មកដល់ថ្ងៃព្រហស្បតិ៍នេះគឺមាន រយៈពេល១១ឆ្នាំគត់ ចំពោះព្រឹត្តិការណ៍បាញ់សម្លាប់លោក ជា វិជ្ជា មេដឹកនាំសហជីពសេរីកម្មករដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជានៅក្បែរគេហដ្ឋានលោករដ្ឋមន្ត្រី ហ៊ុន សែន។
បើទោះបីជាហេតុការណ៍នេះបានកន្លងផុតទៅរយៈពេល ១១ឆ្នាំហើយក៏ដោយក៏ក្រុមសហជីពសេរីកម្មករ និង គណបក្សសំឡេងភាគតិចដែលដឹកនាំដោយលោក សម រង្ស៊ី និង លោក កឹម សុខា នៅតែចងចាំនិង បន្តដឹកនាំគោរពវិញ្ញាណក្ខន្ធសពលោក ជា វិជ្ជាដោយយកឱកាសនេះដើម្បីអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យបន្តស្វែងរកឃាតករពិតប្រាកដមកផ្តន្ទាទោស។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវជាប្អូនប្រុសបង្កើតសពលោក ជា វិជ្ជា មានប្រសាសន៍ថាសំណុំរឿងនេះត្រូវបានសាលាដំបូងក្រុងភ្នំពេញចេញលិខិតមួយកាលពីថ្ងៃទី២៨ខែមករា ឆ្នាំ២០១៤ ស្នើឱ្យអគ្គស្នងការនគរបាលជាតិ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត កំណត់អត្តសញ្ញាណជនប្រព្រឹត្តបទល្មើស និង ប្រមូលភស្តុតាងបន្ថែមទៀត មកកាន់តុលាការ។
លោក បញ្ជាក់ថាអាជ្ញាធរមានសមត្ថកិច្ចហាក់បីដូចជាមិនមានឆន្ទៈក្នុងការស៊ើបអង្កេតទៅលើសំណុំរឿងទាំងនេះទេ។
លោកនិយាយថា៖«ជាទូទៅ ខ្ញុំគិតថារដ្ឋាភិបាលអត់មានឆន្ទៈទេពីព្រោះលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោកតែងតែថាសំណុំរឿងឃាតកម្មទៅលើលោក ជា វិជ្ជា អត់ទាន់បានបិទទេ។ ប៉ុន្តែខ្ញុំសុំជម្រាបថាអត់ទាន់បិទ នៅពេលណាដែលលោកបិទពីព្រោះអ្នកដែលដឹងរឿងឃាតកម្មលោក ជា វិជ្ជា មានរឿងវ័យចំណាស់អស់ហើយ?»។
មានមនុស្សប្រមាណជាង២០០នាក់តែប៉ុណ្ណោះបានមកចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកជា វិជ្ជា នៅថ្ងៃនេះ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថាការស៊ើបអង្កេតទៅលើឃាតកម្មនេះគួរតែត្រូវបន្តដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។
លោកនិយាយថា៖«ភាពឃោឃៅ ភាពអមនុស្សធម៌ទៅលើជនរងគ្រោះស្លូតត្រង់ ដូច្នេះយើងត្រូវតែជំរុញ ឱ្យមានការស៊ើបអង្កេតឱ្យមានការចាត់ការ ពីសំណាក់តុលាការឯករាជ្យណាមួយដើម្បីផ្តល់យុត្តិធម៌ ជូនជនរងគ្រោះហើយវែកមុខ ឃាតករ ជនដៃដល់ ជននៅពីក្រោយយកមកផ្តន្ទាទោសតាមច្បាប់»។
លោករ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា មានប្រសាសន៍ថាដើម្បីបញ្ចប់អំពើនិទណ្ឌភាពនៅប្រទេសកម្ពុជាអាជ្ញាធរគួរតែស្វែងរកឃាតករពិតប្រាកដមកផ្តន្ទាទោស។
លោកនិយាយថា៖«ធ្វើម៉េចអាជ្ញាធរកម្ពុជាត្រូវតែស្វែងរកឃាតករពិត និង អ្នកនៅពីក្រោយខ្នងឃាតករយកមកផ្តន្ទាទោសតាមច្បាប់»។
លោក ជា វិជ្ជា ដែលក្រុមកម្មករផ្តល់រហ័សនាមថាជាវីរជនការពារសិទ្ធិក្រុមកម្មករត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី២២ខែមករាឆ្នាំ២០០៤ ក្នុងខណៈពេលដែលលោក កំពុងអង្គុយអានកាសែតនៅតូបលក់កាសែតមួយក្បែរវត្តលង្កា។
លោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថាសំណុំរឿងនេះបើទោះបីកន្លងទៅអស់រយៈពេល១១ឆ្នាំក៏ដោយក៏សមត្ថកិច្ចនៅមិនទាន់បានបិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួននៅឡើយ។
លោកនិយាយថា៖«អ្វីដែលខ្ញុំអាចនិយាយជូនបានគឺថា សំណុំរឿងនេះគឺមិនទាន់ត្រូវបានបិទបញ្ចប់នៅឡើយទេ។មិនទាន់ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកបិទបញ្ចប់សំណុំរឿងនេះនៅឡើយទេ»។
សំណុំរឿងនៃការបាញ់សម្លាប់លោក ជា វិជ្ជា អាជ្ញាធរ រដ្ឋាភិបាលកម្ពុជាបានចាប់ខ្លួនលោក ប៊ន សំណាង និង លោក សុខ សំអឿន ដាក់ពន្ធនាគាររយៈពេលជិត៥ឆ្នាំក៏ប៉ុន្តែក្រោយមកដោយមានការរិះគន់ថាជាឃាតករសិប្បនិម្មិត ទើបតុលាការសម្រេចដោះលែងឱ្យមានសេរីភាពឡើងវិញ៕