មនុស្សជាង ២៩ លាននាក់បានឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោក។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins នៅថ្ងៃចន្ទនេះ។ អង្គការសុខភាពពិភពលោក WHO បានបញ្ជាក់កាលពីថ្ងៃអាទិត្យម្សិលមិញនៅពេលដែលចំនួនអ្នកឆ្លងកើនជិត ២៩ លាននាក់ថា តួលេខនេះឆ្លុះបញ្ចាំងនូវការកើនឡើងនៃអ្នកឆ្លងជំងឺនេះរយៈពេលមួយថ្ងៃចំនួន ៣០៧.៩៣០ ករណី ដែលជាចំនួនដ៏ច្រើនជាងគេបំផុតក្នុងពេលមួយថ្ងៃកន្លងមក។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ករណីឆ្លងជំងឺនេះក្នុងពេលមួយថ្ងៃកាលពីថ្ងៃទី ៦ ខែកញ្ញា មានចំនួន ៣០៦.៨៥៧ ករណី ហើយករណីស្លាប់ដោយសារជំងឺនេះច្រើនជាងគេបំផុតក្នុងពេលមួយថ្ងៃ មានចំនួន ១២.៤៣០ កាលពីថ្ងៃទី ១៧ ខែមេសា។
អង្គការ WHO បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌា សហរដ្ឋអាមេរិក និងប្រេស៊ីល ដែលជាប្រទេស ៣ ដែលនាំមុខគេលើពិភពលោកសម្រាប់ករណីឆ្លងជំងឺនេះ ក៏បានបង្ហាញនូវការកើនឡើងច្រើនបំផុតផងដែរ។ ចំនួនមនុស្សស្លាប់ដោយសារជំងឺនេះបានកើនឡើងជាង ៥.៥០០ នាក់ ដោយធ្វើឲ្យមនុស្សស្លាប់ទាំងអស់លើពិភពលោកដោយសារជំងឺនេះមានចំនួន ៩១៧.០០០ នាក់។
ឥណ្ឌាបានរាយការណ៍ពីការឆ្លងថ្មីចំនួន ៩៤.៣៧២ ករណី សហរដ្ឋអាមេរិកចំនួន ៤៥.៥២៣ ករណី និងប្រេស៊ីលចំនួន ៤៣.៧១៨ ករណី កាលពីថ្ងៃអាទិត្យ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានចំនួនជាង ៦ លាន ៥ សែនករណី៕