បណ្តាអង្គការសិទ្ធិពលរដ្ឋនៅអាស៊ីអាគ្នេយ៍បានសម្តែងក្តីបារម្ភកាន់តែច្រើនឡើងថាសំឡេងរបស់ពួកគេត្រូវអង្គការប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានមិនអើពើ បើទោះបីប្រទេសម៉ាឡេស៊ីដែលជាប្រធានអង្គការអាស៊ានឆ្នាំនេះ បានប្ដេជ្ញាថានឹងបង្កើតតំបន់«អាស៊ានដែលយកពលរដ្ឋជាធំ» (people-centered ASEAN) ក្តី។
នៅពេលអង្គការអាស៊ានប្រារព្ធកិច្ចប្រជុំកំពូលលើកទី២៦នៅទីក្រុងគូឡាឡាំពួនៅចុងខែមេសានេះ សន្និសីទសង្គមស៊ីវិលនិងវេទិកាពលរដ្ឋអាស៊ាននឹងរួមគ្នាចេញសេចក្ដីថ្លែងការណ៍មួយដែលនឹងរិះគន់អង្គការតំបន់មួយនេះ។
ពួកគេនឹងប្រាប់ដល់មេដឹកនាំអាស៊ានថារាល់អនុសាសន៍ដែលអង្គការសង្គមស៊ីវិលបានដាក់ជូនចាប់តាំងពីឆ្នាំ២០០៥«មិនត្រូវបានគេយកទៅអនុវត្តឬប្រើប្រាស់ក្នុងរបៀបដ៏មានន័យណាមួយទេ»។
ពួកគេថាការណ៍នេះគឺដោយសារអង្គារអាស៊ាន«ផ្តល់អាទិភាពដល់ផលប្រយោជន៍របស់សហគ្រាសធំៗនិងក្រុមអ្នកធំរួមទាំងសហគ្រាសរដ្ឋ ហើយមើលរំលងផលប្រយោជន៍របស់ពលរដ្ឋ»។
កិច្ចប្រជុំកំពូលអាស៊ានរយៈពេល៤ថ្ងៃនេះនឹងត្រូវប្រព្រឹត្តធ្វើនៅរាជធានីប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី២៤ ខែមេសាខាងមុខ។
នៅមុនពេលកិច្ចប្រជុំនេះមកដល់ ចាប់ពីខែកុម្ភៈមក មានមនុស្សជាង១០០នាក់ដោយរួមមានអ្នកកាសែតល្បីៗផង ត្រូវបានចាប់ខ្លួនពីបទដឹកនាំការបះបោរ។
លោក Jerald Joseph ជាសកម្មជនម៉ាឡេស៊ីនិងជាប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃអង្គការវេទិកាពលរដ្ឋអាស៊ាន (Asean People’s Forum)។ លោកថ្លែងថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ត្រូវឆ្លើយសំណួរដ៏សំខាន់មួយក្នុងនាមលោកជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាននេះ។
«តើលោកអាចជាប្រធាន(អាស៊ាន)យ៉ាងដូចម្តេច ដោយទុកឲ្យរបៀបរៀបរយសង្គមត្រូវធ្លាក់ដុនដាបក្នុងរបៀបយ៉ាងដូច្នេះ? ហើយខ្ញុំគិតថាវាផ្ទុយនឹងគោលការណ៍នៅក្នុងធម្មនុញ្ញអំពីការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានដែលមានចែងនៅក្នុងធម្មនុញ្ញអាស៊ាន»។
កិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ានត្រូវបានគេចាត់ទុកថាជាការប្រជុំមិនសូវមានលទ្ធផលដោយសារអង្គការនេះគោរពតាមគោលនយោបាយមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិករបស់ខ្លួន។
ប៉ុន្តែកិច្ចប្រជុំរបស់អង្គការសង្គមស៊ីវិលអាស៊ានវិញដែលធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលផ្លូវការ មិនរារែកក្នុងការលើកយកបញ្ហាសំខាន់ៗនិងរសើបរបស់អាស៊ានមកពិភាក្សាទេ រួមទាំងបញ្ហាការរំលោភសិទ្ធិមនុស្សផងដែរ។
នៅក្នុងសប្ដាហ៍នេះ ក្រុមអង្គការនេះនឹងតតាំងជាមួយប្រទេសឡាវក្នុងរឿងការបាត់ខ្លួនសកម្មជនល្បីមួយរូបគឺលោក Sombath Somphone។ ពួកគេក៏ចង់ឲ្យបណ្ដារដ្ឋអាស៊ានទាំងអស់ដោះស្រាយក្តីបារម្ភអំពីបរិស្ថានទាក់ទងនឹងការស្ថាបនាទំនប់វារីអគ្គិសនីតាមបណ្ដោយទន្លេមេគង្គនិងការរំលោភសិទ្ធិពលករចំណាកស្រុកនិងជនភៀសខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ករណីប្រទេសថៃដែលបាននិងកំពុងស្ថិតនៅក្រោមការត្រួតត្រារបស់របបយោធាចាប់តាំងពីខែឧសភាឆ្នាំមុនមក ក៏នឹងត្រូវគេលើកឡើងជាពិសេសផងដែរ។
ថ្វីបើច្បាប់អាជ្ញាសឹកថៃដែលមានអាយុជិត១០ខែនោះត្រូវបានគេដកចេញកាលពីថ្ងៃពុធក្តី ក៏នាយករដ្ឋមន្ត្រីនិងជាមេទ័ពគឺលោក Prayuth Chan-ocha ភ្លាមៗនោះបានផ្តល់អំណាចយ៉ាងទូលំទូលាយដល់រូបលោកផ្ទាល់ក៏ដូចជាមន្ត្រីយោធាផ្សេងទៀត តាមរយៈការចេញបញ្ជាសន្តិសុខថ្មីមួយ។
សិទ្ធិបញ្ចេញមតិនិងសិទ្ធិជួបប្រជុំគ្នាត្រូវបានរិតត្បិតនៅក្រោមច្បាប់អាជ្ញាសឹកនេះ។ ពួកសកម្មជនថៃឥឡូវនេះមិនដឹងទេថាខ្លួនអាចនិយាយនិងអាចធ្វើសកម្មភាពអ្វីបាននោះ។
អ្នកស្រី Sunsanee Sutthisunsanee តំណាងប្រទេសថៃនៅឯវេទិកាពលរដ្ឋអាស៊ាន បានថ្លែងទៅកាន់អ្នកកាសែតនៅក្នុងសន្និសីទព័ត៌មានមួយនៅក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ថាសកម្មជនសិទ្ធិមនុស្សថៃនឹងចាត់ទុកសម្ដីលោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan-ocha ថាជាការណ៍ពិត ដែលលោកបានអះអាងថាលោកមិនមានចេតនានឹងរំលោភអំណាចដ៏ទូលំទូលាយរបស់លោកនោះទេ។
«លោកនាយករដ្ឋមន្ត្រីរបស់យើងមានប្រសាសន៍ថា ប្រសិនបើយើងមិនបានធ្វើអ្វីខុសនោះទេ រឿងអ្វីត្រូវបារម្ភនោះ? យើងមិនមានធ្វើអ្វីខុសទេ ហេតុអ្វីត្រូវធ្វើអ្វីឲ្យត្រូវ? ដូច្នេះខ្ញុំគិតថាយើងនឹងបន្តលើកឡើងអំពីបញ្ហាការបារម្ភអំពីរឿងសិទ្ធិមនុស្សនេះ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានហៅសេចក្ដីសម្រេចរបស់របបយោធាថៃក្នុងការយកមាត្រា៤៤នៃធម្មនុញ្ញអន្តរកាលមកអនុវត្តថាជាសកម្មភាពដែលកត់សម្គាល់«ការធ្លាក់កាន់តែជ្រៅទៅៗរបស់ប្រទេសថៃចូលទៅក្នុងរបបផ្តាច់ការ»។
ក្រុមអង្គការសិទ្ធិពលរដ្ឋអាស៊ានក៏ចង់ឲ្យគេបន្តតាមដានប្រទេសមីយ៉ាន់ម៉ាឬភូមា ខណៈដែលនៅប្រទេសនេះមានការបង្ក្រាបហិង្សាលើក្រុមនិស្សិតនិងមានអរិភាពកើនឡើងប្រឆាំងនឹងក្រុមជនជាតិភាគតិច។
គណៈប្រតិភូដែលចូលរួមវេទិកាពលរដ្ឋអាស៊ាននិយាយថាខណៈដែលតំបន់អាស៊ានកាន់តែខិតជិតទៅរកសមាហរណកម្មសេដ្ឋកិច្ចតំបន់ ប្រទេសសមាជិកអាស៊ានជាច្រើននៅបន្តរិតត្បិតសិទ្ធិមនុស្សនិងមាននយោបាយដើរថយក្រោយវិញ៕
ប្រែសម្រួលដោយ សឹង សុផាត