ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក កឹម សុខា មិន​គាំទ្រ​ចលនា​សង្រ្គោះជាតិ​ដែល​ទើប​បង្កើត​ថ្មី


រូបឯកសារ៖ អ្នកគាំទ្រលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឈរនៅខាងក្រៅតុលាការឧទ្ធរណ៍ ក្នុងអំឡុងពេលសវនាការស្នើសំុនៅក្រៅឃំុដល់លោក កឹម សុខា នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧។

មិន​ទាន់​មាន​សញ្ញា​នៃ​ដំណោះស្រាយ​នយោបាយ​ណា​មួយ​សម្រាប់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​កាល​ពីឆ្នាំ​មុន​នោះ​ទេ ខណៈ​នៅ​សល់​តែ​ជាង​៦​ខែ​ទៀត​ប៉ុណ្ណោះ ការ​បោះឆ្នោត​សាកល​នឹង​ចូល​មក​ដល់។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ លោក សម រង្ស៊ី និង​សហការី​របស់​លោក​មួយ​ចំនួន​ បាន​ប្រកាស​ចលនា​ថ្មី​មួយ ហៅ​ថា​«ចលនា​សង្រ្គោះ​ជាតិ»។ តែ​មេដឹកនាំ​ដែល​ជាដៃគូ​របស់​លោក គឺ​លោក កឹម សុខា បាន​ផ្តាំ​ផ្ញើ​ពី​ពន្ធនាគារ​មក​ថា លោក​មិន​គាំទ្រ​ចលនា​នេះ​ទេ។

ប្រធាន​គណបក្ស​សង្រ្គោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ លោក កឹម សុខា បាន​លើក​ឡើង​ថា លោក​មិន​ចូលរួម និង​គាំទ្រ​ចលនា​នយោបាយ​ថ្មី ដែល​បង្កើត​ឡើង​ដោយ​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្សនោះទេ។ នេះ​បើ​យោង​តាម​មេធាវី​របស់​លោក កឹម សុខា។

អតីត​មន្រ្តី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្រ្គោះជាតិ​ដែលជា​គណបក្ស​ត្រូវ​បាន​តុលា​ការ​កំពូល​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន មាន​ដូច​ជា​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង អ្នកស្រី​ មូរ សុខហួរ និង​មន្រ្តី​ទទួល​បន្ទុក​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ទៀត កាល​ពី​ពេល​ថ្មី​ៗ​នេះ បានប្រកាស​បង្កើត​ចលនា​សង្រ្គោះ​ជាតិ (Cambodia National Rescue Movement) ក្នុង​គោល​បំណង​ស្តារ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា។

ពួកគេ​លើក​ឡើង​ថា ចលនា​នេះ​នឹង​ធានា​ឲ្យ​មាន​ការ​ឯកភាព​នៃ​គ្រប់​អ្នក​ប្រជាធិបតេយ្យ​ទាំង​អស់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា និង​«អ្នក​ទោស​មនសិការ​ទាំង​អស់» ព្រមទាំង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ចលនា​នេះ​មិន​មាន​ការ​ចូលរួម​ពី​មន្រ្តី​ដែល​មាន​អតីត​ភាព​ជាមួយ​លោក កឹម សុខា នោះ​ទេ។

មេធាវី​របស់​លោក កឹម សុខា គឺ​លោក ផេង ហេង ដែល​បាន​សួរ​សុខ​ទុក្ខ​លោក កឹម សុខា កាល​ពី​ថ្ងៃ​សុក្រ បាន​ថ្លែង​ប្រាប់​⁣ V⁣OA ​នៅ​ថ្ងៃ​សៅរ៍​ថា លោក កឹម សុខា បាន​អះអាង​ថា លោក​មិន​ចូលរួម​ជាមួយ​ចលនា​ណា​មួយ ក្រៅ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។ លោក កឹម សុខា បាន​ថ្លែង​បែប​នេះ ខណៈ​ជួប​ជាមួយ​មេធាវី​របស់​លោក ដើម្បី​ពិគ្រោះ​យោបល់​និង​ជូន​ព័ត៌មាន​អំពី​ដំណើរ​ការ​រឿង​ក្តី​របស់​លោក។

លោក​មេធាវី​បាន​ថ្លែង​ថា៖ «គ្រាន់​តែ​គាត់​[លោក កឹម សុខា] ចង់​បញ្ជាក់​ប្រាប់​មេធាវី​ថា គាត់​មិន​ចូលរួម និង​មិន​គាំ​ទ្រ​ចលនា​ណា​មួយ​ទេ។ គាត់​នៅ​តែ​នៅ​ជាមួយ​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាង​បីលាន​នាក់ដែល​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​កន្លង​មក។ អានេះ​ជា​ភាសា​ដើម​របស់​គាត់​ហើយ ជាសម្តី​ដើម​របស់​គាត់​ហើយ។ ត្រង់​អ្នកណា​យក​ទៅ​បក​លើស​ពី​ហ្នឹង ខ្ញុំ​មិន​ដឹងទេ»។⁣លោក​មេធាវី​ ផេង ហេង បាន​បញ្ជាក់ថា លោក កឹម សុខា មាន​«សុខភាព​ធម្មតា» និង«ជំហរ​រឹងប៉ឹង»។

ការ​ថ្លែង​របស់​លោក កឹម សុខា បាន​ក្លាយ​ជា​ភាព​ចម្រូង​ចម្រាស​មួយ​អំពី​ការ​មិន​ឯកភាព​ផ្ទៃ​ក្នុង​បក្ស ខណៈ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ កំពុង​រង​ការ​គាប​សង្កត់​យ៉ាង​ធ្ងន់ធ្ងរ និង​មិន​ទាន់​ដឹង​ថា អាច​ចូលរួម​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨ បាន​ឬ​យ៉ាងណា។

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និង​លោក ​កឹម សុខា អតីត​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស បាន​ចាប់​ដៃ​គ្នា​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពី​ឆ្នាំ​២០១២ ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដែល​បាន​កាន់​អំណាច​៣៣​ឆ្នាំ​មក​ហើយ។ ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស បង្កើត​ជា​គណបក្ស​សង្រ្គោះ​ជាតិ បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ថ្មី​មួយ​នេះ ទទួល​បាន​សំឡេង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ គឺ​ទទួល​បាន​តំណាងរាស្រ្ត​រហូត​ដល់​៥៥រូប ក្នុង​ចំណោម​១២៣​រូប កាល​ពី​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៣។

អ្នកវិភាគ​សង្គម លោក មាស នី បាន​ថ្លែង​ប្រាប់ ​VOA ​ថា ការ​ខ្វែង​គំនិត​គ្នាជា​រឿង​ធម្មតា​សម្រាប់​គណបក្ស​ដែល​ប្រកាន់​យក​ប្រជាធិបតេយ្យ​ក្នុង​បក្ស។ ប៉ុន្តែ​លោក​ថា​ ការ​សម្រេច​អ្វី​មួយ​គួរ​តែ​មាន​ការ​ជជែក​គ្នា​រវាង​មេដឹកនាំ​នៅ​ក្នុង​បក្ស។ ទោះ​ជាយ៉ាងណា លោក​មិន​ទាន់មើល​ឃើញ​ថា នេះ​ជា​ដំណាក់​កាល​នៃ​ការ​បែក​បាក់​គ្នា​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​ទទួល​ស្គាល់​ប្រតិកម្ម​តប​ត​វា​ជារឿង​ធម្មតា។ ភាព​ខុស​គ្នា​ជា​រឿង​ធម្មតា តែ​បើ​សិន​យើង​មិន​មាន​ការ​ជជែក​គ្នា​ឲ្យ​បាន​ស៊ី​ជម្រៅ​ទេ​នោះ អាហ្នឹង​វា​អាច​ឈាន​ទៅ​រកការ​បែក​គ្នា។ ក៏​ប៉ុន្តែ​សម្រាប់​ដំណាក់​កាល​ដំបូង​នេះ ខ្ញុំគិត​ថា វា​មិន​មែន​ជា​រឿង​បែក​បាក់​គ្នា​ទេ វា​គ្រាន់​តែ​ជា​ប្រតិកម្ម​ជា​ធម្មតា ដែល​តែង​តែ​កើត​មាន​ក្នុង​ស្ថាប័ន​ប្រជាធិបតេយ្យ»។

