ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​មេធាវី​លោក ថាច់ សេដ្ឋា សុំឱ្យ​តុលាការ​កំពូល​ទម្លាក់​បទចោទ​លើ​កូន​ក្តី


រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បង្ហាញខ្នោះដៃពីក្នុងឡាន នៅពេលលោកត្រូវបានដឹកចេញពីតុលាការកំពូលទៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

សហ​មេធាវី​របស់​អនុប្រធាន​គណបក្ស​ជំទាស់​លោក ​ថាច់ សេដ្ឋា​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ស្នើ​យ៉ាង​ទទូច​ឱ្យ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទ​មក​លើ​កូន​ក្តី​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ចេញ​សែក​អត់​ប្រាក់​ដែល​នាំ​ឱ្យ​អ្នក​នយោបាយ​ជំទាស់​រូប​នេះ​បន្ត​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ។​

លោក ​ថាច់ សេដ្ឋា ​អាយុ​ ៧០ ​ឆ្នាំ​ ជា​អ្នក​នយោបាយ​ជំទាស់​ដែល​មាន​ដើម​កំណើត​ខ្មែរ​ក្រោម​ និង​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម។ ​លោក​ក៏​ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​ផង​ដែរ។​

ក្រោយ​បញ្ចប់​សវនាការ​នៅ​តុលាការ​កំពូល​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ ​សហ​មេធាវី​ការពារក្តី​ឱ្យ​អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក​ ថាច់ សេដ្ឋា​ គឺ​លោក ​សឺន ជុំជួន​ ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ កូន​ក្តី​របស់​លោក​នៅ​តែ​បដិសេធ​រាល់​ភស្តុតាង​ និង​ថា​ លោក​ជា​សហ​មេធាវី​នៅ​តែ​ទាមទារ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ ព្រោះ​ការ​វិនិច្ឆ័យ​របស់​តុលាការ​គឺ​មិន​អាច​ទទួល​យក​បាន។​

លោក​បន្ថែម​ថា​ ការ​កាត់ក្តី​របស់​តុលាការ​នៅ​ប្រទេស​កម្ពុជា​គឺ​មិន​បាន​ពិចារណ​ទៅ​លើ​ច្បាប់​អន្តរជាតិ​នោះ​ទេ ​គឺ​យោង​តែ​ទៅ​តាម​ច្បាប់​ជាតិ​ប៉ុណ្ណោះ។​

លោក​ថ្លែង​ថា៖ ​«សូម​ឱ្យ​ចៅក្រម​ទាំង​ឡាយ​វិនិច្ឆ័យ​ទៅ​តាម​ច្បាប់​ទាំង​ពីរ​ហ្នឹង​ឱ្យ​បាន​មាន​ភាព​ត្រឹមត្រូវ​និង​យុត្តិ​ធម៌​សម្រាប់​ជន​ដែល​ជាប់​ចោទ។​ អានេះ​ជា​រឿង​មួយ​ដែល​យើង​នៅ​តែ​មាន​ការ​ទាមទារ​ឱ្យ​កូន​ក្តី​យើង​ខ្ញុំ​រួច​ផុត​ពី​បទចោទ»។​

បើតាមសហ​មេធាវី​រូប​នេះ សាល​ដីការ​របស់​លោក ​ថាច់ សេដ្ឋា ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ឧសភា​ ខាង​មុខ​នេះ។​

សហ​មេធាវី​មួយ​ទៀត​ដែល​ការពារក្តី​ឱ្យ​លោក ​ថាច់ សេដ្ឋា​ គឺ​លោក ​ជូង​ ជូងី ​ប្រាប់​អ្នក​កាសែត​ថា ​នៅ​ក្នុង​សវនាការ​ សហ​មេធាវី​បាន​លើក​ពី​ចំណុច​ខ្វះ​ខាត​នៃ​ការ​កាត់ក្តី​កន្លង​មក​ ដែល​យក​តែ​ឯកសារ​ថតចម្លង​មក​ដាក់​បន្ទុក​កូន​ក្តី​របស់​លោក​ ដែល​លោក​ថា ​វា​ «ខុស​ពី​ស្មារតី​ច្បាប់»។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ខ្ញុំសូម​ឱ្យ​តុលាការ​កំពូល​ពិចារណា​និង​បដិសេធ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​និង​សាលា​ឧទ្ធរណ៍​ចោល​ ហើយ​នឹង​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​កូនក្តី​ខ្ញុំ»។​

លោក​ សេដ្ឋា ​ត្រូវ​បាន​តុលាការ​ចាប់​ខ្លួន​ កាលពី​ខែ​មករា​ ឆ្នាំ​ ២០២៣​ តាម​បណ្តឹង​មួយ​ដែល​បាន​ចោទ​ថា ​លោក​បាន​ចេញ​មូលប្បទាន​ប័ត្រ​ចំនួន​៥​សន្លឹក​ដែល​គ្មាន​ទឹក​ប្រាក់​ កាល​ពី​ឆ្នាំ​ ២០១៩​ ដើម្បី​សង​ហាង​បញ្ចាំ ​រិន ឆាយ ​(Rin Chhay Pawn Shop)។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ ​ចុះ​ថ្ងៃទី​ ២២ ​ខែ​មករា​ ឆ្នាំ​ ២០២៤ ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​តាម​ដាន​ករណី​នេះ ​តុលាការ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ ១៨​ខែ។ ​ក្រោយ​ការ​ប្រកាស​សាលក្រម​នៅ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ​លោក​ សេដ្ឋា ​ត្រូវ​បាន​កង​កម្លាំង​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ភ្លាមៗ​តាម​ការ​បង្គាប់​របស់​តុលាការ។​

ក្រៅ​ពី​សំណុំ​រឿង​ចេញ​មូលប្បទាន​ប័ត្រ​មិន​អាច​បើក​ប្រាក់​បាន​នេះ​ អ្នក​នយោបាយ​ជំទាស់​រូប​នេះ​ក៏​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​កាល​ពី​ថ្ងៃទី​ ១៨​ ខែ​តុលា​ ឆ្នាំ​ ២០២៣​ ផង​ដែរ​ ពី​បទ ​«ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​បទ​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»​ នៅ​ពេល​លោក​ថ្លែង​សារ​ទៅ​កាន់​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​ ២០២៣​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​អំពី​ប្រវត្តិ​នៃ​ការ​កកើត​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ថ្ងៃ​៧​មករា។​

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត​ ប្រាប់​វីអូអេ​ថា​ ករណី​របស់​លោក​ ថាច់ សេដ្ឋា​ គឺ​ជា​រឿង​ចម្រូង​ចម្រាស ​ព្រោះ​មាន​ភាព​ស្រពេច​ស្រពិល​ច្រើន​ពាក់ព័ន្ធ​នឹង​ភស្តតាង​ដាក់​បន្ទុក​ ហើយ​រឿង​នេះ​ក៏ត្រូវ​បាន​គេ​ជឿ​យ៉ាង​ទូលំទូលាយ​ថា​ មាន​ជាប់​ហេតុផល​នយោបាយ។​

លោក​ថ្លែង​ថា៖ ​«ឥឡូវ​យើង​មិន​ទាន់ដឹង​ថា​ សាលដីកា​តុលាការ​កំពូល​សម្រេច​យ៉ាង​ម៉េច​ទេ​ គ្រាន់តែ​ថា​ ករណី​ឯក​ឧត្តម​ ថាច់ សេដ្ឋា​ គឺ​មាន​ការ​រិះគន់​ច្រើន​ ហើយ​គេ​យល់​ថា ​ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​នា​ពេល​កន្លង​មក​ហ្នឹង»។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​និល ណុន ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ក្នុង​សំណុំ​រឿង​លោក ​ថាច់ សេដ្ឋា​ បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។​

កាលពី​ថ្ងៃទី​ ២១ ​ខែ​កញ្ញា​ ឆ្នាំ ​២០២៣ ​តុលាការ​ក្រុង​ភ្នំពេញ​បាន​កាត់​ទោស​លោក​ ថាច់ សេដ្ឋា​ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​ ​ដោយ​យោង​តាម​មាត្រា ​២៣១ ​នៃ​ច្បាប់​ស្តី​ពី​ឧបរកណ៍​អាច​ជួញដូរ​បាន​ និង​ប្រតិបត្តិ​ការ​ទូទាត់​សង​ប្រាក់។ ​លោក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ និង​បង្គាប់​ឱ្យ​សង​ជា​ប្រាក់​ពិន័យ​ ៣​លាន​រៀល​ (ប្រមាណ​ជា ​៧៥០ ​ដុល្លារ) ​និង​សង​ប្រាក់​ទៅ​កាន់​ដើម​បណ្តឹង​ ​ដែល​ជា​ហាង​បញ្ចាំ​ រិន​ឆាយ​ ចំនួន​ ៣៣.៤០០​ដុល្លារ ​និង​ ​សំណង​ជំងឺចិត្ត​៥​លាន​រៀល​ (ប្រមាណ​ ១.២៥០ ​ដុល្លារ) ​ផង​ដែរ។ នេះ​បើតាម​អង្គការ​ការ​ពារសិទ្ធិ​មនុស្ស​លីកាដូ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG