ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហគ្រិន​វ័យ​ក្មេង៖ ​ជំនួញ​ជោគជ័យ​បង្កើត​ការងារ ​ជំនាញ ​និង​ចំណូល​ដល់​យុវជន​កម្ពុជា


លោក លួន អាន​ចំណេះ ថតរូប​ជាមួយ​នឹង​ក្រុម​ការងារ​របស់​លោក​នៅ​ភោជនីយ៍​ដ្ឋាន​របស់​លោក ដែល​មាន​ឈ្មោះ​ថា​«‍The Palmboo»​នៅ​ទីរួម​ខេត្ត​សៀមរាប។

ការ​ធ្វើ​ជំនួញ​ដែល​ទទួល​បាន​ជោគជ័យ​គឺ​​សហគ្រិន​ដែល​បង្កើត​ទាំង​ការងារ​ធ្វើ​ ផ្តល់​ជំនាញ​ និង​ចំណូល​ដល់​យុវជន​ និង​ប្រជា​ពលរដ្ឋ​ទូទៅ។

ការ​ធ្វើ​ជំនួញ​ដែល​ទទួល​បាន​ជោគជ័យ​គឺសហគ្រិន​ដែល​បង្កើត​ទាំង​ការងារ​ធ្វើ​ ផ្តល់​ជំនាញ​ និង​ចំណូល​ដល់​យុវជន​ និង​ប្រជា​ពលរដ្ឋ​ទូទៅ។ ​នេះ​គឺជា​ការ​យល់​ឃើញ​របស់​សហគ្រិន​វ័យ​ក្មេង​ម្នាក់​របស់​កម្ពុជា​ ដែល​បាន​បង្កើត​ការងារ​ដល់​មនុស្ស​២០០​នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប។​

សហគ្រាស​ខ្នាត​តូច ​និង​មធ្យម​នៅ​កម្ពុជា​កំពុង​តែ​កើន​ឡើង​ ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​ពី​សហគ្រិន​វ័យ​ក្មេង​របស់​កម្ពុជា ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត ​និង​ធ្វើ​ជំនួញ។ គិត​មក​ត្រឹម​ឆ្នាំ​២០១១ ​កម្ពុជា​មាន​សហគ្រាស​ចំនួន​ប្រមាណ​៥៣០.០០០​ ដែល​ក្នុង​នោះ​៩៩%​គឺជា​សហគ្រាស​ខ្នាត​តូច ​និង​មធ្យម។​

លោក លួន អានចំណេះ គឺជា​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប និង​ជា​សហគ្រិន​វ័យ​ក្មេង​ម្នាក់​ដែល​គ្រប់គ្រង​អាជីវកម្ម​ចំនួន​៥​កន្លែង រួម​មាន​ភោជនីយ៍​ដ្ឋាន សណ្ឋាគារ និង​បណ្ណាគារ​នៅ​ទីរួម​ខេត្ត​សៀមរាប។ (រូប​ថត​ផ្តល់​ឲ្យ)
លោក លួន អានចំណេះ គឺជា​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប និង​ជា​សហគ្រិន​វ័យ​ក្មេង​ម្នាក់​ដែល​គ្រប់គ្រង​អាជីវកម្ម​ចំនួន​៥​កន្លែង រួម​មាន​ភោជនីយ៍​ដ្ឋាន សណ្ឋាគារ និង​បណ្ណាគារ​នៅ​ទីរួម​ខេត្ត​សៀមរាប។ (រូប​ថត​ផ្តល់​ឲ្យ)

លោក​លួន អានចំណេះ​គឺជា​សហគ្រិន​វ័យ​ក្មេង​ម្នាក់​ប្រចាំ​នៅ​ខេត្ត​សៀមរាប ​ដែល​បាន​បង្កើត​ និង​គ្រប់គ្រង​ភោជនីយដ្ឋាន​ចំនួន​ពីរ​កន្លែង ​សណ្ឋាគារ​ប៉ូទិក​ចំនួន​ពីរ​កន្លែង ​និង​ហាង​កាហ្វេ​ដែល​មានបណ្ណាល័យ​អាន​សៀវភៅ​ក្នុង​នោះ​មួយ​កន្លែង​ទៀត។ ​លោក​ ចំណេះ​បាន​ប្រាប់​ VOA​ ថា ​ការ​បង្កើត​សហគ្រាស​ខ្នាត​តូច ​និង​មធ្យម​នេះ​គឺ​ជា​គោល​ការណ៍​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ។ ​ក៏​ប៉ុន្តែ ​វា​ទាមទារ​ការ​យក​ចិត្ត​ទុក​ដាក់ ​និង​ការ​បណ្តុះ​បណ្តាល​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល។​

«‍រដ្ឋាភិបាល​ណា​ក៏​ដោយ ​ក៏​គាត់​គិត​ថា ​អាជីវកម្ម​ផ្តួច​ផ្តើម​ថ្មី [startup]​គឺជា​សរសៃ​ឈាម​របស់​សេដ្ឋកិច្ច​ជាតិ។​ អញ្ចឹង​ខ្ញុំ​គិត​ថា ​វា​ប្រសើរ ​បើ​សិន​ជា​មាន​ព្រឹត្តិ​ការណ៍​ ឬ​វេទិកាមួយ ​ដើម្បី​ឲ្យ​ក្មេងៗ​ចាប់​ផ្តើមទៅ ​គាត់​អាច​ទៅ​សួរ​ព័ត៌មាន ​និង​រក​អ្នក​បណ្តុះបណ្តាល​ពី​វេទិកា​ហ្នឹង​បាន»។​

ការ​ធ្វើ​អាជីវកម្ម​នីមួយៗ​តែងតែ​ឆ្លង​កាត់​បរាជ័យ ​ហើយ​សម្រាប់​លោក​ចំណេះ​វិញ​ បរាជ័យ​នេះ​បាន​ផ្តល់​ជា​មេរៀន​ដ៏​សំខាន់​ដល់​លោក ​មុន​ពេល​លោកឈាន​មក​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់។​

«‍យើង​មិន​ដឹង​ថា​ អ្វី​ទៅភាព​ជា​ដៃគូ​ ហើយ​យើង​មិន​ដឹង​ពី​កត្តា​អ្វី​ខ្លះ​ដែល​ធ្វើ​ឲ្យ​មានជោគជ័យ។ អ្វី​ដែល​ខ្ញុំ​រៀន​បាន​គឺ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ភាព​ជា​ដៃគូ​វា​ខ្លាំង ​ការពារ​កុំ​ឲ្យ​វា​មាន​ជម្លោះ​ក្នុង​ផ្ទៃ​ក្នុង»។​

រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​យ៉ាង​ពេញ​ទំហឹង​ថា ​សហគ្រាស​ទាំង​ខ្នាត​តូច ​និង​មធ្យម​នៅ​កម្ពុជា​កំពុង​តែ​កើន​ឡើង ​ដែល​ជា​ឆ្អង​ខ្នង​នៃ​កំណើន​សេដ្ឋកិច្ច។ ​ក៏​ប៉ុន្តែ បញ្ហា​ខ្វះ​មូលធន​បាន​ក្លាយ​ជា​កត្តា​ប្រឈម​ដល់​ការ​ច្នៃ​ប្រឌិត​ថ្មី​នៃ​សហ​គ្រាស​មួយ​ចំនួន​ធំ។​

លោក​លួន អានចំណេះ​យល់​ស្រប​ថា​ មូលធន​គឺ​ជា​កត្តា​ដ៏​ចម្បង​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​អាជីវ​កម្ម និង​ជំនួញ​ដើរ​ទៅ​មុខ។​ ក៏​ប៉ុន្តែ ​លោក​យល់​ថា ​អាជីវកម្ម​មួយអាច​មិន​ទទួល​បាន​ជោគជ័យ​ទេ ​បើ​សិន​ជា​គ្មាន​ភាព​ជា​អ្នក​ដឹក​នាំ​ ដែល​នេះ​ជា​រូបមន្ត​មួយ​ក្នុង​ចំណោម​រូប​មន្ត​បី​ដែល​លោក​បាន​រៀនសូត្រ​ពី​អ្នក​ធ្វើ​ជំនួញ​ដ៏​ជោគជ័យ​ផ្សេងៗ។​

«‍រូប​មន្ត​របស់​ខ្ញុំ​ជាក់​ស្តែង​ទីមួយ ​គឺ​ភាព​ជា​អ្នក​ដឹក​នាំ​ត្រូវ​មាន​នៅ​ក្នុង​ជំនួញ។ ​វា​សំខាន់​ណាស់ ​បើ​និយាយ​ពី​ដៃគូជំនួញ។​ តែ​បើ​សិន​ជាដៃគូ​ជំនួញ​វិញ​ ភាព​ជា​អ្នក​ដឹកនាំ​គឺ​សំខាន់​ណាស់ ​ពីព្រោះ​វា​ដើរ​តួនាទី​សំខាន់​ជាង​គេ​ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​មនុស្ស​នៅ​ក្នុង​អាជីវ​កម្ម​ហ្នឹង​ធ្វើការ​ជា​មួយ​គ្នា»។​

ជាទូទៅ ​សហគ្រិន​នីមួយៗ​ប្រាថ្នា​ចង់​ធ្វើ​អាជីវកម្ម​ល្អ ​និង​បាន​ជោគជ័យ។​ រីឯ​លោក ចំណេះ​យល់​ថា​ អាជីវកម្ម​ល្អ​ជា​ការ​ធ្វើ​ជំនួញ​ដែល​ប្រកប​ដោយ​ក្រម​សីលធម៌​ ហើយ​នឹង​បង្កើត​អ្នក​ដឹក​នាំ​ឲ្យ​បាន​ច្រើន​ក្នុង​វិស័យ​អាជីវកម្ម​នេះ។​

«‍អាជីវកម្ម​ល្អ​វា​ត្រូវ​តែ​ជា​អាជីវកម្ម​ដែល​មាន​ក្រម​សីលធម៌។ ​ចំពោះ​ខ្ញុំ ​មុខរបរ​អ្វី​ដែល​ប៉ះពាល់​ដល់​សុខភាព ​ខូចខាត​ដល់​វប្បធម៌ ​ដល់​សង្គម​ជាតិ ​ខ្ញុំ​មិន​ធ្វើ​ទេ ​បើ​ទោះ​បី​វា​ចំណេញ​ច្រើន​ប៉ុណ្ណា​ ក៏​ខ្ញុំ​មិន​ធ្វើ​ដែរ។ ​មាន​ន័យ​ថា ​ធ្វើ​ម៉េច​ក៏​ដោយ​ឲ្យ​វា​ជួយ​សង្គម​ជាតិ​ ហើយ​ក៏​វា​ជា​ប្រព័ន្ធ​ដែល​អាច​ឲ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ហ្នឹង​បាន។ ​ហើយ​សំខាន់ ​វា​ត្រូវ​តែ​បង្កើត​អ្នក​ដឹក​នាំ​ឲ្យ​ច្រើន»។​

លោក​ចំណេះ​បាន​សង្កត់​ធ្ងន់​ថា ​ការ​បង្កើត​ជំនាញ ​និង​អ្នក​ដឹក​នាំ​ក្នុង​អាជីវកម្ម​នេះ​ទៀត​សោត​គឺ​កើត​ចេញ​ពី​ការ​បង្កើត​ជា​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​គោល​សំខាន់ៗ​ដល់​បុគ្គលិក​គ្រប់​រូប។​

«‍គឺ​ខ្ញុំ​បង្កើត​ថ្នាក់​ភាសា​អង់គ្លេស ​និង​ថ្នាក់​រៀន​កុំព្យូទ័រ​សម្រាប់​បុគ្គលិក​ខ្ញុំ​រៀន។ ​រាល់​គ្រប់​ក្រុមហ៊ុន​ទាំង​អស់ ​បុគ្គលិក​ខ្ញុំ ​គាត់​មាន​ឱកាស​រៀន។​ យើង​គ្រាន់​តែ​សង្ឃឹម​ថា​ ទោះ​បី​ជា​គាត់​ចេញ​ពី​កន្លែង​យើង​ក៏​ដោយ ​ក៏​គាត់​មាន​ភាសា​អង់គ្លេស ​មាន​ជំនាញ​កុំព្យូទ័រ ​ហើយ​គាត់​អាច​ទៅ​រក​កន្លែង​ផ្សេង​ទៀត​ ដែល​គាត់​អាច​មាន​ប្រាក់​ខែ​ច្រើន​ជាងធ្វើ​ការ​ឲ្យ​យើង។​ ហើយ​យើង​មាន​មោទន​ភាព​ជាង​គេ​គឺ​រឿង​ហ្នឹង»។​

ក្នុង​គោល​ដៅ​ទៅ​អនាគត ​លោក​លួន អាន​ចំណេះ​ចង់​ឃើញ​អាជីវកម្ម​របស់​លោក​បង្កើត​ការងារ ​និង​ចំណូល​ឲ្យ​កាន់​តែ​ច្រើន​ដល់​យុវជន​កម្ពុជា​ផ្សេងៗ​ទៀត។​

«‍នៅ​ពេល​ដែល​ខ្ញុំ​បើក​កាន់​តែ​ច្រើន​ទៅៗ ​ខ្ញុំ​មាន​អារម្មណ៍​មោទនភាព​ខ្លួន​ឯង ​ត្រង់​ថា ​យើង​គ្រាន់​តែ​ជា​មនុស្ស​មួយ​ក្រុម​ម្នាក់ ​ពីរ​នាក់​ទេ ​តែ​យើង​អាច​បង្កើត​ការងារ​ដល់​ខ្មែរ​យើង​បាន​ជិត​ដល់​២០០​ការងារ ​ហើយ​យើង​មិន​និយាយ​ពី​ឥទ្ធិពល​សម្រាប់​គ្រួសារ​គាត់​ប្រមាណ​១៨០​គ្រួសារ​ហ្នឹង​ផង​ ហើយ​យើង​មិន​ទាន់​បាន​និយាយ​ពី​ការ​ចំណាយ​របស់​យើង​ទៅ​លើ​សេដ្ឋកិច្ច​ជាតិ ​ដែល​ក្នុង​មួយ​ខែៗ​យើង​ចំណាយ​អស់​រាប់​សែន​។ ​ទាំង​អស់​នេះ​គឺជា​កត្តា​មួយ ​ដែល​ជំរុញ​សេដ្ឋកិច្ច​ជាតិ»។

បន្ថែម​លើ​នេះ​ លោក​ចំណេះ​យល់​ថា ​យុវជន​ ដែល​ប្រាថ្នា​ក្លាយ​ជា​សហគ្រិន ​ត្រូវ​ចាប់​យក​ផ្នត់​គំនិត​ជា​សហគ្រិន​ឲ្យ​បាន​ល្អ ​ដោយ​ចែក​រំលែក​ និង​ប្រាស្រ័យ​ទាក់​ទង​នឹង​អ្នក​ធ្វើ​ជំនួញ​ផ្សេងៗ​ទៀត​ ដើម្បី​ផ្លាស់ប្តូរ​គំនិត​ថ្មីៗ​ដើម្បី​បង្កើត​អាជីវកម្ម​ល្អៗ​ ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ៕

XS
SM
MD
LG