អ្នកស្រី ប៉ូលីន ថាម៉េស៊ីស (Pauline Tamesis) ដែលទើបត្រូវបានតែងតាំងជាប្រធានអង្គការសហប្រជាជាតិ (អ.ស.ប.) ថ្មីប្រចាំនៅប្រទេសកម្ពុជា បានប្តេជ្ញាជួយជ្រោមជ្រែងដល់កិច្ចអភិវឌ្ឍន៍កម្ពុជាក្នុងវិស័យអាទិភាពនានា តាមរយៈប្រព័ន្ធអង្គការសហប្រជាជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ការិយាល័យប្រធានអ.ស.ប.នៅកម្ពុជាដែល VOA បានទទួលនៅថ្ងៃអង្គារនេះ។
អ្នកស្រី ថាម៉េស៊ីស ដែលមានតួនាទីជាអ្នកតំណាងនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិផងនោះ ត្រូវបានតែងតាំងឲ្យកាន់ការងារជាប្រធានអ.ស.ប.នៅកម្ពុជា ជំនួសអ្នកស្រី Claire Van der Vaeren ដែលបានបញ្ចប់បេសកកម្មរបស់អ្នកស្រីនៅកម្ពុជាកាលពីខែកុម្ភៈកន្លងទៅ។
សេចក្តីប្រកាសរបស់ការិយាល័យប្រធានអ.ស.ប.នៅកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ អ្នកស្រី ថាម៉េស៊ីស បានប្រគល់សារតាំងជូនលោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ក្នុងខណៈដែលអ្នកស្រីបានចូលកាន់តួនាទីរបស់អ្នកស្រីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី ថាម៉េស៊ីស ត្រូវបានស្រង់ប្រសាសន៍ក្នុងសេចក្តីប្រកាសរបស់ការិយាល័យប្រធានអ.ស.ប.នៅកម្ពុជា តាមន័យដើមថា៖
«ខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានចូលជួបសម្តែងការគួរសមចំពោះឯកឧត្តមទេសរដ្ឋមន្ត្រី និងបានប្រគល់ជូននូវសារតាំងរបស់លោកអគ្គលេខាអង្គការសហប្រជាជាតិ ដែលបានតែងតាំងខ្ញុំជាប្រធានអ.ស.ប.ប្រចាំនៅប្រទេសកម្ពុជា»។
អ្នកស្រីត្រូវបានស្រង់ប្រសាសន៍បន្ថែមតាមន័យដើមថា៖
«ក្នុងកិច្ចប្រជុំនោះ ខ្ញុំក៏បានឆ្លៀតឱកាសផងដែរ ក្នុងការបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ប្រព័ន្ធសហប្រជាជាតិក្នុងការជួយជ្រោមជ្រែងដល់វិស័យអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា»។
សេចក្តីប្រកាសរបស់ការិយាល័យប្រធានអ.ស.ប.នៅកម្ពុជាមិនបានលើកឡើងអំពីការវិវត្តចុងក្រោយនៃដំណើរការប្រជាធិបតេយ្យទាក់ទិននឹងការគោរពសិទ្ធិមនុស្សដែលបានធ្លាក់ចុះធ្ងន់ធ្ងរ និងដែលបានក្លាយជាក្តីបារម្ភរបស់ឧត្តមស្នងការ អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សនោះទេ។
អ្នកស្រី Kate Gilmore ឧត្តមស្នងការ អ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្ស បានទទួលស្គាល់ពីសារៈសំខាន់នៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច សង្គមវប្បធម៌ទេ តែអ្នកស្រីក៏បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាគិតគូរផងដែរចំពោះការគោរពសិទ្ធិមនុស្ស។ នេះបើយោងតាមសម្រង់ប្រសាសន៍របស់អ្នកស្រីដែលត្រូវបានបង្ហោះលើគណនីប្រព័ន្ធទំនាក់ទំនងសង្គម Twitter របស់ការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សកាលពីសប្តាហ៍មុន។
អ្នកស្រីត្រូវបានស្រង់សម្តីតាមន័យដើមយ៉ាងដូច្នេះ៖
«នៅប្រទេសកម្ពុជា មានភាពប្រសើរឡើងគួរឲ្យកត់សម្គាល់លើសិទ្ធិសេដ្ឋកិច្ច និងសង្គមកិច្ច ដូចជាការដាក់ឲ្យប្រើនូវគោលនយោបាយការពារសង្គម និងការបង្កើនប្រាក់ឈ្នួលអប្បបរមា ជាដើម។ ទោះជាយ៉ាងនេះក្តី សិទ្ធិខាងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌គឺជាសិទ្ធិដែលមិនអាចបំបែកចេញពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយឡើយ ហើយយើងសូមអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការដើម្បីបង្វែរការធ្លាក់ចុះខ្សោយយ៉ាងខ្លាំងនាពេលថ្មីៗនេះ នូវស្ថានភាពសិទ្ធិនយោបាយនិងសេរីភាពជាមូលដ្ឋាន»។
អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អ.ស.ប. ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានបិទបញ្ចប់ដំណើរទស្សនកិច្ចរបស់អ្នកស្រីនៅកម្ពុជា កាលពីខែកុម្ភៈ បានចេញសេចក្តីការណ៍មួយ ដោយបានពណ៌នាថា៖ «ប្រទេសកម្ពុជាបានមកដល់ផ្លូវបំបែកហើយ» និងបានស្នើបានឲ្យរដ្ឋាភិបាលកម្ពុជាតម្កល់ការគោរពសិទ្ធិមនុស្សជាធំ ដែលជាមូលដ្ឋានគ្រឹះនៃការរក្សាឲ្យបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង»។
យ៉ាងណាក៏ដោយ លោក ណី សំអុល ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សថា រដ្ឋាភិបាលកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការលើកស្ទួយ ការការពារសិទ្ធិមនុស្ស ការគោរពយ៉ាងខ្ជាប់ខ្ជួននូវនីតិរដ្ឋ និងការជំរុញលទ្ធិប្រជាធិបតេយ្យ ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ ជាពិសេសសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលផ្ទុយស្រឡះពីការប្រកាសផ្សាយថា «កម្ពុជាបានមកដល់ផ្លូវបំបែកនោះ»។
ប្រតិកម្មរបស់លោក ណី សំអុល ក៏បានធ្វើឡើងផងដែរ ក្រោយពីប្រទេសចំនួន ៤៥ដែលតំណាងឲ្យសហគមន៍ប្រជាធិបតេយ្យដ៏ធំមួយ បានចេញសេចក្តីថ្លែងការណ៍រួម សម្តែង«ក្ដីបារម្ភយ៉ាងជាក់ច្បាស់»ចំពោះការដើរថយក្រោយនៃនាវាប្រជាធិបតេយ្យកម្ពុជា។
សេចក្ដីថ្លែងការណ៍រួមដែលអន្តរាគមន៍ដោយអ្នកស្រី Jillian Dempster នៃប្រទេសនូវែលសេឡង់ បានសរសេរក្នុងន័យដើមថា៖
«ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជារក្សាបាននូវភាពស្របច្បាប់របស់ខ្លួន រាល់ការបោះឆ្នោតត្រូវតែរៀបចំឡើងដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ។ ... ដំណើរការបោះឆ្នោតមួយ ដែលគណបក្សជំទាស់ដ៏ធំចម្បង ត្រូវបានដកចេញតាមតែអំពើចិត្ត[មិនឱ្យចូលរួមប្រកួតប្រជែង]នោះ មិនអាចត្រូវបានពិចារណាចាត់ទុកថា ត្រឹមត្រូវ ឬស្របច្បាប់បាននោះទេ»៕