លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើសុំឲ្យរដ្ឋាភិបាលប្រទេសឥណ្ឌា និងជប៉ុន បញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជា ដើម្បីឃ្លាំមើលការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅចុងខែកក្កដាខាងមុខ។
បើតាមសារបង្ហោះលើទំព័រ Facebookនៅព្រឹកថ្ងៃច័ន្ទនេះ លោក ហ៊ុន សែន បានបញ្ជាក់នៅក្នុងជំនួបនៅវិមានសន្តិភាព ជាមួយលោក កាហ៊្សូយូគី ណាកាណេ (Kazuyuki NAKANE) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុនថា លោកបានស្នើសុំឲ្យភាគីជប៉ុនបន្តជួយនិងគាំទ្រដល់ការបោះឆ្នោតសាកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។
សារក្នុងទំព័រ Facebookលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានអត្ថន័យដើមថា៖
«សម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យភាគីជប៉ុន បន្តជួយនិងគាំទ្រដល់ការបោះឆ្នោតសកលនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ និងបានស្នើសុំឲ្យបញ្ជូនអ្នកសង្កេតការជប៉ុនមកចូលរួមសង្កេតការនៅក្នុងថ្ងៃបោះឆ្នោត ដើម្បីឃ្លាំមើលការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលជាដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
ចំណែកក្នុងវេទិកាធុរកិច្ចឥណ្ឌា-កម្ពុជា នៅប្រទេសឥណ្ឌា កាលពីថ្ងៃទី២៧ ខែមករា លោក ហ៊ុន សែន ក៏បានស្នើឲ្យភាគីឥណ្ឌាបញ្ជូនអ្នកសង្កេតការណ៍មកចូលរួមពិនិត្យតាមដានការបោះឆ្នោតនៅកម្ពុជា ដោយលើកឡើងថា ឥណ្ឌាជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ ដែលអាចវាយតម្លៃការបោះឆ្នោតនៅកម្ពុជាអំពីភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោក កន សាវាង្ស មន្ត្រីសម្របសម្រួលផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ថាខុមហ្វ្រែល (Comfrel) លើកឡើងថា ការចូលរួមសង្កេតការណ៍បោះឆ្នោតពីអន្តរជាតិ នឹងធ្វើឲ្យដំណើរការនៃការបោះឆ្នោតកាន់តែមានភាពប្រសើរឡើង។ ប៉ុន្តែលោកថា អ្នកសង្កេតការណ៍អន្តរជាតិទាំងនោះ ចាំបាច់គឺជាអ្នកសង្កេតការណ៍ដែលមកពីស្ថាប័នឯករាជ្យ។
លោក កន សាវាង្ស មានប្រសាសន៍ថា៖
«ស្ថាប័នអន្តរជាតិចូលរួមច្រើនហ្នឹងវាការល្អប្រសើរមួយ ក៏ប៉ុន្តែចេញពីស្ថាប័នដែលមានលទ្ធិប្រជាធិបតេយ្យ អានេះជាការមួយល្អ។ បើសិនជាស្ថាប័នមួយដែលមិនមែនប្រកាន់លទ្ធិប្រជាធិបតេយ្យ ហើយធ្វើការវាយតម្លៃដំណើរការបោះឆ្នោត ក៏មិនអាចថាមានទម្ងន់នៅក្នុងការវាយតម្លៃហ្នឹងល្អប្រសើរដែរ»។
ប្រទេសធំៗដែលកាន់លទ្ធិប្រជាធិបតេយ្យមួយចំនួន ដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុបជាដើម បានបង្ហាញក្តីបារម្ភអំពីការបោះឆ្នោតសាកលនៅពេលខាងមុខ ដោយសារមិនមានវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំមុន ដោយតុលាការកំពូល។ ពួកគេក៏បានព្រមានថា ការបោះឆ្នោតនឹងមិនអាចត្រូវបានទទួលស្គាល់នោះទេ បើមិនមានគណបក្សប្រឆាំង ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋជាង៣លាននាក់។
ទោះជាយ៉ាងណាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងប្រកាសថា លោកមិនខ្វល់ចំពោះការលើកឡើងរបស់ប្រទេសទាំងនោះ ហើយថា កម្ពុជានៅតែរៀបចំការបោះឆ្នោតតាមកាលកំណត់ និងមិនត្រូវការការទទួលស្គាល់ពីអន្តរជាតិណាក៏ដោយ៕