លោក​ មាស នី បាន​បញ្ជាក់​បន្ថែម​ថា ថ្នាក់​ដឹកនាំ​របស់​គណបក្ស​សង្រ្គោះ​ជាតិ គួរ​តែ​ធ្វើ​អ្វី​ថ្មី​សម្រាប់​អ្នក​គាំទ្រ មិន​មែន​រង់ចាំ​តែ​សម្ពាធ​អន្តរ​ជាតិ​ និង​ការ​រស់​ឡើង​វិញ​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ។ លោក​បាន​បន្ថែម​ថា គណបក្ស​សង្រ្គោះ​ជាតិ​ពិបាក​នឹង​រស់​ឡើង​វិញ​ណាស់។

លោក មាស នី បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «សង្រ្គោះជាតិ​គួរ​តែ​កុំ​ឲ្យ​មាន​ផែនការ​តែ​មួយ បាន​ន័យ​ថា ដេក​ចាំ​តែ​សម្ពាធ​ពី​អន្តរជាតិ ក៏​ប៉ុន្តែ​បើ​សម្ពាធ​ពី​អន្តរជាតិ​វា​មិន​កើត​មានឡើង​ឆាប់​ទេ​នោះជីវិត​របស់​សង្រ្គោះ​ជាតិ វា​ចេះ​តែ​ខ្សោយ​ទៅៗ ជា​ពិសេស​អ្នក​គាំទ្រ​នៅ​តាម​មូលដ្ឋាន គេ​កំពុង​តែ​ទន្ទឹង​រង់ចាំ ថា​តើ​វា​មាន​រឿង​អី​កើត​ឡើង ឬ​ក៏​តើ​ដំណាក់កាល​បន្ទាប់​ត្រូវ​ធ្វើ​អី ទៀត​នៅ​ក្នុង​កិច្ចការ​នយោបាយ​មួយ​ហ្នឹង»។

ជាមួយ​សេចក្តី​សម្រេច​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ តុលាការ​កំពូល ក៏​បាន​កាត់​សិទ្ធិ​នយោបាយ​៥ឆ្នាំ​របស់​មន្រ្តី​គណបក្ស​ចំនួន​១១៨​រូប​ផង​ដែរ។

បន្ទាប់​ពី​បង្កើត​ចលនា​នេះ លោក សម រង្ស៊ី បាន​ពន្យល់​ថា ចលនា​នេះ​អាច​ធ្វើ​ឲ្យ​គណបក្ស​សង្រ្គោះជាតិ​បញ្ចេញ​មតិ​បាន​ច្រើន ហើយ​មិន​អាច​ត្រូវ​បាន​រំលាយ​នោះ​ទេ។ លោក​បញ្ជាក់​ថា ចលនា​នេះ​អាច​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្រោក​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បាន។

លោក​មាន​ប្រសាសន៍​ថា៖ «សេចក្តី​អំពាវនាវ​បែប​ហ្នឹង គណបក្ស​សង្រ្គោះជាតិ​មិន​អាច​ធ្វើ​បាន​ទេ អញ្ចឹង​ស្ថានការណ៍ វា​នៅ​តែ​ដដែល ហ៊ុន សែន ជិះសេះ​លែង​ដៃ នៅ​តែ​ធ្វើ​បាប​រាស្រ្ត​តាម​ចិត្ត បើ​យើង​មិន​អាច​រើ​បម្រះ​បានហើយ​មិន​ចេះ​រើ​បម្រះ តែ​ចលនា​សង្រ្គោះជាតិ​នេះ គឺ​នឹង​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​សកម្មភាព​ផ្សេងៗ ក្នុង​នោះ​មាន​ការ​អំពាវនាវ​ឲ្យ​ប្រជារាស្រ្ត​ងើប​ឈរ កុំ​ឱន​ឲ្យ​គេ​ជាន់ កុំ​ឲ្យ​គេ​ជាន់​យើង កុំឲ្យ​គេ​ធ្វើ​បាប​យើង ដូច​សព្វ​ថ្ងៃ​ទៀត យើង​ត្រូវ​តែ​រក​ផ្លូវ​ណា​មួយ​ រើ​បម្រះ ហើយ​អ្នក​ដែល​បំផុស​បំផុល នាំ​មុខ​ដឹកនាំ​គឺ​ចលនា​សង្រ្គោះជាតិ»។

លោក សម រង្ស៊ី ពន្យល់​បន្ថែម​ថា មន្រ្តី​គណបក្ស​ ទាំង​ថ្នាក់​លើ និង​ថ្នាក់​មូលដ្ឋាន ពិបាក​ទាក់ទង​ជាមួយ​គ្នា ដើម្បី​ពិភាក្សា ដូច្នេះ​លោក​យល់​ថា គណបក្ស​គួរ​តែ​ធ្វើ​អ្វី​មួយ ជៀសវាង​ការ​នៅ​ស្ងៀម។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​យើង​មិន​រក​ដំណោះស្រាយ យើង​មិន​រក​វិធី​ណាមួយ ដើម្បី​រើ​បម្រះ ពង្រឹង​កម្លាំង​យើង​ឡើង​វិញ ឲ្យ​យើង​មាន​លទ្ធភាព​ធ្វើការ​តស៊ូឡើង​វិញ ពេល​នោះយើង​នឹង​ជួប​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ហើយ​និយាយ​ឲ្យ​ចំ ខ្ញុំ​ហ៊ាន​និយាយ ថា​គណបក្ស​យើង​នឹង​សាបសូន្យ បើ​យើង​នៅ​ស្ងៀម​អញ្ចឹង»។

លោក​បាន​បញ្ជាក់​ថា ចលនា​នេះ​នឹង​រលាយ​ខ្លួន​ឯង នៅ​ពេល​គណបក្ស​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់​បាន។

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០១៧​ ដោយ​ត្រូវ​ចោទ​ប្រកាន់​ថា​ ​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ។ លោក កឹម សុខា បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ ​ត្រូវ​បាន​រំលាយ​កាល​ពី​ថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ តាម​អំណាច​សាលដីកា​របស់​តុលាការ​កំពូល​ ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​ថា គណបក្ស​ប្រឆាំង​នេះ មាន​បំណង​ធ្វើ​បដិវត្តន៍​ពណ៌​ ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។​

កន្លងទៅ​ លោក​ ​ហ៊ុន សែន​ ​ក៏​បាន​ផ្ដល់​យោបល់​ឲ្យ​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ស្ថិត​នៅ​ក្រៅ​បញ្ជី​បម្រាម​នយោបាយ ​បង្កើត​គណបក្ស​ថ្មីដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា​ខាងមុខ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ស្ទើរ​តែ​ទាំង​អស់​ ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ចាត់​ទុក​ចលនា​នយោបាយ​ថ្មី​របស់​គណបក្ស​សង្រ្គោះ​ជាតិ មាន​«សកម្មភាព​ជាឧទ្ទាម»។ លោក​បាន​លើក​ឡើង​បែប​នេះ នៅ​ក្នុង​ប្រព័ន្ធ​សង្គម​តេលេក្រាម (Telegram) ដែល​ត្រូវ​បាន​ចង​បណ្តាញ​ជាមួយ​អ្នក​សារព័ត៌មាន។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖ «ដូច្នេះ​ទោះ​បី​ កឹម សុខា មិន​ចូល​រួម​ជាមួយ​របស់​ហៅ​ថា​ចលនា​សង្រ្គោះ​ជាតិ ក៏​ កឹម សុខា នៅ​តែ​ជា ​កឹម សុខា ជា​តួអង្គ​ប្រឆាំង​ដដែល មិន​មាន​អ្វី​ប្លែក​នោះ​ទេ។ ហេតុ​នេះ សម រង្ស៊ី និង​កឹ ម សុខា ដៀតែ​ខ្នូច ដូច​តែ​គ្នា មិន​ខុស​គ្នា​ឡើយ»។

មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ ថា​ចលនា​សង្រ្គោះ​ជាតិ នឹង​អាច​ក្លាយ​ជា​គណបក្ស​នយោបាយ ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នោះ​ទេ៕

XS
SM
MD
LG