ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​លោក កឹម សុខា៖ តុលាការ​កំពុង​រំលោភ​សិទ្ធិ​ជន​ត្រូវ​ចោទ​ដោយ​បដិសេធ​សំណើ​សុំ​សួរ​សុខ​ទុក្ខ​លោក​កឹម សុខា​


រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)
រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក​​ ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា​ លោក ម៉ៅ មុនីវណ្ណ អតីត​​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ព្រម​ទាំង​អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​និង​សហការី​ជាង​១០​រូប​ផ្សេង​ទៀត បាន​ផ្ញើ​លិខិត​សុំ​ការអនុញ្ញាត​ចូល​ជួប​សួរ​សុខ​ទុក្ខ​លោក​ កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា នេះ។

ចៅក្រម​ស៊ើបសួរ​តុលាការ​រាជធានីភ្នំពេញ​បដិសេធមិន​ឲ្យ​អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងចូល​សួរសុខទុក្ខ​លោក កឹម សុខា​ ក្នុង​ពន្ធនាគារ​ដោយ​សំអាង​ថា ចៅក្រមកំពុង​ស៊ើប​និង​ប្រមូល​ភស្តុតាង។ មេធាវី​និងសហការី​របស់​លោក កឹម សុខា លើក​ឡើង​ថា ការ​បដិសេធ​របស់​តុលាការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស។

បើ​តាម​លិខិត​មួយ​ច្បាប់​ចេញនៅ​ថ្ងៃ​ទី​១៧ ខែ​មករា​ឲ្យ​ដឹង​ថា​ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អតីត​តំណាងរាស្ដ្រ​និង​មន្ត្រី​គណ​បក្ស​សង្គ្រោះ​ជាតិជាង​១០រូប​ ចូល​សួរ​សុខ​ទុក្ខ​លោក​ កឹម សុខា នោះ​ទេ។ លិខិត​របស់​ចៅ​ក្រម​រូប​នេះ​គឺ​ឆ្លើយ​តប​នឹង​សំណើ​របស់លោក ម៉ៅ មុនីវណ្ណ អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំងនិង​សហការី​មួយ​ចំនួន​ទៀត​ដែល​ស្នើចូល​សួរ​សុខទុក្ខ​ប្រធាន​របស់​ខ្លួន​ដែល​កំពុងជាប់​ឃុំឃាំង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង។​

លោក​ គី ឫទ្ធី បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​បដិសេធ​ក្នុង​ន័យ​ដើម​ថា៖

«ដោយ​សារ​សំណុំ​រឿង​កំពុង​ស្ថិត​ក្នុង​ចំណាត់​ការ​ស៊ើបសួរ​និង​ស្រាវ​ជ្រាវ​ប្រមូល​ភស្ដុតាង​នានា ហេតុ​នេះ​ការ​ចូល​ជួប​ឬ​សួរ​សុខ​ទុក្ខឲ្យ​បាន​តែ​មេធាវី​និង​ក្រុម​គ្រួសារ​ជន​ត្រូវ​ចោទ​ដែល​មិន​ទាក់ទិន​នៅ​ក្នុង​រឿង​តែ​ប៉ុណ្ណោះ។ សម្រាប់​អ្នក​ដទៃ​ផ្សេង​ទៀត ការ​ចូល​ជួប​សួរ​សុខ​ទុក្ខ​អាច​អនុញ្ញាត​ឲ្យ​បាន​ ក្រោយ​ពី​ចៅក្រម​បាន​បំពេញ​កិច្ច​ចាំបាច់​មួយ​ចំនួន​រួច​រាល់​សិន»។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា​កន្លង​ទៅ​លោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មណ្ឌល​ខេត្ត​ត្បូង​ឃ្មុំ ព្រម​ទាំង​អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​និង​សហការី​ជាង​១០​រូប​ផ្សេង​ទៀត បាន​ផ្ញើ​លិខិត​ស្នើ​ទៅ​លោក គី ឫទ្ធី សុំ​ការអនុញ្ញាត​ចូល​ជួប​សួរ​សុខ​ទុក្ខ​លោក​ កឹម សុខា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មករា នេះ។

ការ​ស្នើរបស់​ក្រុម​អតីត​តំណាងរាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូល​សួរ​សុខ​ទុក្ខលោក កឹម សុខា​ អតីត​ប្រធាន​គណបក្ស​នេះ​ធ្វើ​ឡើងខណៈស្ថានភាពក្រុម​គណបក្ស​ប្រឆាំងហាក់​មាន​ភាព​រកាំរកូស​ ក្រោយ​ពេល​លោក​ សម រង្ស៊ី​និង​អតីត​តំណាងរាស្ត្រ​របស់​បក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស សម្រេច​បង្កើត​«ចលនា​សង្រ្គោះ​ជាតិ»។

​លោក ម៉ៅ មុនីវណ្ណ ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ លោក​និង​ក្រុម​អតីត​តំណាងរាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិផ្សេង​ទៀត បាន​ស្នើ​សុំ​ចូល​សួរ​សុខ​ទុក្ខ​លោក​ កឹម សុខា​ធម្មតា​ក្នុង​នាម​ជា​សហ​ការី។ លោក​បន្ថែម​ថា ការ​បដិសេធ​របស់​តុលាការ​គឺ​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​លោក​ដែល​ជា​ប្រជា​ពលរដ្ឋ​កម្ពុជា។

អតីត​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិ​រូប​នេះ​បញ្ជាក់​ថា៖​

«ខ្ញុំ​យល់​ឃើញ​ថា អាហ្នឹង​ជាការ​បិទ​សិទ្ធិ​សេរី​ភាព​របស់​ខ្ញុំ​ក្នុង​នាម​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​មួយ​រូប ខ្ញុំ​សុំ​ជួប​សួរ​សុខ​ទុក្ខ​ជនជាប់​ចោទ​ដែល​តុលាការ​មិន​ទាន់​ទាំង​កាត់ក្តី​ផង ​យើង​គួរ​តែ​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​សួរ​សុខ​ទុក្ខ»។​

​នេះ​មិន​មែន​ជា​លើកទី១​ទេ​ដែល​សំណើ​សុំ​ចូល​ជួប​និង​សួរសុខទុក្ខ​លោក​ កឹម សុខា​ត្រូវ​បាន​តុលាការ​ទាត់​ចោល។ ចាប់​តាំង​ពី​លោក​ កឹម សុខា​ ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ខែ​កញ្ញា​មក​លោកមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំ​ខ្លួន​ចេញ​ពី​ពន្ធនាគារ ​រួមទាំង​ការ​នាំ​ខ្លួនមក​កាន់​តុលាការ​ដើម្បី​សាកសួរ។

​លោក សំ សុគង់ មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ជាច្រើន​រូប​ទៀត​ដែលការពារ​ក្តី​ឲ្យ​លោក កឹម សុខា លើក​ឡើង​ថា កន្លង​មក​តុលាការ​បាន​បដិសេធ​មិន​ឲ្យ​អតីតតំណាងរាស្រ្ត​និង​មន្រ្តី​គណ​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ចូល​សួរ​សុខ​ទុក្ខ​លោក ​កឹម សុខា ជាច្រើន​ដង ដោយ​មូលហេតុ​ថា តុលាការមិន​ទាន់​បាន​សាកសួរ​ជន​ត្រូវ​ចោទ​នៅ​ឡើយ។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ​ចៅក្រមស៊ើប​បាន​សួរ​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ចំនួន​បី​ដង​រួច​មក​ហើយ ប៉ុន្តែតុលាការ​នៅ​តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ​ដដែល។ លោក​ថា ការ​បដិសេធ​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កូនក្តី​លោក។

លោក​មេធាវី សំ សុគង់​ បញ្ជាក់​ថា៖​

«សិទ្ធិ​ជន​ត្រូវ​ចោទ​ហ្នឹង​ត្រូវ​បានអនុញ្ញាត​ឲ្យ​សាច់​ញាតិ​ឬ​ក៏ក្រុម​គ្រួសារ​ឬក៏​មិត្តភក្តិ​ក៏​ដូចជា​មេធាវី​មាន​សិទ្ធិចូល​សួរ​សុខទុក្ខ​ទៅ​តាម​ពេល​វេលា​កំណត់​នៃ​ច្បាប់​ដូច​មិន​មាន​ការ​ហាម​ឃាត់​ទេ។ ហើយ​បើសិនជា​ការ​ស្នើ​សុំ​សួរ​សុខទុក្ខក្នុង​ពន្ធនាគារ​ជួប​ជា​មួយ​ឯកឧត្តម កឹម សុខា​ ហ្នឹង! ហើយ​ត្រូវ​បាន​បដិសេធ​ដោយ​តុលាការ គឺ​ជា​ការ​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​ជន​ត្រូវ​ចោទ​ដែលធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​ក៏​ដូចជា​កតិកាសញ្ញា​ស្តី​ពី​សិទ្ធិពលរដ្ឋ​និង​សិទ្ធិ​នយោបាយ»។

បើ​តាម​លោក​ សំ សុគង់​ ក្រោយ​ការ​ឃុំ​ខ្លួន​លោក​ កឹម សុខា ​អស់​រយៈពេល​ជាង​៤​ខែ​រហូត​មក​ដល់​ពេល​នេះ​តុលាការ​មិន​ទាន់​បញ្ជាក់​ពី​ពេល​វេលា​នៃ​ការ​ជំនុំ​ជម្រះ​នៅ​ឡើយ។​

លោក អ៊ី រិន្ទ​ អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​និងមេធាវី​របស់​លោក កឹម សុខា ដោយ​លោកគ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា​ ឲ្យ​ទៅ​មើល​ខ្លឹមសារ​នៃ​លិខិត​បដិសេធ​របស់​លោក​ចៅក្រម​ស៊ើប​ គី ឫទ្ធី។​

លោក​ កឹម សុខា អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បានសមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ពី​ក្នុង​ផ្ទះ​របស់​លោក​ទាំង​យប់​រំលង​អធ្រាត្រ​ កាលពី​ដើម​ខែ​កញ្ញាកន្លង​ទៅ។ តុលាការ​ចោទ​ប្រកាន់​លោកពីបទ​ព្យាយាម​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​មានសហរដ្ឋ​អាមេរិក នៅ​ពី​ក្រោយ។​ លោក​ កឹម សុខា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​និយាយ​ថា ការ​ចោទ​នេះ​មាន​គំនិត​នយោបាយ។

ក្រោយ​ការ​ចាប់ខ្លួន​លោក​ កឹម សុខា គណបក្ស​សង្គ្រោះជាតិ​ក៏​ត្រូវ​បាន​រំលាយ​ក្រោម​បទ​ចោទ​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​ អង្គការ​សង្គម​ស៊ីវិល ស្ថាប័ន​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​បាន​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់​ជុំវិញ​ការ​ចាប់​ខ្លួន​អតីត​មេ​បក្ស​ប្រឆាំង​និង​ការ​រំលាយ​គណបក្ស​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស។ ពួកគេ​បាន​បង្ហាញ​ពី​ការ​បារម្ភពីដំណើរលទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ថា​ការណ៍​នេះនឹង​ជះ​ឥទ្ធិ​ពល​ដល់​ដំណើរ​ការ​បោះឆ្នោតនា​ពេល​ខាង​មុខ៕

XS
SM
MD
LG