ព្រឹទ្ធសភាសហរដ្ឋអាមេរិក ទើបតែបានបោះឆ្នោតតែងតាំងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ មុខតំណែងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកនេះទំនេរជាច្រើនខែមកហើយ។ ការតែងតាំងលោក W. Patrick Murphy ធ្វើឡើងស្របពេលដែលមានភាពតានតឹងខាងពាក្យសម្តីខ្លះៗរវាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញ និងមន្ត្រីរដ្ឋាភិបាលកម្ពុជា។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកលោក W. Patrick Murphy ត្រូវព្រឹទ្ធសភាសហរដ្ឋអាមេរិកបោះឆ្នោតយល់ព្រមឲ្យក្លាយជាឯកអគ្គរដ្ឋទូតថ្មីប្រចាំប្រទេសកម្ពុជា។
យោងតាមគេហទំព័ររបស់សភាអាមេរិក ការបោះឆ្នោតដែលធ្វើតាមខ្សែទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ បានផ្តល់សំឡេងគាំទ្រគ្រប់គ្រាន់ដើម្បីបំពេញបេក្ខភាពជាឯកអគ្គរដ្ឋទូតថ្មី មកជំនួសលោកឯកអគ្គរដ្ឋទូតអាមេរិកចាស់គឺលោក William Heidt ដែលបានបញ្ចប់អាណត្តិបីឆ្នាំរបស់លោកជាច្រើនខែមកហើយ។
ការជ្រើសតាំងលោក W. Patrick Murphy ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាធ្វើឡើងខណៈដែលមានភាពតានតឹងផ្នែកពាក្យសម្តីរវាងស្ថានទូតអាមេរិកនិងមន្ត្រីរដ្ឋាភិបាលកម្ពុជាអំពីការរំឭកឡើងវិញនូវខួបមួយឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសនៅកម្ពុជា។ ហើយប្រសិនបើគ្មានអ្វីប្រែប្រួលនោះទេ លោក W. Patrick Murphy នឹងត្រូវបញ្ជូនមកបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលខាងមុខ ក្រោយពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump តែងតាំងរូបលោកជាផ្លូវការ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា លោកមិនទាន់ទទួលដំណឹងជាផ្លូវការទាក់ទិននឹងការយល់ព្រមរបស់ព្រឹទ្ធសភាអាមេរិកឲ្យលោក W. Patrick Murphy ធ្វើជាឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជានោះទេ។ ប៉ុន្តែលោកនឹងស្វាគមន៍ចំពោះការទទួលតំណែងរបស់លោក W. Patrick Murphy។
«យើងគ្មានអ្វីក្រៅពីការស្វាគមន៍ទេ ពីព្រោះនេះជាតំណាងនៃផលប្រយោជន៍របស់សហរដ្ឋអាមេរិក ហើយតំណាងទំនាក់ទំនង និងសហប្រតិបត្តិការជិតស្និទ្ធរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
ក្រោយទទួលបានសំណើនៃការជ្រើសតាំងពីលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃទី១៦ខែមករាឆ្នាំ២០១៩ លោក Murphy បានធ្វើសក្ខីកម្មនៅចំពោះមុខគណៈកម្មាការព្រឹទ្ធសភារួចហើយ។
ក្នុងការធ្វើសក្ខីកម្មនោះ លោក Murphy បានថ្លែងថា លោកនឹងធ្វើឲ្យមានភាពប្រសើរឡើងនូវដំណើរការប្រជាធិបតេយ្យសិទ្ធិសេរីភាពនានាក្នុងប្រទេសកម្ពុជា ជាពិសេសសេរីភាពព័ត៌មានសង្គមស៊ីវិល។
លោកបានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាថា៖
«ប្រសិនបើព្រឹទ្ធសភាអនុម័តបេក្ខភាពរបស់ខ្ញុំ ខ្ញុំនឹងពាំនាំសារដ៏ខ្លាំងនេះពីសភានិងរដ្ឋបាលសហរដ្ឋអាមេរិក ហើយនឹងធ្វើការជាមួយភាគីទាំងអស់រួមទាំងអង្គការសង្គមស៊ីវិល និងដៃគូអង្គការអន្តរជាតិនានាដើម្បីជំរុញយ៉ាងខ្លាំងក្លាឱ្យអាជ្ញាធរ បើកឡើងវិញនិងពង្រីកលំហសម្រាប់ប្រព័ន្ធផ្សព្វផ្សាយនេះ»។
លោកថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាហៅកាត់ថា CCFC ប្រាប់ VOA ថា ដោយយោងតាមបទពិសោធន៍ជាអ្នកការទូតយូរឆ្នាំរបស់ Murphy នោះ លោកជឿថា ឯកអគ្គរដ្ឋទូតថ្មីរូបនេះនឹងសម្រេចបានតាមការប្តេជ្ញារបស់លោកក្នុងកិច្ចការប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិសេរីភាពផ្សេងទៀតនៅកម្ពុជា។
«លោកក៏ធ្លាប់មានសមត្ថភាពក្នុងស្ថានភាពជាឯកអគ្គរដ្ឋទូតនៅប្រទេសភូមាពីមុនដែរ។ ពីមុនមកអី ប្រទេសភូមាក៏ជាប្រទេសដែលរងការរិះគន់ពីសំណាក់ជាតិ និងអន្តរជាតិថា ជាប្រទេសដែលបាត់បង់ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យចុះខ្សោយដែរ»។
លោកបានបន្ថែមថា ក្រោយពេលលោក Murphy បានបំពេញការងារទូតនៅប្រទេសភូមា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក៏បានប្រសើរឡើងមួយកម្រិតក្នុងប្រទេសដែលធ្លាប់គ្រប់គ្រងដោយក្រុមយោធាដ៏មានឥទ្ធិពលនោះ។
លោកផៃ ស៊ីផានមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលកម្ពុជានៅមានជំហរប្តូរផ្តាច់ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប្រសិនបើសហរដ្ឋអាមេរិកកាន់ជំហរស្មោះត្រង់ជាមួយកម្ពុជា។ ជំហរស្មោះត្រង់ដែលលោកមិនបានបញ្ជាក់លម្អិត។
VOA មិនទាន់អាចទាក់ទងសុំសេចក្តីអត្ថាធិប្បាយពីមន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានទេនៅថ្ងៃសុក្រនេះ។
លោក Murphy មានអាជីពជាអ្នកការទូតជាន់ខ្ពស់មួយរូប។ ហើយសព្វថ្ងៃលោកមានតួនាទីជាឧបការីរងចម្បងស្តីទីរដ្ឋមន្ត្រីការបរទេស(Acting Principal Deputy Assistant Secretary of State)នៅការិយាល័យកិច្ចការអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោក Murphy មានដើមកំណើតពីរដ្ឋ Vermont នៅភាគឦសានសហរដ្ឋអាមេរិក ហើយបានបម្រើការអស់រយៈពេលជាង២៥ឆ្នាំនៅក្នុងក្រុមបុគ្គលិកកិច្ចការការទូតជាន់ខ្ពស់(Senior Foreign Service) ដោយរួមមានតួនាទីជាឧបការីរងរដ្ឋមន្ត្រីនៅការិយាល័យកិច្ចការអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកពីឆ្នាំ២០១៦ដល់២០១៨ ជាអនុប្រធានបេសកកម្មនិងភារធារីនៅស្ថានទូតក្នុងក្រុងបាងកក ប្រទេសថៃពីឆ្នាំ២០១៣ដល់២០១៦និងជាអ្នកតំណាងស្តីទីពិសេសនិងជាអ្នកសម្របសម្រួលគោលនយោបាយនៅក្នុងស្ថានទូតប្រចាំប្រទេសភូមា(មីយ៉ានម៉ា)ពីឆ្នាំ២០១២ដល់២០១៣ជាដើម។
លោក W. Patrick Murphy បានទទួលសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Johns Hopkins University និងមហាវិទ្យាល័យយោធាជាន់ខ្ពស់ជាតិ National War College ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក Murphy ថែមទាំងបានទទួលរង្វាន់ការងារជាច្រើន ហើយលោកចេះនិយាយភាសាបារាំង ភូមា ចិនកន្តាំង និងភាសាអេស្ប៉ាញ៕