ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ ​Trump​ ​ឧទ្ទេសនាម​បេក្ខភាព​ឯកអគ្គ​រដ្ឋ​ទូតអាមេរិក​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា


រូបឯកសារ៖ លោក W. Patrick Murphy ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតមួយកាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅឯនិវេសនដ្ឋានការទូតមួយរបស់សហរដ្ឋអាមេរិក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ (អូន ឆេងប៉រ/VOA)
រូបឯកសារ៖ លោក W. Patrick Murphy ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតមួយកាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅឯនិវេសនដ្ឋានការទូតមួយរបស់សហរដ្ឋអាមេរិក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ (អូន ឆេងប៉រ/VOA)

អ្នក​វិភាគ​បាន​មើល​ឃើញ​បែប​បទ​នៃ​ការ​ដាក់​បេក្ខភាព​លោក Murphy ថា​បាន​បង្ហាញ​ពី​តម្លៃ​យុទ្ធសាស្ត្រ​កាន់​តែ​សំខាន់​ជាង​មុន​នៃ​ប្រទេស​កម្ពុជា ក្រោម​ក្រសែ​ភ្នែក​អ្នក​តាក់តែង​គោលនយោបាយ​​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន។ ​

រដ្ឋការ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ​លោក​ ​ដូណាល់ ត្រាំ​ ​កាល​ពី​ចុង​សប្តាហ៍កន្លងទៅនេះ​ ​បាន​ឧទ្ទេសនាមលោក W. Patrick Murphy​ជាបេក្ខភាព​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​ប្រចាំ​ប្រទេស​កម្ពុជា ​ជំនួស​លោក​ ​William Heidt​ ​ដែល​នឹង​បញ្ចប់​បេសកម្មការ​ទូត​របស់​លោក​នៅ​កម្ពុជា​ ក្នុង​ពេលដ៏ខ្លី​ខា​ងមុខ។​

​លោក​ ​W. Patrick Murphy​ ​ជា​ឧបការីរងរដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​អគ្នេយ៍ ដែល​ជា​អ្នក​ការទូត​ចាស់​វស្សា​ និង​ជំនាញក្នុង​កិច្ចការ​តំបន់​អាស៊ី​អគ្នេយ៍​ជាច្រើនឆ្នាំ។

បើ​តាម​នីតិ​វិធី​ផ្លូវ​ការ​ ​បេក្ខភាព​របស់​លោក​ W. ​Patrick Murphy​ ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​យល់​ព្រម​ពីព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​សិន​ ​មុន​នឹង​លោក​ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវ​ការមក​ជំនួស ឯក​អគ្គរដ្ឋទូត​ ​William Heidt​ ​ដែល​ជិត​ផុតអាណត្តិការ​ងារ​បីឆ្នាំ​នៅ​កម្ពុជា ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។ ការ​ត្រួត​ពិនិត្យ​នោះ​រួម​មាន​ទាំង​ការ​ចូល​ទៅ​ថ្លែង ក្នុង​សវនាការផ្ដល់​សក្ខីកម្ម នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​ជាន់​ខ្ពស់​របស់​អាមេរិក​ផង​ដែរ។​

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ពី​សំណាក់​សេតវិ​មាន ដែល​មាន​ចំណង​ជើង​ថា៖​ ​«ប្រធានាធិបតី​ ​ដូណាល់ ត្រាំ ប្រកាស​ពី​គោល​គំនិត​សម្រេច​ជ្រើស​តាំង​មន្ត្រី​ចូល​ទៅ​តំណែង​សំខាន់ៗ​ក្នុង​រដ្ឋការ​របស់​លោក»ការ​ឧទ្ទេសនាម​លោក W. Patrick Murphy​ ​ស្ថិត​ក្នុង​ចំណោម​ការ​តែង​តាំង​មន្ត្រី​ជាន់​ខ្ពស់​នៅ​មន្ទីរបញ្ចកោណ និង​ក្រសួង​ថាមពល​អាមេរិក។​

