របាយការណ៍ថ្មីមួយនិយាយថា ការរាតត្បាតនៃជំងឺកូវីដ១៩ បានធ្វើឲ្យយឺតយ៉ាវនូវដំណើរការកាត់បន្ថយភាពក្រីក្រ និងដំណើរការសុខភាពនៅជុំវិញពិភពលោក។
របាយការណ៍ប្រចាំឆ្នាំដែលមានឈ្មោះថា Goalkeepers បានឲ្យដឹងថា មនុស្សចំនួនជិត៣៧លាននាក់ នៅជុំវិញពិភពលោក បានធ្លាក់ក្នុងភាពក្រីក្រដ៏ខ្លាំង ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩មក ជាមួយនឹងកំណើនឡើងប្រមាណ៧% ក្នុងរយៈពេលត្រឹមពីរ ឬ បីខែ ចុងក្រោយនេះ។ របាយការណ៍នេះចេញផ្សាយដោយមូលនិធិ Bill and Melinda Gates ដែលជាមូលនិធិបង្កើតឡើងដោយ មហាសេដ្ឋីស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates និងភរិយារបស់លោក។
ទន្ទឹមនឹងនេះចំនួនភាគរយនៃកុមារដែលទទួលវ៉ាក់សាំងទៀងទាត់ សម្រាប់ជំងឺផ្សេងៗដូចជាជំងឺកញ្រ្ជិលនិងរោគខាន់ស្លាក់ជាដើម បានធ្លាក់ចុះពីចំនួនខ្ពស់បំផុត៨០% កាលពីឆ្នាំទៅ មកនៅត្រឹម៧០% ក្នុងឆ្នាំ២០២០ នេះ ដែលចំនួនធ្លាក់ចុះនេះមិនដែលធ្លាប់មានពីមុនទេ ចាប់តាំងពីទសវត្សរ៍១៩៩០ មក។
លោក Bill Gates បានទទួលស្គាល់ដំណើរថយក្រោយដោយសារវិបត្តិជំងឺកូវីដ១៩នេះ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានThe New York Times ប៉ុន្តែលោកបង្ហាញពីសុទិដ្ឋិនិយមថា ពិភពលោកទាំងមូលនឹងរើបឡើងវិញពីផលប៉ះពាល់ ក្នុងរយៈពេល២ ឬ ៣ឆ្នាំទៀត។
លោកថា នៅពេលនោះចំណូលពីវិស័យទេសរណ៍ និងការផ្ញើប្រាក់ពីសាច់ញាតិដែលធ្វើការនៅបរទេស កើតមានឡើងវិញ ហើយការផ្តល់ប្រាក់កម្ចីរបស់ធនាគារពិភពលោក នឹងចាប់ផ្តើមឡើងវិញជាថ្មីម្តងទៀត នៅពេលមនុស្សនៅជុំវិញពិភពលោកបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលលោកទស្សន៍ទាយថា អាចកើតមានយ៉ាងយូរត្រឹមឆ្នាំដំណាច់ឆ្នាំ២០២២ខាងមុខនេះ៕
ត្រឹមថ្ងៃទី១៥ ខែកញ្ញានេះ ជំងឺកូវីដ១៩ បានឆ្លងដល់មនុស្សជិត៣០លាននាក់ នៅជុំវិញពិភពលោក និងសម្លាប់មនុស្សជាង៩២០.០០០នាក់៕