គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)បង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ដៃលុបមិនជ្រះសម្រាប់ការបោះឆ្នោត ដោយមានការប្រកាសចាត់វិធានការលើយុទ្ធនាការម្រាមដៃស្អាត ដែលធ្វើឡើងតាមបណ្តាញអ៊ីនធឺណិតរបស់ក្រុមមាននិន្នាការមិនគាំទ្ររដ្ឋាភិបាលកម្ពុជា។
នៅព្រឹកថ្ងៃអង្គារនេះ គ.ជ.ប.បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីអំពីដំណើរប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោត និងការបង្ហាញទឹកខ្មៅជ្រលក់ម្រាមដៃ ដោយមានការដាក់បង្ហាញនូវការពិសោធន៍ទឹកខ្មៅជ្រលក់ម្រាមដៃ ដែលផលិតនៅប្រទេសឥណ្ឌា។ ការដាក់បង្ហាញនេះធ្វើឡើងស្របពេលដែលនៅតាមបណ្តាញអ៊ីនធឺណិត ជាពិសេសអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បន្តបង្ហោះរូបភាព និងសារ«ម្រាមដៃស្អាត» ដោយបង្ហាញចង្អុលដៃមិនមានប្រឡាក់ទឹកខ្មៅ បញ្ជាក់ពីការមិនទៅបោះឆ្នោត នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ។
ក្នុងកិច្ចប្រជុំនោះ លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប. លើកឡើងថា ទឹកខ្មៅដែលបញ្ជាទិញពីប្រទេសឥណ្ឌា មានចំនួន៥១០០០កំប៉ុង តម្លៃជាង៨សែនដុល្លារ និងមានគុណភាពល្អដូចគ្នាទៅនឹងទឹកខ្មៅដែលបានប្រើក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧ដែរ។ លោកបន្ថែមថា សម្រាប់ការបង្ហោះសារម្រាមដៃស្អាត បង្ហាញពីការមិនទៅបោះឆ្នោតនោះ ទាំងគ.ជ.ប. និងស្ថាប័នពាក់ព័ន្ធបាននិងកំពុងចាត់វិធានការលើករណីនេះ។
លោកមានប្រសាសន៍ថា៖
«ការចាត់វិធានការទូទៅដែលពាក់ព័ន្ធនឹងការប្រឆាំង ឬក៏រំខានដល់ការបោះឆ្នោត ធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតគឺជាអំពើខុសច្បាប់។ អីចឹងទេ ការចាត់វិធានការនេះគឺ គ.ជ.ប.បានចាត់វិធានការខ្លះហើយ»។
លោកទេព នីថាបន្ថែមថា គ.ជ.ប. ក៏បានដាក់បណ្តឹងទៅស្ថាប័នមានសមត្ថកិច្ចឲ្យចាត់វិធានការលើអ្នកហៅទូរស័ព្ទទៅកាន់បណ្តាញសួរព័ត៌មានពីការបោះឆ្នោត ដោយបានប្រើពាក្យមិនសមរម្យផងដែរ។
លោកបញ្ជាក់ថា៖
«ថ្មីៗនេះនៅពេលដែលយើងបើកទូរស័ព្ទដើម្បីជូនប្រជាពលរដ្ឋសួរពីបញ្ហាបោះឆ្នោត សួរបញ្ហាឈ្មោះរបស់គាត់ក្នុងបញ្ជីបោះឆ្នោត មានអ្នកទូរស័ព្ទមករំខាន ហើយនិយាយសម្តីចំអេសចំអាសមិនសមរម្យ។ ឥឡូវនេះ យើងបានជូនទៅខាងគណៈបញ្ជាការសន្តិសុខបោះឆ្នោត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ អីចឹងទេ ជាទូទៅយើងត្រូវការពារផលប្រយោជន៍នៃការបោះឆ្នោត ការពារផលប្រយោជន៍ប្រជាពលរដ្ឋយើង ក៏ដូចជាការពារលទ្ធិប្រជាធិបតេយ្យក្នុងករណីដែលល្មើសច្បាប់ ហើយយើងមានសមត្ថកិច្ចដោះស្រាយបញ្ហានេះ។ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់»។
យ៉ាងណាក៏ដោយ លោកទេព នីថាមិនបានបញ្ជាក់ថា តើវិធានការទាំងនោះត្រូវធ្វើឡើងក្រោមរូបភាពណានោះទេ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា លោកមិនទាន់ទទួលបានពាក្យបណ្តឹងណាមួយពាក់ព័ន្ធនឹងករណីនេះនៅឡើយ។ យ៉ាងណាក្តី លោកបានរុញឲ្យទៅសួរលោកប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ តែអគ្គលេខាធិការរូបនេះឆ្លើយថា លោកក៏មិនទាន់ទទួលបានបណ្តឹងណាមួយពីគ.ជ.ប.។
ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦កាន់តែខិតជិតចូលមកដល់ ដោយមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិនោះ វោហារសាស្រ្តរបស់អ្នកនយោបាយ ទាំងអ្នកនយោបាយគណបក្សកាន់អំណាច និងអ្នកនយោបាយគណបក្សប្រឆាំង ដែលថ្លែងពីការទៅ ឬមិនទៅចូលរួមបោះឆ្នោត បាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តថា ទៅបោះឆ្នោត ឬអត់។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង និងក្រុមជំទាស់ ដែលកំពុងស្ថិតនៅបរទេស តែងបង្ហោះសារផ្សេងៗលើបណ្តាញសង្គមរបស់លោក ដោយអំពាវនាវឲ្យប្រជាពលរដ្ឋកុំទៅបោះឆ្នោត ប្រសិនបើមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដោយលោកថា ការបោះឆ្នោតខាងមុខជាការបោះឆ្នោតក្លែងក្លាយ សម្រាប់បង្គ្រប់កិច្ចឲ្យគណបក្សកាន់អំណាចដឹកនាំប្រទេសតាមរបៀបផ្តាច់ការតែប៉ុណ្ណោះ។
ក្រៅពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី គេឃើញទំព័រហ្វេសប៊ុកមួយចំនួនទៀត ដែលបង្កើតដោយក្រុមអ្នកមិនគាំទ្ររដ្ឋាភិបាលកម្ពុជា តែងបង្ហោះសារភ្ជាប់នឹងរូបភាពផ្សេងៗ បង្ហាញពីការមិនទៅបោះឆ្នោត។
ចំណែកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ បានអំពាវនាវស្ទើរាល់ថ្ងៃឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងបោះឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក ដែលដឹកនាំប្រទេសជាង៤០ឆ្នាំមកហើយនោះ ដើម្បីឲ្យលោកបន្តការអភិវឌ្ឍ រក្សាសន្តិភាព និងចៀសផុតនូវសង្គ្រាម។
ដូចគ្នានោះដែរ ទាំងមន្រ្តីរដ្ឋាភិបាលកម្ពុជា និងអ្នកគាំទ្រលោក ហ៊ុន សែន ក៏បានបង្ហោះសារភ្ជាប់នឹងការលើកឡើងថា នាំគ្នាទៅបោះឆ្នោត និងខ្លះបង្ហោះសារថា បោះឲ្យគណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនឹងការអំពាវនាវឲ្យពលរដ្ឋទៅបោះឆ្នោត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានព្រមានជាបន្តបន្ទាប់ថា ការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោតគឺជាការប្រឆាំងនឹងព្រះមហាក្សត្រ។ ការមិនទៅបោះឆ្នោត តែយកទឹកខ្មៅណាមួយមកលាបលើម្រាមដៃគឺជាអំពើខុសច្បាប់ជាដើម។
ចំណែកគ.ជ.ប. ដែលអះអាងថា ខ្លួនជាស្ថាប័នជាតិរៀបចំការបោះឆ្នោតដោយឯករាជ្យ និងមិនលម្អៀងនោះ ក៏បានស្នើឲ្យក្រសួងមហាផ្ទៃចាត់វិធានការផ្លូវច្បាប់ចំពោះការអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការមិនចូលរួមការបោះឆ្នោត ដោយលើកឡើងថា ការអំពាវនាវនោះ ជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។
ភ្លាមៗនោះ ក្រសួងមហាផ្ទៃក៏បានប្រកាសស្រាវជ្រាវ និងចាត់វិធានការចំពោះអ្នកដែលបានបង្ហោះសារពហិការមិនទៅបោះឆ្នោត នៅលើបណ្តាញសង្គម និងអ៊ីនធឺណិត។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយហៅកាត់ថា ខុមហ្វ្រែល បានប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា លោកគាំទ្ររាល់ចំណាត់ការលើបទល្មើសគ្រប់ប្រភេទ តាមរយៈការប្រើប្រាស់ច្បាប់ ដែលមានចែងដោយភាពត្រឹមត្រូវ និងជាក់លាក់។ លោកបន្ថែមថា សម្រាប់ការបង្ហោះរូបម្រាមដៃស្អាតនៅលើបណ្តាញសង្គមគឺជាការបញ្ចេញមតិ មិនមែនជាបទល្មើសនោះទេ។
លោកបញ្ជាក់ថា៖
«បើសិនធ្វើសចង្អុលដៃហ្នឹង គាត់បង្ខំគេ សម្តែងអំពីគំរាមគេថា គេមិនធ្វើតាមទេ វាមានបញ្ហា ថ្ងៃក្រោយ អញ្ចេះអញ្ចោះ និយាយឲ្យចំលក្ខណៈគំរាម ឬការបំភិតបំភ័យ អាហ្នឹងសម្រាប់យោបល់ខ្ញុំ។ វាជារឿងមួយដែលវាខុស ខុសច្បាប់។ ប៉ុន្តែបើសិនជាគ្រាន់តែបង្ហាញខ្លួនឯងថា ខ្លួនឯងហ្នឹងបាតដៃទទេ ស្អាតទេ ខ្ញុំយល់ឃើញថា អាហ្នឹងវានៅតែសម្តែងមតិទេ។ វាមិនទាន់ដល់លក្ខណៈខុសច្បាប់ទេ»។
ការបោះឆ្នោតអាណត្តិនេះកំពុងត្រូវបានស្ថាប័នជាតិ និងអន្តរជាតិធំៗមួយចំនួនមើលឃើញថា ជាការបោះឆ្នោតដែលមិនមានភាពសេរី និងយុត្តិធម៌ បន្ទាប់ពីគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស ត្រូវបានតុលាការកំពូលរំលាយទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តូលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាអះអាងថា ការរំលាយគណបក្សសង្គ្រោះជាតិគឺធ្វើឡើងទៅតាមច្បាប់ រីឯគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលលែងមានសមាជិកមកពីគណបក្សប្រឆាំង បានអះអាងថា ខ្លួនរៀបចំការបោះឆ្នោតទៅតាមច្បាប់កម្ពុជា ដែលមានចែងជាធរមាន។
ទាំងគ.ជ.ប. និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែនក៏បានលើកឡើងថា ការបោះឆ្នោតនឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះជាមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ មិនមានការចូលរួមសង្កេតការណ៍របស់ក្រុមសង្គមស៊ីវិល និងមិនមានការទទួលស្គាល់លទ្ធផលឆ្នោតពីបណ្តាប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