លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) នៅថ្ងៃអង្គារនេះ អំពាវនាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត បើទោះបីជាមិនមានគណបក្សសង្គ្រោះជាតិក៏ដោយ។
លោក ស៊ិក ប៊ុនហុក ថ្លែងបែបនេះក្រោយបញ្ចប់កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨។ លោកលើកឡើងថា ប្រជាពលរដ្ឋនឹងស្តាយក្រោយប្រសិនបើពួកគេបោះបង់សិទ្ធិដែលពួកគេមាន ក្នុងការជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។
ប្រធានគ.ជ.ប.ដែលមកពីគណបក្សកាន់អំណាច លោក ស៊ិក ប៊ុនហុក ថ្លែងទៅកាន់អ្នកសារព័ត៌មានយ៉ាងដូច្នេះ៖
«ការបោះឆ្នោតឃុំ គឺអាហ្នឹងគេបានស្តែងមកជាមតិរបស់គេក្នុងការជ្រើសរើសថ្នាក់ដឹកនាំ ដល់ឥឡូវនេះថ្នាក់ដឹកនាំថ្នាក់ជាតិហ្នឹង គេមិនគួរឲ្យឱកាសបោះបង់ចោលទេ ស្រឡាញ់គណបក្សណាបោះឲ្យគណបក្សហ្នឹងទៅ គឺមិនគួរបោះបង់ឱកាសដែលសម្រាប់នឹងការរើសថ្នាក់ដឹកនាំរបស់ប្រទេសជាតិយើងទេ»។
បើតាមទិន្នន័យរបស់ គ.ជ.ប ចំនួនអ្នកចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតឆ្នាំ២០១៨ មានសរុបជិត៨,៤លាននាក់។ កាលពីការបោះឆ្នោតឃុំ-សង្កាត់ខែមិថុនា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៣,៥លាននាក់ ក្នុងចំណោមអ្នកបោះឆ្នោតជាង៦,៧លាននាក់ គឺស្មើនឹងប្រមាណជា៥២ភាគរយ។ ចំណែកគណបក្សសង្រ្គោះជាតិទទួលបានសំឡេងគាំទ្រជិត៤៤ភាគរយ។
សម្រាប់ការបោះឆ្នោតថ្នាក់ជាតិថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ នឹងប្រព្រឹត្តទៅដោយមិនមានវត្តមានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានតុលាការកំពូលសម្រេចរំលាយតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃកាលពីពាក់កណ្តាលខែវិច្ឆិកាឆ្នាំទៅមិញ ដោយចោទថា បានឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន៕