ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Murphy ​ស្បថ​ចូលកាន់​តំណែង​និង​ចាប់ផ្តើម​ការងារ​ជា​ឯកអគ្គ​រដ្ឋទូត​អាមេរិកថ្មី​នៅ​កម្ពុជា​ឆាប់ៗ​នេះ


លោក W. Patrick Murphy ត្រូវបាន​ស្បថ​ចូល​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩។ (រូបថត៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា)

សហរដ្ឋ​អាមេរិក​ប្រកាស​ឲ្យដឹង​ថា​ លោក​ Patrick Murphy ​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ថ្មីប្រចាំ​កម្ពុជា​បាន​ស្បថ​ចូលកាន់​មុខតំណែង​ជាផ្លូវការ​ហើយ​ ក្រោយ​ពី​ព្រឹទ្ធសភា​បានបោះឆ្នោត​ផ្តល់​សេចក្តី​ទុកចិត្ត​កាលពី​ពេល​ថ្មីៗនេះ។​ ហើយ​លោក​ឯកអគ្គ​រដ្ឋទូត​នឹងធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កម្ពុជា​ក្នុងពេល​ឆាប់ៗនេះ។

ក្រោយ​ពី​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​កាលពី​ដើម​ខែ​សីហា​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​លោក ​Patrick Murphy ​ឲ្យក្លាយ​ជា​ឯកអគ្គ​រដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា​តាម​សំណើ​ជ្រើស​តាំង​របស់លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ស្ថាន​ទូត​អាមេរិក​ប្រចាំកម្ពុជា​បាន​ដាក់​បង្ហាញ​រូបថត​លោក​ឯកអគ្គ​រដ្ឋទូត ​Patrick Murphy ​ដែល​បាន​ស្បថចូល​កាន់​មុខ​តំណែង​ជាផ្លូវការ ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​បាន​បញ្ជាក់​ពីការ​អញ្ជើញ​មកដល់​កម្ពុជា​ក្នុង​ពេល​ឆាប់​នេះៗ​ ដើម្បី​បំពេញ​កិច្ច​ការងារ​របស់​លោក។

នៅក្នុង​សារ​របស់​ស្ថានទូត​អាមេរិក​ភ្ជាប់​ជាមួយ​រូបថត​មួយ​សន្លឹក​ទាក់ទង​នឹង​ការ​ស្បថ​ចូល​កាន់​តំណែង​ជាផ្លូវការ​តាមច្បាប់​ទម្លាប់​ ដែល​ VOA​ ប្រទះ​ឃើញ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បញ្ជាក់​ក្នុងនាម​បុគ្គលិក​ទូត​ទាំង​អស់​ថា៖

«យើង​រង់ចាំ​ស្វាគមន៍​ការ​មក​ដល់​របស់​លោក​ និង​ក្រុម​គ្រួសារ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ឆាប់ៗ​នេះ‍»។

ទោះជា​មិនបាន​ប្រាប់​ពី​ពេល​វេលា​ជាក់​លាក់​នៅក្នុង​សារ​តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក​ក្តី តែ​សារ​របស់​ស្ថាន​ទូត​អាមេរិក​ដដែល​បាន​បន្ថែម​សេចក្តី​ថា៖

«សូម​អបអរ​សាទរ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត ​Patrick Murphy ​ដែល​បាន​ទទួល​ការ​អនុម័ត​ពី​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ និង​ការតែង​តាំង​ពី​លោក​ប្រធានាធិបតី!‍»។

ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក ​ទើប​តែ​បាន​បោះឆ្នោត​តែងតាំង​លោក ​W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ដើម្បីជំនួស​លោក​ឯកអគ្គរដ្ឋទូត William Heidt​ ដែលបាន​បញ្ចប់អាណត្តិ​បីឆ្នាំ​របស់​លោក ​ហើយ​ដែល​មុខ​តំណែង​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​នេះ​ទំនេរ​ជាច្រើន​ខែមក​ហើយ។ ​ការតែង​តាំង​លោក ​W. Patrick Murphy​ ធ្វើឡើង​ស្របពេល​ដែលមាន​ភាព​តានតឹង​ខាង​ពាក្យ​សម្តីខ្លះៗ​រវាង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ​ និងមន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​ក្រោយពី​មាន​ការ​ខ្វល់​ខ្វាយ​ពី​សហរដ្ឋ​អាមេរិក​រឿង​លទ្ធិ​ប្រជាធិប​តេយ្យ ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល ​និង​សេរីភាព​សារព័ត៌មាន​ជាដើម​នោះ។

ក្រោយ​ទទួល​បាន​សំណើរ​នៃ​ការ​ជ្រើសតាំង​ពីលោក​ប្រធានាធិបតី ​Donald Trump កាលពី​ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ​២០១៩​ លោក​ Murphy ​បាន​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាការ​ព្រឹទ្ធសភា​រួច​ហើយ។

ក្នុងការ​ធ្វើ​សក្ខីកម្ម​នោះ ​លោក​ Murphy ​បាន​ថ្លែង​ថា ​លោក​នឹង​ធ្វើឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​ដំណើរការ​ប្រជាធិបតេយ្យ ​សិទ្ធិ​សេរីភាព​នានា​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​សេរីភាព​ព័ត៌មាន​ សង្គម​ស៊ីវិល។

លោក​បាន​ប្រាប់​គណៈកម្មាធិការ​ព្រឹទ្ធសភា​ថា៖

«ប្រសិន​បើ​ព្រឹទ្ធសភា​អនុម័ត​បេក្ខភាព​របស់​ខ្ញុំ​ ខ្ញុំនឹង​ពាំនាំ​សារ​ដ៏ខ្លាំងនេះ​ពីសភា ​និង​រដ្ឋបាល​សហរដ្ឋ​អាមេរិក​ ហើយ​នឹង​ធ្វើការ​ជាមួយ​ភាគី​ទាំងអស់​រួមទាំង​អង្គការ​សង្គម​ស៊ីវិល ​និង​ដៃគូ​អង្គការ​អន្តរជាតិ​នានា​ដើម្បី​ជំរុញ​យ៉ាង​ខ្លាំងក្លា​ឱ្យ​អាជ្ញាធរ​បើក​ឡើង​វិញ​និង​ពង្រីក​លំហ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ»។

ក្រុម​មន្ត្រី​កម្ពុជា​ទាំង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ជំទាស់​ស្វាគម៍​ចំពោះ​ការ​តែង​តាំង​លោក ​Patrick Murphy។

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា​លោកនឹង​ស្វាគមន៍​ចំពោះ​ការ​ទទួល​តំណែង​របស់​លោក​ W. Patrick Murphy ​ហើយ​បញ្ជាក់​ថានេះ​ជា​តំណាង​នៃ​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ ហើយ​តំណាង​ទំនាក់​ទំនង ​និង​សហ​ប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​សហរដ្ឋ​អាមេរិក ​និង​កម្ពុជា។

លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ ​បាន​ថ្លែង​ប្រាប់ VOA​ តាមខ្លឹម​សារ​ដើម​ថា៖ ‍‍​«ខ្ញុំយល់​ឃើញថា ​លោក​មាន​ជំហរ​រឹងមាំ​ ជំហរ​ច្បាស់​លាស់​ទាក់ទង​នឹង​ការ​ការពារ​សិទ្ធិមនុស្ស​និង​គោលការណ៍​ប្រជាធិបតេ​យ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ អីចឹង​ខ្ញុំមាន​ជំនឿ​ថា​ គាត់​នឹង​ផ្តល់​សេចក្តី​រាយការណ៍​ទៅ​ដល់​រដ្ឋធានី វ៉ាស៊ីនតោន​ឲ្យ​សហរដ្ឋ​អាមេរិក​ចាត់​វិធាន​ការ​សមស្រប​ដើម្បី​ជំរុញ​ឲ្យមាន​ការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា‍»។

ក្រុម​មន្ត្រី​គណបក្ស​ជំទាស់ ​កំពុង​ទាមទារ​ឲ្យមាន​ការ​ដោះលែង​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​រស់ឡើង​វិញ ក្រោយ​ពី​ត្រូវ​រំលាយ​មុនការ​បោះឆ្នោត​កាលពី​ខែកក្កដា​ ឆ្នាំ២០១៨​ បោះឆ្នោត​ឡើង​វិញ ផ្តល់​សិទ្ធិ​នយោបាយ​ដល់​មន្ត្រី​គណបក្ស​ជំទាស់​ជាង​១០០នាក់​ឡើងវិញ ​ដើម្បី​ស្តារ​ស្ថាន​ការណ៍​នយោបាយ​និង​លទ្ធិ​ប្រជាធិប​តេយ្យ​កម្ពុជា​ឡើងវិញ​ ដែល​ជា​ការ​ធានា​ដល់​ការ​បញ្ជៀស​ទណ្ឌកម្ម​សេដ្ឋកិច្ច ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ​លើ​ទំនិញ​កម្ពុជា EBA​ និង​ GSP​ ពីមហា​អំណាច​ដូចជា​អាមេរិក​និង​សហភាព​អឺរ៉ុប៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG