ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បន្ទាប់​ពី​បាតុកម្ម​​ និង​បន្ទាប់ពី​ចេញ​ពី​​ពន្ធនាគារ​ ពួក​សកម្មជន​មាន​ជីវភាព​កាន់តែ​លំបាក


ពករដ្ឋ​​បាន​សម្តែង​ការអបអរ​សាទរ​នៅ​ពេលលោកវន់ ពៅ និង​កម្មករ​ដទៃ​ទៀត​ត្រូវ​បាន​ដោះលែងនៅ​ថ្ងៃ​៣០​ឧសភាឆ្នាំ២០១៤

មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​ទៅ​បាតុកម្ម​នោះ ​ ​ក្រុម​កម្មករ​និង​សកម្មជន​ដែល​ត្រូវ​បាន​គេ​ចាប់ដាក់​ពន្ធនាគារ​បាន​និយាយ​ថា​ ពួក​គេ​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។

សកម្មជន​ និង​កម្មករ​បាន​និយាយ​ថា​ មួយ​ផ្នែក​ពួក​គេ​កំពុង​ប្រឈមនឹង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត ​ដោយសារ​ការ​រំលោភ​បំពាន​ពេល​ពួក​គេ​នៅ​ក្នុង​ដៃ​របស់​ប៉ូលិស។ ​មួយ​ផ្នែក​ទៀត ​ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ការងារ។​ អ្នក​ខ្លះ​និយាយ​ថា​ ឥឡូវ​នេះ​ពួក​គេ​កំពុង​តស៊ូ​ជាមួយ​នឹង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ បន្ទាប់​ពី​ទទួលរងការ​ធ្វើបាបនៅ​ពេល​គេ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង។​

សកម្មជន​២៣​នាក់ ​ខ្លះ​ជា​មេ​ដឹកនាំ​សហជីព​ ហើយ​ខ្លះ​ទៀត​ជា​កម្មករ​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​២០១៤ ​ដែល​មានមនុស្ស​យ៉ាង​ហោច​ណាស់​៥​នាក់​ស្លាប់​បាត់បង់​ជីវិត​ នៅ​ពេល​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ រួម​ទាំង​ប៉ូលិស​ និង​កងរាជ​អាវុធ​ហត្ថ ​បាន​វ៉ៃ ​និង​ចាប់​ខ្លួន​ពួក​គេ​ បន្ទាប់​ពី​មានចលាចល​ជា​ច្រើន​ខែ។​

ក្នុង​ចំណោម​មនុស្ស​២៣​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះរួមមាន​លោក​វន់ ពៅ​ ប្រធាន​របស់​សមាគម​ប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​ត្រូវ​បាន​វ៉ៃ​យ៉ាង​ដំណំ​ និង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។​

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ក្នុង​ការិយាល័យ​ធ្វើ​ការ​របស់លោក​ លោក​វន់ ពៅបាន​និយាយ​ពី​រឿងជូរចត់​ដែល​លោក​បានការ​ជួប​ប្រទះ។​

បន្ទាប់​ពី​លោករៀប​រាប់បាន​បន្តិច​អំពី​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​របស់​លោក​នោះ ​សំឡេងរបស់​លោក​វន់ ពៅ​រអាក់​រអួល​បន្តិច។ ​ការការ​វាយ​ធ្វើ​បាប​របស់​ក្រុម​សមត្ថកិច្ចនៅតែ​ធ្វើ​ឲ្យលោក​ឈឺ​ចាប់​នៅ​ឡើយ។ ​គាត់​សម្រួល​ខ្លួន​បន្តិច​ ដោយអង្គុយ​នៅ​នឹង​កៅអី​ ហើយ​ព្យាយាម​ទប់​ទឹក​ភ្នែក​ ​នៅ​ពេល​ដែល​លោក​មាន​ប្រសាសន៍​បន្ត។​

លោក​បាន​និយាយ​ថា៖​«ខ្ញុំ​ត្រូវ​បាន​គេ​ប្រមាថ​ មាក់​ងាយ។ ​ខ្ញុំ​មាន​អារម្ភ​ថា​ថោក​ជាង​សត្វ​ទៅ​ទៀត»។​

កាលពី​ថ្ងៃ​ទី​២៩​ ​ខែ​ធ្នូ​ឆ្នាំ​២០១៣​ លោក​វន់ ពៅ​ ដែល​មាន​អាយុ​៣៩​ឆ្នាំ​ បាន​ជួយ​រៀប​ចំ​សមាគម​ប្រជា​ធិបតេយ្យ​ ឯករាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ដែល​ជា​អ្នក​តស៊ូ​មតិ​សម្រាប់​សិទ្ធិ​កម្មករ ​នៅ​ក្នុង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ ដូច​ជា​ការ​តវ៉ា​នៅ​ខណៈ​ពេល​ដែល​កម្មករ​នៅ​ក្នុង​វិស័យ​កាត់ដេរ​អំពាវនាវ​ឲ្យមាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​របស់​ពួក​គាត់។​

ពួក​គេ​បន្ត​ការ​តវ៉ា​រហូត​ដល់​ថ្ងៃ​ចូល​ឆ្នាំ​សកល។ ​ក្រុម​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​រោងចក្រ​យ៉ាជីង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ ​នៅ​ថ្ងៃ​ទី​២​ខែ​មករា​ឆ្នាំ​២០១៤​ ជាពិសេស​នៅ​ពេល​ដែល​អង្គភាព​សន្តិសុខ​ពិសេស​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​បំបែក​ការ​ប្រមូល​ផ្តុំ​នោះ​ លោក​វន់ ពៅ​ត្រូវ​បាន​វាយ​យ៉ាង​ដំណំ​ ដោយ​អង្គភាព​ឆ័ត្រ​យោង​ពិសេស​លេខ​៩១១។ ​លោក​ត្រូវ​បាន​ឃាត់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​បន្ទាប់។​

លោក​បាន​និយាយ​ថា៖​«ពួក​គេ​វាយ​ខ្ញុំ​នឹង​ដំបង​បំពង់​ទីប​ រហូត​ដល់​ខ្ញុំ​បាត់​ស្មារតី»។​

ពេល​ខ្លះ​លោក​ដឹង​ខ្លួន​ និង​ពេល​ខ្លះ​ទៀត​លោក​មិន​ដឹង​ខ្លួនទេ។​ ដោយសារ​ការ​វាយ​យ៉ាង​ដំណំ​ពី​សំណាក់​អាជ្ញាធរ​ លោក​វន់ ពៅ​មាន​ការ​ចុក​ចាប់។ ​ខ្នង​និង​មុខ​របស់​លោក​ឈឺ​យ៉ាង​ខ្លាំង។ នៅ​ពេល​នោះ ​លោក​វន់ ពៅ​គិត​ថា ​លោក​នឹង​ស្លាប់។ ​លោក​ត្រូវ​បាន​គេ​ឃុំ​នៅ​អគារ​៩១១​ក្បែរ​នោះ​រហូត​ដល់​ថ្ងៃ​បន្ទាប់​ទើប​លោក​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ​និង​ត្រូវ​បាន​ចោទ​ប្រកាន់។​

លោក ​និង​សកម្មជន ​ហើយ​នឹង​កម្មករ​សរុប​ទាំង​អស់​២៣​នាក់​ត្រូវ​បាន​បញ្ជូនទៅ​ពន្ធនាគារ​កែប្រែ​ទីបី​ដ៏​ឆ្ងាយ​មួយ​នៅ​ខេត្ត​កំពង់​ចាម។​ នៅ​ពេល​នោះ​ កន្លែង​ឃុំ​ឃាំង​របស់​ពួក​គេ​ត្រូវ​បាន​គេ​លាក់​បាំង​ពី​ក្រុម​គ្រួសារ​ និង​មេធាវី​របស់​ពួក​គេ។​ នៅ​ក្នុង​ពន្ធនាគារ​ លោក​វន់ ពៅ​ត្រូវ​បាន​គេ​បញ្ជា​ឲ្យស្រាត​សម្លៀកបំពាក់​នៅ​មុខ​អ្នក​ទោស​ដទៃៗ​ទៀត។​ ស្ថានភាព​របស់​លោក​នៅ​ពន្ធនាគារ​មាន​ភាព​អាក្រក់​ និង​អាម៉ាស់។​

លោក​និយាយថា​ អ្នក​ទោស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទោស​ទាំង​២៣​នាក់​បាន​ព្យាយាម​សម្លាប់​ខ្លួន​ឯង​ ប៉ុន្តែ​អ្នក​ផ្សេង​ទៀត​បាន​បញ្ឈប់​គាត់​ទាន់។​

សកម្មជន​ទាំងនេះ​បានជាប់ឃុំឃាំងរហូត​ដល់​ខែ​ឧសភា​ឆ្នាំ​២០១៤។ ពួកគេ​ត្រូវ​បានដោះលែង បន្ទាប់​ពី​បាន​ជាប់​ព័ន្ធនាគារ​អស់​រយៈ​ពេល​ប្រាំ​ខែ។​

