ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​​ថ្លែង​ការពារ​ឯករាជ្យភាព​របស់​ខ្លួន​ក្រោយ​ការ​បែកចែក​អាសនៈ​សភា​របស់​បក្ស​ប្រឆាំង


រូបភាព​ឯកសារ៖ ទីស្នាក់ការ​គណៈកម្មាធិការជាតិ​ រៀបចំ​ការ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបភាព​ឯកសារ៖ ទីស្នាក់ការ​គណៈកម្មាធិការជាតិ​ រៀបចំ​ការ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

អ្នក​សង្កេត​ការណ៍​នៅ​តែ​មាន​ក្តី​មន្ទិល​អំពី​ឯករាជ្យភាព​របស់​គ.ជ.ប​ ​ក្រោយ​តុលាការ​កំពូល​បាន​ចេញ​សេចក្តី​សម្រេច​រំលាយ​គណបក្ស​ជំទាស់​កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ បាន​ចេញមុខ​ការពារ​កិច្ច​ការងារ​របស់​ខ្លួន ​ដែល​ខ្លួន​អះអាង​ថា ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​ពី​ភាគី​ពាក់ព័ន្ធ​ណា​មួយ​នោះ​ឡើយ។​ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​គ.ជ.ប​ ដែល​ VOA ​បាន​ទទួល​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។

សេចក្តី​ថ្លែង​ការណ៍របស់​គ.ជ.ប ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​រង​ការ​វាយ​ប្រហារ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​ចំនួន​ពីរ​ទាក់ទិន​បញ្ហា​ឯករាជ្យភាព​ អព្យាក្រឹត្យ​ភាព​ ​និង​យុត្តិធម៌​ ​និង​បញ្ហាបដិវត្តន៍​ពណ៌។​ គ.ជ.ប​បាន​ពន្យល់​ថា​ ជំហរ​ដឹកនាំ​របស់​ គ.ជ.ប ថ្មី​នេះ​ ទោះ​ជា​សមាសភាព​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ​ ក៏​ត្រូវ​តែ​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​ស្រប​តាម​ច្បាប់​កំណត់។​ គ.ជ.ប​ អះអាង​បន្ថែម​ថា​ គ្មាន​បុគ្គល​ណា​ សមាសភាព​ណា​ អង្គការ​ណា​ អង្គភាព​ណា​ បរទេស​ណា​ អាច​មក​ដាក់​សម្ពាធ​ ឬ​ប្រទាញ​ ​គ.ជ.ប​ ​ឲ្យ​អនុវត្តន៍​ប្រាសចាក​ពី​គតិ​ច្បាប់​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ​បាន​ឡើយ។​

គ.ជ.ប​បាន​ការពារ​ជំហរ​ឯករាជ្យ​របស់​ខ្លួន​តាម​ផ្លូវ​ច្បាប់​ ដោយ​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខ្លួន​តាម​ន័យ​ដើម​ថា៖​

«ដោយសារ​តែ​ជំហរ​ឥតងាករេ​ពី​គតិ​ច្បាប់​ និង​យុត្តិធម៌​នេះ​ហើយ​ ទើប​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ឆ្នាំ​២០១៧​ កន្លង​មក​ ត្រូវ​បាន​គ្រប់​ភាគី​ពាក់ព័ន្ធ​ គ្រប់​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ រួម​ទាំង​សហរដ្ឋ​អាមេរិក​ វាយ​តម្លៃ​យ៉ាង​ត្រឹមត្រូវ​ថា​ ជា​ការ​បោះឆ្នោត​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ និង​ល្អ​ជាង​ការ​បោះឆ្នោត​មុនៗ នោះ​គឺ ​មិនមែន​ដោយសារ​តែ​វត្តមាន​សមាសភាព​ គ.ជ.ប​ មក​ពី​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ទេ ព្រោះ​នេះ​ជា​សច្ចភាព​ប្រវត្តិសាស្ត្រ​សម្រាប់​ គ.ជ.ប​ ហើយ​ក៏​ជា​មោទនភាព​របស់​ជាតិ​ខ្មែរ​ដែរ»។​

គ.ជ.ប​ ​បាន​លើក​ឡើង​បន្ត​ថា​ ខ្លួន​បាន​កំណត់​មាគ៌ា​រួច​ជា​ស្រេច​ហើយ​ ​ទោះ​មាន​សមាសភាព​មក​ពី​មជ្ឈដ្ឋាន​ណា​ក៏​ដោយ​ គឺ​ គ.ជ.ប​ នៅ​តែ​ប្រកាន់​ជំហរ​ ឯករាជ្យ​ អព្យាក្រឹត្យ​ តម្លាភាព​ និង​យុត្តិធម៌​ជា​ដាច់​ខាត។​

ជុំវិញ​នឹង​ការ​ចោទប្រកាន់​អំពី​ការ​ពាក់​ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​វិញនោះ​ គ.ជ.ប​ បាន​ពណ៌នា​ថា​ បដិវត្តន៍​ពណ៌​នេះ​ បាន​កើត​ឡើង​នៅ​ក្នុង​ពិភពលោក​រាប់​ទសវត្សរ៍​មក​ហើយ​ និង​មាន​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក​បាន​រងគ្រោះ​ដោយ​សារ​បដិវត្តន៍​ពណ៌​នេះ។

គ.ជ.ប​ ​បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​តាម​ន័យ​ដើម​ថា៖​

«ដើម្បី​ស្វែង​យល់​អំពី​បដិវត្តន៍​ពណ៌​មិន​ពិបាក​ទេ​ សាធារណជន​ទាំង​អស់​គ្រាន់​តែ​វាយ​ពាក្យ​ Color Revolution ឬ Revolution de Couleur នោះ​យើង​នឹង​បាន​ទទួល​ព័ត៌មាន​គ្រប់​គ្រាន់​អំពី​មេ​ក្លោង​ មេ​ទ្រឹស្តី​ ព្រម​ទាំង​វិធីសាស្ត្រ​ល្អិតល្អន់​សម្រាប់​អនុវត្តន៍​បដិវត្តន៍​ពណ៌​នេះ​ ហើយ​នឹង​ឃើញ​ថា​ តើ​ដូច​គ្នា​នឹង​ព្រឹត្តិការណ៍​ដែល​កើត​មាន​ថ្មីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ​ឬ​ទេ?»។​

សេចក្តី​ថ្លែង​របស់​គ.ជ.ប​យ៉ាង​ដូច្នេះ​ ​កើត​មាន​ឡើង​ ​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​មួយ​នេះ​ បានបែក​ចែកអាសនៈ​ទំនេរ​របស់​គណបក្ស​ប្រឆាំងនៅ​រដ្ឋសភា​ ​ទៅ​ឲ្យ​គណ​បក្ស​នយោបាយ​ផ្សេងៗ​ ​ដែល​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​ពេល​បោះឆ្នោត​ជាតិ​ កាល​ពី​ឆ្នាំ​ ​២០១៣។​ កាល​ពី​សប្តាហ៍​កន្លង​ទៅ​ គ.ជ.ប ​ក៏​រង​ការ​រិះគន់​ផង​ដែរ អំពី​ឯករាជ្យភាព​របស់​ខ្លួន​ ក្រោយ​ពី​ការ​ជ្រើស​តាំង​សមាជិក​និង​អនុ​ប្រធាន​គ.ជ.ប​ ​ជំនួស​ឲ្យ​មន្ត្រី​ដែល​បាន​លាលែង​ពី​តំណែង។

នា​ពេល​ថ្មីៗ​នេះ​ ​លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ​ និង​ជា​ប្រធាន​កិតិ្តយស​នៃ​បក្ស​កាន់​អំណាច​ ​បាន​បញ្ជាក់​ឲ្យដឹង​តាមលិខិត​មួយ​ថា ​សភា​រើស​បាន​បេក្ខជនបី​រូប​ ​ដើម្បី​ជំនួស​បេក្ខជន​បី​រូប​មក​ពី​កូតា​គណ​បក្ស​ប្រឆាំង​ដែល​បាន​សុំ​លាលែង។ ​បេក្ខជន​ទាំង​បី​នាក់​នោះ​ ​មាន​លោក​ នុត សុខុម​ មកពី​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច ​លោក​ ​ឌឹម សុវណ្ណារុំ ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម​ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​លោក​ ហ៊ែល សារ៉ាត់ ​មក​ពី​គណបក្ស​សញ្ជាតិ​កម្ពុជា។​

រូបឯកសារ៖ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរូម​ក្នុង​ការអនុម័តសេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរូម​ក្នុង​ការអនុម័តសេចក្តី​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ នឹង​ការ​បោះ​ឆ្នោត ក្នុង​សំឡេង​៦៧ លើ​៦៧ នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ២០១៧។ (កាន់​ ​វិច្ឆិកា/VOA)

ការ​ជ្រើស​តាំង​សមាជិក​និង​អនុ​ប្រធាន​គ.ជ.ប​ថ្មី​ ដោយ​សភា​នៃ​បក្ស​កាន់​អំណាច​ ធ្វើ​ឡើង​ដើម្បី​បំពេញ​តំណែង​គ.ជ.ប​ដែល​នៅ​ទំនេរ​ ​ក្រោយ​ពេល​លោក​ គួយ​ ប៊ុនរឿន អនុ​ប្រធាន​គ.ជ.ប លោក​ រ៉ុង ឈុន​ និង​ លោកស្រី​ តែ ម៉ានីរ៉ុង​ ដែល​ជា​សមាជិក​បាន​សុំលាលែង​ពី​តួនាទី​ របស់​ខ្លួន។​ ​ពួកគេ​អះអាង​ថា ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​បែងចែក​សារ​ជា​ថ្មី​កៅអី​នៃ​គណបក្ស​ជាប់​ឆ្នោត​ទៅ​ឲ្យ​គណបក្ស​ ដែល​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។ ​ពួកគេ​បាន​ហៅ​ការ​បែកចែក​អាសនៈ​សភា​របស់​គណបក្ស​សង្គ្រោះជាតិ​ ថា​ជា​អំពើ​រំលោភ​រដ្ឋធម្មនុញ្ញ​ និង​ឯកសារ​គតិយុត្តិ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត។​

​ទោះបីគ.ជ.ប​បាន​បក​ស្រាយ​អំពី​ភាព​ឯករាជ្យ​យ៉ាង​ណា​ក្តី​ លោក​ ឈាង វុន​ អ្នក​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​មណ្ឌល​ខេត្ត​បាត់​ដំបង ​បាន​ប្រាប់​អ្នកកាសែត​ ​នៅ​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ធ្វើ​ឡើង​កាលពី​ចុងខែ​ វិច្ឆិកា​ ​កន្លង​ទៅ​ថា​ គ.ជ.ប​ ​មាន​ភារកិច្ច​ទទួល​ខុសត្រូវ​រាល់​កិច្ចការ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​រដ្ឋសភា។

អ្នក​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​មណ្ឌល​ខេត្ត​បាត់ដំបង​លោក​ ឈាង វុន ថ្លែង​យ៉ាងដូច្នេះ​ថា៖​

«ខាង​រដ្ឋសភា​យើងពេល​ដែល​បាន​ទទួល​សមាសភាព​ បេក្ខជន​ដែល​មក​ដាក់​សុំ​ប្រកួតប្រជែង​គ្នា​នៅ​ក្នុង​រដ្ឋសភា​ ឲ្យ​គណៈអចិន្ត្រៃយ៍​បោះឆ្នោត​ឲ្យ​នេះ​ យើង​នឹង​ជ្រើសរើស​ វីរជន​ដែល​យើង​អាច​ទុកចិត្ត​ទៅ​បម្រើ​ ប្រជាពលរដ្ឋ​យើង​តាម​រយៈ​ បម្រើ​គ.ជ.ប​បាទ​ ហើយ​គ.ជ.បហ្នឹង​ គឺ​បម្រើ​រដ្ឋសភា​ហ្នឹង​ហើយ​បាទ​ បម្រើ​រដ្ឋសភា​ហ្នឹង​ហើយ»។​

ដោយឡែក​ ​លោក​ យឿង សុធារ៉ា​ មន្ត្រី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្រ្វែល​ បាន​ប្រាប់​ ​VOA​ ​ ពី​ប្រទេស​នេប៉ាល់​មក​ថា​ គ.ជ.ប​ ត្រូវ​មាន​ទំនួល​ខុសត្រូវ​ចំពោះ​កិច្ចការ​របស់​ខ្លួន​នៅ​រដ្ឋសភា។​ យ៉ាង​ណា​ក្តី​ លោក​ថា​ សមាសភាព​ថ្មី​បី​រូប​របស់​គណៈកម្មាធិការ​នេះ ដែល​ចូល​ជំនួស​សមាសភាព​ចាស់​បី​រូប​របស់​គណបក្ស​ប្រឆាំង​ បាន​បង្ក​ក្តី​មន្ទិល​ពាក់ព័ន្ធ​នឹង​ឯករាជ្យភាពរបស់​គ.ជ.ប​ ​គ្រា​ដែល​គណបក្ស​ជំទាស់​ត្រូវ​បាន​រំលាយ​នៅ​សភាជាតិ​នោះ។​

«បើៗ​ និយាយពី​គោលការណ៍​ balance of power​ ​គោលការណ៍​តុល្យភាព​អំណាច​ហ្នឹង​វា​ ហាក់​ដូចជា​បាត់បង់​ទៅ​ហើយ​បាទ ដោយសារ​តែ​រដ្ឋសភា​ក៏​បាត់បង់​ តុល្យភាព​អំណាច​ហ្នឹង​ ដូច្នេះ​ គ.ជ.ប​ ក៏​អត់​ខុស​ប្លែក​គ្នា​ដែរ​ កាល​ណា​តែ​រដ្ឋសភា​គាត់​ សមាសភាព​គណបក្ស​ប្រឆាំង​គាត់​ ក៏​បាន​រំលាយ​អស់​ទៅ​ ហើយ​វា​ ទោះ​គណបក្ស​នៅ​ក្នុង​រដ្ឋសភា​បច្ចុប្បន្ន​ បើ​ទោះ​បី​ជា​មាន​គណបក្ស​ច្រើន​ បី​គណបក្ស​ បួន​គណបក្ស​ ប៉ុន្តែ​បើ​មើល​ពី​តុល្យភាព​អំណាច​នៅ​ក្នុង​រដ្ឋសភា វា​អត់​មាន​គណបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋ​សភា​ ដូច្នេះ​វា​ដូច​ ​ជិះ​ទូក​តែ​មួយ​ទៅ​ហើយ។​ ​ហើយសមាសភាព​ដែល​ទៅ​គ.ជ.ប​ ​ក៏​មិន​ជា​ខុស​គ្នា​ប៉ុន្មាន​ដែរ​បាទ»។​

រូបឯកសារ៖ លោក​ យឿង សុធារ៉ា​ មន្ត្រី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្រ្វែល (លឹម សុធី/ VOA)
រូបឯកសារ៖ លោក​ យឿង សុធារ៉ា​ មន្ត្រី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ ខុមហ្រ្វែល (លឹម សុធី/ VOA)

​លោក​ រ៉ុង ឈុន​ អតីត​សមាជិក​មួយ​រូប​របស់​គ.ជ.ប​ ​បាន​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ឯករាជ្យ​ភាព​របស់​គ.ជ.ប​ កំពុង​ស្ថិត​ក្នុង​ការ​សង្ស័យ​ ​បន្ទាប់​ពី​ការ​ប្រកាស​ឲ្យ​ដឹង​នៃ​សមាស​ភាព​ថ្មី​បី​រូប​ ​កាល​ពី​ពេល​ថ្មីៗ។​ លោក​ថា​ គ.ជ.ប​ ​បាន​បាត់បង់​ទម្រង់​ដើម​របស់​ខ្លួន​តាម​រូបមន្ត​បួន​ ​បួន​ ​មួយ​ ​ហើយ​ថា​ ភាព​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ ក៏​នឹង​មិន​អាច​សម្រេច​បាន​ផង​ដែរ។​

អតីត​សមាជិក​គ.ជ.ប​ដែល​ទើប​លាលែង​ពី​តំណែង​រូប​នេះ​ពន្យល់​ថា៖

«ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ ទាល់​តែ​មាន​វត្តមាន​គណបក្ស​សង្គ្រោះជាតិ​ត្រឡប់​មក​វិញ​ ហើយ​ត្រូវ​រៀបចំ​ ឲ្យ​គេ​ថា​ ស្ថានភាព​អាឡូវ​ហ្នឹង​ទៅ​ស្ថានភាព​ដើម​វិញ​ អា​ហ្នឹង​បាន​គេ​អាច​ចាត់​ទុក​ថា​ មាន​ការ​ទទួលស្គាល់​ពី​មតិ​ជាតិ​ និង​អន្តរជាតិ​ ហើយ​បើ​ការ​រៀបចំ​បោះឆ្នោត​ទៅ​ខាង​មុខ​ អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ អា​ហ្នឹង​វា​ ហើយសមាសភាព​ គ.ជ.ប​ ចេញ​ពី​គេ​ថា​ ការណ៍​ដែល​មិនមែនឆន្ទៈ​ ​ប្រជាពលរដ្ឋ​គាំទ្រ​ អា​ហ្នឹង​យើង​គិត​ថា​ វា​មិន​ល្អ​ប្រសើរ​ទេ​បាទ។ ហើយ​យើង​រង់ចាំ​លើ​មើលលទ្ធផលទាំង​អស់​គ្នាទៅ​ ​យើង​ដឹង​ហើយ​បាទ»។​

រូបឯកសារ៖ លោក​ រ៉ុង ឈុន​ អតីត​សមាជិក​មួយ​រូប​របស់​គ.ជ.ប (ឡេង ឡែន/ VOA)
រូបឯកសារ៖ លោក​ រ៉ុង ឈុន​ អតីត​សមាជិក​មួយ​រូប​របស់​គ.ជ.ប (ឡេង ឡែន/ VOA)

ការ​រំលាយ​គណបក្ស​ជំទាស់​សង្រ្គោះជាតិ​ ​ដែល​បាន​ធ្វើឡើង​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ​បាន​បង្ក​ក្តី​បារម្ភ​ជា​ខ្លាំង​មួយ​ដល់​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​នានា​ ​ដូចជា​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ដែល​បាន​ប្រតិកម្ម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ​ ខាង​សេដ្ឋកិច្ច​ ​នយោបាយ​ និង​ការទូត​មក​លើ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។​

អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ថា​ ​ពួកគេ​នឹង​មិន​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​ក្រោយ​នេះ​ឡើយ​ ប្រសិន​បើ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​ដែល​ជា​ដៃ​គូ​ប្រជែង​ដ៏​សំខាន់​មួយជាមួយ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​គេ​ស្គាល់​ថា ជា​បុរស​ខ្លាំង​កាន់​អំណាច​យូរ​ជាង​គេបំផុត​មួយ​នៅ​ក្នុង​សម័យ​ក្រោយ​សង្គ្រាម​ត្រជាក់៕

XS
SM
MD
LG