ជាងបីឆ្នាំមុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឱ្យសហគមន៍អ្នកផ្តល់ជំនួយនិងអង្គការសង្គមស៊ីវិលភ្ញាក់ផ្អើលដោយសារការប្រកាសពន្យាការអនុម័តច្បាប់ស្តីពី«សមាគម និងអង្គការមិនមែនរដ្ឋាភិបាល»។ ប៉ុន្តែនៅដើមខែមេសានេះលោកនាយករដ្ឋមន្ត្រីបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតដោយការប្តេជ្ញាថានឹងជំរុញឱ្យមានការអនុម័តច្បាប់ដ៏ចម្រូងចម្រាសនេះមិនឱ្យហួសពីខែឧសភាខាងមុខ។
ថ្លែងក្នុងវេទិការកុមារមួយក្នុងទីក្រុងភ្នំពេញលោកហ៊ុន សែនបានបញ្ជាក់ថា៖
«លោកចង់និយាយអ្វីក៏និយាយទៅចុះក៏ប៉ុន្តែសិទ្ធិរបស់រាជរដ្ឋាភិបាល សិទ្ធិរបស់សភាគឺអនុម័តហើយ។ ហើយខ្ញុំសូមបញ្ជាក់ពេលវេលានៃ ការអនុម័តច្បាប់នេះគឺមិនហួសពីចាប់ពីខែប្រាំ ហ្នឹងទៅគឺប្រជុំដាក់ចូលគណរដ្ឋមន្ត្រីហើយរួចហើយដាក់ចូលសភា។ ចង់អ្នកណាគាំទ្រឬមិនគាំទ្រសំឡេងសមាជិកសភាដែលមាន៥០បូក១ គឺគ្រប់គ្រាន់ដើម្បីនឹងអនុម័តហើយ»។
ការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីកើតមានឡើងស្របពេលដែលគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចជាយូរមកហើយនិងគណបក្សសង្គ្រោះជាតិដែលមិននៅក្នុងរដ្ឋាភិបាលបានបង្កើតច្បាប់បោះឆ្នោតដ៏ចម្រូងចម្រាសនិងច្បាប់បង្កើតស្ថាប័នរៀបចំ ការបោះឆ្នោតបានរួចរាល់។ ច្បាប់បោះឆ្នោតនេះទទួលការរិះគន់ទាំងនៅក្នុងមជ្ឈមដ្ឋានជាតិនិងអន្តរជាតិថាមានលក្ខណៈកាន់តែអាក្រក់ជាងមុនទាក់ទងនឹងសិទ្ធិបញ្ចេញមតិរបស់អង្គការសង្គមស៊ីវិល ការដាក់សម្ពាធលើគណបក្សតូចៗនិងមានការចូលរួមរបស់កងកម្លាំងប្រដាប់អាវុធកាន់តែខ្លាំងជាងមុនជាដើម។
លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានចោទសួរពីចេតនានៃការជំរុញច្បាប់នេះនៅពេលនេះដោយលោកបញ្ជាក់ថាកន្លងមកច្បាប់តែងតែត្រូវបានគេធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការទាមទារឬការរិះគន់ពីអង្គការសង្គមស៊ីវិលជាជាងការជួយសម្រួលឱ្យមានបរិយាកាសប្រតិបត្តិការងារល្អ។
«ហើយដូច្នេះខ្ញុំថាប្រហែលដោយសារបញ្ហានយោបាយថ្មីៗនេះពីរឿងបោះឆ្នោតដូច្នេះអង្គការសង្គមស៊ីវិលចេះតែមានប្រតិកម្មប្រហែលជាយកច្បាប់នេះមួយទៀតដើម្បីកុំឱ្យមានប្រតិកម្មច្រើនក៏សឹងតែថាបាន។ និយាយរួមទៅបរិយាកាសនយោបាយយើងពិបាកអញ្ចឹងព្រោះយើងសង្កេតឃើញបញ្ហាអីចឹងកន្លងមក»។
អង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងការបោះឆ្នោតបានបញ្ចេញសំឡេងរិះគន់និងទាមទារឱ្យមានការកែប្រែស្ថាប័នបោះឆ្នោតជាច្រើនបន្ទាប់ពីការបោះឆ្នោតជាតិកាលពីខែកក្កដាឆ្នាំ២០១៣បានធ្វើឱ្យគណបក្សសង្គ្រោះជាតិមិនទទួលយកលទ្ធផលនិងធ្វើការតវ៉ាតាមទីធ្លាសាធារណៈជិតមួយឆ្នាំ។
ថ្លែងកាលពីចុងខែធ្នូឆ្នាំ២០១១លោកហ៊ុន សែនបានស្នើសុំឱ្យគេឈប់ហៅលោកថាជា«មនុស្សផ្តាច់ការ»ដោយសារបើលោកជាមនុស្សផ្តាច់ការមែនគឺលោកជំរុញច្បាប់នោះហើយ។ ប៉ុន្តែនៅពេលនេះ លោកហ៊ុន សែនបានបញ្ជាក់ពីតម្រូវការឱ្យមានច្បាប់នេះ ដើម្បីដាក់ឱ្យអង្គការក្រៅរដ្ឋាភិបាលទាំងអស់នោះមានវិន័យត្រឹមត្រូវដោយលោកយល់ថាកន្លងមកពួកគេបានចិត្តខ្លាំងពេកក្នុងការនិយាយស្តីនិងរិះគន់ និងទាមទារតម្រូវឱ្យរដ្ឋាភិបាលធ្វើតាមអ្វីដែលជាការចង់បានរបស់ពួកគេ។
«កន្លងទៅបានចិត្តពេក។ ដើរតាមចិត្ត ហើយប្រទេសមួយវាអត់ច្បាប់គ្រប់គ្រង។ វាអត់មានបញ្ជីជាតិ អត់មានកន្លែងចុះបញ្ជី។ រួចចេះតែទាមទារឱ្យគេមានតម្លាភាពដល់ខ្លួនឯង អត់។ លាក់ជិតមិនដឹងថាលុយមកពីណាទេ»។
ហេតុផលក្នុងពេលកន្លងមកក្នុងការដកថយមិនអនុម័តច្បាប់នោះគឺដោយសារមានការជំទាស់ពីសហគមន៍ជាតិនិងអន្តរជាតិហើយនាយករដ្ឋមន្ត្រីប្រកាសថាទុកពេលឱ្យរដ្ឋាភិបាលនិងសង្គមស៊ីវិលធ្វើការជាមួយគ្នាឱ្យបានល្អិតល្អន់។
ប៉ុន្តែជាងបីឆ្នាំ កន្លងមកនេះមិនមានការជួបប្រជុំគ្នាណាមួយរវាងរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលទេ។
លោកអ៊ូ វីរៈ ប្រធាននិងជាស្ថាបនិកវេទិការអនាគតដែលជាក្រុមស្រាវជ្រាវគោលនយោបាយក្នុងប្រទេសកម្ពុជាពន្យល់ថា៖
«នេះដោយសារតែលោកនាយករដ្ឋមន្ត្រីគាត់ថាកាលជំនាន់នោះគឺដោយសារមានការរិះគន់ខ្លាំង លោកថាលោកទុកច្បាប់ហ្នឹងដល់២០១៤បានសើរើឡើងវិញហើយឥឡូវមន្ត្រីខ្មែរយើងដល់ឮថាទុកមិនបម្រុងអនុម័តក៏ខ្ជិលក្នុងការជជែកគ្នាបន្តដល់ឥឡូវសើរើខ្ញុំសង្ឃឹមថានឹងមានឆន្ទៈក្នុងការជជែកគ្នា»។
សេចក្តីព្រាងលើកទីពីរនៃច្បាប់«ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល»មាន៣៤មាត្រាដែលសំដៅសំខាន់លើការចុះបញ្ជីឈ្មោះនិងដាក់ដែនកំណត់ការងាររបស់អង្គការសង្គមស៊ីវិល។
លោកហ៊ុន សែន អះអាងថាច្បាប់នេះជាការជួយឱ្យមានតម្លាភាព ជាការជួយដល់ម្ចាស់ជំនួយ ជាការជួយដល់អ្នកដែលទទួលផលប្រយោជន៍ពីគម្រោងជំនួយ និងជាពិសេសគឺការថែរក្សាអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីមិនបានលាក់លៀមពីអារម្មណ៍មិនពេញចិត្តរបស់លោកចំពោះសកម្មភាពការងាររបស់អង្គការសិទ្ធិមនុស្សមួយចំនួនក្នុងពេលកន្លងមកបើទោះបីជាលោកមិនបានបញ្ចេញឈ្មោះអង្គការណាក៏ដោយ។
«អ្នកខ្លះក៏ទៅប្រឹងស្រែកជេររាជរដ្ឋាភិបាលអំពីការគាបសង្កត់សិទ្ធិមនុស្សដើម្បីគេឱ្យលុយមកធ្វើសិទ្ធិមនុស្ស»។
វោហាសាសន៍របស់លោកនាយករដ្ឋមន្ត្រីមានផលខ្លះមកលើអង្គការសង្គមស៊ីវិល។
លោកស្រីធីតា ឃឹះនាយិការអង្គការសីលកាបានសម្តែងការព្រួយបារម្ភប៉ុន្តែមិនបានសម្តែងការជំទាស់ទៅ នឹងការមានច្បាប់ក្នុងការគ្រប់គ្រងអង្គការសង្គមស៊ីវិលទេ។ អ្វីដែលលោកស្រីចង់បានគឺការចូលរួមពិភាក្សាគ្នាជាដោយទូលំទូលាយដើម្បីបានច្បាប់មួយដែលធានាការពារសិទ្ធិនិងផលប្រយោជន៍ពលរដ្ឋទូទៅតាមរដ្ឋធម្មនុញ្ញ។
«បើសិនណាជាអ្នកពាក់ព័ន្ធមិនបានចូលរួមច្បាប់នោះនឹងក្លាយទៅជាច្បាប់ដែលមិនមានប្រសិទ្ធភាពឬយកមកអនុវត្តដែលធ្វើឱ្យប៉ះពាល់ខ្លាំងទៅដល់សិទ្ធិសេរីភាពនិងប៉ះពាល់ទៅដល់ការរីកចម្រើនរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផង»។
ក្រៅពីរិះគន់អង្គការសង្គមស៊ីវិលដែលរិះគន់លើប្រវត្តិសិទ្ធិមនុស្សមិនល្អរបស់កម្ពុជាលោកនាយករដ្ឋមន្ត្រីក៏រិះគន់ដល់ស្ថានទូតបរទេសដែលលោកមិនបញ្ចេញឈ្មោះថាជាលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាតាមរយៈសកម្មភាពរបស់អង្គការសង្គមស៊ីវិលទាំងនោះ។
«តាមខ្ញុំដឹងខ្លះៗ អ្វីដែលអង្គការក្រៅរដ្ឋាភិបាលខ្លះដែលស៊ីលុយបរទេសមុននឹងនិយាយត្រូវយកចូលទៅស្ថានទូតចំនួនពីរថ្ងៃស្ថានទូតផ្តល់មតិទើបឯណេះមានសិទ្ធិនិយាយ។ បើអីចឹងប្រទេសនេះត្រូវញាំញី ដោយការបំពានអធិបតេយ្យ។ អស់លោកកុំស្មានគេមិនដឹងហើយគេមិនយល់ អីចឹងអស់លោកល្មមៗបានហើយ»។
ការព្រួយបារម្ភនេះហាក់មិនមានមូលដ្ឋានអ្វីទេ។ នេះបើតាមការលើកឡើងរបស់អង្គការសង្គមស៊ីវិល។ លោកស្រី ធីតា ឃឹះ នាយិការអង្គការសីលកាបញ្ជាក់ថាបទពិសោធរបស់លោកស្រីគឺគ្មានម្ចាស់ជំនួយឬស្ថានទូតណាដែលមកពិនិត្យមើលការងារប្រចាំថ្ងៃរបស់អង្គការទាំងនោះទេ។
លោកស្រីបានបន្ថែមថាអ្វីដែលម្ចាស់ជំនួយយកចិត្តទុកដាក់នោះគឺ៖
«ទីមួយគឺកាត់បន្ថយនូវភាពក្រីក្រ ទីពីរគឺដើម្បី ធ្វើឱ្យមានសន្តិភាពនិងមានការអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីផ្សារភ្ជាប់ខ្លួនយើងជាមួយនឹងពិភពលោកនៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីយើងក្លាយទៅជាអ្នកទិញអីវ៉ែអីវ៉ាន់របស់គេយកមកចាយធ្វើបង្កើតឱ្យទៅជាការអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះគឺជាគោលនយោបាយនៃប្រទេសដែលគេឱ្យថវិកាមកខាងយើង។ ដូច្នេះគេមិនបានមកបង្គាប់បញ្ជាថាឱ្យយើងថាយ៉ាងម៉េចឱ្យយើងធ្វើយ៉ាងម៉េចអត់ទេ។ គ្រាន់តែ នៅក្នុងគោលដៅមួយដែលប្រាប់ថាតើឥឡូវនេះបញ្ហាអ្វីដែលកើតមាននៅក្នុងប្រទេសហើយយើងត្រូវដោះស្រាយបញ្ហាដោយរបៀបណា។ អញ្ចឹងទេផែនការរបស់យើងគឺឆ្លើយតបទៅនឹងបញ្ហាអស់នោះ»។
ច្បាប់ស្តីពីការគ្រប់គ្រងអង្គការសង្គមស៊ីវិលត្រូវបានគេដឹងថាបានចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០០៦។ ប៉ុន្តែដំណើរការនៃការតាក់តែងមិនសូវបើកទូលាយហើយវាបានបង្ករឱ្យមានការព្រួយបារម្ភជាច្រើនថាអាចនឹងរឹតបន្តឹងលំហរសេរីភាពដែលមាននៅ សេសសល់បន្តិចបន្តួចនាពេលបច្ចុប្បន្ននេះ៕