ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ថា អ៊ីស្រាអែល «ទើប​ចាប់ផ្ដើម» ការឆ្លើយតប​នឹង​ការវាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់


រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម កាលពី​ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម កាលពី​ថ្ងៃទី២១ ខែ​ឧសភា ឆ្នាំ២០២៣។

ប្រទេស​អ៊ីស្រាអែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា យោធា​របស់​ខ្លួន​បាន​វាយ​ប្រហារ​លើ​គោលដៅ​រាប់​រយ​កន្លែង​នៅ​ក្នុង​តំបន់ Gaza កាលពី​យប់​មិញ គឺ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​ថា ​កង​កម្លាំង​ប្រទេស​របស់​លោក «ទើប​ចាប់ផ្ដើម» ប្រយុទ្ធ​តតាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់វិញ។

អ្នក​នាំ​ពាក្យ​យោធា​អ៊ីស្រាអែល​លោក Richard Hecht បាន​និយាយ​ថា សាកសព​យុទ្ធជន​ហាម៉ាស់​ប្រហែល ១.៥០០ នាក់​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ដែនដី​អ៊ីស្រាអែល បន្ទាប់ពី​ពួកគេ​បាន​ចូល​លុកលុយ​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន និង​ថា​មិន​មាន​ជន​សកម្ម​ប្រយុទ្ធ​ណា​ម្នាក់​បាន​ឆ្លង​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​នោះ​ទេ​តាំង​ពី​ថ្ងៃ​ចន្ទ​មក។

គោលដៅ​នៃ​ការ​វាយ​ប្រហារ​តាម​អាកាស​ថ្មី​បង្អស់​ទាំង​នេះ​គឺ​រួម​មាន​ទាំង​តំបន់​លំនៅដ្ឋាន​ Rimal ក្នុង​ទីក្រុង Gaza ដែល​ជា​ទីតាំង​របស់​ក្រសួង​និង​អគារ​រដ្ឋាភិបាល​របស់​ក្រុម​ហាម៉ាស់​ផង​ដែរ។

លោក Netanyahu បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​កាលពី​យប់​ថ្ងៃ​ចន្ទ​ថា៖ «អ្វី​ដែល​យើង​នឹង​ធ្វើ​ចំពោះ​សត្រូវ​របស់​យើង​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​គឺ​នឹង​បន្ទរ​ជាប់​រហូត​ជាមួយ​ពួកគេ​រាប់​ជំនាន់​ទៅ​មុខ»។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថា ខ្លួន​បាន​កៀរគរ​ទាហាន​បម្រុង ៣០០.០០០ នាក់​នៅ​មុន «ការ​បន្ត​ប្រយុទ្ធ​វាយ​ប្រហារ» ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់ផ្អើល​របស់​ក្រុម​ហាម៉ាស់​កាលពី​ថ្ងៃ​សៅរ៍​ចូល​តំបន់​នានា​របស់​អ៊ីស្រាអែល​នៅ​តាម​បណ្ដោយ​ព្រំដែន​ជាប់​នឹង​តំបន់ Gaza។

អ្នក​នាំ​ពាក្យ​យោធា​ក្រុម​ហាម៉ាស់​បាន​គំរាម​ថា យុទ្ធជន​របស់​ខ្លួន​នឹង​សម្លាប់​ជន​ស៊ីវិល​ម្នាក់​ក្នុង​ចំណោម​ជន​ស៊ីវិល​ប្រហែល ១៥០ នាក់​ដែល​ក្រុម​ហាម៉ាស់​បាន​ចាប់​ធ្វើ​ជា​ចំណាប់​ខ្មាំង​នៅ​ពេល​ណា​ដែល​អ៊ីស្រាអែល​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​នៅ​ក្នុង​តំបន់ Gaza ដោយ​មិន​មាន​ការ​ផ្ដល់​សញ្ញា​ជា​មុន។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល​លោក Yoav Gallant បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​វីដេអូ​មួយ​ថា អ៊ីស្រាអែល​នឹង​ធ្វើ​ការ «ហ៊ុមព័ទ្ធ​ទាំងស្រុង» លើ​តំបន់ Gaza ដោយ​កាត់​ផ្ដាច់​លទ្ធភាព​របស់​ដែនដី​ប៉ាឡេស្ទីន​នៅ​ក្នុង​ការ​ទទួល​បាន​អគ្គិសនី ម្ហូប​អាហារ ទឹក និង​ហ្គាស។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ប្រាប់​អ្នក​កាសែត​ថា ទោះបីជា​លោក​ទទួល​ស្គាល់​ក្ដី​បារម្ភ​ផ្នែក​សន្តិសុខ​ស្រប​ច្បាប់​របស់​អ៊ីស្រាអែល​ក៏ដោយ ក៏​ប្រតិបត្តិការ​យោធា​ត្រូវតែ​ធ្វើ​ឡើង​ក្នុង​រង្វង់​ច្បាប់​មនុស្ស​ធម៌។ លោក​បាន​និយាយ​ថា ជន​ស៊ីវិល​ត្រូវតែ​ទទួល​បាន​ការ​ការពារ​ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​មិន​ត្រូវ​ទទួល​រង​ការ​វាយ​ប្រហារ​នោះ​ទេ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG