ទីភ្នាក់ងារស៊ីវិលរបស់តំបន់ហ្កាហ្សានិយាយថាការវាយប្រហារតាមអាកាសជាបន្តបន្ទាប់របស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងតិចក៏១៤នាក់កាលពីថ្ងៃពុធម្សិលមិញនៅក្នុងហិង្សាថ្មីៗបំផុតដែលបានបំផ្លាញទឹកដីប៉ាឡេស្ទីនដែលត្រូវបានបំផ្លិចបំផ្លាញរួចហើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារនោះបានប្រាប់ឱ្យដឹងថាមនុស្ស៥នាក់ត្រូវបានសម្លាប់ហើយជាច្រើននាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសលើផ្ទះមួយខ្នងរបស់ក្រុមគ្រួសារ Barghoutនៅក្នុងសង្កាត់ Zeitun នៃទីក្រុង Gaza City។
មនុស្ស៣នាក់បានត្រូវសម្លាប់នៅក្នុងការវាយប្រហារមួយទៀតដែលដៅលើផ្ទះមួយខ្នងរបស់ក្រុមគ្រួសារ Al-Banna ក្នុងទីក្រុង Deir el-Balah ភាគកណ្តាល។
ទីភ្នាក់ងារនោះបានបន្ថែមទៀតថាការវាយប្រហារក្នុងទីក្រុង Gaza City បានសម្លាប់មនុស្ស៥នាក់ ខណៈដែលការវាយប្រហារលើផ្ទះមួយខ្នងរបស់ក្រុមគ្រួសារ Weshahក្នុងជំរំជនភៀសខ្លួន Al-Bureij បានសម្លាប់កុមារម្នាក់។
អ្នកកាសែត AFP ក្រោយមកបានសង្កេតឃើញមនុស្សរុករកកំទិចបាក់បែករបស់ផ្ទះនោះដើម្បីស្វែងរកអ្វីដែលពួកគេអាចរកឃើញ។
ក្រុមអ្នកជួយសងគ្រោះក៏បានរកឃើញសាកសពមនុស្ស៣នាក់ដែលត្រូវបានសម្លាប់ដោយការវាយប្រហារដ្រូននៅក្នុងស្រុក Rafah កាលពីថ្ងៃអង្គារ។
ការវាយប្រហារថ្មីៗបានកើតមានឡើងនៅពេលដែល ប្រទេសកាតា អេហ្ស៊ីបនិងសហរដ្ឋអាមេរិកដែលបានធ្វើជាអ្នកសម្របសម្រួលនៃការចរចារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅក្នុងទីក្រុងដូហាដើម្បីឱ្យមានកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ការប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សានិងជួយឱ្យមានការដោះលែងចំណាប់ខ្មាំង។
ក្នុងអំឡុងនៃការវាយប្រហារថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ដែលបានបណ្តាលឱ្យមាន
សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា ពួកកងជីវពលប៉ាឡេស្ទីនបានចាប់មនុស្ស២៥១នាក់ធ្វើចំណាប់ខ្មាំង ដោយពួកចំណាប់ខ្មាំង៩៦នាក់ស្ថិតនៅក្នុងតំបន់ហ្កាហ្សានៅឡើយ។ យោធាអ៊ីស្រាអែលនិយាយថាចំណាប់ខ្មាំង៣៤នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំងនោះបានស្លាប់។
ការវាយប្រហាររបស់ក្រុមហាម៉ាស់ បាននាំឱ្យមនុស្សស្លាប់១ពាន់២រយ៨នាក់នៅខាងភាគីអ៊ីស្រាអែល ភាគច្រើនជាជនស៊ីវិល។ នេះបើតាមតួលេខផ្លូវការរបស់អ៊ីស្រាអែល៕
វេទិកាបញ្ចេញមតិ