ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​បន្ទោស​អ.ស.ប​ថា​បរាជ័យ​ក្នុង​ការ​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​


រូប​ឯកសារ៖ មន្ត្រី​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ឈរ​រង់​ចាំ​បាតុករ​គណបក្ស​ប្រឆាំង​ដែល​ដង្ហែ​រ​ទៅ​ទី​ស្នាក់ការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​​នៅ​ទី​ក្រុង​ភ្នំពេញ ​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៣។​
រូប​ឯកសារ៖ មន្ត្រី​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​ឈរ​រង់​ចាំ​បាតុករ​គណបក្ស​ប្រឆាំង​ដែល​ដង្ហែ​រ​ទៅ​ទី​ស្នាក់ការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​​នៅ​ទី​ក្រុង​ភ្នំពេញ ​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៣។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ (Human Rights Watch) បាន​ប្រតិកម្ម​ទៅ​នឹង​ក្រុមប្រឹក្សា​​សិទ្ធិ​មនុស្ស​ដោយ​បាន​ស្តី​បន្ទោស​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​របស់​អ.ស.ប​​នេះ​ថា​ មិន​មាន​ភាព​ខ្នះ​ខ្នែង​គ្រប់​គ្រាន់​ ក្នុង​ការ​ចាត់​វិធានការ​​ចំាបាច់​ដើម្បី​ស្តារ​ស្ថាន​ការណ៍​នយោបាយ​នៅ​កម្ពុជា​ មុន​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (Human Rights Watch)​ ដែល​មាន​ទីស្នាក់ការ​កណ្តាលនៅ​សហ​រដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​ធ្វើការ​ស្តី​បន្ទោស​ប្រធាន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​មិន​បាន​ចាត់​វិធាន​ការ​ជា​ដុំ​កំភួន ដើម្បី​ស្តារ​ស្ថាន​ការណ៍​ប្រទេស​កម្ពុជា ​ដែល​បានប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​ដ៏​គួរ​ឲ្យ​បារម្ភ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ទៅ​មិញ។

អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស​បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា​ ឆ្នាំ​ ២០១៨​ ថា​ នៅ​មុន​ការ​បោះឆ្នោត​ ខែកក្កដា ខាង​មុខ​នេះ​ រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​មេដឹកនាំ​គណ​បក្ស​ជំទាស់​ រំលាយ​ចោល​គណបក្ស​ជំទាស់​ ធ្វើ​ទុក​បុកម្នេញ​ និង​ឃុំខ្លួន​អ្នកការ​ពារ​សិទ្ធិមនុស្ស​ អ្នក​នយោបាយ​ និង​បិទ​ ឬ​ពិនិត្យ​ចាប់​ពិរុទ្ធ​កាសែត​ឯករាជ្យ​ និង​ស្ថានីយ​វិទ្យុ។ ចំណែក​ អង្គ​ចៅក្រម​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គ្រប់គ្រង​ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រើ​តុលាការ​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ ដើម្បី​ដាក់​គុក​អ្នក​រិះគន់។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​សរសេរ​តាម​ន័យ​ដើម​ថា៖

«លោក​ប្រធាន យើង​គាំទ្រ​សេចក្ដី​ថ្លែង​ការណ៍​រួម​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ប្រទេស​នូវែលសេឡង់​ ក្នុង​នាម​រដ្ឋ​ជាង​៤០​ ក្នុង​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ពិចារណា​បន្ថែម​ទៀត​ ប្រសិន​បើ​ស្ថាន​ភាព​មិន​ល្អប្រសើរ​ឡើង​វិញ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​បោះឆ្នោត​ និង​ការ​ផ្តល់​របាយការណ៍​សង្ខេប​ដោយ​ឧត្តម​ស្នងការ​ នៅ​មុន​ការ​ប្រជុំ​ខែ​មិថុនា»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​បន្ត​ទៀត​ក្នុង​ន័យ​ដើម​ថា៖

«រហូត​មក​ដល់​ពេល​នេះ​ ក្រុម​ប្រឹក្សា​បាន​បរាជ័យ​ដើម្បី​ចាត់​វិធានការ​ជា​ដុំ​កំភួន។ ប្រទេស​កម្ពុជា​ កំពុង​ស្ថិត​នៅ​លើ​គន្លង​វិល​ទៅ​ក្លាយ​ជា​ថ្មី​ទៀត​ នៃ​រដ្ឋ​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ។ សមិទ្ធផលនានា​ដែល​បាន​មក​រយៈពេល​២៥ឆ្នាំ​នេះ​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ។ ប្រាក់​រាប់​កោដិ​ដុល្លារ​ចំណាយ​ទៅ​លើ​ជំនួយ​អភិវឌ្ឍន៍​ក្នុង​នោះ​ មាន​ការ​គាំទ្រ​ដល់​កំណែ​ទម្រង់​យុត្តិធម៌​ និង​ការ​កសាង​នីតិរដ្ឋ​ កំពុង​ស្ថិត​ក្នុង​ភាព​ដែល​ធ្វើ​ឲ្យ​ប្រែជា​គ្មាន​ន័យ​អ្វី​ទាំងអស់​ដោយ​សារ​តែ​ការ​ដណ្តើម​អំណាច​ដោយ​ចំហ។ ការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ នឹង​ខ្វះខាត​ភាព​ស្រប​ច្បាប់ ដោយ​គ្មាន​ការ​ចូលរួម​របស់​គណ​បក្ស​ប្រឆាំង»។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​បន្ត​ថា​ ឧត្តម​ស្នងការ​អ.ស.ប​. ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​គួរតែ​ត្រូវ​បាន​ផ្តល់​អាណត្តិ​ ឲ្យ​រាយការណ៍​អំឡុង​ពេល​បោះឆ្នោត​នេះ​ទាំង​ស្រុង។ ក្រុម​ប្រឹក្សា​គួរ​តែ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​ និង​ធ្វើ​ឲ្យ​មាន​សកម្មភាពឡើង​វិញ​រាល់​គ្រប់​គណបក្ស​និង​អ្នក​នយោបាយ។ ក្រុម​ប្រឹក្សា​មិន​គួរ​ឈរ​ដោយ​មិន​ធ្វើ​អ្វី​សោះ​ខណៈ​ដែល​កម្ពុជា​កំពុង​ស្រុត​ចូល​ទៅ​យ៉ាង​លឿន​ក្នុង​របប​អំណាច​និយម។​

ការ​ចេញ​សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ប្រទេស​ចំនួន​៤៥​ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដែល​ប្រ​ទេស​ទាំង​អស់​នោះ​បាន​បង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​ដើរ​បញ្ច្រាស​ទិស​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​ ២១​ខែ​មីនាឆ្នាំ​២០១៨។

នៅ​ថ្ងៃ​តែ​មួយ​នោះ​ដែរ​ឯក​អគ្គ​រាជ​ទូត ​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទី​ក្រុង​ហ្សឺណែវ គឺ​ លោក ​ណី សំអុល ​ក៏​បាន​ប្រតិកម្ម​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​សេច​ក្តី​ថ្លែង​ការណ៍​រួម​មួយដោយ​ប្រទេស​ជាង​៤០ប្រឆាំង​នឹង​កម្ពុជា។ សេចក្តី​ថ្លែង​ការណ៍​រួម​នោះ​ត្រូវ​បាន​ថ្លែង​ដោយ​តំណាង​មក​ពី​ប្រទេស​នូវែលសេឡង់ ក្នុង​នាម​ប្រទេស​៤៤ផ្សេង​ទៀត។​

លោក​ ណី សំអុល ខឹង​សម្បារ​នឹង​ការណ៍​ដែល​ប្រទេស​កម្ពុជា​ មិន​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​កាល​ពី​ថ្ងៃ​ពុធ​នោះ​ទេ​ តែ​បែរ​ជា​ប្រទេស​មួយ​ក្រុម​ លើកឡើង​ពីបញ្ហា​កម្ពុជា។​

លោក ណី សំអុល ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក​តាម​ន័យ​ដើម​ថា៖​

«តើ​ហេតុ​អ្វី​បាន​ជា​គំនិត​គួរ​ឲ្យអស់​សំណើច​បែប​នេះត្រូវ​បាន​គេស្នើ​ឡើង?​ ហេតុផល​ គឺ​ដោយ​សារ​តែប្រទេស​កម្ពុជា​ នឹង​មានការ​បោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំនេះ​ ហើយ​ក៏​ព្រោះ​តែ​ពួកគេ​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​របប​ ពួកគេ​មាន​បេក្ខជន​ដែល​ពួកគេ​ បាន​សន្មត​ជាមុន​ដើម្បី​ថា​ជា​អ្នកឈ្នះ​ នេះ​គ្រាន់​តែ​ជា​ការ​រៀបរាប់​ខ្លះៗ​ប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​ ពួកគេ​គ្មាន​ការ​អៀន​ខ្មាស​ក្នុង​ការ​ជ្រៀត​ជ្រែក​ចូល​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ទេ​ ហើយ​ជា​ពិសេស​ការ​ជ្រៀតជ្រែក​ទាំង​នេះ​ ធ្វើ​ឡើង​ភ្លាមៗ​នៅ​មុន​ពេល​ការ​បោះឆ្នោត​ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ខែ​កក្កដា​នេះ»។​

លោក​ ណី សំអុល បាន​ថ្លែង​បន្ត​ក្នុង​ន័យ​ដើម​ថា៖​

«ហេតុ​ដូច្នេះ​ហើយ​ កម្ពុជា​សូម​ធ្វើការ​ច្រាន​ចោល​ទាំង​ស្រុង​នូវ​សេចក្តី​ថ្លែងការណ៍​ដែល​មាន​ចរិត​នយោបាយ​បែបនេះ​ ដែល​បង្កប់​ទៅ​ដោយ​បំណង​អាក្រក់​ដើម្បី​រារាំង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ការ​ថែរក្សា​ការ​ពារ​ច្បាប់​និង​សណ្តាប់​ធ្នាប់​ និង​ក្នុង​ការ​លើក​កម្ពស់​សន្តិភាព​ ស្ថិរភាព​និង​ការ​អភិវឌ្ឍន៍​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន»។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​មួយទៀត​របស់​លោក ណី សំអុល​ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ ទី​ ២២​ ខែ មីនា​ ឆ្នាំ​ ២០១៨​ លោក​បាន​ប្រាប់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អំពី​ការ​វិវត្ត​នៃ​ការ​គោរព​សិទ្ធិ មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ រាប់​ចាប់​ពី​ឆ្នាំ​ ​១៩៩៣​មក។ លោក​អះអាង​ថា កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​ទាំង​អ្នក​រាយការណ៍​ពិសេសប្រចាំ​ប្រទេស​ និង​ការិយាល័យ​ឧត្ដមស្នងការ​អ.ស.ប.

​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​បាន​ពន្យារ​អាណត្តិ​ដល់​បេសកកម្ម​របស់​អ្នករាយការណ៍​ពិសេស​និង​ការិយាល័យ​ដដែល​នេះ​ពីរ​ឆ្នាំ​បន្ថែម​ទៀត​កាលពី​ឆ្នាំ​ ២០១៦។

លោក​ ណី សំអុល​ បាន​បន្តថា​ រដ្ឋាភិបាល​កម្ពុជា​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុងការ​លើកស្ទួយ​និង​ការពារ​សិទ្ធិ​មនុស្ស​ ការគោរពយ៉ាង​ខ្ជាប់ខ្ជួន​នូវនីតិរដ្ឋ និង​ការ​ជម្រុញ​លទ្ធិប្រជាធិបតេយ្យ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ល្អប្រសើរ​ ជា​ពិសេស​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ ដែល​ផ្ទុយ​ស្រឡះ​ពីការ​ប្រកាស​ផ្សាយ​ថា​ «កម្ពុជា​បាន​មក​ដល់​ ផ្លូវ​បំបែក​ហើយ»។​

លោក​បាន​បន្ថែមថា​ បើ​និយាយពី​សិទិ្ធ​សេដ្ឋកិច្ច​ សង្គម​ និង​វប្បធម៌​វិញ​ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​ ទទួល​បាន​កំណើន​ឥត​ឈប់​ឈរ​នៃ​សេដ្ឋកិច្ចជា​មធ្យម​ ៧.៧ភាគរយ​ ក្នុង​រយៈពេល​២ទសវត្សរ៍​ ហើយ​នឹង​បន្ត​កើន​ឡើង​ ៧.១​ភាគរយ​ក្នុង​ឆ្នាំនេះ។ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​មាន​ចំណូល​ទាប​ ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប។ អត្រា​នៃ​ភាព​ក្រីក្រ​ត្រូវ​បាន​កាត់​បន្ថយ​ពី​ ៥៣​ភាគរយ​ ក្នុង​ឆ្នាំ​ ២០០៤​មក​ ១៣.៥ភាគរយ​ ក្នុង​ឆ្នាំ​ ២០១៤​ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ល្អ​បំផុត​ ក្នុងចំណោម​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភព​លោក។

អ្នកស្រី​ Kate Gilmore​ ឧត្តម​ស្នងការរង​ ​អ.ស.ប.​ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ ​ទទួលស្គាល់​ពី​ភាព​សំខាន់​នៃ​ការ​អភិវឌ្ឍន៍របស់​ប្រទេស​កម្ពុជា​ ក្នុង​វិស័យ​សេដ្ឋកិច្ច​ សង្គម​វប្បធម៌​ តែ​អ្នក​ស្រី​ក៏​បាន​ទទូច​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ឲ្យ​គិត​គូរ​ផងដែរ​ចំពោះ​ការ​គោរព​សិទ្ធិមនុស្ស​។ នេះបើយោងតាម​សម្រង់​ប្រសាសន៍​របស់​អ្នកស្រី​ដែលត្រូវបាន​បង្ហោះលើគណនីប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ Twitter របស់​ការិយាល័យ​ឧត្តមស្នង​ការ​អ.ស.ប.ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​ព្រឹក​ថ្ងៃ​សុក្រ។

អ្នកស្រី​ត្រូវ​បាន​ស្រង់​សម្តី​តាម​ន័យ​ដើម​យ៉ាង​ដូច្នេះ៖

«នៅ​ប្រទេស​កម្ពុជា ​មាន​ភាព​ប្រសើរ ​ឡើងគួរឲ្យ​កត់សម្គាល់​លើ​សិទ្ធិ​សេដ្ឋកិច្ច និង​សង្គមកិច្ច ដូច​ជា​ការ​ដាក់​ឲ្យ​ប្រើ​នូវ​គោល​នយោបាយ​ការពារ​សង្គម និង​ការ​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ ជាដើម​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ សិទ្ធិ​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ គឺ​ជា​សិទ្ធិ​ដែល​មិន​អាច​បំបែក ចេញពី សិទ្ធិ​ពលរដ្ឋ​ ​និង​សិទ្ធិ​នយោបាយ​ឡើយ​ ​ហើយ​យើង​សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ដើម្បី​បង្វែរ​ការ​ធ្លាក់​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​នា​ពេល​ថ្មីៗ​នេះ​នូវ​ស្ថានភាព​សិទ្ធិ​នយោបាយ​និង​សេរីភាព​ជា​មូលដ្ឋាន»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​រំលាយ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​ ​បាន​សាទរ​ ​និង​គាំទ្រ​ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​ ​របស់​ក្រុម​ប្រទេស​ចំនួន​ ​៤៥។​

​យោង​តាម​សេចក្តី​ប្រកាស​របស់​គណបក្ស​ប្រឆាំង​ចុះ​ថ្ងៃ​ទី​ ២៣​ ខែ​មីនា​នេះ​ ​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ បាន​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​អំពាវនាវ​ ​និង​ការ​ជំរុញរបស់​បណ្តា​ប្រទេស​ទាំង​៤៥​ ឲ្យរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ ផ្តល់​ភាព​ស្របច្បាប់​ឡើងវិញ​ ដល់​គណបក្ស​សង្គ្រោះជាតិ​ និង​ប្រគល់​ជូន​សមាជិក​ជាប់​ឆ្នោត​ របស់​គណបក្ស​សង្គ្រោះ​ជាតិវិញនូវ​អាសនៈជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ​ដោះ​លែង​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​ព្រមទាំង​អ្នក​ទោស​នយោបាយ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ និង​លុបចោល​វិសោធនកម្ម​ច្បាប់​ស្តីពី​គណ​បក្ស​នយោបាយ​ ដែល​បាន​ផ្តល់​មូលដ្ឋាន​ទូលំទូលាយ​សម្រាប់​ការ​រំលាយ​គណបក្ស​នយោបាយ​៕

XS
SM
MD
LG