បន្ទាប់ពីតុលាការខេត្តកំពង់ស្ពឺសម្រេចតម្កល់សាលក្រមកាត់ទោស ដោយកំបាំងមុខ ឲ្យអ្នកស្រី សំ សុខា ដែលត្រូវចោទពី«បទប្រមាថ»ហើយកាត់ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនោះ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានប្រតិកម្មភ្លាមៗ ដោយបានស្នើឲ្យរដ្ឋាភិបាលខ្មែរលុបចោល«បទបរិហារកេរ្តិ៍»នេះ។
នេះបើយោងតាមសេចក្តីប្រកាសមួយរបស់ការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ហៅកាត់ថា OHCHR។
យោងតាមសេចក្តីប្រកាសរបស់ការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) ធ្វើឡើងនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅនោះ OHCHR បានផ្តល់អនុសាសន៍ថា «ប្រទេសកម្ពុជាគួរតែពិចារណាលុបចោលបទបរិហាកេរ្តិ៍ ហើយដាក់បទប្បញ្ញត្តិផ្សេងទៀតនៃក្រមព្រហ្មទណ្ឌ ឲ្យស្របតាមមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (សេរីភាពបញ្ចេញមតិ)»។
ការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ក៏បានសម្តែងការសោកស្តាយចំពោះការណ៍ពិតដែលប្រទេសថៃបាននិរទេសអ្នកស្រី សំ សុខា ហើយបានបង្ហាញក្តីបារម្ភអំពីសិទ្ធិរបស់អ្នកស្រី។
ការិយាល័យឧត្តមស្នងការអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនតាមន័យដើមថា៖ «ប្រព័ន្ធសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិឲ្យតម្លៃខ្ពស់ ជាពិសេសលើការបញ្ចេញមតិដោយសេរី មិនមានការហាមប្រាម ទាក់ទងនឹងបុគ្គលសាធារណៈ នៅក្នុងវិស័យសាធារណៈ និងនៅក្នុងស្ថាប័នសាធារណៈផងដែរ»។
អ្នកស្រី សំ សុខា ត្រូវបានចោទប្រកាន់ពី«បទប្រមាថ» និងបទចោទមួយផ្សេងទៀតគឺ«បទញុះញង់ឲ្យមានការរើសអើង» ក្នុងខែមេសា ឆ្នាំ ២០១៧ គឺភ្លាមៗបន្ទាប់ពីអ្នកស្រីបានបង្ហោះវីដេអូនៅលើបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីសកម្មភាពរបស់អ្នកស្រីកំពុងគប់ស្បែកជើងទៅលើស្លាកគណបក្សប្រជាជនកម្ពុជាដែលមានរូបថតលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិ។ ក្រោយការប្រកាសចាប់ខ្លួន អ្នកស្រី សំ សុខា បានភៀសខ្លួនទៅកាន់ប្រទេសថៃ។
ក្រោយពីអ្នកស្រីគេចខ្លួនទៅប្រទេសថៃ សាលាដំបូងខេត្តកំពង់ស្ពឺក៏បានកាត់ទោសអ្នកស្រី សំ សុខា ឲ្យជាប់ក្នុងពន្ធនាគារដោយកំបាំងមុខ ទោះជាអ្នកស្រីទទួលបានសិទ្ធិជ្រកកោននៅប្រទេសថៃទៅក៏ដោយ ហើយនៅថ្ងៃព្រហស្បតិ៍កន្លងទៅ តុលាការក្នុងខេត្តកំពង់ស្ពឺដដែលក៏បានប្រកាសតម្កល់ការកាត់ទោសនេះ។ មុនការប្រកាសនេះ សាលាដំបូងខេត្តកំពង់ស្ពឺបានធ្វើការជំនុំជម្រះបទចោទអ្នកស្រី សំ សុខា ម្តងរួចមកហើយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៨។
ក្រៅពីការកាត់ទោសឲ្យជាប់ក្នុងពន្ធនាគារពីរឆ្នាំ អ្នកស្រី សំ សុខា ក៏ត្រូវបានតុលាការពិន័យជាប្រាក់៥លានរៀលផងដែរ។
នៅមុនការប្រកាសតម្តល់ការកាត់ទោស អ្នកស្រីសំ សុខា កាលពីថ្ងៃព្រហស្បតិ៍ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានប្រតិកម្មនឹងអាជ្ញាធរថៃដែលបានចាប់បញ្ជូនស្រ្តីរូបនេះពីប្រទេសថៃមកកម្ពុជាវិញ កាលពីខែកុម្ភៈ ទោះបីជាអ្នកស្រីទទួលបានសិទ្ធិជ្រកកោនហើយក៏ដោយ។
កាលពីខែកុម្ភៈ អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះបានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងស្ត្រីឈ្មោះ សំ សុខានេះ ជាបន្ទាន់ ហើយថា ការចាប់ជនដែលទទួលបានសិទ្ធិជ្រកកោន គេចចេញពីការធ្វើទុក្ខបុកម្នេញណាមួយ ហើយបញ្ជូនដោយបង្ខំបែបនេះគឺជា«ការធ្វើទារុណកម្ម និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»៕