កាលពីថ្ងៃទី១៧ ខែមករាឆ្នាំទៅ ពួកតំណាងមកពីក្រុមហ៊ុនជាង២០នៃក្រុមហ៊ុនម៉ូដសម្លៀកបំពាក់ដ៏ធំបំផុតរបស់ពិភពលោក បានសរសេរលិខិតទៅកាន់រដ្ឋាភិបាលកម្ពុជា ទាមទារឲ្យមានការស៊ើបអង្កេតការសម្លាប់កម្មករកាត់ដេរយ៉ាងហោចណាស់ក៏៥នាក់ដោយកងកម្លាំងសន្តិសុខក្នុងអំឡុងនៃបាតុកម្មហិង្សាអស់រយៈពេល២សប្តាហ៍។ ក៏ប៉ុន្តែ ១ឆ្នាំក្រោយមក វាហាក់ដូចមានការជឿនលឿនបន្តិចបន្តួចបានធ្វើឡើង។
នៅពេលដែលពួកអាជ្ញាធរកម្ពុជា បានបាញ់សម្លាប់កម្មករកាត់ដេរយ៉ាងហោចណាស់ក៏៥នាក់ក្នុងអំឡុងពេលនៃបាតុកម្មហិង្សាកាលពីជាងមួយឆ្នាំមុន ការសម្លាប់នោះ បានក្លាយជាចំណងជើងព័ត៌មានអន្តរជាតិ។ ពួកកម្មករ បានតវ៉ាដើម្បីគាំទ្រការដំឡើងប្រាក់ឈ្នួលអប្បបរមាដែលនៅពេលនោះមានប្រហែល១រយដុល្លារ ហើយបានកើតមានឡើងក្នុងអំឡុងពេលនៃការជាប់គាំងខាងនយោបាយក្រោយការបោះឆ្នោត។
នៅពេលនោះមានក្រុមហ៊ុនអន្តរជាតិជាង២០ដែលបញ្ជាទិញសម្លៀកបំពាក់ពីរោងចក្រកម្ពុជា បាននិយាយឡើង។ ក្រុមហ៊ុនទាំងនោះ រួមមានក្រុមហ៊ុនល្បីៗដូចជា H&M, Adidas, PUMA និង Levi-Strauss។ នៅក្នុងលិខិតមួយច្បាប់ផ្ញើជូននាយករដ្ឋមន្រ្តីហ៊ុន សែន ក្រុមហ៊ុនល្បីៗនោះ បានទទូចឲ្យមានវិធានការមួយចំនួន រួមមានទាំងរដ្ឋាភិបាលស៊ើបអង្កេតការកាប់សម្លាប់ហើយនឹងដាក់ទោសអ្នកដែលទទួលខុសត្រូវ។
មួយឆ្នាំក្រោយមក ការស៊ើបអង្កេតដែលបានសន្យាអំពីសកម្មភាពរបស់កងកម្លាំងសន្តិសុខ ហាក់ដូចជារលាយបាត់នៅខាងក្នុងប្រព័ន្ធតុលាការដែលស្រួលបញ្ចុះបញ្ចូលរបស់ប្រទេសកម្ពុជានោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់ VOA ថា រដ្ឋាភិបាល បានចាប់ផ្តើមធ្វើរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនជាមួយតុលាការកាលពីជិតមួយឆ្នាំមុន។ ថ្វីបើមានការខំប្រឹងប្រែងម្តងហើយម្តងទៀតក៏ដោយ VOA មិនអាចនិយាយជាមួយពួកអាជ្ញាធរពាក់ព័ន្ធនៅឯតុលាការដើម្បីកំណត់ថាតើមានអ្វីកើតមានឡើងដល់ការស៊ើបអង្កេតនេះ។
លោក Dave Welsh ដែលដឹកនាំការិយាល័យមជ្ឈមណ្ឌលសាមគ្គីភាពកម្ពុជា ដែលជាអង្គការមិនយកកម្រៃដែលជាសាខារបស់ចលនាពលកម្មដែលមានទីតាំងក្នុងសហរដ្ឋអាមេរិក ជឿជាក់ថា គ្មានការខំប្រឹងប្រែងប្រកបដោយភាពស្មោះត្រង់ដើម្បីចាប់ជនណាម្នាក់ឲ្យទទួលខុសត្រូវទេ។
«មិនត្រឹមតែគ្មានការស៊ើបអង្កេតទេ មាននិទណ្ឌភាពទាំងស្រុងទៀត ប៉ុន្តែក៏គ្មានប្រាក់សំណងដែរ។ ដូច្នេះ បើលោក អ្នក មានគ្រួសារស្លាប់និងគ្រួសាររងរបួស។ គ្រួសារស្លាប់នោះ បានបាត់បង់សន្តិសុខសេដ្ឋកិច្ចដ៏សំខាន់សម្រាប់នាពេលអនាគតដែលគេអាចមើលឃើញ។ ក្រុមគ្រួសាររបស់អ្នករងរបួសហើយនឹងអ្នកត្រូវរបួសខ្លួនឯង បានចេញសោហ៊ុយការថែទាំសុខភាពយ៉ាងសម្បើម»។
ការផលិតសម្លៀកបំពាក់ជាចំណូលដ៏សំខាន់ដល់សេដ្ឋកិច្ចកម្ពុជា។ ផ្នែកនេះ មិនត្រឹមតែជានិយោជកដ៏ធំបំផុត ដោយមានកម្មករ៦សែននាក់ទេ វា ក៏ជាប្រភពប្រាក់ចំណូលបរទេសដ៏សំខាន់របស់កម្ពុជា ដែលមានតម្លៃជាង៥ពាន់លានដុល្លារសម្រាប់ការនាំចេញភាគច្រើនទៅកាន់សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។
VOA បានទាក់ទងក្រុមហ៊ុនល្បីៗ៤ដែលបានចុះហត្ថលេខាលើលិខិតនោះគឺក្រុមហ៊ុន PUMAនិងAdidas របស់អាល្លឺម៉ង់ ក្រុមហ៊ុន Levi-Strauss របស់សហរដ្ឋអាមេរិកហើយនឹងក្រុមហ៊ុន H&M របស់ប្រទេសស៊ុយអែដ។
ក្រុមហ៊ុន H&M បានបដិសេធពុំធ្វើអត្ថាធិប្បាយខណៈដែលក្រុមហ៊ុន PUMA បាននិយាយថា ខ្លួន នឹងទាក់ទងជាមួយក្រុមហ៊ុនផ្សេងៗទៀតលើបញ្ហានេះ។
អ្នកនាំពាក្យក្រុមហ៊ុន Levi-Strauss បានប្រាប់ VOA ថា ក្រុមហ៊ុនពហុជាតិរបស់សហរដ្ឋអាមេរិកនេះ បានបន្តទាក់ទងរដ្ឋាភិបាលកម្ពុជាពីការចាំបាច់សម្រាប់ការស៊ើបអង្កេតនេះ។
ហើយអ្នកនាំពាក្យក្រុមហ៊ុនAdidas និយាយថា ក្រុមហ៊ុន បន្តទាមទារឲ្យមានការស៊ើបអង្កេតនិងសំណងជាមួយរដ្ឋមន្រ្តីក្រសួងយុត្តិធម៌របស់កម្ពុជា។
ហើយអ្នកនាំពាក្យរបស់ក្រុមហ៊ុន Adidas បានប្រាប់ VOA តាមរយៈ e-mail ថា៖ «យើង បានធ្វើការទាក់ទងជាប្រចាំជាមួយរដ្ឋមន្រ្តីរហូតដល់ចុងឆ្នាំទៅ។ យើង ឥឡូវនេះ កំពុងរង់ចាំការឆ្លើយតបពីតុលាការហើយនឹងព្រះរាជអាជ្ញា។
លោក Joachim von Marschall ឯកអគ្គរដ្ឋទូតនៃប្រទេសអាល្លឺម៉ង់ ប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ស្ថានទូតរបស់លោក មិនត្រឹមតែពិភាក្សាពីការស៊ើបអង្កេតជាមួយក្រុមហ៊ុនអាល្លឺម៉ង់ជាប្រចាំទេ ក៏ប៉ុន្តែ ក៏បានចូលរួមក្នុងការពិភាក្សាស្តីពីបញ្ហានេះជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនិងរដ្ឋាភិបាល។លោក មានប្រសាសន៍បន្តទៀតថា ការបង្កើតលទ្ធផលជាក់លាក់ទាន់ពេលវេលា ជាវិធីដ៏ល្អបំផុតសម្រាប់រដ្ឋាភិបាលទីក្រុងភ្នំពេញដើម្បីបង្ហាញភាពស្មោះត្រង់នៃការតាំងចិត្តរបស់ខ្លួន។
លោកស្រី មូរ សុខហួរសមាជិកនាំមុខម្នាក់របស់គណបក្សប្រឆាំង ដែលជាជើងឯកយូរយារណាស់មកហើយខាងសិទ្ធិរបស់កម្មករកាត់ដេរ និយាយថា លោកស្រី នឹងជួបជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះក្នុងប៉ុន្មានសប្តាហ៍ខាងមុខដើម្បីមើលថាតើពួកគេ មានបំណងដាក់ពាក្យប្តឹងអំពីការស៊ើបអង្កេតជាមួយសភាដែរឬទេ។
«ប្រសិនបើ ការស៊ើបអង្កេតនោះ បានបិទ បន្ទាប់មក ការស៊ើបអង្កេតនោះ ត្រូវតែប្រកាសជាសាធារណៈលទ្ធផលនៃការស៊ើបអង្កេតនោះ ត្រូវតែធ្វើជាសាធារណៈ។ ប្រសិនបើ រឿងក្តីនេះ នៅបន្តធ្វើ យើង គួរតែដឹងពីអ្វីដែលចៅក្រមស៊ើបអង្កេត កំពុងធ្វើ។ យ៉ាងហោចណាស់ពីអ្វីដែលចៅក្រមនោះ កំពុងធ្វើដែរ មិនមែននៅស្ងាត់បែបនេះទេ»។
លោកស្រី មូរ សុខហួរ ក៏ចង់ឲ្យក្រុមហ៊ុនដាក់សម្ពាធកាន់តែខ្លាំងឡើងលើរដ្ឋាភិបាល ដូច្នេះ ជំហរដែលពួកគេ បានប្រកាន់នៅក្នុងលិខិតមួយច្បាប់កាលពីឆ្នាំទៅ ត្រូវបានឆ្លុះបញ្ចាំងដោយដោយសកម្មភាពដែលធ្វើទៅតាមកេរ្តិ៍ឈ្មោះរបស់ខ្លួន។
លោកស្រី មានប្រសាសន៍បន្តទៀតថា ការខ្វះការជឿនលឿនមកដល់ពេលសព្វថ្ងៃនេះ មានការភ្ញាក់ផ្អើលតិចតួចនៅក្នុងប្រទេសមួយដែលតុលាការកាត់ទោសតែពួកប្រឆាំងរដ្ឋាភិបាលខណៈដែលមិនអើពើពីការរំលោភច្បាប់ដោយអ្នកដែលមានអំណាច។
«ក៏ប៉ុន្តែ អ្វីដែលខ្ញុំ កំពុងព្យាយាមធ្វើការគឺត្រូវធ្វើការឆ្ពោះទៅកាន់ប្រភេទកំណែទម្រង់ខ្លះនៅក្នុងប្រព័ន្ធតុលាការ ហើយនឹងប្រភេទនៃការតាំងចិត្តខ្លះ។ ដូច្នេះ យើង ត្រូវតែបន្តនិយាយក្នុងនាមឲ្យជនរងគ្រោះហើយនឹងក្នុងនាមជាប្រទេសដែលជាសមាជិកសភា»។
លោក Dave Welsh មកពីមជ្ឈមណ្ឌលសាមគ្គីភាព ចង្អុលបង្ហាញថា ការទាមទាររបស់ក្រុមហ៊ុនឲ្យកាត់ទោសពួកអ្នកទទួលខុសត្រូវទាំងនោះ គ្រាន់តែជាសមាសភាគមួយនៃលិខិតរបស់ក្រុមហ៊ុនទាំងនោះ ហើយកត្តាផ្សេងទៀតនៅតែមិនទាន់ដោះស្រាយបាន។
«បញ្ហាទាំងអស់នោះមាន ការបាញ់ប្រហារ ការស្លាប់ ការកាត់ឲ្យជាប់ទោស ការកាត់ឲ្យជាប់ទោសខុស តាមការគិតរបស់ខ្ញុំ ទៅលើសកម្មជនទាំង២៣នាក់នោះ ការប្តឹងប្រឆាំងគ្រប់មេដឹកនាំសហជីពឯករាជ្យនៅក្នុងប្រទេស កំពុងកើតមាននៅឡើយ គឺ គ្មានដំណោះស្រាយទេ។ បញ្ហាទាំងអស់នេះ នៅមិនទាន់ដោះស្រាយនៅឡើយ»។
លោក Welsh និយាយបន្តទៀតថា ការបរាជ័យនៃបញ្ហាទាំងអស់នោះ ត្រូវបានគេមើលឃើញស្ថិតនៅក្រោយឆាកដើម្បីបំភិតបំភ័យប្រឆាំងនឹងចលនាសហជីពកម្ពុជា៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន