ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សិល្បៈ​ករ​និង​និស្សិត​រៀបចំ​ពិព័រណ៍​បង្ហាញ​ស្នា​ដៃ​ចម្លាក់​ថ្ម


រូប​ចម្លាក់​ថ្ម​បែប​សម័យ​ទំនើប​ ១​ ដុំ ក្នុង​ចំណោម ​២៦ ​ដុំ ​ដែល​បាន​ដាក់​តាំង​បង្ហាញ​នៅ​សាល​តាំង​ពិព័រណ៍​របស់​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ក្នុង​ទីក្រុង​ភ្នំពេញ​ ។​

សិល្បៈ​ករ​និង​និស្សិត​វ័យ​ក្មេង​មួយ​ក្រុម​បាន​រួមគ្នា​រៀបចំ​ពិធី​តាំង​ពិព័រណ៍​បង្ហាញ​ស្នាដៃ​ចម្លាក់​ថ្ម​បែប​ទំនើប​របស់​ពួកគេ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​រយៈ​ពេល​២​សប្តាហ៍​ដើម្បី​ជួយ​លើក​តម្លៃ​សិល្បៈ​ចម្លាក់​របស់​ខ្មែរ។

លោក ​ពេជ្រ ​សំណាង​ រាយ​ការណ៍​ពិស្តារ​អំពី​រឿង​នេះ​ជូន​ដូច​ត​ទៅ៖

ក្រុម​និស្សិត​និង​សិល្បៈ​ករ​ខាង​ចម្លាក់​ថ្ម​វ័យ​ក្មេង​ចំនួន​១៤​នាក់​បាន​រួមគ្នា​ដាក់​តាំង​បង្ហាញ​ជាសាធារណៈ​នូវ​ស្នាដៃ​ចម្លាក់​ថ្ម​បែប​ទំនើប​របស់​ពួកគេ​នៅ​ក្នុង​សាល​តាំង​ពិព័រណ៍​របស់​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ក្នុង​ទី​ក្រុង​ភ្នំពេញ​សម្រាប់​រយៈ​ពេល​២​សប្តាហ៍​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៨ ​ខែ​ឧសភា​នេះ​ រហូត​ដល់​ថ្ងៃ​ទី​៦ ​ខែ​មិថុនា។

ចម្លាក់​ថ្ម​បែប​ទំនើប​នេះ​គឺ​ជា​ចម្លាក់​ថ្ម​មួយ​ប្រភេទ​ដែល​គេ​មិន​អាច ​ឬ​ងាយ​យល់​ពី​អត្ថន័យ​របស់​វា​បាន​ បើ​គ្មាន​ការ​បកស្រាយ​ពន្យល់​ពី​សិល្បៈករ​ចម្លាក់​ផ្ទាល់​ទេ​នោះ​ ដោយ​សារ​ចម្លាក់​ប្រភេទ​នេះ​បង្ហាញ​តែ​រូប​ ឬ​សណ្ឋាន​នៃ​មនុស្ស​ ឬ​វត្ថុ​អ្វី១​បែប​អរូបីយ៍​ប៉ុណ្ណោះ​ដែល​បង្កប់​ទៅ​ដោយ​គំនិត​បែប​ណាមួយ​របស់​អ្នក​ឆ្លាក់។

ការ​តាំង​ពិព័រណ៍​ចម្លាក់​ថ្ម​សហ​សម័យ​ ឬ​បែប​ទំនើប​ដែល​ទើប​នឹង​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ឆ្លាក់​អស់​រយៈពេល​ជិត​១​ឆ្នាំ​របស់​យុវ​សិល្បៈ​ករ​ទាំង​នេះ។

កញ្ញា ​Sasha ​Constable​ អ្នក​សម្រប​សម្រួល​គម្រោង​តាំង​ពិព័រណ៍​ចម្លាក់​ថ្ម​បែប​ទំនើប​របស់​សិល្បករ​ខ្មែរ​ វ័យ​ក្មេង​នេះ​ មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​ការ​តាំង​ពិព័រណ៍​នេះ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ ការ​តាំង​ពិព័រណ៍​នេះ​មាន​គោល​ដៅ​ជំរុញ​ឱ្យ​មាន​សិល្បករ​ខ្មែរ​ខាង​ចម្លាក់​បែប​ទំនើប​នេះ​បន្ថែម​ទៀត​ ហើយ​ក៏​លើក​ទឹក​ចិត្ត​ប្រជាជន​កម្ពុជា​ឱ្យ​គាំទ្រ​សិល្បៈ​បែប​ទំនើប​របស់​ខ្លួន​បន្ថែម​ទៀត​ ដោយ​កញ្ញា​បញ្ជាក់​ថា ​កន្លង​មក​ហាក់​មិន​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​ខ្មែរ​ច្រើន​ទេ​ទៅ​លើ​សិល្បៈ​បែប​នំនើប​នេះ។

"វា​ពិត​ជា​គ្មាន​ទីផ្សារ​សម្រាប់​សិល្បៈ​បែប​ទំនើប​របស់​ខ្មែរ​នៅ​ក្នុង​សហគមន៍​ខ្មែរ​នោះ​ទេ​ ​ ហើយ​ខ្ញុំ​ពិតជា​សង្ឃឹម​ថា​ ការណ៍​នេះ​នឹង​ផ្លាស់​ប្តូរ​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ ​ដោយសារ​វា​ពិត​ជា​គួរ​ឱ្យ​អាម៉ាស់​ណាស់​ដែល​មនុស្ស​ចាស់​មិន​គាំទ្រ​សិល្បករ​ជំនាន់​ក្រោយៗ​ នៅ​ពេល​ដែល​ពួកគេ​ទាំង​នេះ​សុទ្ធ​តែ​មាន​ទេព​កោសល្យ​នោះ"។

រូប​ចម្លាក់​ថ្ម​ដែល​ដាក់​តាំង​សរុប​ចំនួន​២៦​ដុំ រួម​មាន​រូប​ចម្លាក់​ជា​សត្វ​និង​ផ្នែក​ខ្លះ​នៃ​រាង​កាយ​របស់មនុស្ស​ តួយ៉ាង​ដូចជា​រូប​ចម្លាក់​ដែល​បង្ហាញ​ត្រឹម​តែ​បាតដៃ​ពីរ​ដាក់​ត្រួត​លើ​គ្នា​ក្នុង​សណ្ឋាន​ដូច​ពេលមនុស្ស​អង្គុយ​តាំង​សមាធិ ​ហើយ​និង​រូប​ចម្លាក់​ដែល​បង្ហាញ​ពី​ដង​ខ្លួន​មនុស្ស​ស្រី​មួយ​កំណាត់​ខាង​លើ​លើក​ដៃ​សំពះ​ តែ​អត់​មាន​ក្បាល​ជា​ដើម។

លោក​ អ៊ុក​ ជឹមវិចិត្រ​ វ័យ​៣០​ឆ្នាំ ​ដែល​បាន​ឆ្លាក់​រូប​អំពី​មុខ​មនុស្ស​ប្រុស​ពាក់​ក្រវិល​ និង​មាន​សក់​វែង​អន្លាយ​ទម្លាក់​ត្រឹម​ក​បង្កើត​ជា​រាង​ដូច​សញ្ញា​សួរ ​មាន​ប្រសាសន៍​ថា​ ​លោក​បាន​ឆ្លាក់​រូប​ដែល​លោក​បាន​ឱ្យឈ្មោះ​ថា ​"ឆ្ងល់"​នេះ​ គឺ​ដើម្បី​ផ្តល់​សារ​មួយ​សម្រាប់​មនុស្ស​ភេទ​ទី​បី​ឱ្យ​ពួក​គេ​ពិចារណា​ឱ្យ​បាន​ត្រឹម​ត្រូវ​ថា​ តើ​ពួក​គេ​គួរ​ធ្វើ​ការ​វះ​កាត់​ប្តូរ​រូប​រាង​របស់​ខ្លួន​ពី​ធម្មជាតិ​ដែរ​ ឬ​យ៉ាង​ណា?

“អត្ថន័យ​នៃ​រូប​នេះ​គឺ​និយាយ​អំពី​មនុស្ស​ភេទ​ទី​បី​ ដែល​ធម្មជាតិ​បាន​ផ្តល់​ឱ្យ​ដែល​គេ​ហៅ​ថា​ ​ខ្ទើយ​ ដែល​ជា​ខ្ទើយ​ដែល​ស្អាត​តាម​រយៈ​ការ​កែ​ភេទ ​កែ​រូប​រាង។​ យើង​បាន​ជួយ​គាំទ្រ​ដល់​ពួក​គេ​ ​ ប៉ុន្តែ​ពួក​គេ​ ត្រូវ​ចេះ​គិត​ខ្លួន​ឯង​ថា​ ​តើ​ពួក​គេ​គួរ​ធ្វើ​បែប​នេះ​ ឬ​ក៏​យ៉ាង​ម៉ិច?”

លោក​ ឈា ​ប៊ុណ្ណា ​វ័យ​២៧​ឆ្នាំ​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​ប័ត្រ​ខាង​ចម្លាក់​នៅ​សកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ក្នុង​ឆ្នាំ​២០០៦​ ហើយ​បច្ចុប្បន្ន​ជា​សិល្បៈ​ករ​ខាង​ចម្លាក់​ថ្ម​បែប​ទំនើប​ម្នាក់​ដែរ​បាន​យក​រូប​ចម្លាក់​ថ្ម​របស់​លោក​ចំនួន​៧​ដុំ​មក​ចូល​រួម​តាំង​ពិព័រណ៍​នេះ។​ ​រូប​ចម្លាក់​ថ្ម​របស់​លោក​ប៊ុណ្ណា​ ដែល​រួមមាន​ដៃ​តាំង​សមាធិ​ និង​ដង​ខ្លួន​មនុស្ស​ស្រី​ដែល​ខុស​ពី​លក្ខណៈ​ធម្មជាតិ​ជា​ដើម។

លោក​ ឈា ប៊ុណ្ណា ​មាន​ប្រសាសន៍​ថា ​លោក​ខិតខំ​ប្រឹងប្រែង​ឆ្លាក់​រូប​ចម្លាក់​ថ្ម​បែប​សម័យ​ទំនើប​នេះ​គឺ​ដើម្បី​ជួយ​លើក​កម្ពស់​វិស័យ​ចម្លាក់​ខ្មែរ​ឱ្យ​ឈាន​ទៅ​តាម​ការ​វិវត្តន៍​នៃ​សិល្បៈ​ចម្លាក់​នៅ​ក្នុង​សម័យ​ទំនើប​នេះ។

“ពេល​ខ្ញុំ​ចូល​សិក្សា​នៅ​សាលា​ គឺ​ខ្ញុំ​សិក្សា​ពី​ចម្លាក់​បុរាណ​ពី​សម័យ​មុនៗ​មក​ អញ្ចឹង​ឧបមាថា​អ្នក​ ជំនាន់​ក្រោយ ​គេ​សិក្សា​ពី​ជំនាន់​ខ្ញុំ​នេះ​ ​ អញ្ចឹង​បាន​ន័យ​ថា ​សតវត្សរ៍​ជំនាន់​យើង​ហ្នឹង​គួរ​តែ​រក​អី​ដាក់​សម្គាល់​ថា​ ​ចម្លាក់​សម័យ​នេះ​វា​បែប​ម៉ិច។​ អញ្ចឹង​បើ​យើង​អត់​ជំរុញ​ទៅ​មុខ​ទេ​ បាន​ន័យ​ថា​ អ្នក​ក្រោយៗ​មក​រៀន​តែ​អំពី​អ្វី​ក្រោមៗ​ហ្នឹង។​ វា​អត់​ទៅ​មុខ​ដូច​ស្រុក​គេទេ។​ ស្រុក​គេ​ គេ​ update​ អញ្ចឹង​ខ្ញុំ​ចង់​ធ្វើ​ ស្នាដៃ​ហ្នឹង​គឺ​ចង់​គាំទ្រ​ចម្លាក់​យើង​ឱ្យ​វា​ដើរ​ទៅ​មុខ​ទៀត”។

សូម​បញ្ជាក់​ថា ​សិល្បៈ​ចម្លាក់​ថ្ម​របស់​ខ្មែ​រ​ចែក​ចេញ​ជា​បែប​ទំនើប​ និង​បែប​បុរាណ។​សិល្បៈ​ចម្លាក់​ថ្ម​បែប​បុរាណ​របស់​ខ្មែរ​ត្រូវ​បាន​ទទួល​ស្គាល់​ទាំង​ក្នុង​ថ្នាក់​ជាតិ​ និង​អន្តរ​ជាតិ​ចំពោះ​ក្បូរ​ក្បាច់​យ៉ាង​ល្អ​ប្រណិត​គួរ​ឱ្យ​ចង់​គយគន់​ ដូច​ដែល​បាន​ឆ្លុះ​បញ្ចាំង​នៅ​តាម​ជញ្ជាំង​ប្រាសាទ​បុរាណ​ជា​ច្រើន​ស្រាប់​ ជាពិសេស​គឺ​នៅ​តាម​ជញ្ជាំង​ប្រាសាទ​ដ៏​ល្បីល្បាញ​មួយ​ចំនួន​ ដូចជា​ប្រាសាទ​បន្ទាយ​ស្រី​និង​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​និមិត្តរូប​របស់​ជាតិ​ជា​ដើម។

លោក​ សូ ចិន្តា ព្រឹទ្ធ​បុរស​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ មាន​ប្រសាសន៍​ថា ​ការ​ចូល​រួម​ចំណែក​លើក​កម្ពស់​វិស័យ​សិល្បៈ​ចម្លាក់​ខ្មែរ​របស់​សិល្បៈករ​វ័យ​ក្មេង​ទាំង​នេះ​ពិត​បាន​ធ្វើ​ឱ្យ​ពួក​គេ​យល់​យ៉ាង​ច្បាស់​អំពី​ការ​លំបាក​សព្វ​គ្រប់​បែប​យ៉ាង​ដែល​បុព្វ​បុរស​របស់​ពួក​គេ​បាន​ឆ្លង​កាត់​នៅ​ពេល​ដែល​បុព្វបុរស​ទាំង​នោះ​ឆ្លាក់​ថ្ម​ជញ្ជាំង​ប្រាសាទ​នានា​ដែល​បាន​បន្សល់​ទុក​ឱ្យ​ពួក​គេ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

លោក​ សូ ចិន្តា​មាន​ប្រសាសន៍​បន្ថែម​ថា​ ​ ស្នាដៃ​ចម្លាក់​ថ្ម​បែប​សម័យ​ទំនើប​របស់​យុវ​សិល្បៈករ​ទាំង​នេះ​បាន​បង្ហាញ​មុខ​មាត់​ថ្មី​មួយ​របស់​កម្ពុជា​ដែល​ថា​ ​ប្រទេស​នេះ​ក៏​មាន​សិល្បៈករ​ដែល​ពោរ​ពេញ​ដោយ​គំនិត​ច្នៃ​ប្រឌិត​និង​ការ​បង្កើត​ថ្មី​ដែរ។

“ប្អូនៗ​សម័យ​ក្រោយ​នេះ​ក៏​គាត់​មាន​គំនិត​បង្កើត​ថ្មី​ច្រើន​ ហើយ​ក៏​ជា​ស្នាដៃ​មួយ​ដែល​ចូល​រួម​អភិវឌ្ឍន៍​នៅ​ក្នុង​សង្គម​មួយ​ចំណែក​ដែរ​ ព្រោះអី​យើង​ពុំ​គ្រាន់​តែ​អភិរក្ស​សិល្បៈ​វប្បធម៌​របស់​យើង​ដែល​មាន​ តាំង​ពី​ដូន​តា​មក​នោះ​ទេ ​ យើង​ក៏​ត្រូវ​តែ​មាន​ទិស​ដៅ​មួយ​អភិវឌ្ឍន៍​សិល្បៈ​របស់​យើង​ដែរ”។

គម្រោង​ឆ្លាក់​ថ្ម​បែប​សម័យ​ទំនើប​នេះ​ត្រូវ​បាន​គាំទ្រ​ថវិកាដោយ​អង្គការ​មនុស្ស​ធម៌​មួយ​ឈ្មោះ​ថា​ ​ Friends ​of ​Khmer ​Culture​ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។

អ្នក​ទស្សនា​ពិព័រណ៍​នេះ​អាច​ទិញ​រូប​ចម្លាក់​ថ្ម​បែប​ទំនើប​នេះ​បាន​ ដោយ​ប្រាក់​ចំណេញ​មួយ​ផ្នែក​ដែល​បានពី​ការ​លក់​នេះ​នឹង​យក​ទៅ​ប្រើប្រាស់​សម្រាប់​ទិញ​ឧបករណ៍​និង​សម្ភារៈ​សិក្សា​សម្រាប់​សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។

លោក​ ហ៊ឹម ឆែម ​រដ្ឋ​មន្រ្តី​ក្រសួង​វប្បធម៌​ មាន​ប្រសាសន៍​ថា ​ក្រសួង​វប្បធម៌​គាំទ្រ​ឱ្យ​មាន​ការ​បង្កើត​ ស្នា​ដៃ​ថ្មីៗ​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​បែបនេះ​បន្ថែម​ទៀត​ ដើម្បី​ជួយ​រុញ​ច្រាន​សិល្បៈ​ខ្មែរ​ឱ្យ​ចូល​ទៅ​ ក្នុង​ចរន្ត​សាកល​ភាវូបនីយ​កម្ម​នៃ​សិល្បៈ​សម័យ​ទំនើប​នេះ។

“យើង​ចង់​ជំរុញ​ឱ្យ​សិល្បករ​និង​ស្នាដៃ​របស់​យើង​ឈាន​ទៅ​ដល់​ការ​ទទួល​ស្គាល់​នៅ​ខាង​ក្រៅ”។

និស្សិត ​តាកេត​ មេត្តា ដែល​កំពុង​ឈរ​សំឡឹង​មើល​រូប​ចម្លាក់​ថ្ម​នៅ​ក្នុង​សាល​តាំង​ពិព័រណ៍​នេះ​យ៉ាង​ផ្ចង់​អារម្មណ៍​នោះ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ​ រូប​ចម្លាក់​ថ្ម​បែប​សម័យ​ទំនើប​ដែល​មាន​លក្ខណៈ​អរូបីយ៍​ទាំង​នេះ​ធ្វើ​ឱ្យ​ខ្លួន​គិត​ ហើយ​ព្យាយាម​ស្វែង​យល់​ពី​អត្ថន័យ​របស់​រូប​នីមួយៗ។

“បើ​កាល​ណា​ចេញ​មក​ភ្លាម​អញ្ចឹង​ទៅ​ ​ យើង​អត់​ប្រើ​ខួរ​គិត​ទេ។ ​ យើង​អត់​សង្កេត​ទេ​ ​ អញ្ចឹង​រូប​ហ្នឹងយើង​គ្រាន់​តែ​មើល​ហើយ​ចោល​ ​ហើយ​អញ្ចឹង​រូបហ្នឹងយើង​មើល​ទៅ​មិន​ដឹងថា​ស្អី​ទេ។​ យើង​អត់​ដឹងថា​ ​វា​ត្រូវ​តាម​អត្ថន័យ​ដែល​គេ​ដាក់​ ឬ​អត់​ទេ។ ​ ដល់​អញ្ចឹង​យើង​ចាប់​ផ្តើម​មើល​ ហើយ​ពិចារណា​ទៀត។​ ​ អញ្ចឹង​រូប​ហ្នឹង​យើង​មើល​បាន​យូរ"។

បន្ទាប់​ពី​ដាក់​បង្ហាញ​នៅ​ទីក្រុង​ភ្នំពេញ​ចប់​ត្រឹម​ថ្ងៃ​ទី៦​ ខែ​មិថុនា​ហើយ​នោះ​ ​ ពិព័រណ៍​ចម្លាក់​ថ្ម​បែប​ទំនើប​នេះ​ក៏​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​បន្ត​ទៀត​នៅ​ខេត្ត​សៀមរាប​ចាប់​ពី​ថ្ងៃ​ទី៨​ ខែមិថុនា​រហូត​ដល់​ថ្ងៃ​ទី​១ ខែសីហា ​ឆ្នាំ​២០១០​នេះ​ផង​ដែរ។

ពី​ទីក្រុង​ភ្នំពេញ ​ខ្ញុំ ​ពេជ្រ​ សំណាង​ VOA​សំឡេង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG