ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​កាន់​អំណាច​បើក​មហា​សន្និបាត​បក្ស​ក្រោយ​ការ​បង្រ្កាប​យ៉ាង​ធ្ងន់ធ្ងរ​​លើ​ដៃគូ​ប្រជែង​នៅ​មុន​ការ​បោះឆ្នោត​ខែ​កក្កដា


នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​​​ចូលរួមមហា​សន្និបាត​បក្ស​​ដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​​​ចូលរួមមហា​សន្និបាត​បក្ស​​ដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ធ្វើ​ឡើង​ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​ចេញ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​ដែល​បាន​​និយាយ​ចំ​ឈ្មោះ​លោក ហ៊ុន សែន​ ថា​បាន​បង្កើន​ការ​គាប​សង្កត់​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​គូប្រជែង​ខាង​នយោ​បាយ​របស់​លោក​នៅ​មុនការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាង​មុខ។

គណបក្ស​គ្រប់គ្រង​ប្រទេសរបស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះបាន​ចាប់​ផ្តើម​មហាសន្និបាត​បក្ស​ដែល​មាន​រយៈពេល​បី​ថ្ងៃ​ដោយ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ស្ថាប័ន​ប៉ូលិស​និង​កងទ័ព​កម្ពុជា។ នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​និង​អ្នកនាំពាក្យ​នៃ​គណ​បក្ស​កាន់​អំណាច។

មហា​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​រៀបចំ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ​ នឹង​ត្រូវ​បញ្ចប់​ទៅ​នៅថ្ងៃ​អាទិត្យ​ ទី​១៩​ ខែ​មករា​ ឆ្នាំ​២០១៨ ខាង​មុខ។​ មេ​ដឹកនាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​ រួម​មាន​លោក​ ហ៊ុន សែន​និង​លោក​ ហេង​ សំរិន​ ប្រធាន​សភាជាតិ​ខ្មែរ​បាន​ចួល​រួម​នៅ​ក្នុង​មហា​សន្និបាត​បក្ស​នេះ​ជាមួយ​នឹង​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ផ្សេង​ទៀត​ជា​ច្រើន​រូប រួម​ទាំង​រដ្ឋ​មន្ត្រី​នៅ​តាម​ក្រសួង​និមួយៗ​ផងដែរ។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា លោក​បាន​ចូលរួម ​«មហា​សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា‍» នៅ​កោះពេជ្រ។

យ៉ាង​ណា​ក៏​ដោយ​ទំព័រ​ហ្វេសប៊ុករបស់​លោក​ ហ៊ុន សែន មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​លម្អិត​អំពី​របៀបវារៈ​នៃ​មហាសន្និបាត​នោះ​ទេ​ ដោយ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បាន​ឲ្យ​ដឹង​ថា​ គ្រប់​កិច្ចការ​ទាំង​ក្នុង​រដ្ឋាភិបាល​និង​ក្នុង​គណបក្ស​គឺ​លោក​នាយករដ្ឋមន្ត្រី​ តែង​តែ​ខិត​ខំរក​ដំណោះស្រាយ​ល្អៗ​ក្នុង​ការ​ជួយ​ដល់​កូន​ក្មួយ​កម្មករ​កម្មការិនី​ឲ្យមាន​ការ​ងារ​ធ្វើ​ជាមួយ​នឹង​អត្ថប្រយោជន៍​និង​ល័ក្ខខ័ណ្ឌ​ការងារ​ល្អៗ​ជា​ច្រើន​ដើម្បី​ជីវភាព​រស់​នៅ​របស់​កូន​ក្មួយ​កម្មករ​ទាំង​កំពុង​ធ្វើការ​នៅ​ក្រៅ​ប្រទេស​និង​ក្នុង​ប្រទេស​កាន់​តែមាន​ជីវភាព​ធូរធារ​ល្អ​ប្រសើរ។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​អង្គភាព​ព័ត៌មាន​ Freshnews ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ មហាសន្និបាត​បក្ស​នេះ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​និង​សមាជិក ​សមាជិកា​ជាង ​២.០០០​នាក់។​

សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ Freshnews ​ដដែល​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ឆ្នាំ​២០១៨​ ជា​ឆ្នាំ​ចុងក្រោយ​នៃ​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នីតិកាល​ទី​៥នៃ​រដ្ឋ​សភា​ ហើយ​ក៏​ជា​ឆ្នាំ​ដែល​នឹង​ត្រូវ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៦​ផង​ដែរ​ ដូច្នេះ​មហា​សន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រយៈពេល​៣ថ្ងៃ​នេះ​ របៀបវារៈ​ស្តី​ពី​ការ​រៀប​ចំ​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ ត្រូវ​បាន​គេ​មើល​ឃើញ​ជា​របៀប​វារៈ​ដ៏​សំខាន់​ដែល​នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា»។​

មហា​សន្និបាត​បក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ឈ្មោះ​ដើម​ថា ​«បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ» បាន​ធ្វើ​ឡើង​ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​ចេញ​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch (HRW) ដែលបាន​រិះគន់​លើ​ការ​បង្ក្រាបចុង​ក្រោយ​នានា​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​គណបក្ស​ប្រឆាំង​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​

យោង​តាម​របាយការណ៍​ពិភពលោក​ឆ្នាំ​២០១៨ ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដែល​មាន​កម្រាស់​៦៤៣​ទំព័រ​ បាន​លើក​ឡើង​អំពី​ប្រទេស​កម្ពុជា​ ដោយ​ផ្តោត​លើ​ការ​បង្ក្រាប​ខាង​នយោបាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ដែល​បាន​ធ្វើឲ្យ​រលត់​យ៉ាង​មានប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មិន​មាំ​ទាំ​របស់​ប្រទេស​ ដោយ​មិន​ខ្វល់​ពី​សិទ្ធិ​មូលដ្ឋាន​ផ្សេងៗ។​

របាយការណ៍​នោះ​បាន​បញ្ជាក់​ឲ្យដឹង​ថា រដ្ឋាភិបាលដែល​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ជាង​បី​ទសវត្សរ៍​មក​ បាន​ឃុំ​ខ្លួន​មេដឹកនាំ​គណ​បក្ស​ប្រឆាំង​ ក្រោម​បទ​ចោទ​ដែល​មិន​ប្រាកដ​ប្រជា​ រំលាយ​ចោល​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​របស់​ប្រទេស​និង​ហាមឃាត់​សមាជិក​គណបក្ស​ប្រឆាំង​ជាង​ ១០០នាក់​ មិន​ឲ្យធ្វើ​សកម្មភាព​នយោបាយ។ អាជ្ញាធរ​ក៏​បាន​បង្កើន​ការ​ប្រើប្រាស់​ខុស​នូវ​ប្រព័ន្ធ​ច្បាប់​ ដើម្បី​កាត់​ទោស​ក្រុមជំទាស់​ខាង​នយោបាយ​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ ហើយ​បាន​បង្ខំប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ជាច្រើនឲ្យបិទ​ទ្វារ។

រូបឯកសារ៖ កម្លាំងប៉ូលិសរក្សាសណ្តាប់ធ្នាប់​បិទផ្លូវមួយនៅក្បែរសាលាឧទ្ធរណ៍នៅទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ខណៈ សាលាឧទ្ធរណ៍​បើក​សវនាការ​សម្រេចករណី​លោក កឹម សុខា។
រូបឯកសារ៖ កម្លាំងប៉ូលិសរក្សាសណ្តាប់ធ្នាប់​បិទផ្លូវមួយនៅក្បែរសាលាឧទ្ធរណ៍នៅទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ខណៈ សាលាឧទ្ធរណ៍​បើក​សវនាការ​សម្រេចករណី​លោក កឹម សុខា។

របាយការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​ ហ៊ុន សែន ដែល​គ្រប់គ្រង​កិច្ចការ​សន្តិសុខ​និង​តុលាការ​ប្រទេសកម្ពុជា​ បាន​ពង្រីក​យុទ្ធនាការ​ចាប់​ខ្លួន​គេ​ឯង​តាម​តែ​អំពើ​ចិត្ត​របស់​លោក និង​ការ​កាត់​ទោស​មិន​ពេញ​លេញ​តាម​នីតិវិធី​ច្បាប់​ប្រឆាំង​នឹង​សកម្មជន​ និង​ក្រុម​ជំទាស់​ខាង​នយោបាយ។​ របាយ​ការណ៍​បាន​បន្ត​ទៀត​ថា​ រយៈ​ពេល​ពេញមួយឆ្នំា២០១៧នេះ អាជ្ញាធរ​បាន​គាបសង្កត់​ការ​តវ៉ា​និង​ដាក់​បម្រាម​លើ​ការ​ជួបជុំ​ និង​ការ​ហែរ​ក្បួន។​ ​អង្គការក្រៅ​រដ្ឋាភិបាល​ជាច្រើន​ត្រូវ​បាន​គំរាម​កំហែង​ជា​មួយ​នឹង​ការ​បិទទ្វារ​ ឬ​ត្រូវ​បាន​បិទ។ ហើយ​នៅ​ដំណាច់​ឆ្នាំ​២០១៧​ មាន​អ្នកទោស​នយោបាយ​ប្រមាណ​២០​នាក់​ ​បន្តជាប់​ក្នុង​ការ​ឃុំឃាំង។

របាយការណ៍​នោះ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«សកម្មភាព​របស់​លោក ហ៊ុន សែន​ប្រឆាំង​នឹង​ក្រុម​ប្រឆាំង​របស់​ប្រទេស​កម្ពុជា​ ហាក់​ដូច​ជា​ត្រូវ​បាន​ធ្វើ​ឡើងដោយ​ការ​ភ័យ​ខ្លាច​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចាញ់​ការ​បោះឆ្នោត​ជាតិ​ដែល​គ្រោង​នឹង​រៀប​ចំ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​ ២០១៨។​ គណបក្ស​ប្រឆាំង​បាន​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​តាម​ការបោះឆ្នោត​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ និង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​ ២០១៧»។​

លោក​ ប្រេដ​ អាដាមស៍​ (Brad Adams) ​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ត្រូវ​បាន​ដក​ស្រង់​សម្តី​ក្នុង​របាយការណ៍​ តាម​ន័យ​ដើម​ថា៖​

«​កេរ​ដំណែល​នៃ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ចុង​ក្រោយ​នៅ​កម្ពុជា​ បាន​រសាត់​បាត់​ទៅ​នៅ​ក្នុង​ឆ្នាំ​ ២០១៧​»។​

លោក​បាន​ថ្លែង​បន្ត​ថា៖​

«លោក​ ហ៊ុន សែន​ បាន​បុក​គ្រឹះ​ការពារ​អំណាច​របស់​លោក​តាម​របៀប​ផ្តាច់​ការ​រយៈពេល​៣៣ឆ្នាំ​ ដោយ​មិន​ខ្វល់​ពី​សិទ្ធិ​មូលដ្ឋាន​នានា​របស់​ប្រជា​ជន​កម្ពុជា»។

​ក៏ប៉ុន្តែ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​បន្ថែមទៀត​នៅ​ថ្ងៃ​សុក្រ​នេះថា​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​គឺជា«មេ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​ និង​ជា​ឪពុក​ដ៏​ល្អ​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​ឧត្តុង្គឧត្តម​ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុខ​ទុក្ខ​ពល​រដ្ឋ​និង​សុខ​ទុក្ខ​កូន​ក្មួយ​កម្មករ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស​កម្ពុជា»។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ថ្លែង​ថា របាយការណ៍​របស់​អង្គការ​ឃ្លំា​មើល​សិទ្ធិ​មនុស្ស​មិន​បាន​ស្តែង​ឲ្យ​ឃើញ​ពី​ទិដ្ឋភាព​ពិត​នៃ​ដំណើរការ​នយោបាយ​នៅ​កម្ពុជា​នោះ​ឡើយ​ ហើយ​ថា​ ការ​អធិប្បាយ​របស់​លោក​ ប្រេដ អាដាមស៍​ ជា​រឿង​ភូត​កុហក។​

«ខ្ញុំ​យល់​ថា​លោក​ ប្រេដ អាដាមស៍​ ហ្នឹង​ និយាយ​ខុស​ការពិត​ទាំង​ស្រុង។ ការណ៍​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​នោះ ដោយសារ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​ដូច​ជា​ក្រុម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រព្រឹត្ត​ល្មើស​ច្បាប់​ដោយ​ខ្លួន​ឯង​ហើយ​ដែល​មាន​ពិរុទ្ធ​ភាព​ ធ្វើ​ឲ្យ​តុលាការ​កំពូល​មាន​ហេតុផល​ ដើម្បី​វិនិច្ឆ័យ​កាត់​ទោស​រំលាយ​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ល្មើស​ច្បាប់​ហ្នឹង​ឯង​ មិន​មាន​អ្នក​ណា​បង្កើត​ទោស​ឲ្យ​គាត់​ទេ​ គឺ​គាត់​បង្កើត​ទោស​ដោយ​ខ្លួន​ឯង។​ បើ​សិន​ណា​គណបក្ស​សង្គ្រោះ​ជាតិ​ល្អ​ត្រឹម​ត្រូវ​ គ្មាន​ហេតុផល​ណា​ ដែល​ឲ្យ​តុលាការ​កំពូល​ រំលាយ​គាត់​បាន​ទេ​បាទ»។​

ទោះបី​ជា​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ទទួល​ការ​ទិតៀន​ជាច្រើន​ពី​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចំពោះ​ការ​វាយ​បង្ក្រាប​មិន​រួញរា​ដៃ​របស់​លោក​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អ្នកនាំពាក្យ​គណបក្ស​គ្រប់គ្រង​ប្រទេស​ អះអាង​ថា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នឹង​នៅ​បន្ត​ជា​បេក្ខភាព​សម្រាប់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ដដែល។​

លោក សុខ ឥសាន​ មាន​ប្រសាសន៍​ថា៖​

«មហាសន្និបាត​ តាំង​ពី​លើក​មុនៗ​មក​ម្ល៉េះ​ គឺ​ថា​ ​នៅ​តែ​គាំទ្រ​ បេក្ខភាព​សម្តេច​តេជា​ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី​ អាណត្តិ​ទី៦​ហ្នឹង​ ហើយ​និង​បន្ត​ទៅ​អាណតិ្ត​ក្រោយៗ​ទៀត​បាទ»។

អ្នក​នាំពាក្យ​រូប​នេះ​បាន​បញ្ជាក់​ឲ្យដឹង​ទៀត​ថា​ របៀបវារៈ​សំខាន់ៗ​សម្រាប់​មហា​សន្និបាតរយៈពេល​៣​ថ្ងៃ​ រួម​មាន​ ទីមួយ​ឆ្លង​របាយការណ៍​នយោបាយ​ ត្រួត​ពិនិត្យ​អំពី​សភាព​ការណ៍​ការ​ងារ​ក្នុង​រយៈពេល​កន្លង​ទៅ​ ទី​ពីរ​ដាក់​ទិសដៅ​ភារៈកិច្ច​នយោបាយ​ឆ្ពោះ​ទៅ​ពេល​ខាង​មុខ​ ដោយ​ផ្តោត​ជា​សំខាន់​លើ​ការ​យក​ជ័យ​ជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទីបួន​ ហើយ​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៦​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​

តែ​ទោះ​ជា​យ៉ាង​ណា​ក្តី​ ​លោក​ ​ប្រេដ អាដាមស៍​បាន​ថ្លែង​ក្នុង​របាយការណ៍​របស់​លោក​ ដោយ​បាន​លើក​ឡើង​ពី​តួនាទី​របស់​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ឆ្នាំ​១៩៩១​ក្នុង​ការ​ស្តារ​ឡើងវិញ​កិច្ច​សន្យា​សម្រាប់​ការ​អនុវត្ត​លទិ្ធ​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ធ្វើឡើង​កាលពី​ឆ្នាំ​ ១៩៩១។

ក្រៅ​ពី​ការ​បង្រ្កាប​ជា​បន្ត​បន្ទាប់​ទៅ​លើក្រុម​អ្នក​នយោបាយ​ប្រឆាំង​ រដ្ឋាភិបាល​កម្ពុជា​របស់​លោក​ ហ៊ុន សែន ក៏​បាន​ធ្វើ​យុទ្ធនាការ​បិទ​ការ​ផ្សាយ​បន្ត​ព័ត៌មានរបស់​សំឡេង​សហរដ្ឋ​អាមេរិក​ VOA ​និង​វិទ្យុ​អាស៊ីសេរី​ ដែល​បាន​បង្ខំចិត្ត​បិទ​ការិយាល័យ​របស់​ខ្លួន​ ដោយ​បាន​ផ្តល់​ហេតុផល​ថា​ រដ្ឋាភិបាល​មិន​មាន​ចេតនា​ ផ្តល់​សេរីភាព​ដល់​ខ្លួន​ក្នុង​ការ​ធ្វើ​ប្រតិបតិ្ត​ការងារ​របស់​ខ្លួន​ដោយ​គ្មាន​ការ​យាយី​ពី​អាជ្ញាធរ។

ជា​ការ​ឆ្លើយ​តបទៅ​នឹង​ការ​បង្ក្រាប​នេះ សហគមន៍​អន្តរជាតិ រួមមាន​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ បាន​ខ្នះ​ខ្នែង​ដាក់​ការ​គាបសង្កត់​ខាង​នយោបាយ សេដ្ឋកិច្ច និង​ការទូត​ដើម្បី​ជំរុញ​ឲ្យរដ្ឋាភិបាល​លោក​ ហ៊ុន សែន ​បក​ក្រោយ​មក​ស្តារ​ដំណើរការ​ប្រជាធិបតេយ្យ​ឡើង​វិញ។ រដ្ឋាភិបាល​ស៊ុយអែត​ ក៏​បាន​ប្រកាស​កាត់​ផ្តាច់​ជំនួយ​សម្រាប់​កំណែទម្រង់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​និង​មិនបង្កើត​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​អភិវឌ្ឍន៍​នានា​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​លើកលែង​តែ​វិស័យ​អប់រំ​និង​ការស្រាវជ្រាវ។​

ក៏ប៉ុន្តែ​លោក ហ៊ុន សែន​ ​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​មួយ​រូប​ ត្រូវ​គេ​សង្កេត​ឃើញ​ថា​ មិន​បាន​បង្ហាញ​សញ្ញា​បន្ទន់​ជំហរ​របស់​លោក​នោះ​ឡើយ​ ហើយ​លោក​ថែម​ទាំង​គំរាម​ចាត់​វិធាន​ការ​ការ​ទូត​ប្រឆាំង​សហរដ្ឋអាមេរិក និង​បាន​ស្នើសហរដ្ឋ​អាមេរិក​ឲ្យ​បញ្ឈប់​រាល់​ជំនួយ​មក​ពលរដ្ឋ​កម្ពុជា​ថែម​ទៀត​ផង។ លោក​ក៏​បាន​បបួល​បណ្ដា​រដ្ឋ​បរទេស​ឱ្យ​ដាក់​ទណ្ឌកម្ម​លើ​រាល់​មន្ត្រី​ខ្មែរ​ណា​ដែល​មាន​ប្រាក់​នៅ​ក្រៅ​ប្រទេស​និងបាន​លើក​ទឹកចិត្ត​ដល់​អតីត​មន្ត្រី​បក្ស​ជំទាស់​ឱ្យ​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត​ ​ដើម្បីចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ៕​

XS
SM
MD
LG