ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គំនិត​​​ផ្ដួចផ្ដើម​ថ្មី​មួយ​ជំរុញឲ្យ​មាន​​គំនិត​​ច្នៃ​ប្រឌិត​​ថ្មីៗ


កុមារា​ពីរ​នាក់​សាកល្បង​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​ឯ​សាលារៀន​របស់​ពួកគេ ដែល​ស្ថិត​ក្នុង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងទី១៩ ខែធ្នូ ឆ្នាំ២០១៥។​ (អូន ឆេងប៉រ/VOA)
កុមារា​ពីរ​នាក់​សាកល្បង​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​នៅ​ឯ​សាលារៀន​របស់​ពួកគេ ដែល​ស្ថិត​ក្នុង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងទី១៩ ខែធ្នូ ឆ្នាំ២០១៥។​ (អូន ឆេងប៉រ/VOA)

ក្រុម​សិល្បករ ស្ថាបត្យករ ផលិត​ករ​ភាពយន្ត អ្នក​រចនា​ម៉ូត (Designer) និង​និស្សិត​ សរុប​ប្រមាណ​៣០​នាក់ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ជួបជុំ​ពិភាក្សា​និង​ផ្លាស់ប្ដូរ​គំនិត​គ្នា​ទៅវិញ​ទៅ​មក នៅ​ឯ​ការិយាល័យ Emerald Hub​ ក្នុង​ទីក្រុង​ភ្នំពេញ ​ជា​ផ្នែកនៃ​គម្រោង​ផ្ដួចផ្ដើម​ថ្មី​មួយ ដែល​គេ​ហៅ​ថា ការ​បើកចំហ​លំហ​គំនិត​ច្នៃប្រឌិត។

គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា និង ការិយាល័យ Emerald Hub។

លោកស្រី Irene Leung អ្នក​រៀបចំ​កម្មវិធី​នៃ​គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ មាន​ប្រសាសន៍​ថា ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​យុវជន​ដែល​មាន​គំនិត​និង​ទេពកោសល្យ​ផ្សេងៗ​មក​ពី​វិស័យ​ផ្សេងៗ​គ្នា​នេះ​ មាន​គោល​ដៅ ស្វែង​រក​ដំណោះស្រាយប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ ចំពោះ​បញ្ហា​សង្គម​មួយ​ចំនួន ដែល​ពួកគេ កំពុង​ប្រឈម​មុខ។

«ពិតជា​អាច​អះអាង​បាន​ថា ការ​ច្រមូល​ផ្ដុំ​នេះ​ មិន​ត្រឹមតែ​ជា​ប្រភេទ​នៃ​ការ​ទំនាក់ទំនង​ដែល​ធ្វើ​អោយ​បុគ្គល​អាច​ចេញ​ផុត​ពី​ភាព​ឯកោ ឬ​អារម្មណ៍​មិន​ប្រាកដប្រជា​ណា​មួយ​ទេ ប៉ុន្តែ​វា​បាន​ធ្វើ​អោយ​អ្នក​គ្រប់​គ្នា​និយាយ​ពិភាក្សា​គ្នា សម្រាប់​ចម្លើយ​ជា​ច្រើន ព្រោះ​ថា​វា​មិន​មាន​ចម្លើយ​តែ​មួយ​ទេ គឺ​មាន​វិធី​ផ្សេងៗ​គ្នា​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី​នោះ»។

លោកស្រី​ Irene Leung បាន​បន្ត​ថា លោក​ស្រី ពិត​ជា​សប្បាយ​ចិត្ត​ពេល​ដែល​បាន​ឃើញ​ថា​សិល្បករ​ សិល្ប​ការិនី​ក្នុង​តំបន់​ មាន​ប្រតិកម្ម​ចំពោះ​បញ្ហា​សង្គម​នានា ជាពិសេស​ទាក់ទង​ទៅ​នឹង​សិល្បៈ​ ដោយ​ពួកគេ​បាន​ស្នើ​ដាក់​ប្រធានបទ​របស់​ពួក​គេ​ក្នុងការពិភាក្សា និង​បន្ទាប់​មក​ទៀត​ ពួកគេ​បាន​ស្វែងរក​ដំណោះ​ស្រាយរួមគ្នា។

