ប្រទេសនូវែលសេឡង់បានចេញសេចក្តីថ្លែងការណ៍តំណាងឲ្យក្រុមប្រទេសចំនួន៤៤។ សេចក្តីថ្លែងការណ៏រួមនោះមានដូចតទៅ៖
សហគមន៍អន្តរជាតិបានផ្តល់ការគាំទ្រជាខ្លាំងដល់ការអភិវឌ្ឍប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងពេល២៥ឆ្នាំ ចាប់តាំងពីរដ្ឋធម្មនុញ្ញបង្កើតឲ្យមានប្រជាធិបតេយ្យសេរីពហុបក្ស។ អន្តរាគមន៍ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ធ្វើឲ្យយើងអបអរសាទរជាខ្លាំងចំពោះការវិវត្តវិជ្ជមាននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក។ លទ្ធផលជាវិជ្ជមានរួមមានជោគជ័យនៃការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០១៧។
ដោយសារតែប្រទេសកម្ពុជាឈានជិតដល់ការបោះឆ្នោតជាតិដែលនឹងធ្វើឡើងនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ សុទិដ្ឋិនិយមរបស់យើងដែលមានកន្លងមកត្រូវបានជំនួសមកវិញនូវក្តីបារម្ភជាខ្លាំងអំពីការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅក្នុងប្រទេសកម្ពុជា។ ការដើរថយក្រោយទាំងនេះរួមមានសញ្ញានៃការបង្ក្រាបក្រុមប្រឆាំង សង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេសកម្ពុជាជាដើម។
យើងមានក្តីបារម្ភដូចទៅនឹងការលើកឡើងរបស់ឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ និងអ្នករាយការណ៍ពិសេសអំពីវិធានការណ៍របស់រដ្ឋាភិបាលកម្ពុជាដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅក្នុងខែកក្កដានៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។
ដើម្បីឲ្យរដ្ឋាភិបាលកម្ពុជារក្សាភាពស្របច្បាប់របស់ខ្លួនបាននោះ រាល់ការបោះឆ្នោតត្រូវតែធ្វើឡើងដោយសេរី យុត្តិធម៌និងអាចទុកចិត្តបាន៕