ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាយការណ៍៖ ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ថយ​ចុះ


បាតុករ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​កក្កដា​ឆ្នាំ​២០១៤។

របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ថយ​ចុះ បើ​ទោះ​បី​ជា​មាន​ការ​វិវត្ត​ទៅ​មុខ​បន្តិច​បន្តួច​ក្តី។ អ្នក​ជំនាញ យល់​ថា ទស្សនៈ​វិស័យ​ខាង​នយោបាយ​របស់​កម្ពុជា​មិន​មាន​ភាព​ប្រាកដ​ប្រជា​ទេ​នា​ពេល​អនាគត។

លទ្ធិប្រជាធិបតេយ្យ

យោង​តាម​របាយការណ៍​ថ្មីៗ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ឬ​ហៅ​ថា (COMFREL) ស្តី​អំពី​លទ្ធិ​ប្រជាធិបតេយ្យ និង​ភាព​មិន​ប្រក្រតី​ខាង​នយោបាយ ឲ្យ​ដឹង​ថា ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ថយ​ចុះ ហើយ​ស្ថានភាព​នយោបាយ​នា​ពេល​អនាគត​មិន​មាន​ភាព​ប្រាកដ​ប្រជា​ទេ។

អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​នៃ​ភាព​រាំង​ស្ទះ​ខាង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣​មក គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្រុះ​ស្រួល​គ្នា ហើយ​បាន​សន្យា​សហការ​គ្នា ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​រដ្ឋាភិបាល ដើម្បី​កសាង​ស្ថាប័ន​ដែល​មាន​សមត្ថភាព​ខ្លាំង និង​មាន​ប្រសិទ្ធភាព។

យ៉ាង​ណា​មិញ ស្ថានភាព​ក្នុង​អំឡុង និង​ក្រោយ​ពេល​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៤​បាន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​កម្ពុជា។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់ COMFREL ដែល​មាន​ចំណង​ជើង​ថា លទិ្ធ​ប្រជាធិបតេយ្យ ការ​បោះ​ឆ្នោត និង​កំណែ​ទម្រង់​នៅ​កម្ពុជា

លោក គុល បញ្ញា នាយក​អង្គការ COMFREL មាន​ប្រសាសន៍​ថា៖ «‍ការ​វិវត្តន៍​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ២០១៤​នេះ​ឃើញ​ថា មាន​ដំណើរ​ការ​ទៅ​មាន​គុណ​វិបត្តិ​ច្រើន ហើយ​ជួប​ឧបសគ្គ​ផង​ដែរ ដែល​រារាំង​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ។ នេះ​គឺ​ជា​បញ្ហា។ ហើយ​យើង​ឃើញ​សំខាន់​ ដែល​ជា​ឧបសគ្គ​រារាំង​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​នោះ​គឺ​ទាក់ទិន​នឹង​បញ្ហា​សេរីភាព​បញ្ចេញ​មតិ ដែល​ជា​មូលដ្ឋាន​សំខាន់ ហើយ​និង​សេរីភាព​ចំហ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម»។

លោក គុល បញ្ញា បាន​បន្ថែម​ថា ការ​ចរចា​ខាង​នយោបាយ​របស់​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​វិវត្តន៍​ល្អ​ប្រសើរ​ជាង​មុន ដូច​ជា ក្នុង​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត និង​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី។ ប៉ុន្តែ លោក​មាន​ក្តី​ព្រួយ​បារម្ភ​ពី​ការ​វិវត្តន៍​ខាង​នយោបាយ​ក្នុង​ពេល​អនាគត។

លោក បញ្ញា បាន​លើក​ឡើង​ថា៖ «‍ប៉ុន្តែ ការ​វិវត្ត​វិជ្ជមាន​នេះ​គឺ​ទាក់​ទិន​ទៅ​នឹង​បញ្ហា​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ។ ក៏​ប៉ុន្តែ ដំណើរការ​ការ​វិវត្តន៍​ដែល​មាន​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ក៏​មិន​ប្រាកដ​ថា​ដំណើរ​ទៅ​ដោយ​រលូន​ដែរ។ វា​នៅ​មិន​ទាន់​មាន​ភាព​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ ហើយ​ធាតុ​ពិត​វា​នៅ​មាន​កម្រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ​ផង​ដែរ»។

ការ​រំលោភ​សិទ្ធិ​មនុស្ស

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​ចាប់​ដៃ​គ្នា​ជាមួយ​លោក សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​មន្ទីរ​ព្រឹទ្ធ​សភា នឹង​ឈាន​ដល់​ការ​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជាពី​ថ្ងៃ​ទី​ ២២​ ខែ​កក្កដា​ ឆ្នាំ​២០១៤​។​ REUTERS/Stringer
លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​ចាប់​ដៃ​គ្នា​ជាមួយ​លោក សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​មន្ទីរ​ព្រឹទ្ធ​សភា នឹង​ឈាន​ដល់​ការ​បញ្ចប់​វិបត្តិ​ជាប់​គាំង​នយោបាយ​នៅ​កម្ពុជាពី​ថ្ងៃ​ទី​ ២២​ ខែ​កក្កដា​ ឆ្នាំ​២០១៤​។​ REUTERS/Stringer

របាយការណ៍​នេះ​ក៏​បាន​រក​ឃើញ​ថា ការ​អនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ត្រូវ​បាន​រឹត​បន្តឹង ខណៈ​ដែល ​«‍កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​បាន​បន្ត​ប្រើប្រាស់​កម្លាំង​ហួស​កម្រិត​មក​លើ​បាតុករ​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម»។

កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចូល​សមាជិក​នៃ​កង​យោធា និង​កង​សន្តិសុខ​ឲ្យ​ចូល​ធ្វើ​ជា​សមាជិក​របស់​គណៈកម្មាធិការ​កណ្តាល​របស់​ខ្លួន។ លោក Brad Adams នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី បាន​លើក​ឡើង​ក្នុង​អំឡុង​ពេល​ផ្តល់​បទ​សម្ភាសន៍​មួយ​ជាមួយ​ VOA​ ថា ការ​ធ្វើ​បែប​នេះ​អាច​បង្ក​ឲ្យ​មាន«‍ជម្លោះ​ផល​ប្រយោជន៍​ជាតិ​ដ៏​ធំ​មួយ»។

លោក Adams បាន​បន្ថែម​ថា ជា​ទូទៅ ក្រុម​អ្នក​ពង្រឹង​ច្បាប់​តែង​តែ​ចាត់​ទុក​ប្រជា​ពលរដ្ឋ​ដែល​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​ជា«‍សត្រូវ»​របស់​ខ្លួន។ លោក​បាន​លើក​ឡើង​ថា៖ ‍‍«ប្រជា​ពលរដ្ឋ​ទាំង​នេះ​គួរ​តែ​ទទួល​បាន​ការ​ការពារ​ឲ្យ​ដូច​គ្នា​និង​ការ​ការពារ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន នៅ​ពេល​មាន​ការ​ដើរ​ដង្ហែ​ក្បួន​ជា​សាធារណៈ។ គឺ​ឲ្យ​ស្មើ​ភាព​គ្នា»។

របាយ​ការណ៍​របស់ COMFREL នេះ ក៏​បាន​ឆ្លុះ​បង្ហាញ​ថា រដា្ឋភិបាល​កម្ពុជា​មិន​បាន​ចាត់​វិធានការ​ដើម្បី​ឲ្យ​មាន«‍ការ​លើក​កម្ពស់​សេរីភាព​ក្នុង​ការ​ជួប​ជុំ​គ្នា​ជា​សាធារណៈ និង​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ»ទេ។ ក្នុង​ពេល​បច្ចុប្បន្ន​នេះ សកម្មជន​ដី​ធ្លី​ចំនួន​១១នាក់​នៃ​សហគមន៍​បឹង​កក់ កំពុង​ឋិត​ក្នុង​មន្ទីរ​ឃុំឃាំង​ ហើយ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​ណាស់​រយៈពេល​មួយ​ឆ្នាំ ខណៈ​ដែល​ពួក​គាត់​បាន​បិទ​ផ្លូវ​តវ៉ា​ឲ្យ​សាលាក្រុង​ភ្នំពេញ​ធ្វើ​អន្តរាគមន៍​លើ​ការ​លិច​ទឹក និង​ការ​ការពារ​មិន​ឲ្យ​មាន​ការ​ជម្លៀស​ទាំង​បង្ខំ​នៅ​ក្នុង​សហគមន៍​របស់​គាត់។

យ៉ាង​ណា​មិញ កាល​ពី​ថ្ងៃ​ច័ន្ទ ទី១៣ ខែ​មេសា​នេះ គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​ស្រុះ​ស្រួល​គ្នា ហើយ​សម្រេច​ឲ្យ​មាន​ការ​ដោះ​លែង​សកម្មជន​ដី​ធ្លី​ទាំង​អស់​នេះ និង​សមាជិក​គណបក្ស​ប្រឆាំង ក្នុង​ឱកាស​ប្រជុំ​សភា​ដើម្បី​បោះ​ឆ្នោត​តែង​តាំង​សមាជិក​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី។

អំពើ​ពុក​រលួយ និង​ការ​រំលោភ​អំណាច

ជាមួយ​គ្នា​នេះ COMFREL ក៏​បាន​រក​ឃើញ​ថា អំពើ​ពុក​រលួយ​នៅ​តែ​ចោទ​ជា​បញ្ហា​ប្រឈម​ដ៏​សំខាន់​មួយ ក្នុង​ការ​កសាង​ប្រព័ន្ធ​រដ្ឋាភិបាល​មួយ​ដ៏​មាន​តម្លាភាព និង​គណនេយ្យភាព។

សកម្មជន​កម្ពុជា​ស្រែក​ពាក្ស​ស្លោក​ក្នុង​អំឡុង​នៃ​ការ​ដង្ហែ​ទៅ​កាន់​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤។
សកម្មជន​កម្ពុជា​ស្រែក​ពាក្ស​ស្លោក​ក្នុង​អំឡុង​នៃ​ការ​ដង្ហែ​ទៅ​កាន់​រដ្ឋសភា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៤។

សម្រាប់​ឆ្នាំ២០១៤ ប្រទេស​កម្ពុជា​បាន​ជាប់​លេខ​រៀង​ទី១៥៦ ក្នុង​ចំណោម​ប្រទេស​ចំនួន១៧៥ ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​បំផុត​នៅ​ក្នុង​ពិភព​លោក។ នេះ​បើ​យោង​តាម​អង្គការ​តម្លាភាព​អន្តរជាតិ ឬ​ហៅ​ថា (Transparency International)។

ប៉ុន្តែ លំដាប់​លេខ​រៀង​ថ្មី​នេះ​ឃើញ​ថា មាន​ការ​វិវត្តន៍​ប្រសើរ​ជាង​ឆ្នាំ២០១៣ នៅ​ពេល​ដែល​កម្ពុជា​ជាប់​លំដាប់​លេខ​រៀង​ទី១៦០ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៧។

លោក ព្រាប កុល នាយក​អង្គការ​តម្លាភាព​កម្ពុជា បាន​លើក​ឡើង​ថា៖ «‍ស្ថាប័ន​ដែល​ពលរដ្ឋ​ខ្មែរ និង​ស្ថាប័ន​ដទៃ​ទៀត​មើល​ឃើញ​ថា​ពុក​រលួយ​ខ្លាំង និង​មាន​ប្រព័ន្ធ​សុច្ចរិត​ភាព​ខ្សោយ​ជាង​គេ​នោះ គឺ​ស្ថាប័ន​តុលាការ ហើយ​បន្ទាប់​មក​ទៀត​គឺ​ស្ថាប័ន​ផ្តល់​នូវ​យុត្តិធម៌ ដែល​ក្នុង​នោះ​មាន​ស្ថាប័ន​ប៉ូលិស បន្ទាប់​មក​ទៀត​គឺ​ស្ថាប័ន​សាធារណៈ​ដែល​ផ្តល់​សេវាកម្ម​សាធារណៈ»។

យ៉ាង​ណា​មិញ រដ្ឋាភិបាល​កម្ពុជា​ក៏​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​តាម​ស្ថាប័ន​រដ្ឋ បើ​ទោះ​បី​ជា​មាន​ការ​ចោទ​សួរ​អំពី​ឯករាជ្យ​ភាព​នៃ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក្តី។ កាល​ពី​ខែ​មករា ឆ្នាំ២០១៥​នេះ អង្គភាព​ទាំង​ពីរ​នេះ​បាន​ប្រកាស​ថា មន្ត្រី​រដ្ឋាភិបាល​ចំនួន​១ម៉ឺន​៦៨៣នាក់ ស្មើ​នឹង​៧០ភាគរយ​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​ទ្រព្យ​អសកម្ម​របស់​ខ្លួន​ក្នុង​អំឡុង​ពេល​ពីរ​ឆ្នាំ​កន្លង​ទៅ​នេះ។

លោក ព្រាប កុល បាន​មាន​ប្រសាសន៍​ថា៖ «‍ស្ថានភាព​អំពើ​ពុក​រលួយ​ក៏​មាន​ការ​ថយ​ចុះ​មួយ​កម្រិត​ដែរ។ មាន​ន័យ​ថា យើង​ឃើញ​ស្ថានភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុនៗ​បន្តិច។ ហើយ​បើ​យើង​ក្រឡេក​មើល​ទៅ​លើ​ទិដ្ឋភាព​នៃ​ការ​ប្រព្រឹត្តិ ឥរិយាបថ ចំណាត់​ការ ក៏​ដូច​ជា​ការ​យល់​ដឹង​របស់​ប្រជា​ពលរដ្ឋ​ទាក់​ទង​នឹង​បញ្ហា​អំពើ​ពុក​រលួយ​នេះ​ក៏​មាន​ភាព​ល្អ​ប្រសើរ​មួយ​កម្រិត​ដែរ»។

ការ​រំលោភ​អំណាច​នៅ​តែ​ជា​បញ្ហា​ចម្បង​មួយ​ដែរ ដោយ​សារ​តែ​មន្ត្រី​រដ្ឋាភិបាល​ភាគ​ច្រើន​បំពេញ​កិច្ចការ​របស់​ខ្លួន ដែល​ទំនោរ​បម្រើ​ផល​ប្រយោជន៍​របស់​គណបក្ស​នយោបាយ ជា​ជាង​ប្រយោជន៍​សាធារណៈ។ នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​ស្តី​អំពី ភាព​មិន​ប្រក្រតី​នយោបាយ៖ ការ​ប្រើប្រាស់​ធនធាន​រដ្ឋ​មិន​ត្រឹម​ត្រូវ និង​ពុក​រលួយ​ទាក់​ទិន​នឹង​នយោបាយ ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០១៥​នេះ អង្គការ COMFREL រក​ឃើញ​ថា ក្នុង​អំឡុង​ឆ្នាំ២០១៤ «មាន​ករណី​នៃ​ភាព​មិន​ប្រក្រតី​សំណូក​ដោយ​មន្ត្រី​សាធារណៈ​ដើម្បី​តំណែង​ចំនួន១៣១​ករណី ខណៈ​ដែល​ករណី​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​ធនធាន​រដ្ឋ​មិន​ត្រឹម​ត្រូវ​មាន​ចំនួន​៦០ករណី ហើយ​ករណី​ពាក់​ព័ន្ធ​នឹង​បញ្ហា​ខ្សែ​ស្រឡាយ សាច់​ញាតិ​និយម​មាន​ចំនួន​១៨ករណី‍»។

លោក ព្រាប កុល យល់​ថា បញ្ហា​ខ្សែ​ស្រឡាយ និង​សាច់​ញាតិ​និយម​នេះ​មិន​មាន​ការ​វិវត្តន៍​ប្រសើរ​ជាង​មុន​ទេ។ លោក​មាន​ប្រសាសន៍​ថា៖ «‍ទាក់​ទង​ទៅ​នឹង​ក្រុម​គ្រួសារ​និយម សាច់​ញាតិ​និយម ខ្សែ​ស្រឡាយ​នេះ​គឺ​មិន​ទាន់​មាន​ការ​ប្រែ​ប្រួល​ទេ។ ក៏​ប៉ុន្តែ មាន​ការ​ជជែក​គ្នា មាន​ការ​លើក​ឡើង មាន​ការ​បង្ហាញ​ភស្តុតាង ដែល​យើង​គិត​ថា​ជា​ការ​ចាប់​ផ្តើម​ជជែក​ពិភាក្សា​ពី​ប្រធាន​បទ​នៃ​ក្រុម​គ្រួសារ​និយម សាច់​ញាតិ​និយម​នេះ ដែល​យើង​ឃើញ​កើត​មាន​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ ដែល​ជា​បញ្ហា​មួយ​ដែល​ជា​ហានិភ័យ ឬ​ក៏​អាច​ឈាន​ទៅ​ដល់​ការ​ឃុំ​ឃិត​ប្រព្រឹត្ត​អំពើ​ពុក​រលួយ បើ​សិន​ជា​សាច់​ញាតិ ឬ​ក៏​ក្រុម​គ្រួសារ សមាជិក​នៃ​សាច់​ញាតិ​គាត់​ឋិត​នៅ​ក្នុង​មុខ​តំណែង ដែល​មាន​ឥទ្ធិពល​ទៅ​វិញ​ទៅ​មក ហើយ​មាន​ទំនាស់​ផល​ប្រយោជន៍»។

កំណែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត

គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន​ទទួល​ស្គាល់​ថា ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​គឺ​ជា​សមាសធាតុ​ដ៏​សំខាន់​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស។ ថ្មីៗ​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កែ​ទម្រង់​ច្បាប់​បោះ​ឆ្នោត​សម្រាប់​តំណាង​រាស្ត្រ​សភា ហើយ​ក៏​បាន​កែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ផង​ដែរ។

លោក សម រង្ស៊ី និង​លោក កឹម សុខា ឈរ​នៅ​លើ​រថយន្ត​មួយ​ដោយ​ដឹកនាំ​មហាបាតុកម្ម​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣។
លោក សម រង្ស៊ី និង​លោក កឹម សុខា ឈរ​នៅ​លើ​រថយន្ត​មួយ​ដោយ​ដឹកនាំ​មហាបាតុកម្ម​មួយ​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៣។

ក្នុង​ចំណោម​បញ្ញត្តិ​ទាំង​២៤​ដែល​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​នោះ បញ្ញត្តិ​ចំនួន​១៥​ត្រូវ​បាន​មើល​ឃើញ​ថា​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ក៏​ប៉ុន្តែ បញ្ញត្តិ​ចំនួន​៩​មាន​សភាព​ដុន​ដាប​ជាង​មុន។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ COMFREL ស្តី​អំពី​លទ្ធិ​ប្រជាធិបតេយ្យ ការ​បោះ​ឆ្នោត និង​កំណែ​ទម្រង់​នៅ​កម្ពុជា។

បញ្ញត្តិ​ដែល​មាន​លក្ខណៈ​ដុនដាប​ជាង​មុន គឺ​ការ​រឹត​ត្បិត​លើ​ការ​ឃោសនា និង​យុទ្ធនា​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ឡើង​ក្នុង​រយៈពេល​២១ថ្ងៃ និង​ការ​ដាក់​កម្រិត​លើ​ការ​ដើរ​ដង្ហែ​ក្បួន​ឃោសនា​ឲ្យ​មាន​រយៈពេល​តែ​៤ថ្ងៃ​ប៉ុណ្ណោះ។ យោង​តាម​របាយការណ៍​របស់ COMFREL ឲ្យ​ដឹង​ថា «‍ការ​រឹត​បន្តឹង​ទាំង​អស់​នេះ​នឹង​កម្រិត​មិន​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដ៏​ស្មើ​ភាព​គ្នា​មួយ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត»។

លោក គុល បញ្ញា បាន​លើក​ឡើង​ថា៖ «‍ហើយ​ចំពោះ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​អ្នក​តំណាង​រាស្ត្រ មាន​បញ្ញត្តិ​មួយ​ចំនួន​ហាក់​ដូច​ជា​មាន​ការ​វិវត្តន៍​វិជ្ជមាន ជា​ពិសេស បញ្ញត្តិ​ដែល​ទាក់​ទិន​នឹង​ជំពូក​រឿង​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ យើង​ឃើញ​ហាក់​ដូច​ជា​មាន​និន្នាការ​ធ្វើ​ការ​កែ​ប្រែ​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​បង្កើត​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​មួយ​ថ្មី»។

លោក បញ្ញា បាន​បន្ថែម​ទៀត​ថា៖ «‍ក៏​ប៉ុន្តែ បញ្ញតិ​ខ្លះ​មាន​ការ​ធ្លាក់​ចុះ​ថយ​វិញ អំពី​បញ្ហា​ចូលរួម​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ប្រជាពលរដ្ឋ​ដែល​ចង​ជា​ក្រុម ជា​សង្គម​ស៊ីវិល​ត្រូវ​បាន​ហាម​ឃាត់​សិទ្ធិ​ចូលរួម​សកម្ម​ក្នុង​នយោបាយ ជា​ពិសេស​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត»។

ជា​មួយ​គ្នា​នោះ ច្បាប់​បោះ​ឆ្នោត​ថ្មី​មិន​បាន​ចែង​អំពី​ការ​ធានា​ឲ្យ​បាន​នូវ​ការ​ទទួល​យក​«លទ្ធផល​ចាញ់​ឆ្នោត‍» ដោយ​សន្តិវិធី​ដោយ​គណបក្ស​ទាំង​ពីរ​ទេ។ លោក ឈាង វណ្ណារិទ្ធិ សាស្ត្រាចារ្យ​ខាង​ការ​សិក្សា​អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​សកលវិទ្យាល័យ Leeds នៅ​ចក្រភព​អង់គ្លេស យល់​ឃើញ​ថា ភាព​មិន​ប្រាកដ​ប្រជា​នៅ​តែ​មាន បើ​ទោះ​បី​ជា​ច្បាប់​បោះ​ឆ្នោត​ត្រូវ​បាន​កែ​ប្រែ​ក៏​ដោយ។

លោក វណ្ណារិទ្ធិ លើក​ឡើង​ថា៖ «‍វា​ពិបាក​ធ្វើ​ការ​សន្និដ្ឋាន​ពិត​ប្រាកដ​ណា​មួយ​នៅ​ពេល​នេះ ដោយ​សារ​តែ​យើង​ពុំ​ទាន់​ឃើញ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត និង​ដំណើរការ​បោះ​ឆ្នោត​ជាក់​ស្តែង»។

លោក ឈាង វណ្ណារិទ្ធិ បាន​បន្ថែម​ថា យ៉ាង​ណា​មិញ ការ​ធ្វើ​កំណែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឲ្យ​មាន​ឯករាជ្យ​ភាព​ជាង​មុន គឺ​ជា​ជំហាន​វិជ្ជមាន​មួយ។

លោក​ថា៖ «‍គណៈ​កម្មាការ​រៀប​ចំ​ការ​បោះ​ឆ្នោត​គឺ​ស្ថាប័ន​នេះ​មាន​លក្ខណៈ​ឯករាជ្យ និង​អព្យាក្រឹត្យ​ច្រើន​ជាង​មុន ដោយ​សារ​តែ​គណបក្ស​ដ៏​ធំ​ទាំង​ពីរ​មាន​តំណាង​បួន​នាក់​រៀងៗ​ខ្លួន​ដែល​មាន​តុល្យភាព​ក្នុង​នោះ ហើយ​មាន​សមាជិក​ឯករាជ្យ​មួយ»។

កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ

ស្រប​ពេល​ជា​មួយ​គ្នា​នេះ របាយ​ការណ៍​របស់ COMFREL ក៏​រក​ឃើញ​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​នៅ​តែ​រង​ឥទ្ធិពល​គណបក្ស​នយោបាយ​ដដែល។ យោង​តាម​របាយ​ការណ៍​នេះ​ឲ្យ​ដឹង​ថា «‍ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ២០១៤​ត្រូវ​បាន​រារាំង ដោយ​សារ​តែ​ការ​ខ្វះ​ឆន្ទៈ​នយោបាយ»។

លោក សុរិយា ប្រាសាទ​ ស៊ូប៊ែឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សប្រចាំ​ប្រទេស​កម្ពុជា ដើរ​ចេញ​ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ២០១៥ ​ដែល​នៅ​ទី​នោះ​លោក​បាន​ចូល​រួម​ស្តាប់​សវនាការ​សំណុំ​រឿង​សកម្មជន​ដី​ធ្លីនិង​ព្រះសង្ឈ​ទាំង​អស់​ចំនួន​១៩​នាក់​ដែល​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ខែ​វិច្ឆិកា​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ។ (AP Photo/Heng Sinith)
លោក សុរិយា ប្រាសាទ​ ស៊ូប៊ែឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្សប្រចាំ​ប្រទេស​កម្ពុជា ដើរ​ចេញ​ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ២០១៥ ​ដែល​នៅ​ទី​នោះ​លោក​បាន​ចូល​រួម​ស្តាប់​សវនាការ​សំណុំ​រឿង​សកម្មជន​ដី​ធ្លីនិង​ព្រះសង្ឈ​ទាំង​អស់​ចំនួន​១៩​នាក់​ដែល​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ខែ​វិច្ឆិកា​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១​ឆ្នាំ។ (AP Photo/Heng Sinith)

លោក Brad Adams យល់​ថា តុលាការ​របស់​កម្ពុជា​នៅ​តែ​ទទួល​រង​«ឥទ្ធិពល​នយោបាយ​ដ៏​ខ្លាំង‍»។ លោក មាន​ប្រសាសន៍​ថា៖ «‍អ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ដោយ​រដ្ឋាភិបាល​អំពី​បទ​ពុក​រលួយ​នឹង​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​ដែល​លម្អៀង​ខាង​នយោបាយ»។

លោក កែវ ប៊ុនធា មេធាវី​ច្បាប់​បម្រើ​ប្រយោជន៍​សាធារណៈ យល់​ថា កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ឲ្យ​មាន​ភាព​ឯករាជ្យ​ចាំ​បាច់​ទាមទារ​ឲ្យ​មាន​តុល្យភាព​នៃ​អំណាច​បី​សំខាន់ៗ។

លោក ប៊ុនធា មាន​ប្រសាសន៍​ថា៖ «‍អំណាច​នីតិ​បញ្ញត្តិ អំណាច​ប្រតិបត្តិ និង​អំណាច​តុលាការ​ត្រូវ​ឲ្យ​មាន​ភាព​ឯករាជ្យ​ឲ្យ​ពិត​ប្រាកដ នោះ​ទើប​តុលាការ​មាន​ឯករាជ្យ​ភាព»។ លោក​បាន​បន្ថែម​ថា ការ​ពង្រឹង​គណនេយ្យ​ភាព​ក្នុង​ការ​បំពេញ​ការ​ងារ​តាម​វិជ្ជាជីវៈ​ក៏​ជា​ការ​ចាំ​បាច់​ផង​ដែរ។

លោក ប៊ុនធា ថា៖ «‍ប៉ុន្តែ ឯករាជ្យ​ភាព​វា​មិន​ទាន់​គ្រប់​គ្រាន់​ទេ។ យើង​ត្រូវ​ឲ្យ​មាន​គណនេយ្យ​ភាព​មួយ​ទៀត ពីព្រោះ​គណនេយ្យ​ភាព​នេះ​អាច​ធ្វើ​ឲ្យ​តុលាការ​មាន​ភាព​ទទួល​ខុស​ត្រូវ​ទៅ​លើ​វិជ្ជាជីវៈ ហើយ​និង​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ទង្វើ​របស់​ខ្លួន»។

ក្តី​សង្ឃឹម​សម្រាប់​អនាគត

ក៏​ប៉ុន្តែ មាន​ក្តី​សង្ឃឹម​ថា វប្បធម៌​នៃ​ការ​សន្ទនា​គ្នា​រវាង​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​នឹង​បន្ត ដែល​អាច​បង្កើត​ឱកាស​វិជ្ជមាន​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដែល​ប្រសើរ​ជាង​មុន ដែល​ការ​ផ្លាស់​ប្តូរ​នេះ​អាច​នឹង​កើត​ចេញ​ពី​ការ​ទាម​ទារ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ខ្លួន​ឯង​ផ្ទាល់។

លោក កែវ ប៊ុនធា យល់​ឃើញ​ថា ការ​ផ្លាស់​ប្តូរ​ដ៏​ល្អ​ប្រសើរ​អាច​នឹង​កើត​មាន​ឡើង​ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ថ្នាក់​ដឹក​នាំ។ លោក ប៊ុនធា មាន​ប្រសាសន៍​ថា៖ «‍បើ​សិន​ជា​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ថ្នាក់​ដឹក​នាំ​ឲ្យ​មាន​ការ​គិត​គូរ​ឲ្យ​បាន​ទូលំ​ទូលាយ​ទៀត នោះ​វា​អាច​មាន​ការ​រីក​ចំរើន​ឡើង​វិញ»។

យ៉ាង​ណា​មិញ ការ​ចូលរួម និង​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​យុវជន​កម្ពុជា​ទាក់​ទង​នឹង​ទិសដៅ​របស់​ប្រទេស​កម្ពុជា​ក៏​ជា​ការ​ចាំ​បាច់​ផង​ដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG