ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា​ ប្រាក់​ឈ្នួល​កម្មករ​ទូទៅ​ថយ​ចុះ​ខ្លាំង​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ កម្មករ​ម្នាក់​សម្រាក​ក្រោយ​បញ្ចប់​ម៉ោង​ធ្វើការ នៅ​រោងចក្រ​ស្បែកជើង Complete Honour Footwear Industrial របស់​ក្រុមហ៊ុន​តៃវ៉ាន់ ខេត្ត​កំពង់ស្ពឺ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨។
រូបឯកសារ៖ កម្មករ​ម្នាក់​សម្រាក​ក្រោយ​បញ្ចប់​ម៉ោង​ធ្វើការ នៅ​រោងចក្រ​ស្បែកជើង Complete Honour Footwear Industrial របស់​ក្រុមហ៊ុន​តៃវ៉ាន់ ខេត្ត​កំពង់ស្ពឺ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨។

ការ​សិក្សា​ស្រាវជ្រាវ​ចុង​ក្រោយ​បំផុត​មួយ ​បាន​បង្ហាញ​ថា​ កម្មករ​ធ្វើការ​ស្ទើរ​គ្រប់​វិស័យ​ បាន​ឃើញ​ការ​ធ្លាក់​ចុះ​ប្រាក់​ឈ្នួល​ប្រចាំ​ខែ​យ៉ាង​ហោចណាស់​៣០​ភាគ​រយ​ ក្នុង​ចន្លោះ​បួន​ខែ​ដើម​ឆ្នាំ​២០២០​នេះ​ ក្នុង​គ្រា​មាន​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩។​

ការ​សិក្សា​ស្រាវជ្រាវ​ដែល​មាន​ចំណង​ជើង​ថា ​«ផល​ប៉ះពាល់​នៃ​កូវីដ១៩​ទៅ​លើ​កម្មករ​រំពឹង​ប្រាក់​ឈ្នួល»​ ដែល​រៀប​រៀង​រួម​គ្នា​ដោយ​ អង្គការ​វេទិកា​អនាគត​ និង​ក្រុម​ហ៊ុន​អង្គរ​ស្រាវជ្រាវ​និង​ផ្តល់​ប្រឹក្សា​ បាន​ពិនិត្យ​ទៅ​លើ​ការ​បាត់​បង់​ចំណូល​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ សំណង់ ​ទេសចរណ៍​ និង​វិស័យ​ផ្សេង​ទៀត​ ដូច​ជា​សេវា​កម្ម​កម្សាន្ត​ជាដើម។​

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៨​ ខែ​កញ្ញា​កន្លង​ទៅ​នេះ​ បាន​បង្ហាញ​ថា​ប្រាក់​ខែ​កម្មករ​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ ក្នុង​ចន្លោះ​ខែ​មករា​ ដល់​ខែ​មេសា​ ឆ្នាំ​២០២០។ ការ​ស្ទង់​មតិ​បាន​ធ្វើ​ទៅ​លើ​កម្មករ​ចំនួន​១៦៧៥​នាក់​នៅ​៥​រាជធានី​ខេត្ត។​

ការ​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ ប្រាក់​ឈ្នួល​ជា​មធ្យម​របស់​កម្មករ​ទូទៅ​ក្នុង​ខែ​មករា​ឆ្នាំ​២០២០ ​គឺ​មាន​ប្រមាណ​២៣៧,៤​ដុល្លារ​អាមេរិក​ តែ​វា​បាន​ថយ​ចុះ​៣០​ភាគ​រយ​ មក​នៅ​ត្រឹម​ជា​មធ្យម​ ១៦៧,២​ដុល្លារ​អាមេរិក ​ក្នុង​ខែ​មេសា។ ​ការ​ថយចុះ​ប្រាក់​ឈ្នួល​ និង​បាត់​បង់​ប្រាក់​ឈ្នួល​ជា​មធ្យម​នេះ​ គឺ​ប្រែប្រួល​ទៅ​តាម​ស្ថាន​ភាព​នៃ​ដំណើរ​ការ​អាជីវ​កម្ម​នៃ​កន្លែង​កម្មករ​បម្រើ​ការងារ​ ទីតាំង​ភូមិ​សាស្ត្រ​ និង​កម្រិត​អប់រំ​របស់​កម្មករ។​

ការ​ស្រាវជ្រាវ​ដដែល​ក៏បាន​កត់​ត្រា​នូវ​ទំហំ​បាត់​បង់​ប្រាក់​ចំណូល​របស់​កម្មករដែល​មាន​ចំនួន​ច្រើន​ក្នុង​វិស័យ​សេវា​កម្សាន្ត​ សេវាកម្ម​សំណង់​ និង​កសិកម្ម​ផង​ដែរ។ របាយ​ការណ៍​សង្ខេប​នៃ​លទ្ធផល​ស្រាវ​ជ្រាវ​នេះ​បាន​សរសេរ​ថា៖​

«កម្រិត​នៃ​ការ​បាត់​បង់​ប្រាក់​ចំណូល​ដ៏ច្រើន​ត្រូវ​បាន​កំណត់​តាម​មុខ​របរ​ជា​ច្រើន​ ដូច​ជា​ វិស័យ​សេវា​កម្សាន្ត​ និង​អ្នក​ផ្តល់​សេវា​ផ្លូវ​ភេទ​ បាន​ឃើញ​ចំណូល​ថយ​ចុះ​ ៨៤,៥​ភាគ​រយ​កម្មករ​ផ្នែក​បដិ​សណ្ឋារ​កិច្ច​ និង​សេវា​កម្ម​ ថយ​ចុះ​ចំណូល​៥៦,៤​ភាគ​រយ​ កម្មករ​សំណង់​ថយ​ចុះ​ចំណូល​៣៦,៨​ ភាគរយ​ និង​កម្មករ​រោងចក្រ​ថយ​ចុះ​ចំណូល​២៩,៨​ភាគរយ​ និង​កសិករ​ស៊ី​ឈ្នួល​ថយ​ចុះ​ចំណូល​២៥​ភាគ​រយ»។​

រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​កំពុង​ដេរ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

លោក​ Michael Renfrew ​ប្រធាន​កម្មវិធី​នៃ​អង្គការ​វេទិកា​អនាគត​ បាន​បញ្ជាក់​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិក​មួយ​នា​ថ្ងៃ​អង្គារ​នេះ​ថា​សម្រាប់​កម្មករ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ប្រាក់​ចំណូល​នឹង​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ពេញ​មួយ​ឆ្នាំ​២០២០​នេះ។​

លោក​បាន​អធិប្បាយ​ថា៖ ​«ស្រប​ទៅ​តាម​ការ​រក​ឃើញ​របស់​យើង​នៅ​ជុំ​ដំបូង​នៃ​ការ​ស្ទប់​មតិ ​និង​ការ​ប្រមូល​ទិន្នន័យ​ ហើយ​គួប​ផ្សំ​នឹង​ផល​ប៉ះពាល់​នៃ​ការ​ព្យួរ​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ EBA ​មួយ​ផ្នែក​ដែល​ចូល​ជាធរមាន​កាល​ពី​ខែ​សីហា​នោះយើង​រំពឹង​ថា​ នឹង​ឃើញ​ការ​បន្ត​ធ្លាក់​ចុះ​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​នេះ​ពេញ​មួយ​ឆ្នាំ​២០២០»។​

លោក​ Michael Renfrew ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បន្ត​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ទៅ​ដល់​កម្មករ​ ដែល​ត្រូវ​បាន​ព្យួរ​ការងារ​តាម​រយៈ​ការ​ប៉ះប៉ូវ​នូវ​ប្រាក់​ឈ្នួល​ដែល​បាន​បាត់​បង់​ក្នុង​រយៈ​ពេល​នេះ។ ​ ជា​មួយ​គ្នា​នេះ​ដែរ​ លោក​ Michael ​ផ្តល់​ការ​កត់​សម្គាល់​ថា​វា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ឧស្សាហ​កម្ម​ ក្នុង​ការ​កំណត់​ទីផ្សារ​នាំ​ចេញ​សំខាន់​ថ្មីៗ​សម្រាប់​ផលិតផល​ ដោយ​ផ្អែក​ទៅ​លើ​ការ​ព្យួរ​ដោយ​អន្លើ​នៃ​ប្រព័ន្ធ​ឋានៈ​អនុ​គ្រោះ​ពន្ធ​ EBA ​និង​វិបត្តិ​នៃ​ខែ្ស​សង្វាក់​ផលិត​កម្ម​ ដែល​បណ្តាល​មក​ពី​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។​

លោក​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ យល់​ស្រប​នឹង​ការ​រក​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​ចំណូល​របស់​កម្មករ​ជាទូទៅ​នៅ​ស្ទើរ​គ្រប់​វិស័យ​ ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូវីដ១៩​នេះ ​និង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រៀម​ផែនការ​ជាក់​លាក់​ពាក់​ព័ន្ធ​កំណែ​ទម្រង់​ច្បាប់​ និង​ថ្លៃ​ផលិត​ក្នុង​ប្រទេស​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​បន្ថែម​ នៅ​ក្រោយ​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩​នេះ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​រាល់។​

«ព្រោះ​ពេល​បច្ចុប្បន្ន​ នៅ​ពេល​ដែល​កូវីដ​ហ្នឹង​ វា​ធំ​ពេក​អា​បញ្ហា​EBA ​វា​មើល​ វា​មិន​សូវ​ឃើញ​ទេ។ ​ ប៉ុន្តែ​ពេល​ដែល​កូវីដ​ហ្នឹង​បាន​បញ្ចប់​ អា​បញ្ហា​EBA​ វា​ជា​ឧបសគ្គ​ហើយ ​ព្រោះ​ឥឡូវ​នេះ​ បើតាម​ផែន​ការ​របស់​រដ្ឋាភិបាល​ កំពុង​តែ​បញ្ចៀស​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ផលិត​នូវ​សម្ភារៈ​មួយ​ចំនួន​ដែល​មិន​មែន​ជា​មុខ​ទំនិញ​ជាប់​ពន្ធ​ ដែល​សហគមន៍​ហាម​ ហើយ​មួយ​ទៀត​ បង្កើន​នូវ​ការ​ផលិត​ នូវ​ឱកាស​ផ្សេង​ទៀត​ដូច​ជា​ការ​ផលិត​ជា​សម្ភារៈ​កាបូប​យួរ​ដៃ​ទៅ​អាមេរិក​ជាដើម​ នេះ​គឺ​ជា​សុទ្ធ​តែ​ជា​បញ្ហា។ តែ​បើ​ក្រុម​ហ៊ុន​មិន​អាច​បញ្ចៀស​បាន​ ហើយ​អ្នក​បញ្ជា​ទិញ​គេ​មិន​អាច​ប្តូរ​ស្នើ​បាន​ បាន​ន័យ​ថា​យើង​នៅ​តែ​ប្រឈម​ហ្នឹង​ហើយ»។​

រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។
រូបឯកសារ៖ កម្មករ​កំពុង​ដោត​ខ្សែ​ស្បែក​ជើង​ក្នុង​រោងចក្រ​ស្បែក​ជើង​មួយ​របស់​ក្រុមហ៊ុន​តៃវ៉ាន់​ ក្នុង​ខេត្ត​កំពង់ស្ពឺ ថ្ងៃ​ទី៤ ខែកក្កដា ឆ្នាំ​២០១៨។

លោក​ហេង សួរ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ ​ មិន​ផ្តល់​ការ​អត្ថាធិប្បាយ​លម្អិត​ទៅ​លើ​ការ​ថយចុះ​ប្រាក់​ចំណូល​របស់​កម្មករ​ទេ​ប៉ុន្តែ​លោក​ថា ​ អ្វី​ដែល​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​នោះ​ ជា​«បរិបទ​រួម​ដែល​បណ្តាល​មក​ពី​ជំងឺ​កូវីដ១៩»។​

លោក​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ​ លោក​មិន​អធិប្បាយ​លើ​តួលេខ​ភាគ​រយ​នៃ​ការ​ថយ​ចុះ​ចំណូល​របស់​កម្មករ​ទេ។​ប៉ុន្តែ​លោក​អះអាង​ថា​រដ្ឋា​ភិបាល​កម្ពុជា​ មាន​ផែន​ការ​ច្បាស់​លាស់​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​លំបាក​របស់​កម្មករ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។​

ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បាត់​បង់​មួយ​ចំណែក​នៃ​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​ EBAលោក​សុខ ឥសាន​ មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​បាន​ត្រៀម​ឆ្លើយតប​រាល់​វិបត្តិ​ដែល​អាច​កើត​ចេញ​ពី​ការ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ​មួយ​ចំណែក​នេះ។​

«រាជ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ ដើម្បី​ទប់​ទល់​នឹង​អ្វី​ដែល​គេ​ហៅ​ថា​ ជា​វិបត្តិ​ បង្កើត​ឡើង​ដោយ​ដក​ EBA ​២០​ភាគរយ។ ​ អាហ្នឹង​ ខ្ញុំ​យល់​អ៊ីចឹង​ វា​អត់​មាន​បញ្ហា​អី​ប៉ះ​ពាល់​ទៅ​ដល់​កម្មករ​ទេ។ ​ ហើយ​បើ​សិន​ណា​ យើង​វា​មាន​វិបត្តិ​មែន​អាហ្នឹង​ រាជ​រដ្ឋាភិបាល​លោក​មាន​ទឹក​ប្រាក់​ សាច់​ប្រាក់​ដើម្បី​នឹង​ឧបត្ថម្ភ​គាំទ្រ​ត​ទៅ​ទៀត»។​

យ៉ាងណា​ក៏ដោយ​ លទ្ធផល​ស្រាវជ្រាវ​រួមគ្នា​របស់ ​ក្រុម​ហ៊ុន​អង្គរ​ស្រាវជ្រាវ​និង​ផ្តល់​ប្រឹក្សា ​និង​អង្គការ​វេទិកា​អនាគត​ បាន​រំឭក​អ្នក​តាក់តែង​គោល​នយោបាយ​ថា​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​បួន​នាក់​បាន​រាយ​ការណ៍​ថា​ មិន​បាន​ទទួល​បាន​ប្រាក់​ខែ​ទាល់​តែ​សោះ​នៅ​ខែ​មេសា ​ដោយ​កើន​ពី​កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​២៥​នាក់​នៅ​ខែ​មករា។​

ជាង​នេះ​ទៅ​ទៀត​ លទ្ធផល​បាន​ឲ្យ​ដឹង​ថា​កម្មករ​ដែល​មិន​មាន​កិច្ច​សន្យា​ការងារ​ផ្លូវ​ការ​ បាន​ប្រាក់​ឈ្នួល​ទាប​ជាង​ កម្មករ​ដែល​មាន​កិច្ច​សន្យា​ផ្លូវការ​ មុន​ពេល​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ ហើយ​គន្លាត​ប្រាក់​ឈ្នួល​នេះ​កាន់​តែ​រីកធំ​ខ្លាំង​នៅ​ចន្លោះ​ខែ​មករា​ និង​ខែ​មេសា។ ​ ស្រដៀង​គ្នានេះ​ ដែរ​ កម្មករ​មាន​ការ​អប់រំ​ទាប​ទទួល​ការ​កាត់​ប្រាក់​ខែច្រើន​ជាង​អ្នក​មាន​ការ​អប់រំ​ខ្ពស់​ទៀត​ផង។​

សម្រាប់​វិស័យ​កសិកម្ម កម្មករ​អះអាង​ថា​ ពួកគេ​ឃើញ​ការ​កាត់​ប្រាក់​ចំណូល​២៥​ភាគ​រយ​ ដែល​តិច​ជាង​ការ​បាត់បង់​ចំណូល​៨៥​ភាគ​រយ​របស់​កម្មករ​សេវា​កម្សាន្ត​ និង​អ្នក​ផ្តល់​សេវា​កម្ម​ផ្លូវ​ភេទ៕​

XS
SM
MD
LG