ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ ​សេចក្តី​ព្រាង​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​មិន​គួរ​ឱ្យ​បារម្ភ​ដូច​ចេតនា​នយោបាយ


លោកស្រីធីតា ឃឹះ​នាយិការ​អង្គការ​សីលកា ប្រឈម​នឹង​ក្រុម​សមត្ថកិច្ច​ក្នុង​ពេល​ព្យាយាម​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​បរទេស​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៤។
លោកស្រីធីតា ឃឹះ​នាយិការ​អង្គការ​សីលកា ប្រឈម​នឹង​ក្រុម​សមត្ថកិច្ច​ក្នុង​ពេល​ព្យាយាម​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​បរទេស​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៤។

អ្នក​ជំនាញ​មើល​ឃើញ​ថា​ សេចក្តី​ព្រាងច្បាប់​ស្តី​ពី​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចែកផ្សាយកន្លង​មក​មិន​ជា​អាក្រក់​ខ្លាំង​ពេកទេ​ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​គួរ​ឱ្យ​ព្រួយ​បារម្ភ​គឺ​ចេតនា​នយោបាយ​ក្នុង​ការ​យក​ច្បាប់​ដ៏​ចម្រូង​ចម្រាង​នេះ​មក​ប្រើ​ដើម្បី​ដាក់​ការ​គាប​សង្កត់​មក​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទេ។

លោក​អ៊ូ វីរៈ​ ប្រធាន​និង​ជា​ស្ថាបនិក​នៃ​វេទិកា​អនាគត​ដែល​ជា​ក្រុម​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា​សេចក្តី​ព្រាងច្បាប់​ចុងក្រោយ​ដែល​លោក​បាន​សិក្សា​ឃើញ​ថា​មាន​ចំណុច​ល្អ​ត្រង់​ការ​បើក​ទូលាយ​ដល់​អង្គការ​សមាគម​ថ្នាក់​មូលដ្ឋាន​និង​មាន​លក្ខណៈ​អំណោយ​ផល​ដល់​អង្គការ​ក្នុង​ស្រុក។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ពី​ក្តី​ព្រួយ​បារម្ភ​ថា​៖

«ប៉ុន្តែ​អ្វី​ដែល​យើង​ព្រួយ​បារម្ភ​នោះ ​គឺ​ឆន្ទៈ​នយោបាយ​ទេ។ អ្វី​ដែល​បាន​លើកឡើង​ដោយ​លោក​ហ៊ុន​ សែន​ថ្មីៗ​ហើយ​អ្វី ​ដែល​បាន​លើក​ឡើង​ពីដើម​មក​ដោយមន្ត្រី​រដ្ឋាភិបាល​និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​គឺ​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ក្នុង​ការ​គ្រប់​គ្រង​អង្គការ។ តាមពិត​រដ្ឋាភិបាល​ក្នុង​របប​ប្រជាធិបតេយ្យ​គួរ​មាន​ឆន្ទៈ​ផ្ទុយ​ពីហ្នឹង​គឺ​គួរ​តែ​មាន​ឆន្ទៈ​បង្ក​បរិយាកាស​មួយ​ឱ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​បំពេញ​តួនាទី​របស់​ខ្លួន​បាន​រលូន​និង​មាន​ប្រសិទ្ធភាព។ ក្នុង​ករណី​ហ្នឹង​យើង​ចាត់​ទុក​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​គឺ​ជា​តួ​អង្គ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​សង្គម​ហើយ​ជា​ពិសេស​ជា​អ្នក​ប៉ះប៉ុន​បន្ថែម​នូវ​អ្វី​ដែល​រដ្ឋាភិបាល​មិន​អាច​បំពេញ​បាន‍»។​

