ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ពី​តស៊ូ​ក្នុង​គណបក្ស​ជំទាស់​ជាង​២០​ឆ្នាំ លោក ស៊ុន ចន្ធី ត្រូវ​ជាប់​ពន្ធនាគារ


រូបឯកសារ៖ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ថ្លែង​នៅក្នុង​កិច្ច​ប្រជុំមួយ​របស់​បក្ស។ (Facebook / SUN Chanthy)
រូបឯកសារ៖ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ថ្លែង​នៅក្នុង​កិច្ច​ប្រជុំមួយ​របស់​បក្ស។ (Facebook / SUN Chanthy)

លោក ស៊ុន ចន្ធី ធ្លាប់​ចេញ​មុខ​តវ៉ា​ជាមួយ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។ លោក​បាន​ចូលរួម​ជាមួយ​អតីត​គណបក្ស សម រង្ស៊ី តាំង​ពី​អំឡុង​ចុង​ទសវត្សរ៍ ១៩៩០។

លោក ស៊ុន ចន្ធី ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​៩ ខែ​ឧសភា នៅ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ក្រោយ​ត្រឡប់​ពី​បំពេញ​បេសក​កម្ម​នៅ​ប្រទេស​ជប៉ុន ​ទី​ដែល​លោក​ជួប​សមាជិក​ សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​កម្លាំង​ជាតិ ​ដែល​លោក​បាន​បង្កើត​កាល​ពី​ឆ្នាំ​មុន។​

អ្នក​ដែល​ស្គាល់​រូប​លោក​បាន​អះអាង​ថា​ លោក ​ស៊ុន ចន្ធី ​ជា​អ្នក​នយោបាយ​ម្នាក់​ដែល​មាន​ជំហរ​រឹងមាំ​ក្នុង​ការ​តស៊ូ​ជាមួយ​គណបក្ស​ជំទាស់​ ដោយ​មិន​ប្រែប្រួល​ឡើយ។​

កើត​ក្នុង​គ្រួសារ​កសិករ​ដែល​មាន​ស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​វែង ​សង្កាត់​ស្រយ៉ូវ ​ស្រុក​ស្ទឹងសែន ​ខេត្ត​កំពង់ធំ ​លោក​ ស៊ុន ចន្ធី ​អាយុ​ ៤៤ ​ឆ្នាំ ​ជា​កូន​ទី​ ២ ​ក្នុង​ចំណោម​បង​ប្អូន​៥​នាក់ ​ក្នុង​នោះ​ស្រី​៣​នាក់ ​និង​ប្រុស​២​នាក់។​ ឪពុក​ឈ្មោះ ​ដូង សឿន ​អាយុ​៨៧ ​ឆ្នាំ ​នៅ​រស់។ ​ចំណែក​ម្តាយ​ឈ្មោះ ​យឹម ភន ​ស្លាប់​ដោយ​សារ​ជំងឺ​បេះ​ដូង ​កាល​ពី​ឆ្នាំ ​២០២៣។​

លោក ​ស៊ុន ចន្ធី ​បាន​ជាប់​បាក់​ឌុប​ក្នុង​ឆ្នាំ​ ១៩៩៩ ​នៅ​វិទ្យាល័យ​កំពង់ធំ ​ហើយ​លោក​បាន​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ​ដោយ​រៀន​ផង​ធ្វើ​ការ​ផង ​និង​បាន​ចូល​រួម​ធ្វើ​នយោបាយ​ក្នុង​នាម​ជា​យុវជន​របស់​គណបក្ស ​សម រង្ស៊ី។​

ក្នុង​ឆ្នាំ ​២០១៦ ​លោក​ ស៊ុន ចន្ធី ​បាន​រៀន​ចប់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​នីតិសាស្រ្ត ​ឯកទេស​រដ្ឋបាល ​និង​សាធារណៈ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្រ្ត ​និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច។​

