ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ជំទាស់​រំពឹង​បាន​អាសនៈ​ខ្លះ​ក្នុង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត


រូបឯកសារ៖ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់​ចូលរួម​បោះឆ្នោត​ជ្រើសរើសសមាជិក​ព្រឹទ្ធសភាអាណត្តិទី ៥ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់​ចូលរួម​បោះឆ្នោត​ជ្រើសរើសសមាជិក​ព្រឹទ្ធសភាអាណត្តិទី ៥ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

គណបក្ស​នយោបាយ​ចំនួន ​៥​ បាន​នឹង​កំពុង​ចាប់​ផ្តើម​យុទ្ធនាការ​រក​សំឡេង​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ​ក្រុង ​ស្រុក ខណ្ឌ ​អាណត្តិ​ទី ៤ ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នាថ្ងៃទី​ ២៦ ​ខែ​ឧសភា ​ឆ្នាំ​ ២០២៤​ ខាង​មុន​នេះ។​

គណបក្ស​នយោបាយ​ចំនួន ​៥ ​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​អសកល​នេះ​មាន​គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កំពុង​គ្រប់​គ្រង​ប្រទេស​ គណបក្ស​ឆន្ទៈខ្មែរ​ គណបក្ស​កម្លាំង​ជាតិ​ គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ។​

គណបក្ស​ឆន្ទៈខ្មែរ ​ដែល​តំណាង​ឱ្យ​គណបក្ស​ភ្លើងទៀន​រំពឹង​ថា នឹង​ទទួល​បាន​អាសនៈ​មួយ​ចំនួន​ពី​ការ​បោះឆ្នោត​នេះ ខណៈ​សមាជិក​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់។​

សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​ ៥​ និង​ជា​អគ្គ​លេខាធិការ​គណបក្ស​ឆន្ទៈខ្មែរ ​លោក ​គង់ មូនីកា ​ប្រាប់​វីអូអេ​ថា ដំណើរការ​យុទ្ធនាការ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​និង​អនុវត្ត​បាន​នូវ​រាល់​ជំនួប​ជាមួយ​អង្គ​បោះឆ្នោត​ដែល​មក​ពី​គណបក្ស​ភ្លើងទៀន ​ក៏​ដូច​ជា​ផ្សព្វផ្សាយ​នូវ​គោល​នយោបាយ​របស់​គណបក្ស​ផង​ដែរ​ បើ​ទោះបី​ជា​មាន​បញ្ហា​បចេ្ចកទេស​មួយ​ចំនួន​របស់​គណៈ​កម្មាការ​បោះឆ្នោត​ខេត្ត​បាត់ដំបង​ក៏ដោយ។​

លោក​បន្ថែម​ថា ​គណបក្ស​ឆន្ទៈខ្មែរ​រំពឹង​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ប្រមាណ​ ៥២ ​អាសនៈ ​និង​ស្រុក ខណ្ឌ​ប្រមាណ​ជាង ​៣០០ ​អាសនៈ ​ក្នុង​ការ​បោះឆ្នោត​អសកល​មួយ​នេះ។​

លោក​ថ្លែង​ថា៖​ «បើ​យើង​ផ្អែក​ទៅ​តាម​តួលេខ​ និង​ទិន្នន័យ​នៃ​សំឡេង​ឆ្នោត​ដែល​យើង​ទទួល​បាន​ក្រោយ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​នោះ ​គណបក្ស​ឆន្ទៈខ្មែរ​នឹង​អាច​ទទួល​បាន​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត​ប្រមាណ​ ៥២ ​អាសនៈ​ ក្រុម​ប្រឹក្សា​ខណ្ឌ ក្រុម​ប្រឹក្សា​ស្រុក​នៅ​ទូទាំង​ប្រទេស​ប្រមាណ​ជាង ​៣០០ ​អាសនៈ ​ប៉ុន្តែ​ប្រសិន​បើ​តួលេខ​នៃ​អង្គ​បោះឆ្នោត​ ២.១៩៨​ នាក់​របស់​គណបក្ស​ភ្លើងទៀន​នៅ​ទូទាំង​ប្រទេស​បោះ​ឱ្យ​គណបក្ស​ឆន្ទៈខ្មែរ​ ១០០%​ នោះ​យើង​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ខេត្ត​រាជធានី​ប្រមាណ​ជិត​ ១០០ ​អាសនៈ ​ហើយ​ក្រុម​ប្រឹក្សា​ខេត្ត ​ស្រុក ​អាច​បាន​ជិត​ទៅ​ដល់​ ៦០០ ​អាសនៈ»។​

អ្នក​នយោបាយ​វ័យ​ក្មេង​រូប​នេះ​សង្ឃឹម​ថា​ ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​មិន​បាន​បោះឆ្នោត​ជូន​គណ​បក្ស​ឆន្ទៈខ្មែរ​ អាច​នឹង​ត្រឡប់​មក​បោះឆ្នោត​ជូន​គណបក្ស​វិញ ​ដើម្បី​អាច​ឱ្យ​គណបក្ស​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ ក្នុង​ការ​បើក​លំហ​លទ្ធិ​ប្រជា​ធិបតេយ្យ ​សេរី​ពហុបក្ស​នៅ​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​បាន​ទូលំ​ទូលាយ។​

លោក ​គង់ មុនីកា​ លើក​ឡើង​ទៀត​ថា នៅ​មុន​ការ​បោះឆ្នោត​អសកល​នេះ​មាន​ការ​ចាប់​ខ្លួន​បេក្ខជន​គណបក្ស​ឆន្ទៈខ្មែរ​នៅ​ខេត្ត​បាត់ដំបង ​ខេត្ត​កំពង់ឆ្នាំង ​ខេត្ត​កំពង់ចាម​ និង​រាជធានី​ភ្នំពេញ​ជា​ដើម​ ជាបន្ត​បន្ទាប់ ហើយ​ពួក​គេ​ទាំង​នោះ​សុទ្ធ​តែ​ជា​បេក្ខជន​លេខ​រៀង​ទី ១ ​ដល់​ទី​ ៦​ ដែល​អាច​បង្ក​ផល​ប៉ះពាល់​មួយ​ចំនួន​លើ​លទ្ធផល​បោះឆ្នោត។​

លោក​ថ្លែង​ថា៖​ «ដូច្នេះ​ការ​ចាប់​ខ្លួន​របស់​ពួក​គាត់​វា​បាន​បង្ហាញ​ពី​ភាព​មិន​សូវ​សេរី ​ត្រឹមត្រូវ​ និង​យុត្តិធម៌​ក្នុង​ការ​បោះឆ្នោត​នេះ ​ធ្វើ​ឱ្យ​អង្គ​បោះឆ្នោត ​ធ្វើ​ឱ្យ​បេក្ខជន​មួយ​ចំនួន​មាន​ការ​ភ័យខ្លាច​ បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន​ ហើយ​មិន​អាច​បង្ហាញ​នូវ​ឆន្ទៈ​របស់​ខ្លួន​បាន​ដោយ​សេរី​និង​ត្រឹមត្រូវ។​ ដូច្នេះ​ចង់​មិន​ចង់​ ខ្ញុំ​យល់​ថា​ មាន​ការ​ជះ​ឥទ្ធិពល​មួយ​ចំនួន​មក​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ខាង​មុខ​នេះ»។​

ទី​ប្រឹក្សា​គណបក្ស​កម្លាំងជាតិ​លោក ​រ៉ុង ឈុន ​ប្រាប់​វីអូអេ​ថា គណបក្ស​កម្លាំង​ជាតិ​ ដែល​សមាជិក​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន​ផង​ដែរ​នោះ ​មាន​ការ​រំពឹង​ថា​ នឹង​ទទួល​បាន​អាសនៈ​មួយ​ចំនួន​សម្រាប់​ការ​បោះ​ឆ្នោត​នេះ ​បើ​ទោះបី​គណបក្ស​មិន​បាន​ចុះ​ឃោសនា​ទ្រង់ទ្រាយ​ធំ​ក៏​ដោយ។

លោក​ថ្លែង​ថា៖​ «ប៉ុន្តែ​គ្រាន់​ថា​ វាយ​តម្លៃ​ថា​ចំនួន​ប៉ុន្មាន​ យើង​មិន​អាច​វាយ​តម្លៃ​បាន​ទេ។​ ប៉ុន្តែ​យើង​នៅ​រំពឹង​ថា​នឹង​នៅ​ទទួល​បាន​លទ្ធផល ​ហើយ​ដូចជា​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុម​ប្រឹក្សា​ស្រុក​ ហើយ​ក្រុង​យើង​នឹង​ទទួល​បាន​មួយ​ចំនួន»។​

បើ​តាម​លោក​ រ៉ុង ឈុន ​ការ​ឃាត់ ​ឬ​ចាប់​ខ្លួន​មេ​ដឹកនាំ​គណបក្ស​នយោបាយ ​និង​សកម្ម​ជន​គណបក្ស​នយោបាយ​បាន​ធ្វើ​ឱ្យ​បរិយាកាស​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ទទួល​រង​ផល​ប៉ះពាល់​ ហើយ​មិន​អាច​ធានា​បាន​ថា​ ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌​ស្រប​តាម​ច្បាប់​នោះ​ទេ។​

យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ​ក្រុង​ ស្រុក​ ខណ្ឌ​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៨​ថ្ងៃ ​ ចាប់ពី​ថ្ងៃទី​ ១៧ ​ដល់​ថ្ងៃទី​ ២៤​ ខែ​ឧសភា។ ​យុទ្ធនាការ​នេះ​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ មិន​មាន​សភាព​អ៊ូអ​នោះ​ទេ ​ព្រោះ​មាន​ការ​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ​បន្តិច​បន្តួច​ និង​មាន​ការ​ចាក់​សារ​នយោបាយ​តាម​ឧបករណ៍​បំពង​សំឡេង​នៅ​តាម​ទីស្នាក់ការ​គណបក្ស​មួយ​ចំនួន ​ដូចជា​គណបក្ស​កាន់​អំណាច ​និង​គណបក្ស​មួយ​ចំនួន​ទៀត​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង។​

លោក ​ហង្ស ពុទ្ធា ​អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទ​នេះ​ថា ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​ ១៧ ​ដល់​ថ្ងៃ​ទី ១៩ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​មាន​សន្តិសុខ​សុវត្ថិភាព​ សណ្តាប់​ឆ្នាប់​ល្អ ​គ្មាន​អំពើ​ហិង្សា ​និង​ពុំ​មាន​បាតុភាព​ណាមួយ​កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ។​

លោក​បន្ត​ថា ​មិន​មាន​គណបក្ស​នយោបាយ​ណា​មួយ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​គណៈកម្មាធិការ​រាជធានី​ ខេត្ត​ រៀបចំ​ការ​បោះ​ឆ្នោត​ទេ។​

លោក​ថ្លែង​ថា៖​ «គ.ជ.ប. ​សូម​លើក​ឡើង​នូវ​សេចក្តី​អំពាវនាវ​ សូម​ឱ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ពិសេស​គណបក្ស​នយោបាយ ​និង​អ្នក​គំាទ្រ​ដែល​ធ្វើ​សកម្ម​ភាព​ផ្ទាល់​នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ឃោសនា​ សូម​តម្កល់​ភាព​ចាស់​ទុំ​ជា​ធំ​ អនុវត្ត​តាម​ក្រម​សីលធម៌ ​ហើយ​នឹង​ច្បាប់​ដែល​បាន​ចែង​ជា​ធរមាន​ ហើយ​សង្ឃឹម​ថា​ គណបក្ស​នយោបាយ​ និង​ភាគី​ពាក់​ព័ន្ធ​នឹង​សហការ​គ្នា​បាន​ល្អ​ប្រសើរ​ជាមួយ​នឹង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ ជាមួយ​នឹង​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត​ និង​អាជ្ញាធរ​ដែនដី​ផង​ដែរ»។​

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង ​ស្រុក​ ខណ្ឌ ​ធ្វើ​ឡើង​រៀង​រាល់​៥​ ឆ្នាំ​ម្តង​ ដែល​អង្គ​បោះ​ឆ្នោត ​គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​ដែល​ជាប់​ឆ្នោត​សរុប​ប្រមាណ​ ១២.០០០​ នាក់។​ អាសនៈ​សម្រាប់​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ​ក្រុង ​ស្រុក​ និង​ខណ្ឌ​មាន​ចំនួន​ ៤.២០០​ នៅ​ទូទាំង ​២៥ ​ខេត្ត​ រាជធានី។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប.​ចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ។​

អ្នក​នាំ​ពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និង​ជា​សមាជិក​រដ្ឋ​សភា​លោក ​ញឿន រ៉ាដែន​ ប្រាប់​វីអូអេ​ថា ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​រៀបចំ​យុទ្ធនាការ​ឃោសនា​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត ក្រុង​ ស្រុក ខណ្ឌ ​តាម​ការ​ជួប​ជុំ ​និង​ប្រមូល​ផ្តុំ​ជាមួយ​នឹង​ការ​ចុះផ្សាយ​សារ​ជា​សំឡេង​របស់​ព្រះ​ប្រធាន​គណបក្ស​ និង​គោល​នយោបាយ​មួយ​ចំនួន​របស់​គណបក្ស។​

លោក​ថ្លែង​ថា៖ ​«យើង​បាន​ខិតខំ​ហើយ​ជាពិសេស​អំពាវនាវ​ទៅ​ដល់​បង​ប្អូន​ទាំង​អស់​ដែល​ជា​ក្រុម​ប្រឹក្សា​បោះឆ្នោត​ ជាពិសេស​ជួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​គណបក្ស​មួយ​ដែល​រួបរួម​គ្នា​កន្លង​មក ​ហើយ​យើង​បេ្តជ្ញា​ក្នុង​ការ​ការពារ​បង​ប្អូន ​ហើយ​យើង​សង្ឃឹម​ថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​តែ​ជា​គណបក្ស​រឹងមាំ​អាច​ជួយ​បងប្អូន​ ហើយ​នឹង​ទទួល​បាន​អាសនៈ​មួយ​ចំនួន​ផង​ដែរ។​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​សុខ ឥសាន ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​នៅ​ឡើយ​ទេ។​

លោក ​កន សាវាង្ស ​មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​តាម​ដាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ប្រាប់​វីអូអេ​ថា ​ខុមហ្វ្រែល​មិន​បាន​តាមដាន​ចំពោះ​ការ​បោះឆ្នោត​អសកល​នេះ​ទេ ​ប៉ុន្តែ​លោក​ថា​ ការ​ចាប់​ខ្លួន ​ឬ​ការ​ជាប់​បណ្តឹង​តុលាការ​របស់​សមាជិក​គណបក្ស​ជំទាស់​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​ ជាពិសេស​ទៅ​លើ​អង្គ​បោះឆ្នោត។​

បើ​តាម​លោក ​កន សាវាង្ស ​ដើម្បី​ឱ្យ​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ដោយ​រលូន សេរី ​ត្រឹមត្រូវ ​និង​យុត្តិធម៌ ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​រួមមាន ​គ.ជ.ប.​ រដ្ឋាភិបាល និង​តុលាការ​ផង​ដែរ​នោះ​ គួរ​សម្រួល​ឱ្យ​មាន​ការ​យោគ​យល់​ផ្នែក​នយោបាយ។​

លោក​ថ្លែង​ថា៖​ «ក៏​ប៉ុន្តែ​តែ​តួអង្គ​ គ.ជ.ប. ​មួយ​មិន​គ្រប់​គ្រាន់​ទេ ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​រាជ​រដ្ឋាភិបាល​ ហើយ​ខាង​ផ្លូវ​តុលាការ​ហ្នឹង​ក៏​ជា​តួអង្គ​មួយ​ដែល​សំខាន់​ដែរ​ក្នុង​ការ​ចូលរួម​ធានា​ឱ្យ​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​ ជាពិសេស​ការ​យោគ​យល់​ផ្នែក​នយោបាយ​រវាង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ​និង​គណបក្ស​កាន់​អំណាច​ដែល​ធ្វើ​ម៉េច​ឱ្យ​ផ្នែក​នយោបាយ​ហ្នឹង​គឺ​ថា​មាន​ការ​យោគ​យល់​ មាន​ការ​អត់​ឱន​គ្នា​នៅ​ក្នុង​ដំណើរការ​នៃ​ការ​ប្រកួត​ប្រជែង​ធ្វើ​ម៉េច​ឱ្យ​វា​ប្រព្រឹត្ត​បាន​ល្អ​ប្រសើរ»។​

ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង​ ស្រុក ខណ្ឌ​នីមួយៗ​ត្រូវ​ធ្វើ​ជា​តំណាង ​និង​ធ្វើ​សកម្ម​ភាព​ក្នុង​នាម​ជា​ប្រជា​ពលរដ្ឋ​ទាំង​អស់ ​ដែល​រស់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ​ដោយ​ត្រូវ​បង្កើត​ ជំរុញ ​និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។​ ក្រុម​ប្រឹក្សា​មាន​សិទ្ធិ​អំណាច​ធ្វើ​សេចក្តី​សម្រេច​ខាង​បញ្ញត្តិ​ ​និង​សេចក្តី​សម្រេច​ខាង​ប្រតិបត្តិ ​ហើយ​សិទ្ធិ​ពិសេស​មួយ​ទៀត​របស់​ក្រុម​ប្រឹក្សា​គឺ​ធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល​ក្នុង​ការ​ដក​ហូត​តំណែង​គណៈ​អភិបាល ​ឧទាហរណ៍​ដូចជា​ក្រុម​ប្រឹក្សា​ខេត្ត​មាន​សិទ្ធិ​ស្នើ​ដក​អភិបាល​ខេត្ត ​ឬ​អភិបាល​រង​ខេត្ត​ជាដើម។ ​នេះ​បើ​តាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ​ខេត្ត ​ក្រុង ​ស្រុក ​ខណ្ឌ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG