ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្ត្រី​ខ្មែរ​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​​ចូល​រួម​កិច្ច​ប្រជុំ​សហគ្រិន​​កំពូល​ដ៏​មាន​កិត្យានុភាព


​កិច្ច​ប្រជុំ​កំពូល​សហគ្រិនភាព​​ពិភពលោក​​​ឆ្នាំ​២០១៦ ឬ Global Entrepreneurship Summit ​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ Standford រដ្ឋ​កាលីហ្វញ៉ា​ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ ២៤ ខែមិថុនា ឆ្នាំ​២០១៦។

អ្នក​ស្រី​ អេលីដា​ គឺ​ជា​អ្នក​ចូល​រួម​ពី​ប្រទេស​កម្ពុជា​តែ​ម្នាក់​គត់​​ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ពិភព​លោក​នៅ​ក្នុង​ឆ្នាំ២០១៦​នេះ។

សហគ្រិន​ជា​ស្រ្តី​ខ្មែរ​ម្នាក់​គឺ អ្នក​ស្រី គីមស្រ៊ុន អេលីដា ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហគ្រិនភាពពិភពលោក​ឆ្នាំ​២០១៦ ឬ Global Entrepreneurship Summit ដែល​នឹង​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ Standford រដ្ឋ​កាលីហ្វញ៉ា​ នៅ​សប្តាហ៍​ក្រោយ​នេះ។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា នឹងផ្តល់​កិត្តិយស​បើក​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​ឆ្នាំ​នេះ ដោយ​មាន​ការ​ចូលរួម​ពី​សំណាក់​សហគ្រិន ជាង​៧០០​នាក់​ មក​ពី​ប្រទេស​ជាង​១៧០​ប្រទេស​ ហើយ​កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ផ្ដួច​ផ្ដើម​ឡើង​ដោយ​លោក ​អូបាម៉ា​ ផ្ទាល់កាល​ពីឆ្នាំ​២០១០។

កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ធ្វើ​ជា​វេទិកា​សម្រាប់​ឲ្យ​សហគ្រិន និង​នាយក​ក្រុមហ៊ុន​ធំៗ​នៅ​ Silicon Valley ចែក​រំលែក​បទពិសោធន៍ និង​គំនិត​របស់​ពួក​គេ​ជា​មួយ​អ្នក​ដែល​ចង់​ក្លាយ​ជា​សហគ្រិន ក៏​ដូច​ជា​សហគ្រិន​ជំនាន់​ថ្មី​ដែល​ធ្វើ​ដំណើរ​មក​ពី​ជុំ​វិញ​ពិភពលោក។

ឆ្លង​តាម​ការ​ជ្រើស​រើស​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក អ្នក​ស្រី​អេលីដា​ គឺ​ជា​អ្នក​ចូល​រួម​ពី​ប្រទេស​កម្ពុជា​តែ​ម្នាក់​គត់ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នៅ​ក្នុង​ឆ្នាំ​នេះ។ សព្វថ្ងៃ​នេះ សហគ្រិន​វ័យ​៣៧​ឆ្នាំ​រូប​នេះ គឺ​ជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន Camcona Trading Cambodia។

អ្នក​ស្រី គីមស្រ៊ុន អេលីដា ជា​សហគ្រិន​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហគ្រិនភាពពិភពលោក​ឆ្នាំ​២០១៦​នៅ​សាកលវិទ្យាល័យ Standford រដ្ឋ​កាលីហ្វញ៉ា ខែ​មិថុនា ឆ្នាំ​២០១៦។ (Courtesy Photo៖ ស្ថានទូត​សហរដ្ឋ​អាមេរិក​-ភ្នំពេញ)
អ្នក​ស្រី គីមស្រ៊ុន អេលីដា ជា​សហគ្រិន​ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សហគ្រិនភាពពិភពលោក​ឆ្នាំ​២០១៦​នៅ​សាកលវិទ្យាល័យ Standford រដ្ឋ​កាលីហ្វញ៉ា ខែ​មិថុនា ឆ្នាំ​២០១៦។ (Courtesy Photo៖ ស្ថានទូត​សហរដ្ឋ​អាមេរិក​-ភ្នំពេញ)

ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ អ្នក​ស្រី​បាន​ថ្លែង​ប្រាប់ VOA ថា៖ «ខ្ញុំ​សង្ឃឹម​ថា​នឹង​ទទួល​បាន​បទពិសោធន៍ គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​ពី​ក្រុម​ហ៊ុន​ផ្សេងៗ​ដែល​នាង​ខ្ញុំ​នឹង​បាន​ជួប (​នៅ​ឯ​កិច្ច​ប្រជុំ)»។

អ្នក​ស្រី​ក៏​សង្ឃឹម​ផង​ដែរ​ថា នឹង​អាច​រក​បាន​ដៃ​គូ​នានា​សម្រាប់​កិច្ចសហការ​អាជីវកម្ម​នា​ពេល​អនាគត។

អ្នក​ស្រី​ អេលីដា ក៏​បាន​បន្ថែម​ទៀត​ថា៖ «សហគ្រិន​ភាព​ចូល​រួម​ចំណែក និង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​ជាតិ​តាម​រយៈ​ការ​បង្កើតឲ្យ​មាន​ការ​ងារ​ផ្សេងៗ»។

អ្នក​ស្រី ​អេលីដា ​ថ្លែង​បន្ត​ទៀត​ថា ក្នុង​អំឡុង​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ «ឃើញ​មាន​ការ​វិវត្ត​ច្រើន ជាពិសេស​យើង​ឃើញ​មាន​សហគ្រិន​វ័យ​ក្មេង​ជាច្រើន​ គាត់​បានកកើត​ឡើង​យ៉ាង​ច្រើន។ ហើយ​អ្នក​ខ្លះ​ក៏​គាត់​ចង​ជា​សមាគម​ជាដើម។ ... យើង​ឃើញ​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឥឡូវ​ ដូច​មាន​ការ​រីក​លូត​លាស់​នៃ​អាជីវកម្ម​ជាច្រើន​ដូច​ជា​ការ​រីក​លូត​លាស់​នៃ​វិស័យទាក់​ទង​ជាមួយ​នឹងចំណី​អាហារ ឃើញ​មាន​ហាង មាន​អាជីវកម្ម​ដូច​ជា​គ្រឿង​សំណង់​មាន​ម៉ាក​ល្បីៗ»។

អ្នក​ស្រី​ អេលីដា ក៏​មាន​គម្រោង​ចែក​រំលែក​អ្វី​ដែល​អ្នក​ស្រី​បាន​រៀន​ពី​កិច្ច​ប្រជុំ​នេះ​ ជាមួយ​នឹង​ក្រុម​យុវជន​ក្មេងៗ​ដែល​ចង់​ក្លាយ​ជា​សហគ្រិននៅ​ពេល​ដែល​អ្នក​ស្រី​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ផង​ដែរ។

«នៅ​ខាង​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក គាត់​មានទំនាក់​ទំនង​ជាមួយ​នឹង​សមាគម​វ័យ​ក្មេង​សហគ្រិន​អាស៊ាន​ហ្នឹង ហើយ​ពេល​នាង​ខ្ញុំ​ត្រឡប់​មក​វិញ នាងខ្ញុំ​នឹង​ពាំ​យក​នូវ​បទពិសោធន៍​ដែល​នាង​ខ្ញុំ​ទទួល​បាន​ដើម្បី​ចែក​រំលែក​ដល់​ពួក​គាត់»។

XS
SM
MD
LG