ភ្នំពេញ៖ ក្រុមយុវជនស្ម័គ្រចិត្តចំនួន២០នាក់ដែលជានិស្សិតមានដើមកំណើតពីស្រុកផ្សេងៗគ្នាក្នុងខេត្តពោធិ៍សាត់បានឆក់យកឱកាសទិវា៨មិនាដែលជាទិវានារីអន្តរជាតិដើម្បីបើកយុទ្ធនាការរៃអង្គាសថវិកាដើម្បីសាងសង់បណ្ណាល័យមួយក្នុងខេត្តរបស់ពួកគេ។
ពួកគេបានចេញដំណើរជាក្បួនជិះកង់ពីរាជធានីភ្នំពេញដោយពាក់អាវពណ៌បៃតងដូចៗគ្នា។ ហើយនៅពីលើអាវរបស់ពួកគេមានសរសេរអក្សរថា «យើងស្រឡាញ់ពោធិ៍សាត់» «រួមគ្នាដើម្បីអភិវឌ្ឍន៍ស្រុកកំណើតយើង» និង«ជិះកង់ដើម្បីរកមូលនិធិសាងសង់បណ្ណាល័យសាមគ្គីនៅខេត្តពោធិ៍សាត់» ជាដើម។
លោក រ៉ែម ចាន់ដារ៉ា ជាស្ថាបនិក និង ជាប្រធានសមាគមអតីតសិស្សខេត្តពោធិ៍សាត់ ដែលបានដឹកនាំក្រុមជិះកង់នេះបានឱ្យដឹងថាការជិះកង់ប្រមូលថវិកាសាងសង់បណ្ណាល័យនេះគឺដើម្បីបើកបម្រើដល់សាធារណជនគ្រប់ស្រទាប់វណ្ណៈដែលចង់ស្រាវជ្រាវពោលគឺដើម្បីពង្រីកគំនិតនិងចង់ពញ្ញាក់អារម្មណ៍ដល់សាធារណជន ជាពិសេសគឺសិស្សានុសិស្សឱ្យមានសា្មរតីក្នុងការអាន។
«យើងចង់បញ្ជាក់ទឹកចិត្តស្រឡាញ់ខេត្តរបស់យើងប្រកូកប្រកាសដល់អ្នកផ្សេងៗទៀតប្រាប់អំពីសាមគ្គីភាពរបស់យើងនៅក្នុងខេត្ត ហើយមួយវិញទៀតគឺជាការអំពាវនាវដល់សាធារណជនទាំងក្នុងនិងក្រៅប្រទេសចូលរួមឧបត្ថម្ភដើម្បីឱ្យបានជាបណ្ណាល័យសាមគ្គីនេះឡើង បើវា កើតចេញជារូបរាង វាជាគំរូមួយដ៏ខ្លាំង។ អីចឹងបើសិនម្នាក់ៗនាំគ្នាសាមគ្គីគ្នាក្នុងខេត្តមួយៗ អ្នកខេត្តផ្សេងចង់លូតលាស់លើសពីខេត្តនេះ អ្នកនោះចង់លូតលាស់លើសពីខេត្តនោះ អីចឹងម្នាក់ៗ ដឹកនាំយុវជនរបស់ខេត្តខ្លួនឯងនឹងចាប់ផ្តើមទៅធ្វើខេត្តរបស់ខ្លួនឯងមួយអីចឹងវាកើតមានការ ប្រកួតប្រជែងលូតលាស់ទៅមុខរហូត»។
បណ្ណាល័យសាមគ្គីនេះនឹងត្រូវធ្វើនៅវិទ្យាល័យពោធិ៍សាត់ក្នុងខេត្តពោធិ៍សាត់ក្រុងពោធិ៍សាត់ដែលមានទំហំទទឹង២០ម៉ែត្រ និងបណ្តោយ ២៧ម៉ែត្រ។ កម្ពស់មួយជាន់និងគ្រោងចំណាយថវិកាប្រមាណជា២៥ម៉ឺនដុល្លារអាមេរិកហើយនឹងត្រូវបញ្ចប់នូវចុងឆ្នាំ២០១៤ ខាងមុខ នេះ។
លោក រ៉ែម ចាន់ដារ៉ា បានឱ្យដឹងបន្តថាបណ្ណាល័យនេះនឹងមានកុំព្យូទ័រ អ៊ិនធឺណែត សៀវភៅនិងឯកសារជាច្រើនដែលរួមមានភាសាខ្មែរ អង់គ្លេស និងជប៉ុន។ ចំណែកឯជាន់ខាងលើនៃបណ្ណាល័យ គឺជាសាលប្រជុំដែលអាចផ្ទុកមនុស្សបានប្រហែលជា៥០០នាក់។
ក្រុមយុវជនស្ម័គ្រចិត្តនឹងធ្វើដំណើរចំនួនបីថ្ងៃពីរាជធានីភ្នំពេញដល់ក្រុងពោធិ៍សាត់ដែលមានចម្ងាយផ្លូវ១៨៦គីឡូម៉ែត្រ។ ពួកគេនឹងធ្វើការជិះកង់ចំនួន១២ដងគឺរហូតដល់ការបញ្ចប់ការសាងសង់បណ្ណាល័យ។ ក្នុងការចេញដំណើរនៅថ្ងៃទីមួយកាលពីព្រឹកសុក្រនេះមានមន្ត្រីរបស់រដ្ឋាភិបាលមួយចំនួន ពាណិជ្ជករ និងនិស្សិតខ្លះបានចូលរួមជិះកង់ជូន ដំណើរអតីតសិស្សខេត្តពោធិ៍សាត់ដល់ត្រឹមផ្សាររាត្រីក្បែរវត្តភ្នំនៅជាប់មាត់ទន្លេ។
លោករ៉ែម ចាន់ដារ៉ាបានអះអាងថាអតីតសិស្សនៅខេត្តពោធិ៍សាត់ដែលមានវត្តមាននៅតាមបណ្តាប្រទេសមួយចំនួនដូចជាប្រទេសសឹង្ហបុរី អូស្ត្រាលី អាមេរិក ជាដើមនឹងជិះកង់នៅតាមតំបន់របស់ពួកគេរស់នៅដើម្បីប្រមូលថវិកាសម្រាប់ការសាងសង់បណ្ណាល័យនេះដែរ។
ក្រៅពីការជិះកង់ស្វែងរកមូលនិធិនេះក្រុមអតីតនិស្សិតក៏បានបង្កើតកម្មវិធីចំនួន២ផ្សេងទៀតគឺមានការប្រគុំតន្ត្រីលក់សំបុត្រនៅក្នុងខេត្តពោធិ៍សាត់និងរាត្រីសមោសដើម្បីពន្លឿនក្នុងការរកមូលនិធិនេះឱ្យបានឆាប់រហ័ស។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលនិង ជាអតីតសិស្សនៅ ខេត្តពោធិ៍សាត់ក៏បានចូលរួមក្នុងកម្មវិធីនេះដែរ។
លោកថ្លែងថាបណ្ណាល័យនៅតាមវិទ្យាល័យនិងអនុវិទ្យាល័យតាមស្រុក ខេត្ត រឹតតែមានសារៈសំខាន់ថែមទៀត ដោយនៅតំបន់ឆ្ងាយពីទីក្រុង សិស្ស និស្សិតរបស់យើងពិបាក រកសៀវភៅ ដើម្បីសិក្សា ស្រាវជ្រាវ និងស្វែងយល់ នូវចំណេះដឹង បន្ថែមខ្លាំងណាស់។
«សកម្មភាពទាំងអស់នេះធ្វើឱ្យខ្ញុំមានការពេញចិត្តយ៉ាងខ្លាំង ហើយដាក់ចិត្តថា នឹង ត្រូវជួយគាំទ្រពួកគេតាមអ្វីដែលខ្ញុំនិងភរិយាខ្ញុំអាចជួយបាន»។
លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡាដែលបានចូលរួម ក្នុងកម្មវិធីជិះកង់នោះបានចាត់ទុកសកម្មភាពនេះគឺជាវប្បធម៌ចែករំលែកមួយដ៏ប្រសើរ។
«វាជាសកម្មភាពមួយដែរ អាចធ្វើឱ្យសិស្សពោធិ៍សាត់ទាំងអស់ទាំងអតីត ទាំង បច្ចុប្បន្នក៏ដូចជាសិស្សដទៃទៀតយកគំរូតាមដែលសម្រាប់ជួយសហគមន៍ខ្លួនឯងផ្ទាល់ ដែលខ្លួនឯង បានរៀនចប់ហើយនឹងមានការងារធ្វើ ហើយនឹងមានលទ្ធភាពដែលអាចជួយសហគមន៍យើងបាននេះជាវប្បធម៌មួយចែករំលែកដ៏សំខាន់មួយ»។
លោកថាន់ ពិទូ ជានិស្សិតនៃវិទ្យាល័យជាតិគ្រប់គ្រងដែលបានចូលរួមជិះកង់រហូតដល់ ខេត្តពោធិ៍សាត់ ក៏បានឱ្យដឹងដែរថាការជិះកង់ប្រមូលថវិកានេះដើម្បីជាការរួមចំណែកក្នុង ការអភិវឌ្ឍវិស័យអប់រំនៅស្រុកកំណើតរបស់ខ្លួន។
«ជិះកង់ដើម្បីឱ្យគេស្គាល់នូវខេត្តពោធិ៍សាត់ ហើយយើងជាយុវជនមួយដែលកើត ក្នុងពោធិ៍សាត់យើងត្រូវតែជួយមិនបានអ្វីជាធំដុំក៏ជាផ្នែកមួយក្នុងការរួមអភិវឌ្ឍន៍លើវិស័យអប់រំផងដែរ»។
នេះជាលើកទីមួយដែលក្រុមអតីតសិស្សនៅខេត្តពោធិ៍សាត់ស្វែងរកការអភិវឌ្ឍវិស័យអប់រំដោយចលនាពួកគេផ្ទាល់។
លោក អាំង ងី ជានាយកវិទ្យាល័យពោធិ៍សាត់បានសម្តែងការសាទរជាខ្លាំងចំពោះសកម្មភាពស្រឡាញ់ស្រុកកំណើតនិងការអភិវឌ្ឍន៍របស់ក្រុមអតីតសិស្សនេះ។
លោកបានចាត់ទុកថានេះគឺជាគំរូដ៏ល្អសម្រាប់សិស្សជំនាន់ក្រោយហើយគម្រោងសាងសង់នេះនឹងទទួលបានជោគជ័យ។
«ទោះបីជាគាត់ទៅរៀនដល់ណា គាត់មានជីវភាពខ្ពស់ទាបយ៉ាងម្តេច ក៏គាត់ចេះតែ កៀងគរគ្នា ហើយនៅក្នុងសមាជិករបស់គាត់មិនមែនថាសុទ្ធតែអ្នកមានធនធានទាំងអស់នោះទេ ខ្លះក៏គ្នាវាខ្សត់ដែរប៉ុន្តែគ្នាមានទឹកចិត្ត មានកម្លាំងជួយ នេះបញ្ជាក់ពីស្មារតីយកចិត្តទុកដាក់របស់គាត់ ការសេ្នហាភូមិឃុំ ស្រុកកំណើតរបស់គាត់ គាត់ចង់អភិវឌ្ឍទីកន្លែងគាត់»។
ក្រៅពីការជិះកង់រៃអង្គាសរកប្រាក់សាងសង់បណ្ណាល័យនេះអតីតសិស្សមកពីខេត្តពោធិ៍សាត់បានចងក្រងជាសមាគមដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ក្នុងគោលបំណងពង្រឹង សាមគ្គីភាពសិស្សនៅគ្រប់ជំនាន់ក្នុងខេត្ត និងជួយសិស្សដែលមានការលំបាកផ្នែកសេដ្ឋកិច្ច គ្រួសារដោយផ្តល់អាហារូបករណ៍ក្នុងនិងក្រៅប្រទេស ផ្តល់សំភារៈសិក្សា វគ្គបណ្តុះបណ្តាល និងជួយរកការងារធ្វើជាដើម៕