មាត្រា​៥​ នៃ​សេចក្តី​ព្រាងច្បាប់​នេះ​ចែង​ថា‍«សមាគម​ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​អាច​បង្កើត​ឡើង​ដោយ​សេរី​មិន​ចាំបាច់​មាន​ការអនុញ្ញាត​ឬ​ការ​ជូន​ដំណឹង​ជាមុន​ឡើយ​ប៉ុន្តែ​សមាគម​ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ទាំង​នោះ​នឹង​មិន​ទទួល​បាន​សមត្ថភាព​តាម​ផ្លូវ​ច្បាប់​ទេ​លុះត្រា​តែ​ខ្លួន​បាន​បំពេញ​តាម​បទប្បញ្ញត្តិ​ដូច​មាន​ចែង​ក្នុង​មាត្រា​៧​នៃ​ច្បាប់​នេះ‍»​ ដែល​កំណត់​ពី​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ចុះ​ឈ្មោះ។ រីឯវាក្យខណ្ឌ ​បន្ទាប់​នៃ​មាត្រា​ទី៥នេះ​ចែង​ថា ​«អង្គការ​សហគមន៍​មូលដ្ឋាន​មិន​តម្រូវ​ឱ្យ​ចុះ​បញ្ជី​តាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​ឡើយ‍» ​ដោយ​គ្រាន់​តែ​ត្រូវ​«ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​អំពី​ឈ្មោះ​របស់​អង្គការ​ វត្ថុបំណង​ និង​ឈ្មោះ​របស់​ប្រធាន​អង្គការ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ ឃុំ ឬ​សង្កាត់​ដែល​ខ្លួន​ធ្វើ​សកម្មភាព‍»។​

យ៉ាងណា​ក៏ដោយ​ក្តី ​ព្រួយ​បារម្ភ​ដែល​លោក​ អ៊ូ ​វីរៈ ​មាន​គឺ​នៅ​លើ​មាត្រា​ដែល​ចែង​ពី​ប្រតិបត្តិការ​របស់​អង្គការ​ក្រៅ​ស្រុក​និង​ថវិកា​ដែល​ផ្តល់​ឱ្យ​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក៖​

«ការព្រួយ​បារម្ភ​របស់​ខ្ញុំ​ទាក់​ទង​នឹង​រឿង​ហិរញ្ញ​វត្ថុ។ ឧទាហរណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​និង​ម្ចាស់​ជំនួយ​គឺ​ចង​មិន​ឱ្យ​ចំណាយ​លើស​២៥​ភាគរយ​ទៅលើ​បុគ្គលិក​របស់​ខ្លួន។ អីចឹង​វា​មាន​ការ​កម្រិត​មួយ​ចំនួន។ ការចង​ភាគ​ច្រើន​លើ​អង្គការ​អន្តរជាតិ​ហាក់​ដូច​ជា​មាន​ការ​ចង​រឹត​បន្តឹង​ជាង​ទៅលើ​អង្គការ​ក្នុង​ស្រុក។ ប៉ុន្តែ​ជាទូទៅ​ខ្លឹម​សារ​ច្បាប់​មួយ​នេះ​គឺ​ប្រសើរ​ជាង​សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ដែល​កំពុង​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយសារ​អីចឹង​ហើយ​បាន​ជា​ខ្ញុំ​ថា​ខ្ញុំ​ស្វាគមន៍​ការ​ពិភាក្សា​បន្ត‍»។​

សេចក្តី​ព្រាងច្បាប់​នេះ​មិន​បាន​ចែង​ពី​ការ​ហាម​ឃាត់​ក្នុង​ការ​ទទួល​ជំនួយ​បរទេស​និង​មិន​ហាម​លើ​ការ​ទទួល​យោបល់​ពី​ប្រទេស​ម្ចាស់​ជំនួយ​ទេ។ ប៉ុន្តែ​ច្បាប់​នេះ​មាន​លក្ខណៈ​រឹត​បន្តឹង​មក​លើ​សកម្មភាព​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​យល់​ថា«ប៉ះពាល់​ដល់​សន្តិភាព ​ស្ថិរភាព ​និង​សណ្តាប់​ធ្នាប់​សាធារណៈ ឬ​បង្ក​នូវ​ភាព​អន្តរាយ​ដល់​សន្តិសុខ​ជាតិ ​ឯកភាព​ជាតិ ​វប្បធម៌ ​ប្រពៃណី ​ទំនៀម​ទម្លាប់​របស់​សង្គម​ជាតិ​កម្ពុជា» ​ដែល​ក្រុម​អ្នក​វិភាគ​យល់​ថា​មាន​ន័យ​ទូលំ​ទូលាយ។

រី​ឯ​មាត្រា​ទី​២៥​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ដែល​ចែង​ពី​ការ​ផ្ញើ​របាយការណ៍​ស្តី​ពី​សកម្មភាព​និង​ស្ថានភាព​ថវិកា​ប្រចាំ​ឆ្នាំ​ទៅ​តម្កល់​ទុក​នៅ ​ក្រសួង​មហាផ្ទៃ​ឬ​ក្រសួង​ការបរទេស​គឺ​ជា​ចំណុច​ដែល​អ្នក​ជំនាញ​យល់​ថា​ត្រូវ​តែ​ពិភាក្សា​ឡើងវិញ។

អ្នក​ជំនាញ​មើល​ឃើញ​ថា​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ប្រទេស​ដែល​បាន​ឆ្លងកាត់សង្គ្រាម​ដើម្បី​ជួយ​ឱ្យ​មាន​កា​រអភិវឌ្ឍ ​មាន​សក្ដានុពល​ខ្លាំងក្លា ​និង​សន្តិភាព។ ហើយ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​តែងតែ​មាន​ទស្សនៈ​ខុសគ្នា​ក៏​ពួកគេ​តែងតែ​សហការ​និង​ពិភាក្សា​ដើម្បី​ស្ថាបនា​ផង​ដែរ។ ​

លោក​ សួន ប៊ុនស័ក្តិ ​អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រព្រឹត្តិកម្ម ​នៃអង្គការ​សមាគមការពារសិទ្ធិ​មនុស្សកម្ពុជា ​ហៅ​កាត់ថា ​CHRAC ​ក៏​បាន​លើក​ឡើង​ពី​ការ​ចូលរួម​ចំណែក​របស់​អង្គការ​សង្គម​ស៊ីវិល៖

«អង្គការ​សង្គម​ស៊ីវិល​យើង​គឺ​ជា​កម្លាំង​ចលករ​មួយ​សម្បើម​ដៃ​ណាស់​នៅ ​ក្នុង​ការ​ចូលរួម​ចំណែក​កសាង​ជាតិ​ តាំងពី​ផ្នែក​ចំណេះ​ដឹង​តាំងពី​ផ្នែក​ការ​អភិវឌ្ឍ​ជា​រូបវន្ត​ផ្សេងៗ​ទៅ​ដល់​សហគមន៍​ក៏​ចូលរួម​បាន​ច្រើន​ដែរ​ដូច្នេះ​ប្រសិន​ជា​រដ្ឋាភិបាល​ធ្វើ​ច្បាប់​មួយ​ដែល​រាំងស្ទះ​ទៅដល់​ការ​ចូលរួម​ការកសាង​សមត្ថភាព​សង្គម​ការចូលរួម​ ការ​កសាង​សេដ្ឋកិច្ច​ខ្ញុំ​ថា​ខាត​ទៅវិញ​ទេ‍»។​

អ្នក​ច្បាប់​យល់​ថា​វា​ជា​ការ​វាយបក​របស់​រដ្ឋាភិបាល​មក​លើ​សង្គម​ស៊ីវិលជា​ជាង​ធ្វើ​ច្បាប់​នេះដើម្បី​សម្រួល​ការងារ។​

លោក​សុក សំអឿន ​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជាបាន​ផ្តល់​ឧទាហរណ៍​ថាកន្លង​មក​ដូច​ជាច្បាប់​ប្រឆាំង​អំពើ​ពុករលួយខាង​សង្គមស៊ីវិលទាមទារ​ឱ្យ​មន្ត្រី​រាជការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ហើយ​រដ្ឋាភិបាល​ក៏ដាក់​មួយ​ដែរ​ដោយ​តម្រូវ​ឱ្យ​អ្នក​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រកាស​ទ្រព្យ​សម្បត្តិ​ដែរ។ ប៉ុន្តែ​បើ​ទោះបី​ជា​ដាក់​ក្នុង​ច្បាប់​តែ​ការអនុវត្ត​មិន​បាន​ប្រយោជន៍​អ្វី​ហើយ​ក៏​ទុក​ចោល​ ដូច្នេះ​ការដាក់​នោះគ្រាន់​តែ​ដាក់​ដើម្បី​ទប់​ទល់​នឹង​ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល។

​ លោក​សុក សំអឿន​បាន​បង្ហាញ​ឱ្យ​ដឹង​ពី​ផល​អវិជ្ជមាន​ក្នុង​ការ​ចេញ​ច្បាប់​ណា​មួយ​ដែល​មាន​លក្ខណៈ​រឹតបន្តឹង​និង​បិទសិទ្ធិ​សេរីភាព​ដោយ​យល់​ថា ​វា​ជា​ការ​ខាត​បង់​សម្រាប់​រដ្ឋាភិបាល​ទៅវិញ​ទេ។ យ៉ាង​ណាក៏​ដោយ​អ្នក​ច្បាប់​និង​ជា​មេធាវី​ជើងចាស់​រូបនេះនៅ​តែ​សម្តែង​សុទិដ្ឋិនិយមចំពោះ​អនាគត​ច្បាប់​មួយ​ដែល​រដ្ឋាភិបាល​នឹង​ដាក់​ឱ្យ​ប្រើ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

«កន្លងមក​រដ្ឋាភិបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​យើង​មាន​បទ​ពិសោធន៍​ធ្វើ​ការ​ជាមួយ​គ្នា​ច្រើន​ឆ្នាំ​ហើយ​ ខ្ញុំ​មិន​ជឿ​ថា​ច្បាប់​នេះ​សំដៅ​លើ​ការ​បិទ​សិទ្ធិ​សេរីភាព​ទេ‍»។​

លោក​សុក សំអឿន​មើល​ឃើញ​ថា​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​ដែល​ល្អ​គឺ​ជា​ការ​ជួយ​ទៅវិញ​ទេ​បើ​ប្រៀបធៀប​នឹង​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន៖

«ចំណុច​ល្អ​ម្យ៉ាង​វា​អាច​អញ្ចេះ​ដែរ​ព្រោះ​សព្វថ្ងៃ​ថ្វីត្បិត​ជាអត់​មាន​ច្បាប់​ក៏ដោយ​ក៏ប៉ុន្តែ​ជួនកាល​ដាក់​ពាក្យ​ឬក៏​ស្អីៗ​ទៅ​សុំ​បើក​ក៏ ​ទៅ​ជា​លំបាក​ក៏​មាន​ដូច្នេះ​បើ​សិន​ធ្វើ​ច្បាប់​ច្បាស់​លាស់​ទៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏ស្រួល​ដែរ​បើ​ច្បាប់​នេះ​ផ្តល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​ហើយ​ដូច្នេះ ​ដើម្បី​ឱ្យ​ច្បាប់​ហ្នឹង​វា​ល្អ​អាច​ទទួល​យក​បាន​ជាការ​ល្អ​រដ្ឋាភិបាល​គួរតែ​បន្ត​បើក​ការ​ចំហ​ហើយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អង្គការ​សង្គម​ស៊ីវិល​ដូច​ពេល​កន្លង​មក​ទៅ​ខ្ញុំ​ថា​ហ្នឹង​ជា​រឿង​ប្រសើរ​ទៅវិញ​ទេ‍»។​

អ្វី​ដែល​ជាការ​ព្រួយបារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​គឺ​ច្បាប់​មួយ​ដែល​មាន​លក្ខណៈ​រឹតបន្តឹង​ដូច​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​អ្នក​តំណាងរាស្រ្ត​ដែល​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង។

លោក​សួន ប៊ុនស័ក្តិ​នៃ​លេខាធិការដ្ឋាន​ CHRAC ​បាន​បន្ថែម​ថា៖

«ច្បាប់​សមាគម​នេះ​បើ​សិន​ជា​មាន​គឺ​ប្រហែល​ជា​មិន​យក​គំរូ​តាម​ស្ថានភាព​ឬ​ក៏​ខ្លឹមសារ​ស្តី​ពីការ​បោះឆ្នោត​នៅ​កម្ពុជា​ទេ។ បើ​ចែង​រឹតត្បិត​អញ្ចឹង​គឺ​ប្រជា​ពលរដ្ឋ​កម្ពុជា​ខ្វះ​សិទ្ធិ​ឬក៏​នឹង​មិន​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ពេញលេញ​ទេ​អំពី​ដំណើរការ​បោះឆ្នោត​បើ​ច្បាប់​ចែង​អញ្ចឹង​ហើយ​NGO ក៏​មិន​អាចចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​ក្នុង​ពេល​ខាងមុខ​ផង​ដែរ‍»។

រដ្ឋាភិបាលបាន​លើក​ឡើង​ពី​ជំនួយ​ឧបត្ថម្ភ​របស់​ម្ចាស់​ជំនួយ​មួយ​ចំនួន​ដែល​មាន​ប្រតិបត្តិការ​ដើម្បី លូកលាន់​ដល់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

លោក ផៃ ស៊ីផាន រដ្ឋ​លេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​កម្ពុជា​មាន​លក្ខណៈ​ទន់​ភ្លន់​ជាង​ប្រទេស​មួយ​ចំនួន​ដោយ​លោក​ធ្វើការប្រៀប​ធៀបកម្ពុជា​ទៅ​នឹង​ប្រទេស​ឥណ្ឌា​និង​រុស្ស៊ី​ដែល​ប្រទេស​ទាំងពីរ​នេះ​បាន​រឹតត្បិត​ប្រតិបត្តិការ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។

​លោក​ក៏បាន​ក្រើន​រំលឹក​ដល់​អង្គការ​មួយ​ចំនួន​ដែល​លោក​ថា​បាន​ជ្រក​ក្រោម​ផ្លាក​អង្គការ​សង្គម​ស៊ីវិល​ដោយ​សុំ​ឱ្យ​ពួកគេ​ចេញ​មក​បង្កើត​ជា​គណបក្ស​នយោបាយ​ទៅ​ ប្រសិន​បើ​ធ្វើ​ការ​ងារ​បែប​នយោបាយ។​

«អាស្រ័យ​ហេតុដូច្នេះ​ការ​ពិសោធ​ទាំងអស់​នោះ​វា​នឹង​ក្លាយ​មក​ជា​ផលប្រយោជន៍ ​សង្គម​កម្ពុជា​ដែល​យើង​ចង់​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​គឺ​ដើម្បី​ផលប្រយោជន៍​រាស្ត្រ​មិន​មែន​ដើម្បី ​ផលប្រយោជន៍ នយោបាយ​ ដោយ​សារ​កម្ពុជា​មាន​ច្បាប់​បើ​ចង់​ធ្វើ​នយោបាយ​មិន​ចាំបាច់​រៀបចំ ​អង្គការ​ទេ​គឺ​រៀបចំ​គណបក្ស​នយោបាយ​ហើយ​ជាពិសេស​តទៅទៀត​កម្ពុជា​បាន​បើក​ចំហ​ណាស់​ ចំហ​ជាង​ប្រទេស​ដទៃ​ទៀត‍»។​

រដ្ឋាភិបាល​កម្ពុជា​ក៏បាន​លើកឡើង​ពី​តម្រូវការ​មាន​ច្បាប់​នេះ​ដើម្បី​ទប់​ស្កាត់​ការ​លាង​លុយកខ្វក់​និង​សកម្មភាព​ភេរវកម្ម​ផង​ដែរ។​ ប៉ុន្តែ​អ្នក​ជំនាញពន្យល់​ថា​កម្ពុជា​មាន​ច្បាប់​ដែល​អាច​ប្រើ​ប្រាស់​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់​និង​ភេរវកម្ម​រួច​អស់​ហើយដែល​មិន​គួរ​ឱ្យ​ព្រួយបារម្ភ​ទៀត​ទេ។

​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​បញ្ជាក់​កាលពីដើម​ខែ​នេះ​ថា​នឹង​ឆ្លង​គណៈរដ្ឋ​មន្ត្រី​ហើយ​បញ្ជូន​ទៅ​រដ្ឋ​សភា​ជាតិ​នៅ​ខែ​ឧសភា​នេះ​ដោយ​លោក​មិន​ខ្វល់​នឹង​ការ​ជំទាស់​អ្វី​ឡើយ។​

លោក​នាយក​រដ្ឋមន្ត្រីហ៊ុន​ សែន​ក៏បាន​ព្រមាន​ខ្លាំងៗ​ដាក់​ទោស​ទណ្ឌ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ដែល​រឹងទទឹង​មិន​ព្រម​ចុះបញ្ជីតាម​ច្បាប់​កំណត់​៖ ​

«ហើយ​បើ​អស់​លោក​សាក​មិន​ចុះ ​បញ្ជី​មើល​បើ​អស់​លោក​មិន​ជាប់​ខ្នោះ​ខ្ញុំ​ថ្វាយ​បង្គុំ ​អាហ្នឹង​និយាយ​ឱ្យ​ច្បាស់​បញ្ជីជាតិ​ត្រូវ​តែ​ចុះ​ព្រោះ ​ថា​ច្បាប់​តែ​គេ​ដាក់​ហើយ​ត្រូវ​តែ ​គោរព​ហើយ‍»។​

ប៉ុន្តែ​លោក ​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ដែល​ជា​ក្រុម​ស្រាវជ្រាវ​មួយ​បាន​បញ្ជាក់​ថា​ខ្លឹម​សារ​នៃ​សេចក្ដី ព្រាង​ច្បាប់​នា​ពេល​បច្ចុប្បន្ន​នេះ​មិន​តម្រូវ​ឱ្យ​ដាក់​ទោស​ព្រហ្មទណ្ឌ​អ្វី ​ទេ​ក្រៅពី​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​សម្រាប់​អង្គការ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ស្រាប់៕

XS
SM
MD
LG