ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បោះឆ្នោត​គោរព​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ចូល​រួម​បោះឆ្នោត


រូបឯកសារ៖ ក្រុមប្រឹក្សា​ឃុំសង្កាត់​ឈរ​រង់ចាំ​បោះឆ្នោត​ព្រឹទ្ធសភា នៅ​ក្នុង​មណ្ឌល​សាលាបឋម​សិក្សា​កំពង់ធំក្រុង ក្នុង​ខេត្តកំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ក្រុមប្រឹក្សា​ឃុំសង្កាត់​ឈរ​រង់ចាំ​បោះឆ្នោត​ព្រឹទ្ធសភា នៅ​ក្នុង​មណ្ឌល​សាលាបឋម​សិក្សា​កំពង់ធំក្រុង ក្នុង​ខេត្តកំពង់ធំ កាល​ពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ២០១៨ (ស៊ុន ណារិន/VOA)

វោហាស័ព្ទ​អ្នក​នយោបាយ​ ដែល​អំពាវ​នាវ​ឲ្យពលរដ្ឋ​ពហិការ​ការ​​​បោះ​ឆ្នោត​​គឺ​មិន​​គាំទ្រ​ការ​បន្ត​អំណាច​ផ្តាច់ការ​ និង​ការ​គម្រាម​អ្នក​មិនបោះឆ្នោត​គឺជា​អ្នក​​គាំទ្រក្រុមឧទ្ទាម​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យគ.ជ.ប.​រក្សា​ឲ្យ​បាន​នូវគោល​ជំហរ​ឯករាជ្យ​ ដែល​ខ្លួន​បាន​ប្រឹងប្រែង​រក្សា​មក​ដល់​ពេលនេះ។

ក្រុម​សង្គម​ស៊ីវិល​ ​ដែល​មាន​អ្នកឃ្លាំ​មើល​ការ​បោះឆ្នោត​ និង​អ្នក​ជំនាញ​ខាង​ច្បាប់​ បាន​ទទូច​សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប.)​ រក្សាគោល​ជំហរឯករាជ្យ​របស់​ខ្លួន និង​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អ្នក​នយោបាយ​រំលោភ​សិទ្ធិ​របស់​អ្នក​បោះឆ្នោត​ ដែល​មាន​សិទ្ធិ​ពេញ​លេញ​ថា​ «ខ្លួន​អាច​ទៅ​ ឬមិន​ទៅ​បោះឆ្នោត​នោះ»។ នេះបើ​យោង​តាម​វេទិកា​ពិភាក្សា​មួយ​ ​ហៅ​ថា​សំឡេង​សង្គម​ស៊ីវិល​ ​ដែល​រៀបចំ​ដោយ​អង្គការ​ Comfrel​ ដែលឃ្លាំមើល​ការបោះឆ្នោត។

ការ​អំពាវនាវ​របស់​សង្គម​ស៊ីវិល​កម្ពុជា​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ព្រមាន​ប្រើ​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​ក្រុម​ ឬ​ជនណា​ ​ដែលធ្វើ​យុទ្ធនាការ​មិន​ទៅ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាង​មុខ។

លោក​ សេក សោភ័ណ​ ​ដែល​ជាមេធាវី​ ​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ ដែល​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទំព័រហ្វេសប៊ុក​របស់​អង្គការ​ ​Comfrel​ ​កាលពី​ថ្ងៃ​ច័ន្ទ​ បាន​ថ្លែង​ថា​ ​ យោង​តាម​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​ ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការសម្តែង​ឆន្ទៈខាង​នយោបាយ​ ​ដោយ​មិន​មាន​ការ​ចាប់​បង្ខំ​ ពោល​គឺ​ពល​រដ្ឋ​ដែល​បាន​ចុះឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​អាច​ទៅបោះឆ្នោត​ ​ឬ​ក៏មិន​ទៅបោះឆ្នោត​ ជាសិទ្ធិ​របស់​ពួកគេ។​ ​ហេតុ​ដូច្នេះ ​ពលរដ្ឋ​ដែល​ខកខាន​មិន​បាន​ទៅបោះឆ្នោត​ដោយ​ប្រការ​ណាមួយ​នោះ​ មិន​អាច​ត្រូវបាន​ទទួល​ការ​ពិន័យ​នោះ​ឡើយ។​

«អ្នក​ដែល​មាន​ឈ្មោះ​លក្ខណៈ​ សម្បត្តិ​គ្រប់គ្រាន់​ហើយ​ ឧបមា​ថា ​គាត់​ខកខាន​ ដោយ​ចេតនា​ក៏​ដោយ មិន​ចេតនា​ក៏ដោយ​ ​អត់មាន​ច្បាប់​ណា​ដែល​រហូតមកដល់​ឥឡូវ​នេះ​ណ៎ា!​ អត់មាន​ច្បាប់​ណា​ដែល​ត្រូវ​ដាក់​ពិន័យ​ពលរដ្ឋ​ដែល​មានការ​ខកខាន​ អត់បាន​ទៅបោះឆ្នោត​ ឬ​ក៏​មិន​ទៅ​បោះឆ្នោត។​ ហើយ​ខ្ញុំ​បញ្ជាក់​ឡើង​វិញ​ អាហ្នឹង​គឺជា​គោល​ការណ៍​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​តែ​ម្តង​ ហើយក៏​ជា​គោល​ការណ៍​សាកល​ដែរគឺ​ជា​សិទ្ធិ​ មាន​ន័យ​ថា​ សិទ្ធិ​ហ្នឹង​ជា​របស់​បុគ្គល​ មិនមែន​ជា​របស់​រដ្ឋ​ទេ។ ​បាទ​អចឹង​ បុគ្គល​មាន​ន័យ​ថា​ បុគ្គល​ឯកជន​ណ៎ា!​ រដ្ឋ​បើ​កាល​ណា​ពលរដ្ឋ​ប្រគល់​សិទ្ធិ​ទៅ​ឲ្យ​ អ្នក​ណា​រឿង​ផ្សេង​ ​ប៉ុន្តែ​អា​ការ​សម្រេច​ចិត្ត​ express​ ​[សម្តែង]​ ​អង់​គ្លេស​ហៅ​ ​express​ ​ណ៎ា!​ ​គាត់ចង់​ទៅសម្តែង​ ​ឬ​មិនចង់​ទៅ​សម្តែង​ អា​ហ្នឹង​ក៏ជា​សិទ្ធិ​របស់​គាត់​ដែរ»។​

​មាត្រា​៣៤​ថ្មីនៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ថា៖ «ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះ​ឆ្នោត​ និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។​ ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាង​តិច​១៨​ឆ្នាំ ​មាន​សិទ្ធិ​បោះឆ្នោត។ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​មាន​អាយុ​យ៉ាង​តិច២៥​ឆ្នាំ​ អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ជ្រើស​តាំង​ជា​តំណាង​រាស្ត្រ។ ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាង​តិច​៤០​ឆ្នាំ​អាចឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ជ្រើសតាំង​ជា​សមាជិក​ព្រឹទ្ធ​សភា។ ​បទ​បញ្ញត្តិ​បន្ថយ​សិទ្ធិ​បោះ​ឆ្នោត ​និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេបោះ​ឆ្នោត​ត្រូវ​ចែង​ក្នុង​ច្បាប់​បោះឆ្នោត»។​

បន្ថែម​លើ​នោះ​ មាត្រា​៥១​ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​ថា៖ «ព្រះ​រាជាណាចក្រ​កម្ពុជា​អនុវត្ត​នយោបាយ​ប្រជា​ធិបតេយ្យ​ សេរី​ពហុបក្ស។​ ប្រជា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​វាសនា​នៃប្រទេស​ជាតិ​របស់​ខ្លួន។​ អំណាច​ទាំងអស់​ជា​របស់​ប្រជា​ពលរដ្ឋ។ ​ប្រជា​ពលរដ្ឋ​ប្រើ​អំណាច​របស់​ខ្លួន​ តាម​រយៈ​រដ្ឋ​សភា​ ព្រឹទ្ធ​សភា​ រាជរដ្ឋាភិបាល​ និង​សាលា​ជម្រះ​ក្តី។ ​អំណាច​បែង​ចែកដាច់​ពីគ្នារវាង​អំណាច​នីតិប្បញ្ញត្តិ​ អំណាច​នីតិប្រតិបត្តិ​ និង​អំណាច​តុលាការ»។​

លោក​ កន សាវាង្ស​ ​អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ ​បាន​កត់​សម្គាល់​នូវ​វោហា​ស័ព្ទ​នយោបាយ​របស់​ក្រុម​គណបក្ស​នយោបាយ​ ដែល​ព្យាយាម​បញ្ចុះ​បញ្ចូល​ម្ចាស់​ឆ្នោតឲ្យ​ទោរ​ទន់​ទៅរ​ក​ពួក​គេ។​ ​លោក​ថា ​ការណ៍​នេះ​ ​គ.ជ.ប.ត្រូវ​មាន​ការ​ឆ្លើយតប​ឲ្យមាន​ប្រសិទ្ធិ​ភាព​ដើម្បី​ធានា​ថា ​សិទ្ធិ​របស់​អ្នក​បោះឆ្នោតមិន​ត្រូវ​បាន​ក្រុម​អ្នក​នយោបាយ​បំពាន។

«ឥឡូវ​នេះ​ថា​ បោះ​ដៃ​ទៅ​ខាង​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ឲ្យ​មាន​ការ​ប្តឹង​ផ្តល់​នូវ​ជន​ទាំងឡាយ​ណា​ ដែល​និយាយ​អំពី​ប្រ​ជា​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត។ ​ខ្ញុំ​ថា​ អត់​ទាន់​គ្រប់​គ្រាន់ទេ។​ បាទ ស្ថាប័ន​គ.ជ.ប.​ មិន​អាច​ធ្វើ​ត្រឹម​ប៉ុណ្ណឹង​បាន​ទេ​ បាទ។ ​យើង​មើល​មួយ​រយៈ​កន្លង​មក​នេះ​ ទាំង​ក្នុង​ហ្វេសប៊ុក​ក៏ដោយ​ នែ​ទាំង​គណបក្ស​នយោបាយ​មួយចំនួនក៏ដោយ​ តែងតែ​ប្រើ​ពាក្យ​ប្រជា​ពលរដ្ឋ​ណា​មិន​ទៅ​បោះឆ្នោត​ ​ហាក់​ដូចជា​មាន​ការ​គាំទ្រ​របប​ផ្តាច់​ការ​នែ៎!​ ហើយ​ប្រជា​ពលរដ្ឋ​ណា​ដែល​លោក​មិនទៅ​បោះឆ្នោត​ មាន​ន័យ​ថា​ អត់មាន​ស្នាម​ទឹកខ្មៅ​គឺ​ក្រុមហ៊ុន​គេអត់​ឲ្យ​ចូល​រួម​ធ្វើការ​ រដ្ឋ​គេអត់​ឲ្យធ្វើការ​ ហើយ​មានទាំង​ការ​បង្ហាញ​ថា​ មាន​ច្បាប់​ថ្មី​ផង»។​

មន្ត្រី​ឃ្លាំមើល​ការបោះឆ្នោត​រូប​នេះ​ ​ថ្លែង​សង្កត់​ធ្ងន់​ថា គ.ជ.ប. ​ត្រូវ​ផ្តល់​កិច្ច​អន្តរាគមន៍​ដើម្បី​បញ្ចប់​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ទាំង​នោះ។ ​លោក​បាន​បន្ត​ថា​ ​មាន​បញ្ហា​ចម្រូង​ចម្រាស​ ​ចំពោះ​លទ្ធភាព​ដែល​អាច​មាន​ទោស​ ​សម្រាប់​អ្នក​មិន​ទៅ​បោះ​ឆ្នោត។​

«ចំណុច​ខ្លះ​វា​ជា​ការ​សម្តែង​មតិ​ទេ។​ ​អីចឹង​មានកា​របក​ស្រាយ​ខ្លះ​ថា​ ​អា​ការណ៍និយាយ​រឿង​ទៅឬ​ក៏​មិន​ទៅ​ហ្នឹង​ វា​ទៅ​ជា​មាន​ទោស​ទណ្ឌ​ទៅវិញ​បាទ។​ ទោសទណ្ឌ​អី​មាន​ការ​ចាត់​វិធានការ​តាម​ដែលការ​ ដែល​មេធាវី​មាន​អី ដើម្បី​ធ្វើ​កិច្ចការ​ហ្នឹង។ ​ចាំ​មើល​ទស្សនៈ​ទាំង​អស់​ហ្នឹង​ លោក​បណ្ឌិត​ ចាំ​អាច​ជួយ​តិច...​ថា​តើលោក​មេធាវី​អាច​ជួយ​តិច​ថា​ តើ​អាការ​និយាយ​ថា​ ​ទៅ​ មិន​ទៅ​ហ្នឹងវាជា​ វា​ជា​បទ​...​បទ​ល្មើស​ជាក់​ស្តែង​ ឬក៏វា​ជា​ការ​រារាំង​មួយ​ ឬ​យ៉ាង​ម៉េច?​ ខ្ញុំ​មិន​ច្បាស់​ពាក្យ​អស់​ទាំង​ហ្នឹង​ចាំ​ ​លោក​មេធាវី​ជួយ​បាទ»។​

លោក សេក សោភ័ណ​ ​ដែល​ជា​មេធាវី​ បាន​មាន​ប្រសាសន៍​តប​ទៅ​នឹងចម្ងល់​លោកកន សាវាង្ស​តាម​ន័យ​ដើមថា៖​

«ខ្ញុំ​សូម​ទាញ​អារម្មណ៍​មក​គិត​ លើ​តួ​អង្គ​នៃ​ការ​បោះឆ្នោត។ ​ទីមួយ​អ្នក​ឈរ​ឈ្មោះ។​ នែ៎! ​អីចឹង​អ្នក​បោះ​ឆ្នោត​គេ​សម្លឹង​មើល​ ​តើ​អ្នក​ណាខ្លះដែល​ឈរ​ឈ្មោះ។ ​ហើយ​ទីពីរ​ អ្នក​រៀប​ចំគឺគ.ជ.ប.​ តើ​ការ​រៀបចំ​ហ្នឹង​យ៉ាង​ម៉េច? ​អ្នក​បោះឆ្នោត​ហ្នឹង​ក៏​មើល​ដែរ​ អាប៊ីត​ [អាជ្ញា​កណ្តាល]​ហ្នឹង​ល្អ​អត់? ​បាទ។​ យើង​សាមញ្ញ​ទេ​ អា​ហ្នឹង។​ អ្នក​ទៅ​មើល​វ៉ៃ​បុក អ្នកទៅមើល​បាល់​គឺ​ដឹង​ច្បាស់​ហ្មង។ ​ហើយ​ទីបី ​អ្នក​បោះឆ្នោត​ខ្លួន​ឯង​ហ្នឹង។ ​ទីបួន​គឺ​អ្នក​មើល​ សង្កេត​ការណ៍។ ​នៅ​ក្នុង​ច្បាប់​បោះឆ្នោត​ យើង​តម្រូវគេ​ថា​ អង្គការ​សមា​គម​អាច​ដាក់​អ្នក​សង្កេត​ការណ៍​បាន​ ផ្ញើ​ឈ្មោះ ផ្ញើ​អីទៅ​ចូលរួម​សង្កេត​ការណ៍​នៅក្នុង​ការ​បោះឆ្នោត​បាន។ ​អីចឹង​វា​មាន​តួអង្គ​បួន​ហ្នឹង​ មាន​អ្នក​សង្កេត​ការណ៍​ជាតិ​ អ្នក​សង្កេត​ការណ៍​អន្តរជាតិ។ ​អីចឹង​យើង​រាប់តែ​មួយ​ទៅ»។​