ការងារ​នយោបាយ​របស់​លោក​សម្រាប់​គណបក្ស​ជំទាស់ ​គឺ​លោក​ធ្វើការ​នៅ​ក្នុង​ខុទ្ទកាល័យ​ប្រធាន​គណបក្ស ​សម រង្ស៊ី។​ លោក​ចាប់​ផ្តើម​ការងារ​ដំបូង​ជា​អ្នក​រដ្ឋបាល​មួយ​រូប។ ​រហូត​មក​ដល់​ឆ្នាំ ​២០១២​ ទើប​លោក ​ស៊ុន ចន្ធី​ ត្រូវ​បាន​គណបក្ស​ចាត់​ឱ្យ​ទៅ​ជួយ​ការងារ​គណបក្ស​នៅ​ក្នុង​ខេត្ត​កំពង់ធំ ​ដែល​ជា​ស្រុក​កំណើត​របស់​លោក។​ នេះ​បើ​តាម​អ្នក​ស្គាល់​រូប​លោក។​

ក្នុង​ឆ្នាំ ​២០១៤​ ពេល​គណបក្ស​ជំទាស់​បាន​រៀបចំ​គណៈ​កម្មាធិការ​ប្រតិបត្តិ​ខេត្ត​ទូទាំង​ប្រទេស ​លោក​ ស៊ុន ចន្ធី ​ក៏​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​ខេត្ត​កំពង់ធំ​របស់​អតីត​គណបក្ស​សង្រ្គោះ​ជាតិ។​

រូបឯកសារ៖ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ក្នុង​អំឡុង​ពេល​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ។ (Facebook / SUN Chanthy)
រូបឯកសារ៖ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ក្នុង​អំឡុង​ពេល​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ។ (Facebook / SUN Chanthy)

រហូត​មក​ដល់​ឆ្នាំ​ ២០១៧​ នៅ​ពេល​គណបក្ស​ត្រូវ​រំលាយ​ លោក​ ស៊ុន ចន្ធី ​ត្រូវ​បាន​គេ​បិទ​សិទ្ធិ​ធ្វើ​នយោបាយ ​ហើយ​កាល​នោះ ​លោក​មិន​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​ឬ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដូច​អ្នក​នយោបាយ​ជំទាស់​មួយ​ចំនួន​នោះ​ទេ។

រហូត​មក​ដល់​ដើម​ឆ្នាំ​ ២០២២​ បន្ទាប់​ពី​គណ​បក្ស​ភ្លើង​ទៀន​ដំណើរ​ការ​ឡើង​វិញ​បាន​មួយ​រយៈ ​លោក ​ស៊ុន ចន្ធី ​ក៏​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ដើម្បី​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន​នេះ​បន្ត​ទៀត។ ​លោក ​ស៊ុន ចន្ធី ​ធ្លាប់​ថ្លែង​ថា ​លោក​ជា​អ្នក​ចាប់​ផ្តើម​សកម្មភាព​នយោបាយ​របស់​គណបក្ស​ភ្លើង​ទៀន​មុន​គេ។​

នៅ​គ្រា​ដែល​គណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​ ២០២៣​ លោក​ ស៊ុន ចន្ធី ​ចាប់​ផ្តើម​គិត​ថា​ មាន​តែ​ការ​បង្កើត​គណបក្ស​ថ្មី​ទេ ​ទើប​អាច​ជា​ក្តី​សង្ឃឹម​មួយ​សម្រាប់​គណ​បក្ស​ជំទាស់។​

កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន ​លោក​បាន​បង្កើត​គណបក្ស​កម្លាំង​ជាតិ​មួយ​ ដែល​លោក​ជា​ប្រធាន​គណបក្ស។​

ភរិយា​របស់​លោក ​ស៊ុន ចន្ធី ​អ្នកស្រី ​យាន ស្រីយ៉ាន​ អាយុ​ ៣៣ ​ឆ្នាំ ​ដែល​ទើប​តែ​ពរពោះ​ពីរ​ខែ ​ប្រាប់​វីអូអេ​ថា​ ស្វាមី​របស់​គាត់​ជា​មនុស្ស​ស្រឡាញ់​យុត្តិធម៌ ​និង​ស្អប់​អំពើ​អយុត្តិធម៌​ក្នុង​សង្គម។​

អ្នក​ស្រី​បញ្ជាក់​ថា៖​ «បង​ចន្ធី! ​ អត្តចរិត​របស់​គាត់​ជា​មនុស្ស​ម៉ឺង​ម៉ាត់ ​ជា​មនុស្ស​គោរព​ការងារ ​ឱ្យ​តម្លៃ​ការងារ​ ចេះ​ជួយ​ចែក​រំលែក​មនុស្ស​ជុំវិញ​ខ្លួន ​ហើយ​គាត់​ក៏​ជា​មនុស្ស​ស្រឡាញ់​យុត្តិធម៌។ ​គាត់​តែង​តែ​ឈឺ​ឆ្អាល​ពី​អ្វី​ដែល​អយុត្តិធម៌​ ហើយ​នៅ​ពេល​ទំនេរ​គាត់​ចូល​ចិត្ត​អាន​សៀវភៅ​ច្រើន ​និង​ស្រាវជ្រាវ»។​

លោក ​រ៉ុន ឈុន ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ ​លើក​ឡើង​ថា​ មូល​ហេតុ​ដែល​លោក​ ស៊ុន ចន្ធី ​ចាប់​អារម្មណ៍​ចូល​រួម​ធ្វើ​សកម្ម​ភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រឆាំង​តាំង​ពី​ដើម​មក ​ដោយ​សារតែ​លោក​ចង់​ឃើញ​សង្គម​កម្ពុជា​ទទួល​បាន​ប្រជា​ធិបតេយ្យ ​ការ​គោរព​សិទ្ធិ​មនុស្ស​មួយ​ពិត​ប្រាកដ ​និង​មិន​ឃើញ​រឿង​អយុត្តិ​ធម៌​ដែល​កើត​ឡើង​ក្នុង​សង្គម​បន្ត​ទៀត។​

លោក​ថ្លែង​ថា៖​ «គាត់​មើល​ឃើញ​រឿង​អយុត្តិ​ធម៌​សង្គម​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា​យើង​ច្រើន​ អ៊ីចឹង​ហើយ​បាន​គាត់​សម្រេច​ចិត្ត​…​គាត់​ចូល​រួម​ជា​មួយ​នយោបាយ​នៅ​ខាង​អ្នក​ប្រជា​ធិបតេយ្យ​ ឬ​មួយ​យើង​ហៅ​ថា​ បក្ស​ប្រឆាំង​ហ្នឹង​តែ​ម្តង»។​

លោក ​រ៉ុង ឈុន ​បញ្ជាក់​ថា​ លោក ​ស៊ុន ចន្ធី ​ជា​មនុស្ស​សកម្ម​ ស្រឡាញ់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ស្មោះ​ត្រង់​នឹង​ការងារ ​និង​ប្រជា​ពលរដ្ឋ​ ហើយ​មាន​គោល​ជំហរ​នយោបាយ​រឹងមាំ។​

លោក​ថ្លែង​ថា៖​ «បើ​តាម​ខ្ញុំ​ស្គាល់​ចន្ធី​ គោល​ជំហរ​របស់​គាត់​រឹងមាំ។​គាត់​មិន​អាច​មាន​អ្នក​ណា​មក​ផ្លាស់​ប្តូរ​ជំហរ​របស់​គាត់​បាន​ទេ ​ព្រោះ​គាត់​ស្មោះ​ត្រង់​ជា​មួយ​នឹង​អ្នក​ប្រជា​ធិបតេយ្យ​ ស្មោះ​ត្រង់​ជា​មួយ​នឹង​គណបក្ស​ ហើយ​ស្មោះត្រង់​ជា​មួយ​ប្រជា​ពលរដ្ឋ ​មិន​មាន​អ្នក​ណា​មក​អាច​ផ្លាស់​ប្តូរ​នូវ​ជំហរ​នយោបាយ​របស់​គាត់​បាន​ទេ»។​

នៅ​ក្នុង​ប្រទេស​ជប៉ុន​ លោក​ ស៊ុន ចន្ធី ​បាន​ថ្លែង​ទៅ​អ្នកគាំទ្រ​គណបក្ស​កម្លាំង​ជាតិ​ថា៖​ «ខ្ញុំ​ស៊ុន ចន្ធី​ ខ្ញុំ​ថាយើង​ត្រូវ​ប្រថុយ​ក្នុង​ការ​តស៊ូ ​ការ​លះបង់។​ បើ​គ្មាន​ការ​ធ្វើ​ពាលីកម្ម​ទេ​ គ្មាន​ការ​លះបង់​ទេ ​ការ​តស៊ូ​គ្មាន​ន័យ​ទេ​ មិន​អាច​ផ្លាស់​ប្តូរ​បាន​ទេ...។​ ខ្ញុំ​ក្នុង​ឋានៈ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ ​តាង​នាម​ឱ្យ​គណបក្ស​កម្លាំងជាតិ​ទាំង​មូល​ សូម​សច្ចា​ចំពោះ​មុខ​បង​ប្អូន​នៅ​ទី​នេះ​ថា​ គណបក្ស​កម្លាំង​ជាតិ​ស្មោះ​ត្រង់​ជានិច្ច​ចំពោះ​មាតុភូមិ​របស់​ខ្លួន​ ស្មោះ​ត្រង់​ជានិច្ច​ចំពោះ​ប្រជា​ពលរដ្ឋ​ខ្មែរ។​ គណបក្ស​កម្លាំង​ជាតិ​មិន​រួម​ជា​មួយ​បរទេស​ដើម្បី​ក្បត់​ជាតិ​ខ្លួន​ឯង​ជា​ដាច់​ខាត»។​

លោក​ថ្លែង​ដូច្នេះ​ ក្នុង​ពេល​ជួប​សកម្មជន​និង​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​ឧសភា ឆ្នាំ ​២០២៤​ គឺ​ ៤ ​ថ្ងៃ​មុន​ពេល​លោក​ត្រូវ​ចាប់​ខ្លួន​នៅ​ព្រលាន​យន្តហោះ​ភ្នំពេញ​ពេល​លោក​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ។​

លោក​ រ៉ុង ឈុន ​យល់​ថា​ ការ​ចាប់​ខ្លួន​លោក ​ស៊ុន ចន្ធី ​គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ ព្រោះ​លោក ​ស៊ុន ចន្ធី ​គ្រាន់​តែ​បញ្ចេញ​មតិ​ក្នុង​ន័យ​ស្ថាបនា​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។​

លោក​បន្ថែម​ថា៖​ «ការ​ដែល​គាត់​លើក​ឡើង​នេះ​ ជា​ការ​បង្ហាញ​នូវ​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​ក្នុង​គោល​បំណង​លើក​ឡើង​រិះគន់​ស្ថាបនា​នោះ​ទេ។ ​ដូច្នេះ​យើង​មើល​ការ​ចោទ វាមិន​ឆ្លើយ​តប​ទៅ​នឹង​សង្គម​យើង​ដែល​ប្រកាន់​គោល​ការណ៍​ប្រជា​ធិបតេយ្យ​...​ដែល​យើង​មើល​ទៅ​វា​មិន​មែន​ជារឿង​ការ​អនុវត្ត​ច្បាប់​ទេ។​ វា​ជា​រឿង​នយោបាយ​ច្រើន​ជាង​ បើ​តាម​ការ​វាយ​តម្លៃ​មតិ​អន្តរជាតិ​ ជាតិ​ក្តី»។​

ក្នុង​ពេល​ជួប​សកម្មជន​និង​អ្នក​គាំទ្រ​ក្នុង​ប្រទេស​ជប៉ុន នោះ លោក ​ស៊ុន ចន្ធី​ បាន​ថ្លែង​ក្នុង​ការ​ផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ដែល​មាន​រយៈ​ពេល ​២ ​ម៉ោង​និង​ ៤០ ​នាទី។​

លោក​បាន​លើក​ឡើង​ថា៖ ​«គេ​ថា​ បើ​អត់​បោះ​ឆ្នោត​ឱ្យ​គេ​ទេ ​គេ​អត់​ឱ្យ​ដើរ​លើ​ផ្លូវ​ហ្នឹង​ទេ។​ គេ​អត់​ឱ្យ​កូន​ទៅ​រៀន​ទេ។​ គេ​អត់​ឱ្យ​បណ្ណ​ក្រីក្រ​ទេ។ ​អ្នក​ឯង​ឈឺ​ទៅ​ពេទ្យ ​ គេ​អត់​យក​ចិត្ត​ទុក​ដាក់​ទេ។ ​អ្នក​ឯង​ទៅ​សាលា​ឃុំ​ស៊ីញ៉េ​ឯកសារ​ គេ​អត់​ស៊ី​ញ៉េ​ឱ្យ​ទេ​ តែ​គាត់​ថា​ អត់​តក់​ស្លុត ​អ្ហែង​អត់​ឱ្យ​ក៏​ហី​ទៅ!​ អញ​បោះ​ឱ្យ​ភ្លើង​ទៀន។​ ពេល​ភ្លើង​ទៀន​ឈ្នះ​ឆ្នោត ​អញ​ចង់​បាន​អី​ក៏​បាន»។​

ការ​ថ្លែង​នេះ​ទំនង​ត្រូវ​បាន​នគរបាល​និង​តុលាការ​ប្រើប្រាស់​ដើម្បី​ឃាត់​ខ្លួន ​លោក ​ស៊ុន ចន្ធី ​ភ្លាមៗ​ នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ ​ពេល​លោក​ត្រឡប់​មកពី​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ជប៉ុន។​

តុលាការ​បាន​លើក​ឡើង​ថា​ ការ​ថ្លែង​របស់​លោក​ ស៊ុន ចន្ធី ​«បាន​ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត​ចំពោះ​រាជ​រដ្ឋាភិបាល​លើ​ការ​ចែក​បណ្ណ​ក្រីក្រ​ថា​ មាន​ការ​រើស​អើង​ និង​មាន​ភាព​លម្អៀង​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា ​ព្រម​ទាំង​បាន​មួល​បង្កាច់​អំពី​ការ​អភិវឌ្ឍ​ប្រទេស​របស់​រាជ​រដ្ឋាភិបាល ​ក្នុង​ចេតនា​ញុះញង់​បំភ្លៃ​ព័ត៌មាន​ នាំ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​យល់​ច្រឡំ ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ​និង​សណ្តាប់​ធ្នាប់​សាធារណៈ»។​

អ្នកស្រី ​យាន ស្រីយ៉ាន ​ភរិយា​របស់​លោក​ ស៊ុន ចន្ធី ​លើក​ឡើង​ថា​ ការ​ថ្លែង​របស់​ស្វាមី​ខ្លួន​គ្រាន់​តែ​ជា​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។ ​អ្នកស្រី​ស្នើ​ឱ្យ​តុលាការ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​ចោទ​ប្រកាន់​ស្វាមី។​

អ្នក​ស្រី​ថ្លែង​ថា៖​ «ខ្ញុំ​សូម​សំណូមពរ​ទៅ​ដល់​តុលាការ​ដែល​បាន​ចោទ​ប្តី​នាង​ខ្ញុំ ​សូម​ពិចារណា​សា​ឡើង​វិញ។​ សូម​ឱ្យ​គាត់​ទម្លាក់​បទ​ចោទ​ដែល​គាត់ ​ខាង​តុលាការ​បាន​ចោទ​មក​លើ​ប្តី​របស់​នាង​ខ្ញុំ​ហ្នឹង​ ពី​ព្រោះ​ការ​និយាយ​ពី​ការណ៍​ពិត​ ពី​សង្គម​ វា​មិន​មាន​កំហុស​ទេ»៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG