ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឯក​អគ្គរដ្ឋ​ទូត​ថ្មី​របស់​អាមេរិកាំង​ដែល​គេរង់​ចាំ​បាន​មក​ដល់​កម្ពុជា​ហើយ


លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​ប្រទេស​កម្ពុជា។ (ខាន់ សុគុំមនោ/VOA)
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​ប្រទេស​កម្ពុជា។ (ខាន់ សុគុំមនោ/VOA)

លោក​ ផៃ ស៊ីផាន ​រដ្ឋ​មន្ត្រី​ប្រតិ​ភូ​អម​នាយក​រដ្ឋ​មន្ត្រី ​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​​​លើកឡើង​ថា គឺជា​សញ្ញាវិជ្ជមាន​នៃ​កិច្ច​សហការ​រវាង​ប្រទេស​ទាំងពីរ​​ ហើយ​​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​នឹង​ត្រូវ​បាន​ពង្រឹង​​បន្ថែម​ទៀត។

រដ្ឋា​ភិបាលកម្ពុជាស្វាគមឯក​អគ្គរដ្ឋ​ទូត​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក ​លោក Patrick Murphy ខណៈ​ដែល​សង្គម​ស៊ីវិលនិង​អ្នក​វិភាគ​ជឿថា​ លោក​អាច​នឹង​ជួយ​ជំរុញ​លទ្ធិ​ប្រជា​ធិបតេយ្យនៅ​កម្ពុជា។លោក Patrick Murphy បានមក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​យប់​ថ្ងៃ​ពុធ​ម្សិល​មិញ ខណៈ​ដែល​កៅ​អី​ឯក​អគ្គរដ្ឋ​ទូត​អាមេរិក​នៅ​ទំនេរ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៨​មកម៉្លេះ។

លោក​ ផៃ ស៊ីផាន ​រដ្ឋ​មន្ត្រី​ប្រតិ​ភូ​អម​នាយក​រដ្ឋ​មន្ត្រី ​និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្វាគមន៍​ការ​មក​ដល់​របស់​លោក Patrick Murphy។

អ្នក​នាំពាក្យដដែល​ចាត់ទុក​ថា​វត្តមាន​របស់​ឯក​អគ្គរដ្ឋ​ទូតថ្មី​របស់​អាមេរិក​គឺជា​សញ្ញាវិជ្ជមាន​នៃ​កិច្ច​សហការ​រវាង​ប្រទេស​ទាំងពីរ។ ហើយទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​នឹង​ត្រូវ​បាន​ពង្រឹងបន្ថែម​ទៀត។

«ជា​ការ​បង្ហាញ​ពី​ទំនាក់ទំនង​ល្អ ហើយ​នឹង​សហប្រតិបតិ្តការ​រវាង​កម្ពុជានិង​សហ​រដ្ឋ​អាមេរិក​ គឺ​ថា លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ លោក​បាន​បញ្ជូន​អ្នក​តំណាង​នូវ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមរិក​មក​កាន់​កម្ពុជា អាហ្នឹង​ជា​ចំណុចវិជ្ជមាន​មួយ​ខ្ពស់​ណាស់»។

លោក Murphy ដែល​ជា​មន្ត្រី​ការទូត​អាមេរិក​ជាន់​ខ្ពស់​ម្នាក់​ដ៏​មាន​បទ​ពិសោធន៍​អំពី​តំបន់​អាស៊ី បាន​មក​ចូល​កាន់​តំណែង​ជា​ឯក​អគ្គរដ្ឋ​ទូត​អាមេរិកថ្មីប្រចាំ​កម្ពុជា បន្ទាប់​ពីឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​មុន គឺ​លោក William A. Heidt បាន​បញ្ចប់​អាណត្តិ​របស់​លោក​នៅ​ចុង​ឆ្នាំ​២០១៨។

ការ​ចូល​បំពេញ​តួនាទី​របស់​លោក Murphy នៅ​ប្រទេស​កម្ពុជា​កើត​ឡើង​ នៅ​ចំ​ពេល​ដែល​ស្ថានភាព​នយោបាយ​របស់​កម្ពុជា​កំពុង​តែ​តានតឹង ដោយ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​ត្រៀម​កម្លាំង​ចាប់​ខ្លួន​លោក សម រង្ស៊ី ​ប្រធាន​ស្តី​ទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​វិល​ទៅ​ប្រទេស​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ បន្ទាប់​ពី​បាន​នីរទេស​ខ្លួន​រស់នៅ​ក្រៅ​ប្រទេស​តាំង​ពី​ឆ្នាំ​២០១៥​មក។ ដំណាល​គ្នានេះ អតីត​ប្រធានគណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រដ្ឋា​ភិបាល​រំលាយ​ចោល គឺ​លោកកឹម សុខា កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ។ ហើយ​ក្រុម​អាជ្ញាធរកម្ពុជា​កំពុង​បន្ត​ចាប់​ខ្លួន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​ដ៏ធំជាង​គេ​នេះ។

សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​បាន​ថ្កោល​ទោស​រដ្ឋា​ភិបាល​កម្ពុជា​អំពី​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​និង​ការ​គាប​សង្កត់​សិទ្ធិ​មនុស្ស​របស់​កម្ពុជា ដោយ​ចោទ​ប្រកាន់​ថា​កម្ពុជា​កំពុង​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​ សឹង សែន​ករុណា​ អ្នកនាំពាក្យ​សមាគម​អាដហុក​ (ADHOC) បាន​ប្រាប់ VOA ថា លោក​ Patrick Murphy ​«នឹង​មាន​ការ​ទូត​ពិសេស​» ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា ដើម្បី​សម្រួល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ដែល​កំពុង​មាន​កម្តៅ ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​គោលការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ។

«យើង​ជឿជាក់​ថា សមត្ថភាព​របស់​លោក​អាច​នឹង​ធ្វើ​ឲ្យ​មាន​ការ​ធូរស្រាល​នៅ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស ហើយ​និង​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ អាច​នឹង​មាន​ភាព​ល្អ​ប្រសើរជាង​នៅ​ពេល​បច្ចុប្បន្ន​»។

លោក ឯម សុវណ្ណារ៉ា ​អ្នកវិភាគ​នយោបាយ​កម្ពុជា ​បាន​និយាយ​ថា ​តាមរយៈ​ការ​ប្តេជ្ញា​របស់​លោក Patrick Murphy ​ទំនាក់​ទំនង​សហរដ្ឋអាមេរិក​អាច​រីកចម្រើន​បន្ថែម​ទៀត ក៏​ដូចជា​ ស្ថានភាព​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​លោក​បានលើកឡើង​ថា​ ប្រសិន​បើ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិនមាន​ការរីក​ចម្រើន​ ដូច​ជា​ការ​រំពឹង​ទុក​របស់​សហរដ្ឋ​អាមេរិក នោះ​នឹង​មាន​ការ​ដាក់​សម្ពាធ​ខ្លាំង​ជាង​មុន​ពី​សហរដ្ឋ​អាមេរិក។

កាល​ពី​សប្តាហ៍​មុន​ លោកPatrick Murphy ​បាន​ថ្លែង​សារមួយលើ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថាន​ទូត​អាមេរិកដោយ​បាន​បង្ហាញ​ពី​បទ​ពិសោធន៍​មក​កាន់​ប្រទេស​កម្ពុជានិង​បង្ហាញ​ពីជីវ​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​លោក។ លោក​បន្ថែម​ថា ​លោក​នឹង​ពង្រឹង​ផ្នែក​អភិវឌ្ឍន៍ ពាណិជ្ជកម្ម សុខាភិបាល​សាធារ​ណៈ ការ​ពង្រឹង​ច្បាប់ អភិរក្ស​វប្បធម៌​និង​ការ​ផ្លាស់​ប្តូរ​ទំនាក់​ទំនង​នៃ​ប្រជាជាតិ​ទាំងពីរ។​

លោក ឯម សុវណ្ណារ៉ា បាន​បន្ថែម​ថា លោក Patrick Murphy ប្រហែល​មិន​អាច​ទាញ​កម្ពុជា​ឲ្យ​ងាក​មក​រក​បស្ចឹម​លោក​ខ្លាំង​ជាង​ប្រទេស​លោក​ខាង​កើត ប៉ុន្តែ​លោក​មាន​ក្តី​សង្ឃឹម​ថា លោក Patrick Murphy អាច​ជំរុញ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ការរីកចម្រើន។

ស្រប​ពេល​ដែល​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​មក​ដល់​ប្រទេស​កម្ពុជា អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក​ស្រី Morgan Ortagus បាន​ទទូច​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ពី​ការ​ឃុំ​ឃាំង​ក្នុង​ផ្ទះនិង​ដោះ​លែង​សកម្មជន​នយោបាយ​ប្រឆាំង​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​អស់។

លោក​ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋា​ភិបាលបាន​បក​ស្រាយ​ត្រង់​ចំណុច​នេះក្នុង​សន្និសិត​កាសែត​កាល​ពី​ព្រឹក​ថ្ងៃព្រហស្បត្តិ៍​ថា​ នេះ​ជា​កិច្ច​ការអធិបតេយ្យ​របស់​តុលាការ​ដែល​រដ្ឋា​ភិបាល​មិនមាន​សិទ្ធិ​លូក​លាន់​នោះទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG