ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ប្តេជ្ញា​ថា​នឹង​ដាក់​ទោសទណ្ឌ​លើ​តំបន់​ហ្គាហ្សា


រថយន្តយោធារបស់អ៊ីស្រាអែលកំពុងធ្វើដំណើរនៅក្បែរព្រំដែន​រវាង​អ៊ីស្រាអែលនិង​តំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទ ទី ៩ ខែតុលា ឆ្នាំ ២០២៣។
រថយន្តយោធារបស់អ៊ីស្រាអែលកំពុងធ្វើដំណើរនៅក្បែរព្រំដែន​រវាង​អ៊ីស្រាអែលនិង​តំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទ ទី ៩ ខែតុលា ឆ្នាំ ២០២៣។

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​អ៊ីស្រាអែល​បាន​ប្តេជ្ញា​ថា​នឹង​ដាក់​ទោសទណ្ឌ​លើ​តំបន់​ហ្គាហ្សា (Gaza ) បន្ទាប់​ពី​ការ​វាយប្រហារ​ឈ្លានពាន​ដ៏​ព្រៃផ្សៃ​និង​មិន​ធ្លាប់​មាន​ពី​មុន​លើ​អ៊ីស្រាអែល​ដោយ​ក្រុម​ហាម៉ាស់ (Hamas)។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន AP។

កាលពី​ថ្ងៃ​អាទិត្យ​ អ៊ីស្រាអែល​បាន​ប្រកាស​ធ្វើ​សង្គ្រាម​ ហើយ​បាន​ផ្តល់​ភ្លើង​ខៀវ​អនុញ្ញាត​ឱ្យ​មាន​ការ​ចាត់​«វិធានការ​យោធា​សំខាន់ៗ» ដើម្បី​សងសឹក​នឹង​ក្រុម​ហាម៉ាស់​នៅ​ក្នុង​ការ​វាយ​ឆ្មក់​កាលពី​ថ្ងៃ​សៅរ៍។ មក​ទល់​នឹង​ពេល​នេះ ការ​ប្រយុទ្ធ​គ្នា​ទៅវិញ​ទៅមក​រវាង​ក្រុម​ហាម៉ាស់​និង​កង​កម្លាំង​អ៊ីស្រាអែល​បាន​សម្លាប់​មនុស្ស​អស់យ៉ាង​ហោចណាស់​ចំនួន ៧០០នាក់ នៅ​អ៊ីស្រាអែល និង​ ៤៩៣នាក់​ នៅ​តំបន់​ហ្គាហ្សា នេះ​បើ​យោង​តាម​មន្ត្រី​របស់​ភាគី​ទាំង​សង​ខាង។

លោក Yoav Gallant រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អ៊ីស្រាអែល កាលពី​ថ្ងៃ​ចន្ទ បាន​បញ្ជា​ឱ្យ​មាន​«ការ​វាយ​ដណ្តើម​គ្រប់គ្រង​ទាំង​ស្រុង»លើ​តំបន់​ហ្គាហ្សា ដោយ​លើក​ឡើង​ថា អាជ្ញា​ធរ​អាច​នឹង​កាត់​ផ្តាច់​ចរន្ត​អគ្គិសនី និង​រាំង​ខ្ទប់​ការ​នាំ​ចូល​ម្ហូប​អាហារ​និង​ប្រេង​សាំង។

ជាមួយ​គ្នា​នោះ​ដែរ យោធា​អ៊ីស្រាអែល​បាន​ប្រយុទ្ធ​ខ្លាំង​នៅ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេសដើម្បី​កម្ចាត់​ក្រុម​សកម្មប្រយុទ្ធ​នៅ​សេសសល់ ហើយ​បាន​វាយ​ប្រហារ​តាម​អាកាស​លើ​តំបន់​ហ្គាហ្សា។ ដោយឡែក រ៉ុក្កែត​ដែល​បាញ់ចេញ​ពី​តំបន់​ហ្គាហ្សា ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​ហាម៉ាស់ បាន​ធ្វើ​ឱ្យ​ទីក្រុង Jerusalem និង​ Tel Aviv ឮពោរពេញ​ទៅ​ដោយ​សំឡេង​ស៊ីរ៉ែន​ដែល​ផ្សព្វផ្សាយ​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​ថ្លែង​ទៅកាន់​អាជ្ញាធរ​ប្រចាំ​ភាគខាង​ត្បូង​ប្រទេស​ថា៖ «ខ្ញុំ​ស្នើ​ឱ្យ​អ្នក​ប្រកាន់​ជំហរ​រឹង​មាំ ពីព្រោះ​យើង​នឹង​ផ្លាស់ប្តូរ​តំបន់​មជ្ឈិមបូព៌ា។ ខ្ញុំ​ដឹង​ថា អ្នក​បាន​ឆ្លងកាត់​រឿងរ៉ាវ​ដ៏​អាក្រក់​និង​លំបាក។ អ្វីដែល​ក្រុម​ហាម៉ាស់​នឹង​ឆ្លងកាត់ ក៏​នឹង​លំបាក​និង​អាក្រក់​ … យើង​ទើប​តែ​ចាប់ផ្តើម​ប៉ុណ្ណោះ»៕

XS
SM
MD
LG