ក្រុមពលរដ្ឋខ្មែរអាមេរិកាំងដែលឈឺឆ្អាលរឿងនយោបាយក្នុងប្រទេសកម្ពុជា កំពុងព្យាយាមស្វះស្វែងរកការគាំទ្រពីសភាសហរដ្ឋអាមេរិក និងមជ្ឈដ្ឋាននានា ដើម្បីចូលរួមដោះស្រាយបញ្ហានយោបាយដ៏តានតឹងក្នុងប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានមួយរបស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង ដែល VOA ទទួលបាននៅថ្ងៃសុក្រនេះ បានឲ្យដឹងថា អង្គការដែលដឹកនាំដោយពលរដ្ឋអាមេរិកាំង ដើម កំណើតខ្មែរនេះ នឹងរៀបចំវេទិកាសាធារណៈមួយ ដែលអង្គការនេះ ហៅថា «វេទិកានីតិប្បញ្ញតិ្ត» ដោយមានការចូលរួមពីតំណាងរាស្ត្រសហរដ្ឋអាមេរិក និងមន្ត្រីអង្គការសង្គមស៊ីវិលសំខាន់ៗមួយចំនួនទៀត។
ការរៀបចំវេទិកាជាមួយអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកនេះ ធ្វើឡើង ខណៈដែលភាពស្របច្បាប់នៃការបោះឆ្នោតជាតិខាងមុខក្នុងប្រទេសកម្ពុជា កំពុងក្លាយជាចំណោទបញ្ហា ក្រោយពីការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជា ទៅលើសំឡេងប្រឆាំង រួមទាំងការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់មេដឹកនាំបក្សប្រឆាំងនេះ ដាក់ពន្ធនាគារ ព្រមទាំងការធ្វើទុក្ខបុកម្នេញទៅលើសង្គមស៊ីវិលនិងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម។
វេទិការបស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងនេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២១ខែមករាឆ្នាំ២០១៨នេះ ចាប់ពីម៉ោង ១ដល់ម៉ោង៥ល្ងាច នៅវិទ្យាល័យ Cabrillo High School ក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលជារដ្ឋមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើនជាងគេ បើប្រៀបធៀបនឹងចំនួនពលរដ្ឋខ្មែរអាមេរិកាំង ដែលរស់នៅក្នុងរដ្ឋផ្សេងៗទៀតរបស់សហរដ្ឋអាមេរិកនេះ។
វេទិកានេះ គ្រោងនឹងមានការចូលរួមពីអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិក លោក Alan Lowenthal ដែលជាសហប្រធាននៃក្រុមការងារសភាទទួលបន្ទុកកិច្ចការកម្ពុជា (Cambodia caucus) និងលោក Brad Adams នាយកប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch ដែលទើបនឹងចេញរបាយការណ៍ថ្មីមួយ រិះគន់ខ្លាំងៗទៅរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែល ត្រូវបានព្រះរាជអាជ្ញាកម្ពុជា ចោទប្រកាន់ជាផ្លូវការពីបទរំលោភទំនុកចិត្តក្នុងរឿងចាត់ចែងថវិកាបុណ្យសពលោកបណ្ឌិត កែម ឡី នោះ ក៏គ្រោងនឹងនិមន្តចូលរួមក្នុងវេទិការបស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងនេះដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការដដែលនេះ៕