ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ហ៊ុន សែន​ ព្រមាន​ដាក់​ទោស​​ជន​ណា​ដែល​លាប​ទឹកខ្មៅ​លើ​ម្រាមដៃ​ដែល​បន្លំ​ថា​ បាន​ទៅ​បោះឆ្នោត


រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​​​ប្រកាស​​ថា​ ​ការ​ជ្រលក់​ម្រាម​ដៃ​បន្លំថា​ ខ្លួន​បាន​ទៅ​បោះ​ឆ្នោត​គឺជា​អំពើ​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ។​ ​ប៉ុន្តែ​អ្នក​ច្បាប់​លើក​ឡើង​ថា​ ​ករណី​នេះ​មិន​មាន​ចែង​ក្នុង​ច្បាប់​ ​និង​ថា​ ​ការ​ដែល​មិន​មាន​ច្បាប់​ចែង​ ​មាន​ន័យថា ​មិន​មែន​ជាបទ​ល្មើស​នោះ​ទេ។

លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ព្រមាន​ដាក់​ទោសទណ្ឌចំពោះ​ជន​ណា​ដែល​ហ៊ាន​យកទឹក​ថ្នាំ​លាប​សក់​មក​ជ្រលក់​ម្រាមដៃដើម្បី​បំភាន់​ជា​សាធារណៈ​ថា​ ខ្លួន​បាន​ចូល​រួម​បោះ​ឆ្នោត​ នៅ​ថ្ងៃទី២៩​ខែកក្កដា​ខាងមុខ។​

ការ​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​រោង​ចក្រស៊ី​ម៉ងត៍​មួយ​ក្នុង​ខេត្ត​បាត់​ដំបង​ ​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ថា​ មាន​ក្រុម​ប្រឆាំង​នឹង​លោក​បាន​ណែ​នាំ​ប្រជា​ពលរដ្ឋ​ឲ្យ​យក​ថ្នាំ​លាបសក់​ទៅ​លាប​ដៃ​បន្លំ​សាធារណ​ជន​និង​បាន​ធ្វើ​ចលនា​បំផុស​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទៅ​ចូល​រួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី២៩​ខែ​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ។

លោក​នាយក​រដ្ឋ​មន្រ្តី​បន្ថែម​ថា​ ​ការ​មិន​ទៅ​បោះ​ឆ្នោត​គឺ​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ ​ប៉ុន្តែ​លោក​ថា​ ​ការ​យក​ថ្នាំ​លាបសក់​ពណ៌​ខ្មៅ​មក​លាប​ម្រាម​ដៃ​គឺ​ជា​ទង្វើ​ប្រឈម​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ។​

លោក​ព្រមាន​ក្នុង​ន័យ​ដើម​ថា៖​

«មាន​ផែនការ​ថា​ ​ថ្ងៃ​បោះ​ឆ្នោត​អត់​ទៅ​បោះ​ឆ្នោត​ទេ​ ​តែ​យក​ទឹក​ថ្នាំ​លាបសក់​យក​មក​លាប​ដៃ។​ ​តើ​នេះ​ជា​អ្វី?​ ​នេះ​ជាការ​បង្កើត​កំហុស​ផ្នែក​ព្រហ្មទណ្ឌ​នៃ​ការ​ក្លែង​បន្លំជាការ​ក្លែងបន្លំ។​ ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​គេ​ឃោសនា​ដើរ​ខ្សឹប​ថា​ មិន​ចាំបាច់​ទៅ​បោះ​ទេ​ ​តែ​ដើម្បី​កុំ​ឲ្យ​គេ​ចំណាំ​ថា​ ​យើង​មិន​បាន​ទៅ​បោះ​គឺ​ត្រូវ​យក​ទឹក​ថ្នាំ​សក់លាប​ដៃ។​ ​នេះ​មិន​អាច​បំភាន់​បញ្ជី​ឆ្នោត​បាន​ទេ។ ​អ្នក​ទៅ​បោះ​ឆ្នោត​បាន​គេ​ខ្វែង​ឈ្មោះ»។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ​នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ​ដោយ​មិន​មាន​គណ​បក្ស​សង្គ្រោះជាតិ​ ​បន្ទាប់​ពីគណ​បក្ស​នេះ​ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដោយ​ចោទ​ថា​ ​បាន​ឃុបឃិត​ជា​មួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែលដឹក​នាំដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន។​

ក្រោយ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នេះ​ ​មន្ត្រី​គណបក្ស​ជំទាស់​សំខាន់ៗ​បាន​ភៀសខ្លួន​ទៅ​ក្រៅ​ប្រទេស​ ​និង​បង្កើត​ចលនាដើម្បី​ទាក់​ទាញ​កុំឱ្យ​មាន​ការ​ចូលរួម​បោះឆ្នោត​ ​នៅ​ថ្ងៃ​ទី​២៩​ ​ខែ​កក្កដា​ ​ខាង​មុខ​ ​ដោយ​មាន​ពាក្ស​ស្លោក​«ដេក​ផ្ទះ​ ​ឈ្នះដាច់»​ ​ដោយ​យល់​ឃើញ​ថា​ ​ការ​បោះឆ្នោត​ខាង​មុខ​មិន​មាន​ភាព​សេរី​ និង​យុត្តិធម៌។​

​យ៉ាង​ណា​ក៏​ដោយ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​មិន​បាន​បញ្ជាក់​ថា​ ​តើ​ការយក​ថ្នាំ​លាប​សក់​លើ​ម្រាម​ដៃនឹង​ត្រូវ​ចោទ​ប្រកាន់​ពីបទ​ល្មើស​ក្នុង​មាត្រា​ណា​មួយនៃ​ក្រម​ព្រហ្ម​ទណ្ឌ​នោះ​ទេ។​

VOA​ ​មិន​អាច​ទាក់ទងលោក​ ​គឹម សន្តិភាព​ ​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ ​ដើម្បី​សុំ​ការ​អធិប្បាយ​លើ​ទិដ្ឋភាព​ផ្លូវ​ច្បាប់បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ទោះ​យ៉ាង​ណា​ ​លោក​ ​គឹម សន្ដិភាពបាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ពុធ​ថា​ ​ការ​ថ្នាំ​ទឹក​ខ្មៅ​ផ្សេង​ជ្រ​លក់​ម្រាម​ដៃ​ប្រើ​ដើម្បី​បន្លំ​ថា​ ​ខ្លួន​បាន​ទៅ​បោះ​ឆ្នោត​គឺ​ជា​អំពើ​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ។​ ​លោក​បន្ថែម​ថា​ ​ម្រាម​ដៃ​ខ្មៅ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​គឺ​ជា​ការ​កំណត់​សំគាល់​អត្ត​សញ្ញាណ​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត​ ​ដែល​លោក​ថា ​មាន​តែ​ ​គ.ជ.ប.​ប៉ុណ្ណោះ​មាន​សមត្ថកិច្ច​ក្នុង​ការ​ចាត់​ចែង​ជ្រ​លក់​ម្រាម​ដៃ​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត។​

លោកគឹម សន្ដិភាពសរសេរ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ការ​បន្លំ​ថា​ ខ្លួន​បាន​ទៅ​បោះ​ឆ្នោត​ ​ដោយ​ជ្រ​លក់​ទឹក​ខ្មៅ​ផ្សេង​នោះ​គឺ​ជា​ចេតនា​ទុច្ចរិត​ដើម្បី​បង្ក​ការ​ភ័ន្ត​ច្រលំ​ទៅ​លើ​ចំនួន​ពិត​ប្រាកដ​អ្នក​ដែល​បាន​បោះ​ឆ្នោត​ ​ដែល​នាំ​អោយ​ចំនួន​អ្នក​បោះ​ឆ្នោត​ច្រើន​ជាង​ចំនួន​សន្លឹក​ឆ្នោត​ដែល​បាន​បោះ​ពិត​ប្រាកដ។ ​ទង្វើ​នេះ​នឹង​បង្កើតនូវ​ការ​យល់​ច្រឡំ​ថា​ ការ​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី​ ​ដែល​នឹង​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​សង្គម​មួយ​កើត​ឡើង​បាន!​ ​អំពើ​ខាង​លើ​នេះ​ជា​អំពើ​ល្មើស​ច្បាប់​ ​ប្រឈម​នឹង​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​តាម​ច្បាប់​ព្រហ្ម​ទណ្ឌ»។​

រូបឯកសារ៖ លោក គឹម សន្តិភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មានថា​៖​«ក្រសួង​យុត្តិធម៌​មិន​ពាក់​ព័ន្ធ​នឹង​ករណី​លោក​កឹម សុខា​ទេ»​នៅ​វិមាន​រដ្ឋសភា​កម្ពុជា​ នៅ​ថ្ងៃព្រហស្បតិ៍ ទី​០៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក គឹម សន្តិភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មានថា​៖​«ក្រសួង​យុត្តិធម៌​មិន​ពាក់​ព័ន្ធ​នឹង​ករណី​លោក​កឹម សុខា​ទេ»​នៅ​វិមាន​រដ្ឋសភា​កម្ពុជា​ នៅ​ថ្ងៃព្រហស្បតិ៍ ទី​០៩ ​ខែ​មិថុនា ​ឆ្នាំ​២០១៦។​ (ឡេង ឡែន/VOA)

យ៉ាង​ណាក្តី​ ​លោក​ ​គឹម សន្តិភាព​ ក៏​មិន​បាន​បញ្ជាក់​ពីបទ​ល្មើស​ជាក់​លាក់​ណា​មួយដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នោះ​ដែរ។​

លោក​ ​សុក សំអឿន​ ​មេធាវី​ជើង​ចាស់​មួយ​រូប​ដែល​តែង​ការពារ​ក្តីពាក់​ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​ ​ប្រាប់​ ​VOA​ ថា​ ​ការយក​ទឹក​ខ្មៅ​ផ្សេង​ទៀត​ជ្រ​លក់​ដៃ​របស់​ពលរដ្ឋ​ដែល​មិន​ទៅ​បោះ​ឆ្នោត​ ​មិន​មាន​ចែង​ក្នុង​ច្បាប់​ថា​ ជាបទ​ល្មើស​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖​

«គាត់​ថា​ ខុសៗ​ តែ​អត់​ដឹង​មាត្រា​ណា។​ ​ព្រោះ​កន្លង​មកវា​មាន​តែ​ក្លែង​ឯកសារ​សាធារណៈ។ ​ ​ហើយ​ជ្រ​លក់​ដៃ​ម៉េច​ហៅ​ក្លែង​កើត?​ ​ហើយ​ធ្វើ​ម៉េច​ដឹង​ថា​ អ្នក​ហ្នឹង​ក្លែង​ទៅ?​ ​ទាល់តែ​បោះ​ឆ្នោត​ហើយ​ហៅ​ប្រជា​ពលរដ្ឋ​មក​ប្រជុំឆែក​មើល​អ្នក​ណា​បោះ ​អ្នក​ណា​ជ្រ​លក់​អីចឹង? ​ច្បាប់​អត់​មាន​ចែង​ច្បាស់ ​ម៉េច​មាន​ទោស​កើត?»​

បើ​តាម​មាត្រា​៣​នៃ​ក្រម​ព្រហ្មទណ្ឌ​ដែល​ចែងពី​គោល​ការណ៍​នីត្យានុកូល​ភាព​ ​ ​មាន​តែ​អំពើ​ដែល​បង្កើត​ជា​បទ​ល្មើស​នៅ​ពេល​ដែល​អំពើ​នោះ​មាន​ចែង​ក្នុង​បទប្ប​ញ្ញត្តិ​ព្រហ្មទណ្ឌ​ជាធរមាន​ប៉ុណ្ណោះ​ ​ទើប​ត្រូវ​ផ្តន្ទា​ទោស​ព្រហ្មទណ្ឌ​បាន។​

ចំណែក​មាត្រា​៥​នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ពី​ការ​បក​ស្រាយ​ច្បាប់​ព្រហ្មទណ្ឌចែង​ថា​ ​ក្នុង​រឿង​ព្រហ្ម​ទណ្ឌ ​ច្បាប់​ត្រូវ​បក​ស្រាយ​យ៉ាង​តឹងរ៉ឹង។​ ​ចៅក្រម​មិន​អាច​ពង្រីក​វិសាល​ភាព​អនុវត្ត​ ​ឬ​ប្រព្រឹត្ត​តាម​សទិសភាព​ ​[ភាព​ដូច ​ឬ​ស្រដៀង​គ្នា]​ បាន​ឡើយ។

លោក​ ​កន សាវាង្ស​ ​មន្រ្តី​សម្រប​សម្រួល​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ហៅ​កាត់​ថា​ខុមហ្វ្រែល​ លើក​ឡើង​ថា​ ​លោក​មិន​ធ្លាប់​បាន​ជួប​ករណី​នៃ​ការ​យក​ទឹក​ថ្នាំ​ខ្មៅ​ណា​មួយ​មក​លាប​ម្រាម​ដៃ​ ​ហើយ​ត្រូវ​មាន​ទោស​នោះ​ទេ។​ ​ទោះ​យ៉ាង​ណា​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​និង​ការ​អត្ថាធិប្បាយ​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​

«ឧបមា​ថា​ ប្រជា​ពលរដ្ឋ​ម្នាក់​ ​គាត់​នៅ​ក្រៅ​ប្រទេស​ ​ហើយ​លោក​អត់​បាន​បោះ​ឆ្នោត។​ ​អីចឹង​ទៅ​ ​លោក​អត់​មាន​ទឹក​ខ្មៅ​អីទេ​ ​ឬ​មួយ​ក៏​អ្នក​ដែល​មក​ចង់​ជ្រ​លក់​ ​ដើម្បី​ទៅ​កន្លែង​ធ្វើ​ការ​វិញ​ ​ស្រាប់តែ​ទៅ​ចោទ​គាត់​ថា​ អ្នក​ឯង​ជ្រ​លក់​អី​ក្លែង​ក្លាយ​ ​អ្នក​ឯង​ត្រូវ​មាន​ទោស​ព្រហ្មទណ្ឌ។​ ​អីចឹង​វា​យ៉ាង​ម៉េច?​ ​វា​ខុស​យ៉ាង​ម៉េច?​ ​អីចឹង​ខ្ញុំ​ចង់​ជម្រាប​វិញ​ថា​ ​ទោស​ព្រហ្មទណ្ឌ​ហ្នឹង​ទោស​នៅ​ត្រង់​ណា?​ ​គាត់​ទៅ​បោក​អ្នក​ណា​គេ?​ ​ហើយ​នរណា​ជា​អ្នក​រង​ទុក្ខ​ដោយ​សារ​គាត់​ជ្រ​លក់​ក្លែង​ក្លាយ​ហ្នឹង?​ ​អាហ្នឹង​ជា​ចំណុច​ដែល​យើង​ត្រូវ​សិក្សា​លម្អិត​ ​ហើយ​ត្រូវ​បង្ហាញ។​ ​ខ្ញុំ​ជឿ​ថា​ អត់​មាន​នរណា​ទៅ​រង​ទុក្ខ​ទេ​ ​ចង់​បោះ​ឲ្យ​អ្នក​ណា​ វា​ជា​សិទ្ធិ​របស់​គាត់​ទេតើ។​ ​ចុង​ក្រោយ​វា​នៅ​តែ​សិទ្ធិ​ដដែល។​ វា​មិន​មែន​ជា​កាតព្វកិច្ច​ទេ»។

យ៉ាង​ណា​ក៏​ដោយ​ ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)បាន​ត្រៀម​ថវិកា​ជាតិ​ប្រមាណ​ជា​៥៣​លាន​ដុល្លារ​សម្រាប់​ចំណាយ​លើការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នៅ​ឆ្នាំ​នេះ ​ស្រប​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ប្រកាស​ដដែលៗ​ជា​ច្រើន​ដង​ថា​ ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ​បើ​ទោះ​បី​មិន​មាន​អ្នក​សង្កេត​ការណ៍​ ​មិន​មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម ឬ​មិន​មាន​ការ​ទទួល​ស្គាល់​ពី​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕

XS
SM
MD
LG