កញ្ញា ស៊ន់ ឡាវ និស្សិត​សាកលវិទ្យាល័យ​មួយ​ បាន​និយាយ​ថា វា​ពិត​ជា​មាន​តម្លៃ​ណាស់​ក្នុង​ការ​ចូលរួម​ការ​ជួបជុំ​នេះ «ព្រោះ​តែ​ខ្ញុំ​អាច​អភិវឌ្ឍ​ខ្លួនឯង​បាន​កាន់តែ​ល្អ​ប្រសើរ​ដោយ​អនុវត្ត​តាម​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃ​នេះ​សម្រាប់​អាជីព​នា​ពេល​អនាគត​របស់​ខ្ញុំ»។

នាង​បាន​បន្ថែម​ថា នៅ​ប្រទេស​កម្ពុជា ការ​ទទួល​ស្គាល់​ស្នាដៃ​សិល្បករ​វ័យក្មេង​ នៅ​មាន​កម្រិត​នៅ​ឡើយ ដោយសារ​តែ​មិន​សូវ​មាន​ការ​គាំទ្រ​ជាពិសេស​ផ្នែក​ហិរញ្ញ​វត្ថុ​ពី​សំណាក់​មហាជន។

លោក ប៉ោយ ឈុនលី អ្នក​រចនា​គំនូរ​ជីវចល មកពី​ខេត្ត​បាត់ដំបង ​បាន​និយាយ​ថា លោក​បាន​មក​ពី​ចម្ងាយ​ជាមួយ​នឹង​គំនិត​ល្អ​មួយ​ចំនួន ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​មួយ​ដែល​ចំណាយ​ថវិកា​យ៉ាង​តិច​តួច​បំផុត។

ខ្សែ​ភាពយន្ត​ដែល​លោក​កំពុង​ផលិត​នេះ មាន​ឈ្មោះ​ថា Banyan Film។

«ខ្ញុំ​ទទួល​បាន​គំនិត​ល្អ​ប្រសើរ​ជាច្រើន ដែល​អាច​ធ្វើ​អោយ​គម្រោង​ខ្ញុំ​មាន​ភាព​រលូន​ល្អ​បាន »។

នៅ​ក្នុង​ប្រទេស​កម្ពុជា ឱកាស​ក្នុង​ការ​ជួបជុំ​គ្នា​រវាង​ក្រុម​យុវជន​ ដែល​មាន​ជំនាញ​និង​គំនិត​ច្នៃប្រឌិត​ផ្សេងៗ នៅ​មាន​កម្រិត​តិចតួច​នៅឡើយ។​

លោក ​ប៉ោយ ឈុនលី បាន​ថ្លែង​ថា លោក​មាន​សេចក្ដី​រីករាយ ដែល​ការ​ជួបជុំ​នេះ​គឺជា​វេទិកា​វិជ្ជមាន​មួយ​សម្រាប់​ការ​ចែករំលែក​បទពិសោធន៍​ក្នុង​ចំណោម​សិល្បករ​មកពី​សហគមន៍​នានា។

កញ្ញា មឿង មេត្តា សិល្បករ​ឯករាជ្យ​ម្នាក់​ទៀត បាន​ឱ្យ​ដឹង​ថា ការ​បើកចំហ​លំហ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​នេះ គឺជា​ការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​មួយ។

«បន្ទាប់​ពី​បាន​ឮ​រឿង និង​គំនិត​ជាច្រើន​របស់​អ្នកចូលរួម ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​យ៉ាង​ខ្លាំង​ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​ទទួល​បាន​ថាមពល​វិជ្ជមាន​ខ្លាំង​ណាស់»៕

XS
SM
MD
LG