ថ្វីបើរដ្ឋសភាជាតិបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសមាជិកទាំង៩រូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជាដោយគ្មានភាពរាំងស្ទះកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ក៏ប៉ុន្តែក្រុមអ្នកវិភាគនិងមន្ត្រីអង្គការសង្គមស៊ីវិលមិនទាន់មានទំនុកចិត្តទាំងស្រុងចំពោះស្ថាប័ននេះនៅឡើយ។
លោក ធន សារាយ ប្រធានសមាគមអាដហុកបានថ្លែងថាវាពិបាកឲ្យសមាជិកទាំង៨រូបដែលជ្រើសមកពីគណបក្សនយោបាយទាំងពីរធ្វើការដោយឯករាជ្យនិងមិនទទួលឥទ្ធិពលពីគណបក្សនយោបាយទាំងពីរនោះហើយនេះគឺជាក្តីបារម្ភរបស់លោក។
«យើងមានការបារម្ភថានៅពេលដែលមាន១ក្រុមនៅគណបក្សម្ខាងហើយមួយក្រុមទៀតមកពីគណបក្សមួយទៀត។ យើងចេះតែបារម្ភថាវានឹងមានបញ្ហារកាំរកូសគ្នាដែរ។ ក៏ប៉ុន្តែបើយើងរៀបចំរបៀបធ្វើការនៅគ.ជ.បឲ្យបានល្អនិងឲ្យបានត្រឹមត្រូវទៅប្រហែលជានឹងអាចបញ្ចៀសបញ្ហាជម្លោះទាស់ទែងគ្នាបានច្រើន»។
បន្ថែមពីនេះទៀតលោក ធន សារាយ ជំរុញឲ្យគ.ជ.ប.ជ្រើសរើសបេក្ខជនឯករាជ្យរបស់ខ្លួននៅក្នុងថ្នាក់ឃុំ ស្រុកផងដែរ។
ដោយឡែក លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់អង្គការ គណៈកម្មាធិការដើម្បីបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា COMFREL មានប្រសាសន៍ថា លោកសង្ឃឹមថា សមាសភាពថ្មីនៃគ.ជ.បនេះគឺនឹងមិនទទួលរងឥទ្ធិពលខ្លាំងពីគណបក្សនយោបាយទាំងពីរនោះបើទោះជាប្រធាននិងអនុប្រធាននៃគ.ជ.បគឺជាអតីតសមាជិកគណបក្សនយោបាយធំទាំងពីរក៏ដោយ។
ទោះជាយ៉ាងណាលោកគល់ បញ្ញា យល់ថាគជប ថ្មីនឹងមានបញ្ហាប្រឈមជាច្រើននៅចំពោះមុខ រួមទាំងការធ្វើបញ្ចីបោះឆ្នោតឡើងវិញ និង ការរៀបចំការបោះឆ្នោតដោយសេរីនិងតម្លាភាពជាដើម។
«នេះគ្រាន់តែជាការចាប់ផ្តើមទេ មិនទាន់សន្និដ្ឋានថាវា យ៉ាងម៉េចទេ។ តែបើបញ្ជីឈ្មោះបោះឆ្នោតហ្នឹងធ្វើមិនត្រូវវានឹងទំនាស់ទៀតហើយ ទំនាស់រវាង គណបក្សនិងគណបក្ស គ.ជ.បនិងប្រជាជន គ.ជ.ប និងគណបក្សនឹងមាន។ ហើយនៅរឿងរបៀបដោះស្រាយវិវាទបោះឆ្នោតហ្នឹងទៀត។ តើការដោះស្រាយវិវាទបោះឆ្នោតហ្នឹងយ៉ាងម៉េច? តាមច្បាប់ថ្មីហ្នឹងគឺការដោះស្រាយវិវាទបោះឆ្នោតហ្នឹងវាទៅជាបំបិទសិទ្ធិប្រជាពលរដ្ឋវិញ»។
ដំណាលគ្នានេះដែរមន្ត្រីសង្គមស៊ីវិលដដែលសង្ឃឹមថាសមាជិកថ្មីទាំង៩រូបនេះនឹងបង្កឲ្យមានការចូលរួមពីសង្គមស៊ីវិលប្រជាជននិងដៃគូផ្សេងទៀត ដើម្បីកសាងទំនុកចិត្តពីប្រជាពលរដ្ឋ។
ប្រធានគ.ជ.បថ្មីបានទៅលើលោកស៊ិក ប៊ុនហុក សមាជិករដ្ឋសភាមកពីគណបក្សប្រជាជននិងលោក គួយ ប៊ុនរឿន ជាក្រុមចរចាសម្រាប់កំណែទម្រង់ការបោះឆ្នោតនៅកម្ពុជារបស់គណបក្សសង្គ្រោះជាតិ ជាអនុប្រធាន។
សមាជិកផ្សេងទៀតរួមមាន លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាសកម្មជនការពារសិទ្ធិកម្មករល្បីល្បាញមួយរូប លោក ហ៊ីង ធីរិទ្ធ អតីតចៅក្រមសាលាដំបូងរាជធានីភ្នំពេញ និង លោក ហង្សពុទ្ធា ដែលជានាយកប្រតិបត្តិនៃអង្គការនិកហ្វិកជាដើម។
សមាជិកសភា១១៣ រូបក្នុងសមាជិក១១៨រូបដែលមានវត្តមាននៅក្នុងសម័យប្រជុំរដ្ឋសភាកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបោះឆ្នោតគាំទ្រនិងជ្រើសយកសមាសភាពគ.ជ.ប ថ្មីដែលបានត្រៀមទុកនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកសម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានដាស់តឿនឲ្យស្ថាប័នបោះឆ្នោតថ្មីនេះបំពេញការងាររបស់ខ្លួនដោយឯករាជ្យ។
ភ្លាមៗនៅថ្ងៃនេះដែរប្រធានបេសកកម្មប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ការបង្កើតស្ថាប័នគ.ជ.បថ្មីដោយគណបក្សទាំងពីរដោយចាត់ទុកថានេះជាជំហាន «គួរឲ្យលើកទឹកចិត្តនិងវិជ្ជមាន»ក្រោយពីកិច្ចសន្ទនានយោបាយ។
សេចក្តីថ្លែងការណ៍ដដែលសង្កត់ធ្ងន់ថាសហភាពអឺរ៉ុប«ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយដល់ប្រទេសកម្ពុជាដើម្បីធានាថាការបោះឆ្នោតនាពេលអនាគតនឹងប្រព្រឹត្តទៅដោយតម្លាភាពនិងគួរឲ្យជឿទុកចិត្តបាន»៕