សេតវិមាននៅល្ងាចថ្ងៃសុក្រទី១០ ខែសីហា នេះ បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) គ្រោងធ្វើសំណើតែងតាំងលោក W. Patrick Murphy ជាឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាមិនយូរប៉ុន្មានក្រោយពីការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស់ថ្មីៗនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែល VOA ទើបបានទទួលនៅថ្ងៃនេះ។
ប្រសិនបើសំណើតែងតាំងថ្មីនេះត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិកយល់ព្រម នោះលោក W. Patrick Murphy នឹងត្រូវជំនួសលោក William Heidt ឯកអគ្គរដ្ឋទូតបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកដែលត្រូវផុតអាណត្តិនៅពេលឆាប់ៗខាងមុខ។ ប៉ុន្តែសេចក្តីថ្លែងការណ៍នោះមិនបានបញ្ជាក់អំពីពេលវេលាលម្អិតនៃដំណើរការតែងតាំងឯកអគ្គរដ្ឋទូតថ្មីនេះទេ។
សេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា លោក Murphy មានអាជីពជាអ្នកការទូតជាន់ខ្ពស់មួយរូប ហើយសព្វថ្ងៃលោកមានតួនាទីជាឧបការីរងចម្បងស្តីទីរដ្ឋមន្ត្រីការបរទេស (Acting Principal Deputy Assistant Secretary) នៅការិយាល័យកិច្ចការអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោក Murphy មានដើមកំណើតពីរដ្ឋ Vermont នៅភាគឥសានសហរដ្ឋអាមេរិក ហើយបានបម្រើការអស់រយៈពេលជាង២៥ឆ្នាំនៅក្នុងក្រុមបុគ្គលិកកិច្ចការការទូតជាន់ខ្ពស់ (Senior Foreign Service) ដោយរួមមានតួនាទីជាឧបការីរងរដ្ឋមន្ត្រីនៅការិយាល័យកិច្ចការអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកពីឆ្នាំ២០១៦ដល់២០១៨ ជាអនុប្រធានបេសកកម្មនិងភារធារីនៅទីស្ថានទូតក្នុងក្រុងបាងកកប្រទេសថៃពីឆ្នាំ២០១៣ដល់២០១៦ និងជាអ្នកតំណាងស្តីទីពិសេសនិងជាអ្នកសម្របសម្រួលគោលនយោបាយនៅក្នុងស្ថានទូតប្រចាំប្រទេសភូមា(មីយ៉ានម៉ា)ពីឆ្នាំ២០១២ដល់២០១៣ ជាដើម។
បើតាមប្រវត្តិរូបនៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក W. Patrick Murphy បានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតពីសាកលវិទ្យាល័យ Johns Hopkins University និងមហាវិទ្យាល័យយោធាជាន់ខ្ពស់ជាតិ National War College ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក Murphy ថែមទាំងបានទទួលរង្វាន់ការងារជាច្រើន ហើយលោកចេះនិយាយភាសាបារាំង ភូមា ចិនកន្តាំង និងភាសាអេស្ប៉ាញ៕
សូមប្រិយមិត្តរង់ចាំព័ត៌មានលម្អិតរបស់ VOA នៅពេលខាងមុខ។