លោក​ W. Patrick Murphy ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក(​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍) ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​អំពីទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី​ ២៥​ ខែ​មេសា​ ឆ្នាំ២០១៧​។ (ខាន់​ សុ​គុំ​មនោ/VOA)
លោក​ W. Patrick Murphy ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក(​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​អាគ្នេយ៍) ថ្លែង​ទៅកាន់​អ្នក​សារ​ព័ត៌មាន​អំពីទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី​ ២៥​ ខែ​មេសា​ ឆ្នាំ២០១៧​។ (ខាន់​ សុ​គុំ​មនោ/VOA)

​អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​ទេ​អំពី​កាលបរិច្ឆេទ​នៃ​ការ​ត្រួត​ពិនិត្យ​របស់​សភា​អាមេរិក​ទៅ​លើបេក្ខភាព​លោក Murphy​ ​និង​ក៏​ដូច​ជាទី​សំចតការ​ងារ​ជាបន្ទាប់​របស់​លោកWilliam Heidt។

តែ​ក្នុង​បទវិចារ​មួយ​ដែល​ត្រូវ​បាន​បង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ស្ថានទូត​ ​កាលពី​ថ្ងៃ​ចន្ទ​ ​លោក​ ​Heidt​ ​បាន​ថ្លែង ដោយ​ត្រូវ​បាន​គេដកស្រង់សម្ដី ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«លោក​ ​Patrick គឺជា​បេក្ខជន​តែង​តាំង​ដ៏​ល្អ​បំផុត។​ ​លោក​មាន​ប្រវត្តិលេចធ្លោ​នៅ​ក្នុង​ការ​ងារ​ ​ស្គាល់​តំបន់​អាស៊ី​អាគ្នេយ៍​ច្បាស់​ ​ហើយ​ដឹងពី​គោល​នយោបាយ​ការ​បរទេស​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ​យ៉ាង​ច្បាស់»។​

ការ​ប្រកាស​ឧទ្ទេសនាម​នេះ​ ​នៅ​ចំ​កណ្ដាល​នៃ​យុគ​សម័យ​ទំនាក់ទំនង​ដ៏​រកាំរកូស​រវាង​ប្រទេស​ទាំង​ពីរ​ ​ដោយ​ខាង​ទី​ក្រុង​ភ្នំពេញ​ ​បាន​ចោទ​ទី​ក្រុង​វ៉ា​ស៊ី​ន​តោន​ថាស្ថិត​នៅ​ពី​ក្រោយ​ជួយ​កាន់​ខ្នងរង​មុខ​គណ​បក្ស​ជំទាស់ ដើម្បី​រៀបចំ​គម្រោង​ការ​ផ្ដួលរំលំ​របប​ដឹក​នាំ​ប្រទេស​នៃ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​គណ​បក្សប្រជាជន​កម្ពុជា ដែល​ទើប​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូកដី ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ខែ​មុន ដែល​អ​វត្ត​មាន​គូ​ប្រកួត​«ប្រកប​ដោយ​សក្ដានុពល»​របស់​ខ្លួន។​

ក៏​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់ខាង​លើ​ ​និង​ក៏​បាន​ស្ថិត​ក្នុង​ចំណោម​ប្រទេស​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន រួម​គ្នា​បរិហារ​ការ​បង្ក្រាប​នយោបាយ ដែល​បាន​វាតទីគ្របដណ្ដប់លើ​គណ​បក្ស​ជំទាស់ ដល់​បណ្ដា​ស្ថាប័ន​សង្គម​ស៊ី​វិល និង​បណ្ដាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ចំណុះ​រដ្ឋ​អំណាច ហើយ​បាន​ព្រ​មាន​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​ដល់​សមាជិក​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា ក្នុង​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជាការ​បោះ​ឆ្នោត «ក្លែង​ក្លាយ»។

លោក​ ​អ៊ូ វីរៈ​ ​ប្រធាន​វេទិកា​អនាគត​និង​ជា​អ្នក​អត្ថាធិប្បាយ​នយោបាយ បាន​ហៅ​ការឧទ្ទេសនាម​លោក Patrick Murphy ថាជាការសម្រេចចិត្ត​មាន​ចរឹតយុទ្ធសាស្ត្រ។​

លោក​បាន​ប្រាប់ ​VOA ​តាម​សារអេឡិចត្រូនិក​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«នេះ​គឺជា​សញ្ញាណ​ថា រដ្ឋការ​លោក ត្រាំ មើល​ឃើញ​ប្រទេស​កម្ពុជា​ជាទី​តាំង​មាន​លក្ខណៈសំខាន់ និង​យុទ្ធសាស្ត្រ​ជាង​មុន ព្រោះ​ថា​លោក Patrick Murphy ជា[​អ្នក​ការទូត]​ជាន់​ខ្ពស់ និង​ទទួល​ការ​គោរព​ជា​ខ្លាំង ក្នុង​ចំណោម​រង្វង់ការ​ងារ​ទូត​នៃ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក»។​

ទាក់​ទិន​នឹង​ការបញ្ជូន​បេក្ខភាព​លោក Murphy​ ​មក​តាំង​ទី​នៅ​កម្ពុជា អ្នក​វិភាគ​រូប​នេះ​បាន​ប្រាប់​បន្ត​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

«វា​ទំនង​ជា​បណ្ដាល​មកពី​មូល​ហេតុ​ពីរ៖ ការ​រីក​ត្រដែត​ឡើង​នៃ​ចិន​និង​ឥទ្ធិពល​របស់​ប្រទេស​មួយ​នេះ និង​ក៏​ដូចជា​តម្លៃ​កាន់​តែ​សំខាន់​ឡើង​នៃ​តំបន់​អាស៊ី​អគ្នេយ៍​ទាំង​មូល​តែម្ដង»។​

ខណៈ​ដែល​ទំនាក់ទំនង​រវាង​អាមេរិក និង​កម្ពុជា ផ្ដល់​សញ្ញា​មិន​ស្រួល តាំង​តែពី​ចុង​ឆ្នាំ​២០១៦ ពេល​ដែល​កម្ពុជា​បាន​សម្រេច​ផ្អាកកម្មវិធី​លំហាត់​ហ្វឹកហ្វឺន​យោធា​រួម​ ​«ឆ្មាំ​អង្គរ»​ ​និង​ក្រោយ​មក​បាន​ចោទ​អាមេរិក​ថា​ រួម​គំនិត​នឹង​បក្ស​ជំទាស់ប្រុង​ផ្ដួលរំលំ​រដ្ឋាភិបាល​កម្ពុជា ទី​ក្រុង​ភ្នំពេញបាន​រៀបចំ​ដល់​ទៅ​ពីរ​ដងសមយុទ្ធ​យោធា​ជា​មួយ​ប្រទេស​ចិន ដែល​បាន​ចាក់​បញ្ចូល​ទឹក​ប្រាក់​ក្រោម​រូបភាព​ជាកម្ចី ជា​ជំនួយ និង​ជាការ​វិនិយោគ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មក​កម្ពុជា។​

ព្រម​ពេល​ជា​មួយ​គ្នា​នេះ​ដែរ​ ​កម្ពុជា​ក៏​គ្រោង​នឹង​ចាត់​បញ្ជូន​លោក​ ​ជុំ សុន្ទរី​ ​អ្នក​នាំ​ពាក្យក្រសួង​ការ​បរទេស​កម្ពុជា​ ​ទៅ​ធ្វើ​ឯកអគ្គរាជទូត​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក​ ​ជំនួស​លោក​ ​ជុំ ប៊ុនរ៉ុង​ ​នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​កាសែតដែល​ស្និទ្ធ​ស្នាល​នឹង​រដ្ឋាភិបាល។

​ការ​តែង​តាំង​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ទៅ​កាន់​ការជា​ឯកអគ្គរាជទូត​កម្រិត​ប្រទេស​នេះ​ ​ក៏​ត្រូវ​បាន​កម្ពុជា​ធ្លាប់​ធ្វើ​ដែរ​កាលពី​ពេល​ឆ្នាំ​កន្លង​ទៅ។​ ​លោក​ ​ឡុង វិសាលោ​ ​ដែល​ជា​មន្ត្រី​ជើង​ចាស់ និង​ជារដ្ឋលេខា​ធិការ​ក្រសួង​ការ​បរទេស ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ធ្វើ​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ ទី​ដែល​មាន​ពលរដ្ឋ​ខ្មែរ​ច្រើន​ជាង​មួយ​លាន​នាក់​ស្នាក់​អាស្រ័យ រស់​នៅ​ប្រកបរបរ​ទទួល​ទាន។​

អ្នក​នាំ​ពាក្យ​ទីស្ដីកា​រគណៈរដ្ឋ​មន្ត្រី​កម្ពុជា លោក​ ​ផៃ ស៊ីផាន​ ​បាន​ថ្លែង​កាលពី​ថ្ងៃ​អាទិត្យ​ថា វា​ហាក់​ដូចជា​លឿនពេក​ក្នុង​ការ​ធ្វើ​បុរេ​វិនិច្ឆ័យ​លើបេក្ខភាព​របស់​លោក Murphy តែថា ​លោក​រំពឹង​ភាព​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បាន​ប្រាប់​ VOA ​យ៉ាង​ដូច្នេះ​ថា៖​

«ចំពោះ​ខ្ញុំ​មើល​នៅ​ក្នុង​ន័យ​នយោបាយ ​បាន​សេចក្ដី​ថា​ សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ពង្រឹង​ទំនាក់​ទំនង​ល្អ ​និង​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា»។

លោក ផៃ ស៊ី​ផាន បាន​បន្ថែម​យ៉ាង​ដូច្នេះ​ទៀត​ថា៖​

«ទីមួយអ្វីដែលយើងរំពឹងទុកហ្នឹងគឺ ទូតហ្នឹងគឺជាអ្នកតំណាងផលប្រយោជន៍ប្រទេសគេ ហើយយើងឈរទៅលើគោលការណ៍ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការតែប៉ុណ្ណោះ ជា​ធម្មតា​ទេ ការ​យល់​ឃើញ​ខុស​គ្នា ក៏​ប៉ុន្តែ​ឱកាស​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ល្អ យើង​អង្គុយ​ជា​មួយ​គ្នា ជជែកជា​មួយ​គ្នា មិន​មែន​ធ្វើ​ឱ្យ​មាន​ជម្លោះ​រវាង​ប្រទេស​និង​ប្រទេស​ទេ។ នេះ​ជាការងារ​ទូត បាទ!»។​

មុន​ចូល​ទៅ​តាំង​ទីជាអ​ចិន្ត្រៃយ៍​នៅ ​ប៊ុយរ៉ូ​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ា​ស៊ី​ហ្វិក ក្នុង​ទីស្ដីកា​រ​ក្រសួង​ការ​បរទេស​អាមេរិក​ ​តាំង​ពីឆ្នាំ​២០១៦មក​នោះ​ ​លោក Murphy ធ្លាប់​បម្រើ​ការជាឯក​អគ្គរដ្ឋទូត​រង​ប្រចាំ​ស្ថានទូត​អាមេរិក​នៅ​ទី​ក្រុង​បាងកក​ ​ហើយ​លោក​ក៏​ធ្លាប់​ជាប្រេសិត​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុច​កិច្ចការ​ប្រទេស​មីយ៉ាន់ម៉ា​ជំនាន់​អន្តរកាល​ប្រជាធិបតេយ្យ មុន​នឹង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៥​ ​ដែល​អ្នក​ស្រី អ៊ុងសាន ស៊ូជី ឈ្នះ​ឆ្នោត​ឡើង​ទៅ​ដឹក​នាំ​ប្រទេស​ជា​មួយ​នឹង​ពួក​យោធា។​

រយៈ​កាលពីរ​ឆ្នាំ​កន្លង​មក​ដែល​កាន់​ការណ៍​តំបន់​អាស៊ី​អាគ្នេយ៍ លោក​ ​Murphy​ ​បាន​ធ្វើ​ដំណើរ​ជា​ច្រើន​ជើង​មក​តំបន់​មួយ​នេះ​ ​ហើយ​គ្រាន់​តែឆ្នាំ​២០១៧​កន្លង​ទៅ​នេះ លោក​បាន​មក​បំ​ពេញ​ទស្សន​កិច្ចការ​ងារ​យ៉ាងហោចណាស់​ ​ពីរ​ដង​នៅ​កម្ពុជា។​

គ្រាន់​តែ​ពេល​មក​ដល់​ទី​ក្រុង​ភ្នំពេញ ក្នុង​ដំណើរ​ជើង​ទី​មួយ​មក​កម្ពុជា ក្នុង​ខែ​មេសា ឆ្នាំ​២០១៧ លោក​ ​Murphy​ ​ត្រូវ​បាន​ប្រាប់ ក្នុង​ជំនួបជា​មួយ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ ​ប្រាក់ សុខុន​ ​ថា ​កម្ពុជា​នឹង​សម្រេច​ព្យួរ​ចោល​កិច្ច​ព្រម​ព្រៀង​និរទេស​ខ្លួន​ជន​ជាតិ​ខ្មែរ​ពី​អាមេរិក​ដ៏​ចម្រូងចម្រាស។ ជាការ​ឆ្លើយតប​សហរដ្ឋ​អាមេរិក​បាន​សម្រេច​រឹត​បន្តឹងការផ្ដល់​ទិដ្ឋាការ​ប្រភេទ​ខ្លះ​ដល់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​ខ្មែរ និង​ក្រុម​គ្រួសារ ដែល​ប្រាថ្នា​ចូល​ទៅ​សហរដ្ឋ​អាមេរិក។​

ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ក្នុង​ពេល​ដែល​លោក​ត្រូវ​អម​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​លើក​ទី​មួយ​មក​កាន់​តំបន់​អាស៊ី របស់​ប្រធានាធិបតី​ ​ដូណាល់ ត្រាំ ដើម្បី​ចូល​រួម​«កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា»​ ​នៅ​ប្រទេស​ហ្វីលីពីន លោក​ ​Murphy និង​លោក​ ​Matthew Pottinger​ ​ទី​ប្រឹក្សា​កិច្ចការ​តំបន់​អាស៊ីរបស់​ប្រធានាធិបតី បាន​ឆ្លៀត​ជួប​លោក ប្រាក់ សុខុន រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ផង​ដែរ ដើម្បី​បង្ហាញ​នូវ​ការជំទាស់​របស់​សហរដ្ឋ​អាមេរិក ចំពោះ​ការ​ត្រៀម​រំលាយ​គណ​បក្សសង្គ្រោះជាតិ ការ​ចាប់​ឃុំ​ខ្លួន​លោក​ ​កឹម សុខា​ ​និង​ការ​បង្ក្រាប​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

តាម​រយៈ​ដំណើរ​មក​កាន់​កម្ពុជា​ជា​លើក​ទី​ពីរ​ក្នុង​ខែ​ធ្នូ លោក​ ​Murphy​ ​ក៏​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​អាមេរិក​ដំបូង​បង្អស់​ដែល​មក​បំ​ពេញ​ទស្សនកិច្ចជា​ផ្លូវ​ការ ក្រោយ​ពី​ព្រឹត្តិការណ៍​រំលាយ​ដ៏​ចម្រូងចម្រាស​នៃ​គណ​បក្សសង្គ្រោះជាតិ​កាលពី​ខែ​វិច្ឆិកា។​

រូបឯកសារ៖ ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ចូលជួបលោក Patrick Murphy មន្ត្រីជាន់ខ្ពស់​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក។
រូបឯកសារ៖ ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ចូលជួបលោក Patrick Murphy មន្ត្រីជាន់ខ្ពស់​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក។

​ពេញ​មួយ​ដំណើរ​ទស្សនកិច្ចជា​លើក​ទី​ពីរ​នៅ​កម្ពុជា លោក​ ​Murphy​ ​បាន​បន្លឺ​សំឡេង​អំពាវនាវ​របស់​រដ្ឋាភិបាល​អាមេរិក​ឱ្យ​ប្រទេស​កម្ពុជា​ពិចារណា​ត្រឡប់​វិលមក​អ្វី​ដែល​លោក​ហៅ​ថាគន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ តែ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​តប​ភ្លាមៗថា ការ​ចាត់​ការលើ​បក្ស​ជំទាស់ និង​ក្រុម​អ្នក​រិះគន់ សុទ្ធ​សឹងតែជា«ការ​អនុ​វត្តច្បាប់»​ប៉ុណ្ណោះ។

មន្ត្រី​ការទូត​អាមេរិក​រូប​នេះ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាលពី​ពេល​នោះ ដោយ​បាន​សរសើរ​អំពី​ដំណើ​ការវិវឌ្ឍ​នភាព​ផ្នែក​សេដ្ឋកិច្ច សង្គម និង​ប្រជាធិបតេយ្យ ដែល​កម្ពុជា​សម្រេច​បាន​នា​ពេល​ពីរ​ទសវត្សរ៍​ចុង​ក្រោយ និង​សរសើរ​តួ​នាទីចូល​រួម​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ហើយ​ថា​ប្រទេស​មួយ​នេះ​គួរ​តែស្ថិត​នៅ​លើគន្លង​នេះ​បន្ត​ទៅ​ទៀត ដើម្បីគេច​ផុតពី​ការ​ដើរ​ថយ​ក្រោយ​នៃ​ភាព​លូតលាស់​ទាំង​ឡាយ។​

នៅ​រដ្ឋធានី​វ៉ា​ស៊ី​នតោន លោក​ ​Murphy​ ​ក៏​ធ្លាប់​ទទួល​ជួប​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្សសង្គ្រោះជាតិ​ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​គេចពីការ​ចាប់​ចង​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។​

អ្នក​ស្រី​ ​មូរ សុខហួរ​ ​អនុ​ប្រធាន​គណ​បក្សសង្គ្រោះជាតិ បាន​ថ្លែង​ថា អ្នក​ស្រី​មាន​ក្ដី​រំពឹង​អំពី​បទ​ពិសោធ​ការទូតរបស់​លោក​ Murphy នៅ​ថ្នាក់តំបន់​ ​និង​ការ​ស្គាល់​ច្បាស់​នូវ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ ​នឹង​នាំ​ចំណាប់​អារម្មណ៍​សហរដ្ឋ​អាមេរិក​មក​ជួយ​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កាន់​តែសកម្ម​ឡើង។​

«ការ​បោះ​ឆ្នោត​មិន​ត្រឹម​ត្រូវ ក្លែង​ក្លាយ​របៀប​នេះ វា​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់ ទៅ​ដល់​សេដ្ឋកិច្ច នយោបាយ និង​ស្ថិរភាព​នៅ​អាស៊ាន។ ដូច្នេះ​...​ក៏​យើង​ជា​អ្នក​ប្រជាធិបតេយ្យ ត្រូវ​ការ​ឱ្យ​អ្នក​ដែល​មាន​ជំនាញ​នៅ​ក្នុង​ការទូតជា​មួយ​អាស៊ាន មកជា​តំណាង​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​កម្ពុជា»។

ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី២៩ ខែ​កក្កដា​កន្លង​ទៅ។​ ​ជា​មួយ​នឹង​អ​វត្ត​មាន​គណ​បក្សសង្គ្រោះជាតិ គណ​បក្សប្រជាជន​កម្ពុជា​ទំនង​ជា​នឹង​បាន​ឈ្នះ​អាសនៈ​ទាំង​អស់​១២៥​នៅ​សភា​ជាន់​ទាប ជា​មួយ​នឹង​សំឡេងឆ្នោត​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អះអាង​ថា បក្ស​កាន់​អំណាច​ឈ្នះ​បាន​ជិត​ប្រាំលាន​សំឡេង​ ​និង​អត្រា​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​មាន​ប្រមាណ​៨៣%៕​

XS
SM
MD
LG