ការ​ចោទ​ប្រកាន់​ពួក​មិន​ត្រូវ​បាន​លុប​ចោល​ទេ ​បើ​ទោះ​ជា​មាន​ការ​ដោះ​លែង​ក្តី។ ​លោក​វន់ ពៅ​ត្រូវ​បាន​ប្រឈម​មុខ​នឹងការ​ព្យួរទោស​រយៈ​ពេល​ប្រាំ​ឆ្នាំ​និង​មួយ​ខែ​ ហើយ​គាត់​ត្រូវ​តុលាការ​ពិន័យ​ជា​ប្រាក់​ចំនួន​៨​លាន​រៀល​គឺ​ ជិត​២០០០​ដុល្លារ។ ​លោក​វន់​ ​ ពៅ​បាន​និយាយ​ថា​ គាត់ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍។​ លោក​បាន​ថ្លែង​ថា​ គាត់​នឹង​ចងចាំ​ការ​ជាប់​ពន្ធនាគារ​ជា​រៀង​រហូត។​

«ខ្ញុំ​បាន​បាត់បង់​អស់​នូវ​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ខ្ញុំ​ជា​មនុស្ស។ ​ពន្ធនាគារ​នោះ​មិនមែន​សម្រាប់​ដាក់​មនុស្ស​ទេ»។​

លោក​វន់ ពៅ​បាន​និយាយ​ថា ​លោក​នឹង​មិន​ឈប់​តស៊ូ​ដើម្បី​សិទ្ធិ​ការងារ​ទេ។ ​លោក​បាន​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំ​នឹង​បន្ត​តវ៉ា»។

លោក​បន្ថែម​ថា៖​«ខ្ញុំ​នឹង​បង្រៀន​អ្នក​ជំនាន់​ថ្មី​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ»។​

ទន្ទឹម​នឹង​នេះ​ដែរ ​ក្រុម​សកម្មជន​ផ្សេង​ទៀត​បាន​និយាយ​ថា ​ពួក​គេ​ក៏​កំពុង​ព្យាយាម​តស៊ូ​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ការ​ចាប់ខ្លួន​របស់​ពួក​គេ​នោះ។​

លោក​យ៉ង​ សោម​អូន​ធ្លាប់​ធ្វើការ​នៅ​ក្នុង​រោង​ចក្រ​មួយ​នៅ​លើ​ផ្លូវ​វេងស្រេង​ ដែល​ជា​កន្លែង​ដែល​គាត់​ធ្លាប់​ទទួល​បាន​ប្រាក់​ខែ​១៤០​ដុល្លារ​ក្នុង​មួយ​ខែ​ មុន​ពេល​មាន​ការ​តវ៉ា ​និង​ការ​ចាប់​ខ្លួន​របស់​លោក។ ​ឥឡូវ​នេះ​លោក​មិន​អាច​រក​ការ​ងារ​ធ្វើ​បាន​ទេ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​ «ឥឡូវ​នេះ​ខ្ញុំ​អត់​មាន​ការងារ​ធ្វើ​ទេ»។​

លោក​បន្ថែម​ថា៖​ «ហើយ​អ្នក​ដទៃ​ទៀត​ក៏​អត់​មាន​ការងារ​ធ្វើ​ដែរ។ ​ខ្ញុំ​បាន​ដាក់​ពាក្យ​សូម​ការងារ​ធ្វើ​ប្រហែល​១០​កន្លែង។ ​ខ្ញុំ​បាន​បាត់បង់​ទំនុក​ចិត្ត។ ​ខ្ញុំ​មិន​ដឹង​ថា​ ត្រូវ​ធ្វើ​អ្វី​ទៀត​ទេ»។​

នៅ​ទី​បញ្ចប់​ លោក​យ៉ង ​សោម​អូន​បាន​បាត់បង់​យ៉ាង​ច្រើន​ នៅ​ពេល​លោក​ចង់​បាន​២០​ដុល្លារ​ក្នុង​មួយ​ខែ​បន្ថែម​ទៀត​ទៅ​លើ​ប្រាក់​ឈ្នួល​គោល​របស់​លោក។ ​លោក​យ៉ង​ សោមអូន​បាន​និយាយ​ថា៖​ «ខ្ញុំ​ចង់​បាន​១៦០​ដុល្លារ​ក្នុង​មួយ​ខែ។​ តែ​ខ្ញុំ​បែរ​ជា​ត្រូវ​គេ​យកទៅដាក់គុក​ទៅ​វិញ»។​

លោក​មាន​ប្រសាសន៍​ថា​ លោក​មាន​ផល​លំបាក​ជាង​លោក​វន់ ពៅ​ទៅ​ទៀត។​

លោក​មាន​ប្រសាសន៍​ថា៖​ «វា​ជា​ការ​លំបាក​ណាស់​សម្រាប់​ខ្ញុំ។ ​ឥឡូវ​ប្រពន្ធ​របស់​ខ្ញុំ​ត្រូវ​ទៅ​ធ្វើ​ការ​តែ​ម្នាក់​ឯង​ដើម្បី​ចិញ្ចឹម​ខ្ញុំ​ និង​កូន​មួយ»។​

ក្រុម​សិទ្ធិ​មនុស្ស​និយាយ​ថា​ ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​សកម្មជន​គឺ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​ ហើយ​ថា ​ពួក​គេ​មិន​គួរ​ត្រូវ​បាន​ចាប់​ខ្លួន​ទេ។​ ពួក​គេ​ត្រូវ​បាន​ដោះលែង​បន្ទាប់​ពី​មាន​សម្ពាធ​ពី​អន្ដរជាតិ។ ​ប៉ុន្តែ​ឥឡូវ​នេះ​ពួក​គេ​កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ដោះស្រាយសំណុំ​រឿង​របស់​ពួក​គេ។​

លោក​អំ​ សំអាត​ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​មាន​ប្រសាសន៍​ថា៖​ «ពួក​គេ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បី​ទៅ​បួន​ទៅ​ប្រាំ​ឆ្នាំ​នៅ​ក្នុង​ពន្ធនាគារ»។​

លោក​អំ ​សំអាត​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖​ «ទោះ​បី​ជា​ពួក​គេ​ដោះលែង​នៅ​ខាង​ក្រៅ​ពន្ធនាគារ ពួក​គេ​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ឡើយ។ ​នេះ​ជា​បញ្ហា​នយោបាយ។​ ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់​ ក្នុង​ខណៈ​ពេល​ដែល​ពួក​គេ​បាន​ជួយ​ដល់​ការ​តវ៉ា​ឲ្យមាន​ការ​ដំឡើង​ប្រាក់​ខែ។ ​អ្នក​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ឈឺចាប់​មិន​ត្រូវ​បាន​ផ្តន្ទាទោស​នៅ​ឡើយ​ទេ។ ​តែ​ផ្ទុយ​ទៅ​វិញ​ អ្នក​ទាំង​២៣​នាក់​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​គោល​ដល់​១៦០​ដុល្លារ​បែរ​ជា​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​ទៅ​វិញ»។​

មួយ​ឆ្នាំ​ក្រោយ​មក​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​បាន​ចូល​ជា​ធរមាន​ ដោយ​មាន​ការ​កើន​ឡើង​ពី​១០០​ដុល្លារ​ទៅ​១២៨​ដុល្លារ​ក្នុង​មួយ​ខែ​គឺ​ទាប​ជាង​អ្វី​ដែល​កម្មករ​បាន​ស្នើ​សុំ។ ​សកម្មជន​នៅ​តែ​បន្ត​ដោះស្រាយ​ជាមួយ​នឹង​សំណុំរឿងរបស់​ពួក​គេ​ និង​ការ​ព្យាបាល​របួស​របស់​ពួក​គេ​ បើទោះ​បី​ជា​ភាព​ចលាចល​ការងារ​បាន​ថយចុះ។​ ការ​បញ្ជា​ទិញ​មាន​ការ​ធ្លាក់​ចុះ ​ដោយ​សារ​តែ​ចលាចល​បាន​ធ្វើ​ឱ្យ​អ្នក​បញ្ជា​ទិញ​មាន​ការ​បារម្ភ។​

សំណុំរឿង​របស់សកម្មជន​ត្រូវ​បញ្ជូន​ទៅ​តុលាការ​សាលា​ឧទ្ធរណ៍។​

លោក​យូ ​ប៊ុន​ឡេង​ ប្រធាន​តុលាការសាលាឧទ្ធរណ៍​បាន​ឱ្យ​ដឹង​ថា​ សំណុំ​រឿងនេះ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ​យ៉ាង​ឆាប់​រហ័ស។​ លោក​បាន​មាន​ប្រសាសន៍​ថា៖​ «ប្រសិន​ជា​ករណី​ដែល​មាន​ការ​កាត់​ទោស​ខ្លីៗ នោះ​តុលាការ​នឹង​ធ្វើ​វា​ឱ្យ​បាន​លឿន»។​

ថ្វីបើកម្មករ​ទាំងនេះ​ត្រូវ​បាន​ដោះលែងមែន តែ​ពួក​គេ​នៅតែ​ជាប់ចំណង​នៅ​ឡើយ​គឺ​ចំណងច្បាប់ ​ដែល​ធ្វើ​ឲ្យពួកគេ​ពិបាក​ក្នុង​ការអនុវត្ត​សិទ្ធិ​របស់​គេ៕

XS
SM
MD
LG