ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជំងឺ​កូវីដ​១៩​បង្អាក់​សេវា​សុខាភិបាល​នៅ​ទូទាំង​ពិភពលោក


រូបឯកសារ៖ ច្រក​ទ្វារ​ចូលទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក WHO នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។
រូបឯកសារ៖ ច្រក​ទ្វារ​ចូលទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក WHO នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

ការ​រាតត្បាត​ជំងឺ​កូវីដ​១៩ ​នាំឲ្យ​មានការ​បង្អាក់​ដល់​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ រួម​មាន​មហា​រីក ការ​មាន​ផ្ទុក​វីរុស​ហ៊ីវ (HIV) ជំងឺ​គ្រុន​ចាញ់​ របេង និង​ការ​ចាក់​ថ្នាំ​ការពារ​ជំងឺ​ផ្សេងៗ។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក។

ការ​ស្ទង់​មតិ​ថ្មី​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​ WHO​ រក​ឃើញ​ថា ​ការ​រាតត្បាត​ជា​សាកល​នៃជំងឺ​កូវីដ១៩​បាន​បង្អាក់សេវា​សុខាភិបាល​ក្នុង​ប្រទេស​សឹង​តែ​ទាំង​អស់​ក្នុង​ពិភពលោក។

បណ្ដា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​និង​មធ្យម​រង​ការ​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ។

អង្គការ ​WHO​ បាននិយាយ​ថា​ ការណ៍​នេះ​នឹង​ទំនង​ជា​ដាក់​បន្ទុក​លើ​វិស័យ​សុខភាព​សាធារណៈ បន្ថែម​ពីលើ​ការ​ខាត​បង់​ដោយសារ​ជំងឺ​បណ្តាល​មក​ពី​វីរុស​កូរ៉ូណា។​

ក្នុងចំណោម​ប្រទេស​១០៥​ដែល​បាន​ឆ្លើយ​តប​នឹង​ការស្ទង់​មតិ​នេះ ប្រទេស​ចំនួន​៩០%​រាយការណ៍​ថា​យ៉ាង​ហោច​ណាស់​មាន​ការបង្អាក់​សេវា​សុខាភិបាល​យ៉ាង​តិច​មួយ​ក្នុង​បណ្តា​សេវា​ចាំបាច់​ចំនួន​២៥។ ប្រទេស​ជាង​ពាក់​កណ្តាល​បាន​រាយការណ៍​ថា​មាន​ការ​បង្អាក់ការ​ធ្វើ​រោគវិនិច្ឆ័យ​និង​ការ​ព្យបាលជំងឺ​មហា​រីក។ កម្មវិធី​ទប់ទល់​នឹង​ជំងឺ​គ្រុន​ចាញ់​មាន​ផល​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​ជិត​ពាក់​កណ្តាល​; មាន​ផល​ប៉ពាល់​លើ​ការព្យាបាល​ជំងឺ​របេង​ជាង​ពីរ​ភាគ​ប្រាំ; ហើយ​ការព្យបាល​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​មាន​ផល​ប៉ះ​ពាល់​ចំនួន​មួយ​ភាគបី។

ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​មាន​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ។ ក្នុង​ចំណោម​ក្រុម​ប្រទេសដែល​បាន​រាយការណ៍​អំពី​ការ​បង្អាក់​សេវា​ចាំ​បាច់​យ៉ាង​តិច​ណាស់​៧៥% មាន​ប្រទេស​ចំនួន​ពាក់​កណ្តាល​ ដែលជា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប។ ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​តែ​៤%​ភាគ​ប៉ុណ្ណោះ ​ដែល​បាន​រាយការណ៍អំពី​ការបង្អាក់​សេវាច្រើន​ដល់​កំរិត​នេះ។

សេវា​មាន​ការ​បង្អាក់​ភាគច្រើន​គឺ​កម្មវិធី​ចាក់​ថ្នាំ​ជា​អលជ្ជី​ដែល​មាន​ផល​ប៉ះពាល់​ដល់​ប្រទេស​ចំនួន​៧០​ភាគរយ​ដែល​ឆ្លើយតប​នឹង​ការ​ស្ទង់​មតិ​នេះ។​ បន្ទាប់​មក​មានផល​ប៉ះ​ពាល់​ដល់​ការធ្វើ​រោគវិនិច្ឆ័យ​និង​ការ​ព្យាបាល​ជំងឺ​មិន​ឆ្លង​ដូចជា​ជំងឺ​បេះដូង​ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ចំនួន​៦៩%។​ កម្មវិធី​ពន្យារ​កំណើត​និង​ការ​ចែក​ចាយ​ថ្នាំ​ពន្យារ​កំណើត​មាន​ផល​ប៉ះពាល់​៦៨%​ហើយ​ការព្យបាល​ជំងឺផ្លូវ​ចិត្ត​មាន​ការប៉ះ​ពាល់​៦១%។

សេវា​គ្រា​មាន​អាសន្ន​មាន​ការ​បង្អាក់​ជិតមួយ​ភាគ​បួន នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​ចូល​រួម​ក្នុង​ការ​ស្ទង់មតិ ​ដោយ​មា​នរួម​បញ្ចូល​ផ្នែក​ព្យាបាល​គ្រា​មាន​អាសន្ន​ក្នុង​២២%​នៃ​ប្រទេស​ទាំង​នេះ ​ការ​ចាក់​បញ្ចូល​ឈាម​នៅ​ក្នុង​ប្រទេស​២៣%​ និង​ការ​វះកាត់​គ្រា​មាន​អាសន្ននៅ​ក្នុង​១៩%​នៃ​ក្រុម​ប្រទេស​មាន​ការរាយការណ៍

ការ​ស្ទង់មតិ​នេះ​បញ្ជាក់​ថា «ភាគ​ច្រើន»​នៃ​ការបង្អាក់​សេវា​ទាំង​នេះ​មាន​ជា​ផ្នែក​គឺ​មាន​ផល​ប៉ះ​ពាល់​លើ​ពី​រវាង​៥​ទៅ​៥០%​នៃ​សេវា​ទាំង​អស់។

រូបឯកសារ៖ វេជ្ជបណ្ឌិត​កំពុង​ធ្វើ​តេស្ត​កុមារ​ម្នាក់​រក​មើល​ជំងឺ​គ្រុន​ចាញ់​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង Arusha ប្រទេស​តង់សានី។
រូបឯកសារ៖ វេជ្ជបណ្ឌិត​កំពុង​ធ្វើ​តេស្ត​កុមារ​ម្នាក់​រក​មើល​ជំងឺ​គ្រុន​ចាញ់​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង Arusha ប្រទេស​តង់សានី។

សេចក្តីថ្លែងការណ៍​មួយរបស់​អង្គការ​ WHO ​បាន​និយាយ​ថា​ការ​ស្ទង់មតិ​នេះ​«លាត​ត្រដាង​ឱ្យ​ដឹង​ថា ​សូម្បី​តែ​ប្រព័ន្ធ​សុខាភិបាល​មាំទាំ ក៏​អាច​មាន​អ្នក​ជំងឺ​ច្រើន​លើស​លប់​និង​ធ្វើ​ការងារ​មិន​បាន​ពេញ​លេញ​ដោយសារ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ ដែរ»។

របាយការណ៍​នេះបាន​និយាយ​ថាផ្នែក​ខាង​ជើង​នៃទ្វីប​អាមេរិក ប៉ែក​ខាងត្បូង​នៃ​ទ្វីប​អាមេរិក​និង​តំបន់​ Caribbean ​មិន​បានត្រូវ​រួម​បញ្ចូល​ក្នុង​ការ​ធ្វើ​វិភាគ​នេះ​ទេ​«ដោយសារ​ការឆ្លង​ខ្លាំង​នៃជំងឺ​កូវីដ១៩​ និង​លទ្ធភាព​មាន​កម្រិត​នៅ​ពេល​ធ្វើ​ការ​ស្ទង់មតិ​នេះ‍»។

ទិន្នន័យ​ថ្មី​នេះ​ជា​ការ​ស្ទង់ប៉ាន់​មើលលម្អិត​បំផុត​នៃ​ផល​ប៉ះពាល់​ដោយសារ​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ លើ​សេវា​សុខាភិបាល។ កាល​ពី​ពេល​មុន​អង្គការ WHO បាន​ព្រមាន​អំពី​ការ​ចុះ​ថយ​នៃ​ការចាក់​ថ្នាំ​ ការ​បង្អាក់​សេវា​ព្យាបាល​ជំងឺ​មិន​ឆ្លង​និង​ផល​ប៉ះ​ពាល់​លើ​ការទទួល​ឱសថ​ទប់ទល់​មេរោគ​អេដស៍។

មាន​របាយការណ៍​អំពី​ការ​បង្អាក់​កម្មវិធី​ភាគ​ច្រើន​ទាក់​ទិន​នឹង​មេរោគ​អេដស៍​ ជំងឺ​របេង​និង​គ្រុន​ចាញ់​នៅ​ក្នុង​បណ្តា​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ដែល​ទទួល​បាន​ការទ្រ​ទ្រង់​ដោយ​មូលនិធិ​សាកល ​The Global Fund ​ដែលជា​ភាពដៃគូ​មួយ​រវាង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន។​ ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​ស្ទង់​ប្រមាណ​ថា​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​ទាំង​នេះ​ក្នុង​ពេល​៥ឆ្នាំ​ខាងមុខ​អាច​កើន​ឡើង​១០% ​២០%​និង​៣៦%​តាម​លំដាប់។

ការ​រក​ឃើញ​ទាំង​នេះ​ផ្អែក​លើ​សំណួរ​ដែល​ពួក​មន្ត្រី​អង្គការ WHO បាន​ផ្ញើ​ទៅ​ប្រទេស១៥៩ហើយ​មាន​ប្រទេស​១០៥​ក្នុង​បណ្តា​ប្រទេស​ទាំង​នេះ​បានឆ្លើយ​តប។

ការឆ្លើយ​តប​ភាគច្រើន​បាន​ត្រូវទទួលក្នុង​ខែ​ឧសភា​និង​មិថុនា​ ហើយ​មាន​មួយ​ចំនួន​តូច​បាន​ត្រូវ​ទទួល​ក្នុង​ខែ​កក្កដា។

របាយការណ៍​នេះ​បង្ហាញថា ប្រទេសទាំង​នេះ​ចាប់​ផ្តើម​សម្រប​សម្រួល​នឹង​ស្ថានភាព​នេះ​ហើយ។ ប្រទេស​ភាគច្រើន​បាន​ចាត់​ចែង​ឱ្យ​មាន​ទម្រង់ការ​ជម្រើស​ដើម្បី​ឱ្យដឹង​ករណី​អាទិភាព។ ​មាន​ការ​បង្កើន​ការ​ព្យបាល​ដោយ​ពិគ្រោះ​ជា​មួយ​ពួក​ពេទ្យ​តាម​អនឡាញ នៅ​កន្លែង​មាន​លទ្ធភាព។​ ប្រទេស​ប្រមាណ​ពាក់​កណ្តាល​បានរក​ឃើញ​វិធី​ថ្មីៗ​ដើម្បី​ចែក​ចាយ​ឱសថ​ផងដែរ។

សេចក្តី​រាយការណ៍​នេះ​បាន​និយាយ​ថា​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែងដើម្បី​ប្រមូល​ឯកសារ​និង​រៀន​អំពី​អ្វី​ដែល​បានការ​នៅ​ក្នុង​កន្លែង​ផ្សេងៗ​«ជា​ការតម្រូវ​ឱ្យ​មាន​ជា​បន្ទាន់»៕

ប្រែសម្រួល​ដោយ​ លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG