ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បន្ត​ស្នើ​កម្ពុជា​ឱ្យ​វិល​រក​គន្លង​ប្រជាធិបតេយ្យ​វិញ


លោក Patrick Murphy ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតមួយកាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅឯនិវេសនដ្ឋានការទូតមួយរបស់សហរដ្ឋអាមេរិក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ (អូន ឆេងប៉រ/VOA)
លោក Patrick Murphy ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងសន្និសីទកាសែតមួយកាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅឯនិវេសនដ្ឋានការទូតមួយរបស់សហរដ្ឋអាមេរិក ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ (អូន ឆេងប៉រ/VOA)

បន្ទាប់​ពី​បាន​ចាត់​វិធានការ​មួយ​ចំនួន​ដាក់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​អំពាវនាវ​សា​ជា​ថ្មី​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យពិចារណា​ឱ្យ​បាន​គត់​មត់​ ​ក្នុង​ការ​ស្តារ​ស្ថានភាពប្រជាធិបតេយ្យនៅ​កម្ពុជា​ឡើង​វិញឲ្យ​ដូច​ស្ថានភាព​នៅ​ពី​មុន​ការ​បង្ក្រាប​លើ​ក្រុម​សម្ព័ន្ធ​នយោបាយ​ជំទាស់​ សង្គម​ស៊ីវិល​ និង​សារ​ព័ត៌មាន​ឯករាជ្យ​ធំៗ​ ​នា​ពេល​ថ្មីៗ​នេះ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​ឥត​ព្រាង​ទុក​របស់​លោក​មក​កាន់​រាជធានី​ភ្នំពេញ​នៅ​សប្ដាហ៍​នេះ​ លោក ​Patrick Murphy​ ​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​ ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ីអាគ្នេយ៍​ ​បាន​និយាយ​ថា ​ក្នុង​នាម​ជា​ប្រទេសជា​មិត្ត​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ នៅ​ពេល​ដែល​អាមេរិក​និយាយ​ថា​ ខ្លួន​មាន​ក្ដី​បារម្ភ​ ​ខ្លួន​មាន​ករណីយកិច្ច​ក្នុង​ការ​ចាត់​វិធានការ​នៅ​រាល់​ការ​វិល​ថយ​ក្រោយ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ Patrick Murphy​ ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​និវេសនដ្ឋាន​អ្នក​ការ​ទូត​អាមេរិក​ ​ក្នុង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ​កាល​ពី​វេលា​រសៀល​ថ្ងៃ​ពុធ​នេះ​ ​យ៉ាង​ដូច្នេះ​ថា៖

«យើង​ជឿជាក់​ថា ​នៅ​មាន​កាលានុវត្តន៍ភាព​មួយ ​ក្នុង​ការ​បក​ត្រឡប់​មក​ក្រោយ​វិញ​នៃ​ចំណាត់​ការ​ទាំង​នេះ​[ដោយ]រដ្ឋាភិបាល​កម្ពុជា ​ឱ្យ​មក​ស្ថិត​លើ​ផ្លូវ​ត្រូវ​វិញ ​ដើម្បី​ឈាន​ចូល​ទៅ​ឆ្នាំ​២០១៨ ​និង​រៀប​ចំ​ដំណើរការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​ស្រប​ច្បាប់»។

​លោក​ឧបការី​រង​ ដែល​បាន​ជួប​ប្រជុំ​នឹង​លោក​រដ្ឋលេខាធិការ​ការ​បរទេស​កម្ពុជា​ អ៊ុច បូរិទ្ធ​ និង​លោក​ឧបនាយករដ្ឋមន្ត្រី​ ស ខេង​ នៅ​តែ​បង្ហាញ​ជំនឿ​ថា​ ​ទំនាក់ទំនង​ដែល​ប្រេះ​ស្រាំ​រវាង​ទីក្រុង​ភ្នំពេញ​ ​និង​ទីក្រុង​វ៉ាស៊ីនតោន​ ​អាច​នឹង​វិល​ត្រឡប់​មក​កាន់​ភាព​ល្អ​ប្រសើរ​ឡើង​វិញ ​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​វោហាស័ព្ទ​ចង្អុល​មុខ​សហរដ្ឋ​អាមេរិកត្រង់ៗ​ថា​នៅ​ពី​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ​រៀបចំ​គម្រោង​ការ​«បដិវត្តន៍​ពណ៌»​ប្រុង​ផ្ដួល​រំលំ​របប​ដឹកនាំ​កម្ពុជា។

​លោក​ Patrick ​Murphy ​បាន​និយាយ​ថា៖​

​«មាន​ការ​ប៉ះ​ទង្គិច​គ្នា​តិចតួច ​មាន​គ្រឿង​រំខាន​ជា​បន្ត​បន្ទាប់​លើ​ទំនាក់ទំនង​ទ្វេភាគី ​រវាង​ប្រទេស​យើង​ទាំង​ពីរ។ ​ប៉ុន្តែ​យើងបន្តមាន​សុទិដ្ឋិនិយម។ ​ហេតុ​អ្វី? ​មូលហេតុ​នៅ​ត្រង់​ថា ​យើង​បាន​ធ្វើ​ការ​វិនិយោគ​[លើ​ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា]។ យើង​ដឹង​ថា ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ហើយ​ ហើយ​ប្រទេស​នេះ​មាន​អ្វី​ដែល​ត្រូវ​ខាតបង់​ច្រើន​ណាស់​ បើ​សិន​ជា​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ដើម​របស់​ខ្លួន​វិញ​នោះ»។

រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​លោក​ យឹម​ សុវណ្ណ​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេងឆ្នោត ថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)
រូបឯកសារ៖ លោក​ កឹម​ សុខា​ និង​លោក​ យឹម​ សុវណ្ណ​ នៅក្នុង​ក្បួន​យុទ្ធនា​ការ​ឃោសនា​រក​សំលេងឆ្នោត ថ្ងៃ​ដំបូងរបស់គណបក្ស​សង្គ្រោះជាតិ​ នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

​ក្រោយ​ពី​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ប្រធាន​គណបក្ស​ប្រឆាំង​ ​គឺ​លោក ​កឹម ​សុខា​ ថា​ ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​ប្ដឹង​ផ្ដល់​រហូត​ដល់​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជា​គូ​ប្រជែង​ធំ​បំផុត​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​រដ្ឋសភា​ឆ្នាំ​ក្រោយ​ ​ក្នុង​បណ្ដឹង​ដែល​សម្រេច​សេចក្ដី​ដោយ​តុលាការ​កំពូល​កម្ពុជា។​ រីឯ​មន្ត្រី​បក្ស​ប្រឆាំង​១១៨​នាក់​ត្រូវ​ទទួល​បាន​កាត​ក្រហម​ដេញ​ចេញ​ពី​សង្វៀន​នយោបាយ​ចំនួន​៥​ឆ្នាំ។

​ការ​បង្រ្កាប​លើ​គណបក្ស​ប្រឆាំង​នេះ មាន​ឡើង​នៅ​ស្រប​ពេល​ដែល​មាន​សេចក្ដី​រាយការណ៍​អំពី​ការ​រឹតត្បិត​លំហ​សង្គម​ស៊ីវិល និង​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​ដែល​ឯករាជ្យ​ពី​របប​គ្រប់គ្រង​ប្រទេស​កម្ពុជានៅ​ក្រោយ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​ ដែល​បក្ស​ប្រឆាំង​បាន​វាយ​បែក​ឫស​ខាង​ក្រោម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កាន់​អំណាច​តាំង​ពី​ឆ្នាំ​១៩៧៩​មក ​កាន់​កាប់​កៅអី​ជា​មេឃុំ​ចៅ​សង្កាត់​ ប្រមាណ​១​ភាគ​៣ ​នៅ​ទូទាំង​ប្រទេស។

​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​កាល​ពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​សហរដ្ឋ​អាមេរិក​បាន​ចាត់​វិធានការ​ជា​បន្ត​បន្ទាប់​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ​ដែល​ក្នុង​នោះ​រួម​មាន​ការ​បញ្ឈប់​ជំនួយ​ដល់​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)​ ​និង​ការ​ដាក់​ការ​រឹត​បន្តឹង​ផ្នែក​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​នានា​ដែល​អាមេរិក​យល់​ថា​ បាន​ចូលរួម​«បំផ្លិច​បំផ្លាញ»​ប្រជាធិបតេយ្យ​របស់​ប្រទេស។

​អ្នក​ការ​ទូត​អាមេរិកាំង​រូប​នេះ​បាន​ស្ទាក់​ស្ទើរ​មិន​ពិភាក្សា​ឡើយ​នៅ​ត្រូវ​ពេល​ត្រូវ​បាន​សួរ​អំពី​វិធានការ​បន្ទាប់​របស់ទីក្រុង​វ៉ាស៊ីនតោន ​បើ​សិន​ជា​ទីក្រុង​ភ្នំពេញ​ព្រងើយ​កន្តើយ​នឹង​សំណើ​របស់​ខ្លួន ​តែ​លោក​ថា​ ភាព​ស្រប​ច្បាប់​នៃ​ការបោះ​ឆ្នោត​រដ្ឋ​សភា​ឆ្នាំ​ក្រោយ​មុខ​ជា​ស្ថិត​ក្នុង​សភាព​ស្រពេចស្រពិល ​បើ​សិន​ជា​បរិបទ​នយោបាយ​នៅ​តែ​ប្រព្រឹត្ត​ទៅ​យ៉ាង​ដូច្នេះ។

ឆ្លើយ​នឹង​សំណួរ​អ្នក​សារព័ត៌មាន​ ​លោក​ ​Patrick Murphy​ ​បាន​និយាយ​ថា៖

​«យើង​មាន​[កញ្ចប់]​ចម្រុះ​ទៅ​ដោយ​វិធានការ​ ​និង​ឧបករណ៍​ដែល​យើង​អាច​នឹង​ធ្វើ​ការ​ពិចារណា។ ​ខ្ញុំ​នឹង​មិន​បញ្ចេញបង្ហាញ​វិធានការ​ទាំង​នោះ ​នា​ពេល​នេះ​ទេ។ ​ប៉ុន្តែ​សារ​របស់​យើង​មួយ​ដែល​យើង​បាន​ផ្ដល់​ដល់​កម្ពុជា​ នោះ​គឺ​ថា ​ការត្រឡប់​ក្បាល​ថយ​ក្រោយ​បែប​នេះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​របស់ប្រទេស ​បាន​នាំ​ឱ្យ​ភាព​ស្រប​ច្បាប់​នៃ​ដំណើរការ​បោះឆ្នោត​ដែល​នឹង​មក​ដល់​នា​ពេល​ខាង​មុខ​ឱ្យ​ស្ថិត​ក្នុង​គ្រោះ​ហានិភ័យ»។

​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌មាន​ក្នុង​ស្រុក​នានា​ ​ក្នុង​ជំនួប​ជាមួយ​មន្ត្រី​ខ្មែរ ​លោក​ ​Patrick​ Murphy​ ​ត្រូវបាន​ប្រាប់​យ៉ាង​មធ្យ័ត​ ​ក្នុង​ខ្សែ​បន្ទាត់​ជំហរ​នយោបាយ​របស់​ភ្នំពេញ​ថា​ ​នឹង​មិន​មាន​ការ​វិល​ត្រឡប់​ក្រោយ​នោះ​ទេ​ ជា​មួយ​នឹង​វិធានការ​ដែល​មាន​ឡើង​ទៅ​លើ​ក្រុម​ជំទាស់​នឹង​របប​ដឹក​នាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​ក្នុង​សុន្ទរកថា​មួយ​ ​កាល​ពី​ថ្ងៃ​អង្គារ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ ​បាន​ប្រកាស​យក​ជ័យ​លើ​ការ​បង្ក្រាប​ក្រុម​ចលនា​«បដិវត្តន៍​ពណ៌»​ ​នៅ​កម្ពុជា ​ដោយ​អះ​អាង​ថា ​រដ្ឋអំណាច​លោក​បាន ​«វាយ​បំបាក់​ឆ្អឹង​ខ្នង ​កាត់​ក្បាល ​និង​រំលាយ​ដង​ខ្លួន»​របស់​ចលនា​នេះ​បាន​រួច​ជា​ស្រេច។​ តែ​លោក​បាន​ប្រាប់​កង​កម្លាំង ​និង​មន្រ្តី​អ្នក​ស្មោះស្ម័គ្រ​ឱ្យ​បន្ត​ស្ថិត​ក្នុង​ស្ថានការណ៍​ប្រុង​ជើងការ ​ត្បិត​អី​អ្នក​នៅ​ពី​ក្រោយ​«បដិវត្តន៍​ពណ៌»​ដែល​លោក​ទំនង​ចង់​សំដៅ​លើ​សហរដ្ឋ​អាមេរិក​ ​នៅ​មិន​ទាន់​បញ្ឈប់​ការ​ប៉ុនប៉ង​របស់​គេ​នៅ​ឡើយ។

​ការ​អំពាវ​នាវ​សា​ជា​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​តាម​រយៈ​អ្នក​ការ​ទូត​ខ្លួន​ ​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​ ​ដែល​ជា​ម្ចាស់​ជំនួយ​ចំបង​មួយ​នៃ​កិច្ច​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​បាន​ប្រកាស​ផ្អាក​ជំនួយ​ដល់​ ​គ.ជ.ប.​ ​សម្រាប់​ការ​បោះ​ឆ្នោត​ដែល​ខ្លួន​មាន​មន្ទិល​ថា​នឹង​មាន​ភាព​ស្រប​ច្បាប់​ឬ​អត់។

​VOA ​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​សុំ​ការ​បំភ្លឺ​បាន​ទេ​ នៅ​ចុង​រសៀល​ថ្ងៃ​ពុធ​នេះ​បាន​ទេ​ ខណៈ​ដែល​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​មហាផ្ទៃ​ក៏​បដិសេធ​ ​មិន​ផ្ដល់​អត្ថាធិប្បាយ​ទេ​រឿង​ជំនួប​លោក​ ​Patrick Murphy​ ​និងលោក ​ស ​ខេង​ ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ​នេះ។

រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)
រូបឯកសារ៖ លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​លោក​ ​សុខ​ ឥសាន​ ​បាន​និយាយ​ថា​ ​មិន​មាន​ឡើយ​លទ្ធ​ភាព​នៃ​ការ​វិល​ត្រឡប់​ក្រោយ​នៃ​វិធានការ​ប្រឆាំង​នឹង​ក្រុម​ជំទាស់​នៅ​កម្ពុជា​ និង​ក្រុម​អ្នក​ដែល​លោក​និយាយ​ថា​«បាន​ប្រព្រឹត្ត​កំហុស»។

អ្នក​នាំ​ពាក្យ​រូប​នេះ​ថ្លែង​ប្រាប់ VOA ថា៖

​«អា​ហ្នឹង​វា​ហួស​ពេល​ហើយ​ ដូច​នាវា​បាន​ចាក​ចោល​កំពង់ផែ​ហើយ​ អត់​មាន​ងាក​ក្រោយ​បាន​ទេ។ ​ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ​ គឺ​មិន​អាច​បកក្រោយ​បាន​ទេ។ ​ការ​បក​ក្រោយ​លើ​ករណី ​កឹម ​សុខា ​និង​គណបក្ស​ប្រឆាំង​ គឺ​បាន​ន័យ​ស្មើ​នឹង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ ​និង​នីតិរដ្ឋ​នៅ​កម្ពុជា»។

​នៅ​ពេល​ត្រូវ​បាន​សួរ​ថា​ ​តើ​គណបក្ស​គ្រប់គ្រង​អំណាច​នៅ​កម្ពុជា​មាន​ការ​បារម្ភ​ឬ​ទេ​ ​ចំពោះ​វិធានការ​ជា​បន្ត​បន្ទាប់​របស់​សហរដ្ឋអាមេរិក​ប្រឆាំង​នឹង​ខ្លួន ​លោក​ ​សុខ​ ឥសាន​ ​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ ​បើ​ទោះ​ជា​សហរដ្ឋ​អាមេរិក​មាន​រាល់​លទ្ធភាព​ ​និង​ជម្រើស​ក្នុង​ការ​ចាត់​វិធានការ​ ​លោក​ជឿ​ជាក់​ថា​ អាមេរិក​នឹង​មិន​ប្រើប្រាស់​វិធានការ​ទាំង​នោះ​ទេ។

​«ក៏​ប៉ុន្តែ ​ខ្ញុំ​យល់​ថា ​គួរ​តែ​រដ្ឋាភិបាល​បរទេស​ដែល​ជា​មិត្តភក្ដិ​ហ្នឹង​គិតគូរ ​កុំ​យក​ប្រជាជន​១៥​លាន​នាក់ ​ទៅ​ដូរ​នឹង​ជន​មួយ​ក្ដាប់​តូច​ដែល​ក្បត់​ជាតិ ​អា​ហ្នឹង​វា​អត់​ត្រូវ​ទេ។​ និង​ម្យ៉ាង​ទៀត​ កុំ​ឱ្យ​កម្ពុជា​បោះបង់​ឯករាជ្យភាព​ និង​អធិបតេយ្យរបស់​ខ្លួន ​ដើម្បី​គ្រាន់​តែ​មនុស្ស​មួយ​ក្រុម​តូច​ដែល​ក្បត់​ជាតិ​នោះ​បាទ»។

​ចាប់​តាំង​ពី​ការ​រំលាយ​ដោយ​តុលាការ​កំពូល​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រកាស​មិន​ទទួល​ស្គាល់​សាលដីកា​ ​បាន​ធ្វើ​ប្រតិបត្តិការ​នយោបាយ​របស់​ខ្លួន​ទាំង​ស្រុង​ ​ពី​ក្រៅ​ប្រទេស ​ដែល​ការងារ​ស្នូល​រួម​មាន​ការ​ធ្វើ​យុទ្ធនាការ​ការ​ទូត​ទាម​ទារ​ឱ្យ​បណ្ដា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ដាក់​សម្ពាធ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បន្ធូរបន្ថយ​ការ​បង្ក្រាប។

​នៅ​ក្នុង​សវនាការ​សាធារណៈ​មួយ​នៅ​គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​ជាន់​ទាប​សហរដ្ឋ​អាមេរិក ​កញ្ញា​ ​កឹម មនោវិទ្យា​ ​កូន​ស្រី​លោក​ កឹម ​សុខា ​និង​ជា​នាយិកា​រង​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អំពាវនាវ​ ឱ្យ​អាមេរិក​មាន​វិធាន​ការ​បន្ថែម​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ ហ៊ុន ​សែន ​រួម​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ ​និង​ការ​ទាញ​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក ​រួម​មាន ​ជប៉ុន​ កូរ៉េ​ខាង​ត្បូង ​និង​អូស្ត្រាលី ​ឱ្យ​ចូល​រួម​ចាត់​វិធាន​ការ​ដាក់​សម្ពាធ។

​ការ​បង្ក្រាប​លើ​ក្រុម​ជំទាស់​នៅ​កម្ពុជា​ ​បាន​ទទួល​ការ​គាំទ្រ​ជា​ទូទៅ​ពី​សំណាក់​ប្រទេស​ចិន ​ដែល​ជា​សម្ព័ន្ធ​មិត្ត ​និង​ជា​អ្នក​ផ្ដល់​ជំនួយ​ និង​ការ​វិនិយោគ​ធំ​បំផុត​នៅ​កម្ពុជា។ ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​ ​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ធំៗ​បំផុត​ ដែល​បញ្ជា​ទិញ​ផលិត​ផល​វាយនភណ្ឌ ​ដែល​ជា​ផលិត​ផល​នាំ​ចេញ​ធំ​បំផុត​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​ដ៏​រស់​រវើក​របស់​កម្ពុជា។

​ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ពុធ​នេះ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន ​សែន​ ​ដែល​កាល​ពី​មុន​នេះ​ ​បាន​ស្នើ​ឱ្យ​អាមេរិក​ ​កាត់​ផ្ដាច់​រាល់​ជំនួយ​មក​កាន់​កម្ពុជា​ ​ជា​ជាង​លូក​លាន់​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា​ ​បាន​និយាយ​ប្រាប់​ក្រុម​អ្នក​វិនិយោគ​ អ្នក​តាក់​តែង​គោល​នយោបាយ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​ឱ្យ​ខិតខំ​ធ្វើ​ពិពិធកម្ម​ (ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពឹង​ផ្អែក​លើ​វិស័យ​ច្រើន​មុខ/economic diversification) ទីផ្សារ​នាំ​ចេញ ​ដើម្បី​ឱ្យ​ទិស​ដៅ​នៃ​ផលិតផល​ប្រទេស​កម្ពុជា​មាន​ជម្រើស​គោលដៅ​ច្រើន​ជា​ជាង​ពឹង​ផ្អែក​លើ​ប្រទេស​ ឬ​អ្នក​បញ្ជា​ទិញ​មួយ​ឬ​ពីរ៕

XS
SM
MD
LG