាម និង​បង្គាជា​ដើម។

ប៉ុន្តែ​លោក ហាក់ ដែល​មាន​កូន​២នាក់ កូនស្រី​អាយុ​៥​ឆ្នាំ និង​កូន​ប្រុស អាយុ​៣​ឆ្នាំ កំពុង​បារម្ភ​ការ​ឲ្យ​រុះ​រើ​ផ្ទះ និង​ចេញ​ពី​ធ្លី​នៅ​ពេល​ខាង​មុខ ដោយសារ​ការ​ចង់​បាន​តំបន់​នេះ​មក​ធ្វើ​ផែ​ទឹក​ជ្រៅ។

លោក​ ហាក់ បញ្ជាក់​ថា៖

«តែ​ឥឡូវ​ហ្នឹង គេ​ថា​ចង់​ធ្វើ​កំពង់ កំពង់​អី​មែន​ទែន​ហើយ។ ហើយ​ចង់​ដោះ​ដូរ​អី​ជាមួយ​ប្រជាពល​រដ្ឋ។ ក៏​ប៉ុន្តែ​វា​អត់​ឃើញ​តំណាង​អី​ដែល​គួរ​មក​ដោះ​ស្រាយ ហើយ​និយាយ​វា​ក៏​អត់​មាន​អ្នក​ណា​មក​ជា​មុខ​សញ្ញា ហើយ​អាជ្ញាធរ​គាត់​និយាយ​ថា គាត់​អត់​ហ៊ាន​ទេ»។

លោក​បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ​ ជន​ជាតិ​ចិន​ ជាមួយ​ក្រុមការងារ​របស់​ខ្មែរ​ ក៏​បាន​មក​ចុះ​សិក្សា​នៅ​ទី​នេះ ហើយ​បាន​មក​មើល​អតីត​កំពង់​ផែ​ជប៉ុន​ចាស់​ដែល​មាន​មូលដ្ឋាន​នៅ​ទី​នេះ​ផង​ដែរ។

លោក​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជាចង់​បាន​តំបន់​ដែល​លោក​កំពុង​រស់​នៅ លោក​មិន​មាន​ការ​តវ៉ា​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«តែ​ខ្ញុំ​គិត​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​បាន ខ្ញុំ​អត់​ស្តាយ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​តំណាង​របស់​ក្រុមហ៊ុន អាហ្នឹង​ត្រូវ​តែ​សម្រួល ឬ​ក៏​ដោះ​ស្រាយ ដោយ​របៀប​ណាមួយ មុន​នឹង​ដើរ​ចេញ កុំ​ឲ្យ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​អី​មួយ។ ខ្ញុំ​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ»។

នៅ​កន្លែង​លោក ហាក់ កំពុង​រស់​នៅ គេ​អាច​មើល​ឃើញ​ព្រលាន​យន្ត​ហោះ​ដែល​កំពុង​ត្រូវ​បាន​សាងសង់។

ជាមួយ​ការ​អភិវឌ្ឍ​ដ៏​ច្រើន​នៅ​តំបន់​នេះ លោក ហួត ហាក់ ដែល​បាន​រស់​នៅ​តំបន់​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ បាន​ថ្លែង​ថា លោក​ពេញ​ចិត្ត​នឹង​ការ​អភិវឌ្ឍ​ តែ​ធ្វើ​យ៉ាង​ម៉េច កុំ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ទី​នេះ។

លោក​បាន​បញ្ជាក់​ថា៖

«សប្បាយ​ចិត្ត​លុះ​តែ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​សុខ​ស្រួល​ដែរ។ តែ​បើ​សិន​ជា​ធ្វើ​បាប​ប្រជាពលរដ្ឋ ក៏​ខ្ញុំ​អត់​សប្បាយ​ចិត្ត​ដែរ។ ក្រុមហ៊ុន​ចូល​មក លុះ​ត្រា​តែ​កុំ​ឲ្យ​មាន​បញ្ហា​អី​ជាមួយ​ប្រជាពលរដ្ឋ»។

រហូត​មក​ដល់​ពេល​នេះ ចំនួន​អ្នក​ទេស​ចរ​ចិនមក​កម្ពុជា​ស្ថិត​ក្នុង​លំដាប់លេខ១ គឺ​មាន​ទៅ​ដល់​ជិត​២​លាន​នាក់​ក្នុង​ឆ្នាំ​២០១៨។ កម្ពុជា​រំពឹង​ថា​នឹង​ទទួល​បាន​អ្នក​ទេសចរ​ចិន​ចំនួន​៣លាន​នាក់​ក្នុង​ឆ្នាំ​២០២០ ចំនួន​៥លាន​នាក់​ក្នុង​ឆ្នាំ​២០២៥ និង​៨លាន​នាក់​ក្នុង​ឆ្នាំ​២០៣០។ នេះ​បើ​យោង​តាម​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ឃុន។

ជនជាតិ​ចិន​ពីរនាក់ ជិះម៉ូតូ ដោយ​មាន​ប្លាស្ទិច​បាំង​កម្តៅ​ថ្ងៃ នៅ​ខាងមុខ​ផ្សារ​ចិន នៅក្នុង​ខេត្តកោះកុង នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
ជនជាតិ​ចិន​ពីរនាក់ ជិះម៉ូតូ ដោយ​មាន​ប្លាស្ទិច​បាំង​កម្តៅ​ថ្ងៃ នៅ​ខាងមុខ​ផ្សារ​ចិន នៅក្នុង​ខេត្តកោះកុង នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

នៅ​ក្នុង​ខេត្ត​ព្រះសីហនុ អ្នក​រក​ស៊ី​ជន​ជាតិ​ចិន​ក៏​បាន​ចូល​មក​យ៉ាងគំហុក​ផង​ដែរ​ ដែល​នាំ​ឲ្យ​ការ​រីក​ដុះដាល​នៃ​ចំនួន​សំណង់​នៅ​ក្នុង​ខេត្ត​មួយ​នេះ ដូច​ជា​កាស៊ីណូ​រាប់​រយ សណ្ឋាគារ និង​ហាង​ចិន​ផ្សេងៗ។ ចំណែក​នៅ​ក្រុង​ខេមរភូមិន្ទ នៃខេត្ត​កោះ​កុង ក៏​មាន​កំណើន​ជនជាតិ​ផង​ដែរ ជា​ពិសេស​នៅ​តំបន់​ព្រំដែន​ជាប់​នឹង​ប្រទេស​ថៃ។ ខេត្ត​មួយ​នេះ ក៏​ត្រូវ​បាន​មើល​ឃើញ​ថា​នឹង​មាន​ជនជាតិ​ចិន​មក​ច្រើន​ដូចខេត្ត​ព្រះសីហនុ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG