ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ថ្កោលទោស​អំពើ​ហិង្សា​ ហើយ​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និង​ពួក​ហាម៉ាស់


ទិដ្ឋភាពទីក្រុង Gaza ក្នុងអំឡុងការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣។
ទិដ្ឋភាពទីក្រុង Gaza ក្នុងអំឡុងការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣។

កម្ពុជា​អំពាវ​នាវ​ឱ្យ​គ្រប់​ភាគី​នៅក្នុង​ជម្លោះ​នៃ​ការ​ផ្ទុះ​អាវុធ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ «អនុវត្ត​ការ​អត់ធ្មត់​ឱ្យ​បាន​ខ្ពស់​បំផុត​»​ និង​ងាក​មករក​ការ​ចរចា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​បទ​ឈប់​បាញ់​ ហើយ​នាំ​មក​វិញ​នូវ​«សន្តិ​ភាព​យូរ​អង្វែង»។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​ក្រសួង​ការ​បរទេស​កម្ពុជា​ ចុះ​ថ្ងៃ​ទី​៨ ​ខែ​តុលា​ ឆ្នាំ​២០២៣។​

កាល​ពីថ្ងៃ​សៅរ៍​ក្រុមជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​ (Hamas) បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ ដែល​បាន​ប្រើ​កាំជ្រួច​ប្លោង​ជាច្រើន​បាញ់​ទៅ​លើ​ទីក្រុង​នានា​ក្នុង​ប្រទេស​អ៊ីស្រាអែល ​ហើយ​បាន​សម្លាប់​ជនស៊ីវិល​ជា​ច្រើន​នាក់។ ​វា​ជា​ការ​វាយ​ឆ្មក់​ធំ​បំផុត​ក្នុង​ពេល​ ៥០ ​ឆ្នាំ​ លើ​ប្រទេស​អ៊ីស្រាអែល។ ការ​វាយ​ប្រហារ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​ កើត​ឡើង​ក្នុង​ពេល​មាន​ពិធី​បុណ្យ​របស់​ជនជាតិ​ជ្វិហ្វ។ ​ការ​បាញ់​ប្លោង​របស់​ក្រុម​ហាម៉ាស់​បាន​ផ្តើម​ចេញពី​តំបន់​ Gaza ជា​ទីដែល​មាន​ការ​ប៉ះ​ទង្គិច​យោធា​ញឹក​ញាប់​រវាង​យុទ្ធ​ជន​ហាម៉ាស់​ និង​ទាហាន​អ៊ីស្រាអែល។

នៅ​សេចក្តី​ថ្លែង​ការណ៍​ដែល​វីអូអេ​ទទួល​បាន​នៅថ្ងៃ​ចន្ទ​នេះ​ ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ផ្ទុះ​ឡើង​នូវ​ការ​វាយ​ប្រហារ​គ្នា​កាល​ពី​ពីរ​ថ្ងៃ​មុន​ ដែល​បង្ក​ឱ្យ​មាន​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ដ៏​គួរ​ឱ្យ​រន្ធត់​ និង​បាន​ធ្វើ​ឱ្យ​ជន​ស្លូត​ត្រង់​រាប់​រយ​នាក់​បាន​ស្លាប់​ ក្នុង​នោះ​មាន​និស្សិត​កសិកម្ម​កម្ពុជា​មួយ​រូប​ឈ្មោះ​ចាន់ ឧត្តម​ផង​ដែរ។

ក្រសួង​ការ​បរទេស​កម្ពុជា ​ក៏​ជំរុញ​ឱ្យ​សហគមន៍​អន្តរជាតិ​ប្រឹង​ប្រែង​ទ្វេ​ដង​ ដើម្បី​សម្រប​សម្រួល​កិច្ច​សន្ទនា​ និង​កិច្ច​ចរចា​ប្រកប​ដោយ​អត្ថន័យ​ និង​ថា​ ភាគី​ទាំង​អស់​ត្រូវ​ចាំបាច់​ចូល​រួម​ក្នុង​កិច្ច​សន្ទនា​ដែល​មាន​លក្ខណៈ​ស្ថាបនា​ សំដៅ​ដោះ​ស្រាយ​ឫស​គល់​នៃ​ជម្លោះ​ និង​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​គ្រប់​ភាគី​ទាំង​អស់​អាច​ទទួល​យក​បាន។​

សេចក្តី​ថ្លែង​ការណ៍​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ ​«កម្ពុជា​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​ផ្តោត​អាទិភាព​ចម្បង​លើ​ការ​ស្វែង​រក​សន្តិភាព​ យុត្តិ​ធម៌​ និង​សន្តិ​សុខ​សម្រាប់​ប្រជាជន​ទាំង​អស់​នៅ​ក្នុង​តំបន់។ ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ចាំបាច់​ត្រូវ​ចូល​រួម​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ប្រកប​ដោយ​សន្តិវិធី​ ដែល​ធានា​បាន​នូវ​សុខុមាលភាព​ និង​សុវត្ថិភាព​សម្រាប់​គ្រប់គ្នា»។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ លោក ​ប៉ែន បូណា ​ប្រាប់​វីអូអេ​ថា​ រដ្ឋាភិបាល​បាន​និង​កំពុង​តែ​ធ្វើការ​ជាមួយ​អាជ្ញាធរ​អ៊ីស្រាអែល​ ដើម្បី​ជម្លៀស​ប្រជាជន​ខ្មែរ​ទៅកាន់​ទីកន្លែង​មាន​សុវត្ថិភាព។​

លោក​បន្ថែម​ថា៖​ «ហើយ​នឹង​ធ្វើ​កិច្ច​ការ​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​អ៊ីស្រាអែល​ដើម្បី​ឱ្យពួក​គេ​ធ្វើ​យ៉ាង​ណា​ធានា​សុវត្ថិភាព​របស់​ប្រជា​ពលរដ្ឋ​និង​និស្សិត​ខ្មែរ​ទាំង​អស់​ដែល​កំពុង​ស្នាក់​នៅ​ទីនោះ។​ ​អ៊ីចឹង​មក​ដល់​ពេល​នេះ​ រាជ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ធ្វើ​ការ​ងារ​ហ្នឹង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត»។

ទាក់​ទិន​ការ​បាត់​បង់​ជីវិត​របស់​និស្សិត​ខ្មែរ​ម្នាក់​នៅ​ក្នុង​ហេតុ​ការណ៍​វាយ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ ​និង​កងទ័ព​អ៊ីស្រាអែល​ ឯក​អគ្គ​រដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក​ W. Patrick Murphy ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃទី​ ៨​ ខែ​តុលា​ ដោយ​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​និស្សិត​ខ្មែរ​ ឈ្មោះ​ ចាន់ ឧត្តម ​ដែល​បាន​ស្លាប់​នៅ​អំឡុង​ពេល​មាន​ការ​វាយ​ប្រហារ​ភេរវ​កម្ម​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល។​

លោក​ថ្លែង​ថា៖​ «តំណាង​ឱ្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ ពួក​យើង​សូម​ចូល​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​ជាមួយ​កម្ពុជា​និង​ជន​រងគ្រោះ​ទាំង​អស់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដ៏​រន្ធត់​នេះ»។​

ការ​វាយ​ប្រហារ​ដែល​បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ​មិន​មែន​ជា​រឿង​ថ្មី​ឡើយ​របស់​ក្រុម​ Hamas​ និង​ប្រទេស​អ៊ីស្រាអែល​ដែល​ជា​គូ​សត្រូវ​នឹង​គ្នា​រាប់​ទសវត្សរ៍​មក​ហើយ។

នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិ​ការ​និង​សន្តិ​ភាព​ (CICP)​ លោក ពូ សុធីរៈ ​ថ្លែង​ថា ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ Hamas​ នៅ​ប៉ាឡេស្ទីន​ ជា​បញ្ហា​ដ៏​រ៉ាំរ៉ៃ​និង​ពិបាក​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ ខណៈ​អាមេរិក​ធ្លាប់​បាន​ជួយ​សម្រប​សម្រួល​ប៉ុន្មាន​លើក​មក​ហើយ​ ប៉ុន្តែ​នៅតែ​មិន​អាច​រក​ច្រក​ចេញ​បាន។​

លោក​ប្រាប់​វីអូអេ​ថា៖​ «ហើយ​មិន​មែន​ជា​រឿង​ស្រួល​ទេ។ ​ប្រទេស​ទាំង​ពីរនេះ​គាត់​មើល​មុខ​គ្នា​មិន​ត្រង់​យូរ​ហើយ ​ហើយ​វា​ deep rooted ​(ចាក់​ឫស​ជ្រៅ)​ មិន​ដឹង​ត្រូវ​ដោះ​ស្រាយ​ម៉េច​ទេ។​ ភាគី​ទាំង​ពីរ​បើ​សិន​ជា​ចង់​ដោះ​ស្រាយ​ត្រូវ​តែ​រក​ចំណុច​ប្រសព្វ​ឱ្យ​ឃើញ​ ធ្វើ​ម៉េច​កុំ​ឱ្យ​ជម្លោះ​នេះ​រាល​ដាល​ដល់​ទៅ​ជា​ផ្ទុះ​សង្គ្រាម​អត់​ឈប់​ឈរ​អ៊ីចឹង»។​

លោក​បាន​បង្ហាញ​ការ​សោក​ស្តាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​និស្សិត​ខ្មែរ​ម្នាក់​នៅ​អ៊ីស្រាអែល​ ដោយ​សារ​ការ​ផ្ទុះ​អាវុធ​នេះ​ផង​ដែរ។​

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ លោក ​គិន ភា​ លើក ឡើង​ថា​ វា​ជា​រឿង​ដ៏គួរ​ឱ្យ​សោក​សង្រេង​ដែល​ជន​ស៊ីវិល​ជា​ច្រើន​រយ​នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​តែ​ការ​វាយ​ប្រហារ​មួយ​នេះ។ ​លោក​បន្ថែម​ថា​ ជម្លោះ​មួយ​នេះ​នឹង​នៅ ​តែ​បន្ត​អូស​បន្លាយ​យូរ​ត​ទៅ​ទៀត​ ដោយសារ​តែ​វា​ជា​ជំងឺ​ប្រវត្តិសាស្ត្រ។​

លោក​ថ្លែង​ថា៖​ «សម្រាប់​ជន​ជាតិ​ប៉ាលេស្ទីន​ក៏​ដូច​ជាបង​ប្អូន​ជនជាតិ​មូស្លីម​នៅ​លើ​ពិភព​លោក​ គឺ​មើល​ឃើញ​ថា ​អ៊ីស្រាអែល​ឬ​ក៏​ជនជាតិ​ជ្វីហ្វ​នេះ​ ជា​អ្នក​ដែល​មក​លួច​ទឹក​ដី​ពី​ប៉ាឡេស្ទីន។ ​អ៊ីចឹង​ហើយ​ជម្ងឺ​ប្រវត្តិសាស្ត្រ​ ជម្លោះ​ទឹកដី​នេះ​គឺ​មិន​ងាយ​ចប់​ទេ។​ កត្តា​ទឹកដី​ កត្តា​ប្រវត្តិសាស្ត្រ​នេះ​គឺ​វា​រុញ​ឱ្យ​សង្គ្រាម​អូស​បន្លាយ​យូរ​អង្វែង​ត​ទៅ​ទៀត»។

កាលពី​ថ្ងៃ​អាទិត្យ ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​ប្រកាស​សង្គ្រាម​ជា​ផ្លូវការ​ប្រឆាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ ​(Hamas)​ នៅ​ក្នុង​តំបន់​ Gaza​ ដោយ​ជំរុញ​ឱ្យ​មាន​ការ​ឆ្លើយ​តប​បែប​យោធា​ដ៏​ខ្លាំង​ក្លា​ពី​អ៊ីស្រាអែល​ ចំពោះ​ការ​វាយ​ប្រហារ​ដ៏​ភ្ញាក់​ផ្អើល​របស់​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ឥស្លាម​នេះ​លើ​ប្រទេស​អ៊ីស្រាអែល។​

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក ​Benjamin Netanyahu ​បាន​និយាយ​រួច​ហើយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ ប្រទេស​របស់​លោក​កំពុង​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ក្រុម​ហាម៉ាស់​នៅ​ពេល​ដែល​ការ​វាយ​ប្រហារ​របស់​ក្រុម​នេះ​បាន​រីក​រាលដាល។ ​ប៉ុន្តែ​ការ​វាយ​តម្លៃ​របស់​លោក​នេះ​គឺ​គ្រាន់​តែ​ជា​វោហារ​សាស្ត្រ​ប៉ុណ្ណោះ ​ដោយសារ​ការ​ប្រកាស​សង្គ្រាម​ផ្លូវការ​គឺ​ធ្វើ​ឡើង​ដោយ​ការ​សម្រេច​របស់​គណៈ​រដ្ឋមន្ត្រី​របស់​លោក។​

គួរ​រំឭក​ថា​ នៅ​មុន​ការ​បោះឆ្នោត​របស់​គណៈ​រដ្ឋមន្ត្រី ​លោក​ Netanyahu ​ក៏​បាន​ប្រកាស​ថា​ អ៊ីស្រាអែល​នឹង ​«ធ្វើការ​សងសឹក​យ៉ាង​ខ្លាំងក្លា» ​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស់ ​បើ​ទោះបីជា​ទាហាន​អ៊ីស្រាអែល​បាន​ប្រយុទ្ធ​នឹង​ក្រុម​យុទ្ធជន​ហាម៉ាស់​កាលពី​ថ្ងៃ​អាទិត្យ​នៅ​តាម​ដង​ផ្លូវ​នៅ​ភាគ​ខាង​ត្បូង​អ៊ីស្រាអែល ​និង​បាន​ចាប់​ផ្ដើម​វាយ​ប្រហារ​តាម​អាកាស​បែប​សងសឹក​ដោយ​បាន​បំផ្លិច​បំផ្លាញ​អគារ​នានា​នៅ​ក្នុង​តំបន់ ​Gaza​ រួច​ហើយ​ក៏ដោយ៕

XS
SM
MD
LG