លោក​មេធាវី​មាន​ប្រសា​សន៍​បន្ថែម​ថា៖​

«ហើយ​បើសិនជា​នៅ​ក្នុង​បរិយាកាស​ទាំងអស់​ហ្នឹង​ អ្នក​បោះឆ្នោត​ ខ្ញុំ​និយាយ​ខាង​ដើម​ ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ មាន​ឈ្មោះ មាន​អី​ នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ហ្នឹង​ អាច​ទៅ​បោះ​ឆ្នោត​បាន។​ មាន​សិទ្ធិ​ទៅបោះឆ្នោត​ មាន​ន័យ​ថា​ មាន​សិទ្ធិ​ទៅបោះឆ្នោត។​ ខ្ញុំ​ទៅ​ក៏​បាន​ ខ្ញុំមិនទៅ​ក៏​បាន។ ​ហើយ​វា​ជា​សិទ្ធិ​អធិបតេយ្យ​របស់​បុគ្គល​ម្នាក់ៗ​ ដែល​មាន​ឈ្មោះ​រួច​ទៅ​ហើយហ្នឹង។ ​យើង​បាន​ទៅចុះ​ឈ្មោះ​ យើង​ចង់​បោះឆ្នោត​ ប៉ុន្តែ​ដល់​ពេល​មើល​ទៅ​ឃើញ​ អត់​មាន​អ្នក​ឈរ​ឈ្មោះ​ អត់​មានអី​ ​អាប៊ីត​ហ្នឹង​មិន​ល្អ។ អីចឹង​មិនបាច់​ទៅ​បោះ​ទេ។ ​ហើយ​វា​គឺ​ជា​សិទ្ធិ​របស់​គាត់​ដែរ។​ ចិត្ត​ត្រង់​ថា​ អ្នក​និយាយ​ថា​ម៉េចៗ​ជារឿង​របស់​អ្នកនិយាយ​ ​ជា​សិ​ទ្ធិ​សម្តែង​មតិ​ ជា​សេរី​ភាព​ក្នុងការ​សម្តែង​មតិ​របស់​អ្នក​និយាយ​ទេ​ ត្រង់​ថា​ មាន​ទោស​ ធ្វើ​ច្បាប់​ ​ធ្វើ​អីចេះៗ​ ​អា​ហ្នឹង​វាក៏​ជា​សេរីភាព​មួយនៅ​ក្នុង​ការ​យល់​ ក្នុង​ការ​សម្តែង​របស់​គេ​ដែរ»។​

កាល​ពី​ដើម​ខែ​ឧសភា​នេះ​ ​លោក​ ​សម រង្ស៊ី​ ​ប្រធាន​ក្រុម​ប្រឆំាង​ដែល​រស់​នៅ​និរទេសខ្លួន​ ​បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ ​កុំ​ទៅ​បោះឆ្នោត​ ​នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ខាង​មុខ​ ដោយ​លោក​ ​លើក​ឡើង​ថា​ ការ​បោះឆ្នោត​នោះ​គឺ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ ​ដើម្បី​បន្ត​អំណាច​របស់​គណ​បក្ស​លោក​ ​ហ៊ុន សែន។​ ភ្លាមៗ​ឆ្លើយតប​ទៅ​នឹង​ការ​អំពាវនាវ​នោះ​ ​គ.ជ.ប.​ ​ក៏​បាន​ស្នើ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​ការ​អំពាវ​នាវ​ដូច្នោះ។​

មក​ដល់​ពេល​នេះ​ ​គេ​សង្កេត​ឃើញ​មាន​យុទ្ធនាការ​ពីរ​ផ្ទុយ​គ្នា​ ​គឺ​យុទ្ធនាការ​មិន​ទៅ​បោះឆ្នោត​ដែល​មាន​ពាក្យស្លោក «ដេក​ផ្ទះឈ្នះ​ដាច់»​ និង​យុទ្ធនាការ​ទៅ​បោះឆ្នោត​ ​ដោយ​បាន​លើកឡើង​នូវពាក្យ​ថា«ដើម្បី​ប្រទេស​កម្ពុជា»​ ​«ដើម្បី​សន្តិភាព​ ​និង​ស្ថិរភាព​ជាតិ»​ ​ជា​ដើម។​

នៅ​ក្នុង​កម្មវិធី​របស់​សង្គម​ស៊ីវិល​កាល​ពី​ដើម​សប្តាហ៍​នេះ​ ​អ្នក​សម្រប​សម្រួល​កម្មវិធី​ពិភាក្សា​ លោក នាង សុវណ្ណ​ ​បាន​ចោទសួរ​ ​លោក​ ​សំ គន្ធាមី ​នាយក​ប្រតិបត្តិ​របស់​អង្គ​ការឃ្លាំមើល​ការ​បោះឆ្នោត​ Nicfec ​ចំពោះ​ការ​បង្ក​បរិយាកាស​ភ័យខ្លាច​ ដោយសារ​តែ​ការ​អំពាវនាវមាន​ខ្លឹម​សារ​ផ្ទុយ​គ្នា​ ​ចំពោះ​ការណ៍​ដែល​ថា​ ឲ្យ​ប្រជា​ពល​រដ្ឋ ទៅ​ ​ឬ​មិន​ទៅ​បោះឆ្នោត​នោះ។​

អ្នក​សម្រប​សម្រួល​កម្ម​វិធី​ពិភាក្សា​លោក​ នាង សុវណ្ណ​ ថ្លែង​ដោយ​មាន​ការ​ឆ្លើយតប​ពី​លោក​ សំ គន្ធាមី​ថា៖​

«លោក​ សំ គន្ធាមី​ លោក​អាច​បញ្ជាក់​បាន​តិច​ទេ​ថា ​បើសិន​ជាមាន​ការ​ធ្វើ​ឲ្យ​ពលរដ្ឋ​លោក​ភិត​ភ័យ​អីចឹង​ តើខាង​ណា​ជា​អ្នក​ត្រូវ​ទទួល​ខុស​ត្រូវ​បាទ ​គ.ជ.ប. ​ឬខាង​ក្រសួង​មហា​ផ្ទៃ​ ឬក៏​ខាងរដ្ឋាភិបាល​បាទ»។​ លោក​សំ គន្ធាមីឆ្លើយថា​ «ការបោះឆ្នោត​ហ្នឹង​គឺ​គ.ជ.ប.​អ្នកគ្រប់គ្រង​ផ្ទាល់​ បាទ​ ព្រោះ​អី ​គ.ជ.ប.​ជា​សមត្ថ​កិច្ច​របស់​គាត់​អ្នក​រៀបចំ​ ចាត់​ចែង​ការបោះឆ្នោត​ [ម្ល៉ោះ​ហើយ] គ.ជ.ប.​ហ្នឹង​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ សា្ថប័ន​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ដើម្បី​ ធានា​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌»។​

ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​កម្ពុជា​ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ និង​ម្ចាស់​សន្លឹកឆ្នោត​ផ្តល់​នូវទស្សនៈ​យល់​ឃើញ​ខុសៗ​គ្នា ​បង្កឲ្យ​មាន​ភាព​ចម្រូង​ចម្រាស។​

ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​អះអាង​ថា ​ការ​បោះឆ្នោត​លើក​នេះ​បានធ្វើឡើង​ក្នុង​បរិការណ៍​សេរី​ ​ព្រោះ​មាន​គណ​បក្ស​ជា​ច្រើន​ចូល​រួម​ ​ទោះបី​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បានរដ្ឋាភិបាល​លោកហ៊ុន សែនប្តឹង​រំលាយ​ចោល​ក៏ដោយ។​ ​តែក្រុមមន្ត្រី​ និងមេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិបាន​បន្ទរតាម​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ថា​ ការ​បោះឆ្នោត​ខាង​មុខ​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​ នៅ​គ្រា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត។ ​ចំណែក​អ្នក​ផ្តល់​ការ​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ​និយាយ​កាលពី​ពេល​កន្លង​មក​ថា​ ពួក​គេ​មិន​ទៅ​បោះឆ្នោត​នោះ​ទេ​ បើគ្មាន​គណបក្ស​សង្គ្រោះ​ជាតិ។​ ​ពួក​គេ​ថា​ តើ​ត្រូវ​បោះ​ឲ្យ​អ្នកណា​ បើ​មាន​តែ​គណបក្ស​កាន់​អំណាច​ចូល​ប្រកួត​ ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ដែល​មាន​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ប្រហាក់​ប្រហែល​គ្នា​នោះ។​

អ្នក​វិភាគ​បាន​បញ្ជាក់​កាលពី​ពេល​កន្លង​មក​ថា​ ​អ្វីៗ​ដែល​បាន​កើត​ឡើង​តាំង​ពី​មុន​ និង​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​មក​ដល់​ដំណាក់​កាល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នេះ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើងឲ្យ​ស្រប​តាម​ច្បាប់​ដែល​រដ្ឋាភិបាល​សព្វថ្ងៃ​បាន​កែ​ប្រែ​ដើម្បី​រក្សា​លំនឹង​អំណាច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ ​ជាក់ស្តែង​គឺ​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​កន្លង​ទៅ​ថ្មីៗ​នេះ ​អង្គ​បោះឆ្នោត​មួយ​ភាគ​ធំ​ មិន​មាន​ភាព​ជា​តំណាង​របស់ពលរដ្ឋ​ឡើយ ​ដោយសារ​អង្គ​បោះ​ឆ្នោត​ទាំង​នោះ​ បាន​យកអាសនៈ​សភា​ និងក្រុម​ប្រឹក្សា​ឃុំសង្កាត់​ពី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ទៅ​តាម​អំណាច​របស់​សាល​ដីកា​តុលាការ​កំពូល។​

VOA ​មិនទាន់​អាច​ទាក់​ទង​ទាំង​ លោក ​ហង្ស ពុទ្ធា ​និង​លោក ​ឌឹម សុវណ្ណារុំ​ អ្នក​នាំ​ពាក្យ​របស់​គ.ជ.ប.​បាន​ទេ​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ។​

ទាក់ទិន​នឹង​ការ​បង្ការ​សកម្មភាព​ឃោសនាមិន​ឲ្យ​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​នេះ​ មន្ត្រី​អ្នក​នាំពាក្យគ.ជ.ប.​លោក ​ហង្ស ពុទ្ធា​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ កាលពី​ពេលមុន​មក​ថា​ គ.ជ.ប.​ បាន​ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃធ្វើការ​សិក្សា​លើ​ទិដ្ឋភាព​ច្បាប់​ដើម្បី​ទប់​សា្កត់​សកម្ម​ភាព​នេះ។​ ​តែ​មន្ត្រី​នាំពាក្យ​រូបនេះ​មិនបាន​ថ្លែង​ដល់​វិធានការ​ចំពោះ​ការ​ឃោសនា​ ដែល​ត្រូវគេ​រាយ​ការណ៍​ថា​ អ្នក​ដែល​មិនទៅ​បោះ​ឆ្នោតគឺជា​ក្រុម​អ្នក​គាំទ្រ​ក្រុម​ឧទ្ទាម​នោះ​ឡើយ៕

XS
SM
MD
LG