ស្ថាបនិកគណបក្សជំនាន់ថ្មីប្តេជ្ញាលើកកម្ពស់វប្បធម៌នយោបាយថ្មី ដែលអ្នកនយោបាយគ្រប់និន្នាការធ្វើការជាមួយគ្នាដើម្បីជ្រោងទង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
គណបក្សថ្មីថ្មោងនេះនឹងធ្វើសមាជនៅដើមខែមិថុនាខាងមុខ នៅខេត្តសៀមរាប ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំគណបក្ស ក៏ដូចជាកម្មវិធីនយោបាយបម្រើប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយវីអូអេតាមប្រព័ន្ធទូរស័ព្ទនាថ្ងៃអង្គារនេះ លោក ប៉ាត មុន្នី ស្ថាបនិកគណបក្សជំនាន់ថ្មីថ្លែងថា៖ «ការណ៍ដែលយើងឆ្លងកាត់ឃើញបទពិសោធន៍កន្លងមក អ្នកជំនាន់មុនគឺពួកគាត់បានប្រលូកប្រលែងនៅក្នុងឆាកនយោបាយពោរពេញទៅដោយកំហឹង ពោរពេញទៅដោយការរើសអើង ស្អប់ខ្ពើមគ្នារហូតដល់មានឯងអត់អញ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី។ មានឯងអត់អញ។ អានេះគឺជារឿងមួយដែលគួរឱ្យសោកស្តាយនិងគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិដែលយើងគ្រប់គ្នាគឺជាកោសិកាសង្គម ហើយសង្គមជាតិមួយនេះមិនមែនជា កម្មសិទ្ធិរបស់អ្នកណា បុគ្គលណា ឬបក្សណា គ្រួសារណាទេ»។
គណបក្សជំនាន់ថ្មីត្រូវបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយជាផ្លូវការ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤ ហើយទីស្នាក់ការកណ្តាលរបស់គណបក្សគឺស្ថិតនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នេះបើតាមប្រកាសរបស់ក្រសួងមហាផ្ទៃ។
បើតាមលោក ប៉ាត មុន្នី កន្លងមក អ្នកនយោបាយជំនាន់មុនមានការមិនយល់គ្នា និងមានទស្សនៈផ្សេងៗ ដែលនាំឱ្យពួកគេចាត់ទុកគ្នាជាសត្រូវ និងថា លោកមិនចង់ឃើញសង្គមខ្មែរបែបនេះតទៅទៀតនោះទេ។
លោកថ្លែងថា៖ «អ៊ីចឹងបើសិនមានការទាស់ខុសគ្នា មានគោលនយោបាយផ្សេងគ្នា គួរតែរៀនយល់ពីគ្នា ពីព្រោះថាគ្រប់គ្នាគឺដើម្បីតែប្រទេសជាតិដូចគ្នាទេ។ គ្រាន់តែខុសទស្សនៈ ខុសគោលការណ៍បន្តិចបន្តួច យើងទៅចាត់ទុកគ្នាជាសត្រូវអាហ្នឹងគឺមិនគួរឱ្យមានតទៅទៀតទេ។ មិនត្រូវធ្វើឱ្យមានស្លាកស្នាមនៃការឈឺចុកចាប់រវាងគ្នានិងគ្នាសម្រាប់អ្នកជំនាន់ថ្មីទេ»។
គណបក្សជំនាន់ថ្មី ឬហៅជាភាសាអង់គ្លេសថា New Generation Party ប្រសូតិឡើងដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការបង្កើតគណបក្សនយោបាយ ព្រមទាំងកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានមួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់គណបក្សនេះ។
អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក សុន ឆ័យ ប្រាប់វីអូអេថា ការបង្កើតគណបក្សថ្មីគឺជារឿងល្អ ហើយបើមានគណបក្សឯករាជ្យច្រើនត្រូវបានបង្កើតឡើងនោះ ពលរដ្ឋនឹងមានជម្រើសនយោបាយច្រើននៅក្នុងការបោះឆ្នោតរើសមេដឹកនាំប្រទេស។
លោកថ្លែងថា៖ «ហើយជាមួយគ្នានោះដែរ យើងចង់ឃើញឱ្យបរិយាកាសល្អប្រសើរដើម្បីឱ្យគណបក្សនយោបាយហ្នឹងមានលទ្ធភាពបំពេញការងាររបស់ពួកគាត់ឱ្យបានស្រួល ឱ្យបានត្រឹមត្រូវដោយមិនមានការភ័យខ្លាច។ អាហ្នឹងក៏សំខាន់ផងដែរ។ បើទោះបីយើងមានគណបក្សច្រើន គណបក្សគ្រាន់តែបង្កើតឡើង ហើយមិនហ៊ានមានយោបល់ មិនហ៊ានបញ្ចេញមតិ មិនហ៊ានបញ្ចេញគំនិតនយោបាយរបស់ខ្លួន ក៏វាមិនមានផលប្រយោជន៍អីដែរបាទ»។
បើតាមអនុប្រធានគណបក្សរូបនេះ កន្លងមក បើទោះមានគណបក្សនយោបាយច្រើន ប្រជាពលរដ្ឋគាំទ្រតែគណបក្សពីរឬបីប៉ុណ្ណោះ តែការណ៍នេះក៏មិនមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋនោះដែរ។
នៅពេលសួរថា តើគណបក្សរបស់លោកនឹងមានការសហការជាមួយគណបក្សទើបបង្កើតថ្មីនេះដែរឬទេ លោក សុន ឆ័យ អះអាងថា គណបក្សរបស់លោកបើកចំហរាល់ការសហការនានា និងថា ការចូលរួមពីគណបក្សផ្សេងទៀតនឹងកាន់តែធ្វើឱ្យការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យកាន់តែរឹងមាំឡើង។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ អតីតតំណាងរាស្ត្រនិងសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិបាននាំគ្នាមកបង្កើតគណបក្សថ្មីជាបន្តបន្ទាប់។ ការចែកជើងគ្នាទៅបង្កើតគណបក្សថ្មីរបស់ពួកគេនេះគឺនៅមិនទាន់មានសន្ទុះនៃការគាំទ្រពីប្រជាពលរដ្ឋនៅឡើយទេ។
អ្នកវិភាគនយោបាយលោក សេង វណ្ណលី ប្រាប់វីអូអេថា គំនិតផ្តួចផ្តើមនៃការបង្កើតគណបក្សជំនាន់ថ្មីនេះគឺជាចលនានយោបាយសមស្របមួយដើម្បីប្រមូលផ្តុំឡើងវិញនូវអ្នកដែលធ្លាប់គាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងជាការទប់ស្កាត់មិនឱ្យមានការបែកសំឡេងអ្នកប្រជាធិបតេយ្យ ដែលកំពុងត្រូវបានគេមើលឃើញថា បែកខ្ញែកគ្នាទៅជាក្រុមរវាងអ្នកនិយមលោក សម រង្ស៊ី ដែលកំពុងរស់នៅដោយនិរទេសខ្លួននៅក្រៅប្រទេស និងអ្នកនិយមលោក កឹម សុខា ដែលត្រូវតុលាការកាត់ទោសឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ ឆ្នាំពីបទក្បត់ជាតិ។
លោកថ្លែងថា៖ «អ៊ីចឹងសម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា គណបក្សជំនាន់ថ្មីនេះតាមពិតទៅជាគណបក្សដែលប្រហែលកើតចេញពីកឹម សុខានិយម ដូចបានលេចឮថា លោក មាជ សុវណ្ណារ៉ា ជាអ្នកនៅពីក្រោយហ្នឹង ហើយប្រហែលជាអាចមានសមាជិកអតីតគណបក្សសង្គ្រោះជាតិ ក៏ដូចជាអ្នកគាំទ្រលោក កឹម សុខា និយមហ្នឹងមួយចំនួនដែរ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់ឃើញមានរចនាសម្ព័ន្ធរបស់គណបក្សជំនាន់ថ្មីហ្នឹងច្បាស់លាស់ទេ»។
លោក សេង វណ្ណលី បន្ថែមថា៖ «ក៏ប៉ុន្តែខ្ញុំគិតថា ទាំងគណបក្សដែលកើតចេញអំពីអ្នកគាំទ្រក្រុមលោក សម រង្ស៊ី ក៏ដូចជាក្រុមលោក កឹម សុខា ខ្ញុំគិតថា ថ្ងៃណាមួយនឹងវិលមករួបរួមគ្នាវិញ ដូចយើងឃើញចលនាសម្ព័ន្ធប្រជាធិបតេយ្យអនាគត ដែលថ្មីៗនេះមានគណបក្ស៤ស្ថិតនៅក្នុងសម្ព័ន្ធហ្នឹង។ តាមពិតទៅ វាជាចលនាមួយដើម្បីឆ្ពោះទៅរកការរួបរួមអ្នកប្រជាធិបតេយ្យ»។
កាលពីកន្លងទៅ គណបក្សនយោបាយចំនួន ៤ បានរួមគ្នាបង្កើតចំណងនយោបាយថ្មីមួយដោយឱ្យឈ្មោះថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» ក្នុងគោលដៅប្រកួតប្រជែងក្នុងការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជា និងលើកស្ទួយការគោរពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ។
គណបក្សទាំង ៤ នោះ រួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ដែលសុទ្ធតែជាគណបក្សដែលមិនទាន់មានសំឡេងនៅរដ្ឋសភានៅឡើយ៕
វេទិកាបញ្ចេញមតិ